ព្រះវិហារៈ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារតាមរយៈគម្រោង (ASPIRE) បានផ្ដល់សម្ភារកសិកម្មជាច្រើនប្រភេទដល់កសិករ ១១៣ គ្រួសារនៅស្រុកឆែប ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេឲ្យកាន់តែប្រសើរឡើងតាមរយៈការពង្រឹងគុណភាព ផលិតកម្មបន្លែ និងចិញ្ចឹមសត្វ។
បើតាមរបាយការណ៍ព័ត៌មានរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារបានចេញផ្សាយកាលពីថ្ងៃអង្គារ សម្ភារកសិកម្មដែលបានផ្ដល់ឲ្យកសិករទាំងនោះរួមមាន ម៉ាស៊ីនធ្វើរងបន្លែ ម៉ាស៊ីនបូមទឹក ម៉ូទ័រកិនចំណីសត្វ សំណាញ់សម្រាប់សាងសង់ទ្រុងមាន់ កៅស៊ូគ្របរងបន្លែ ប្រព័ន្ធដំណក់ទឹក និងធុងស្តុកទឹកផងដែរ។
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម ខេត្តព្រះវិហារដែលដឹកសម្ភារកសិកម្មទាំងនោះ ទៅផ្ដល់ជូនដល់ដៃកសិករកាលពីរសៀលថ្ងៃចន្ទថ្លែងថា សម្ភារកសិកម្មទាំងនេះគឺជាផ្នែកមួយនៃគម្រោងផ្សព្វផ្សាយបច្ចេកទេសថ្មីដែលមានភាពធន់ និងការប្រែប្រួល អាកាសធាតុ (ASPIRE) របស់ក្រសួងកសិកម្មដែលត្រូវផ្ដល់ដល់គ្រួសារកសិករនៅក្នុងតំបន់គោលដៅនៃគម្រោង។
លោកថ្លែងថា៖ «តាមរយៈការផ្ដល់ជំនាញបច្ចេកទេស និងសម្ភារកសិកម្មដោយឥតគិតថ្លៃទាំងនេះ យើងជឿថា កសិករយើងនឹងខិតខំប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត ធ្វើការដាំដុះបន្លែ និងចិញ្ចឹមសត្វទៅតាមបច្ចេកទេសដែលបានណែនាំ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារកាន់តែប្រសើរឡើងថែមទៀត»។
លោក ឆឹង បូ អាយុ ៣៦ ឆ្នាំ ជាកសិករឆ្នើមនៅក្នុងភូមិពោធិ៍ទាប ឃុំម្លូព្រៃ ១ ស្រុកឆែបដែលទើបទទួលបានម៉ាស៊ីនបូមទឹកកម្លាំង ៦,៥ សេះ និងម៉ាស៊ីនលើករងបន្លែដោយឥតគិតថ្លៃពីកម្មវិធី ASPIRE នេះបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃអង្គារថា លោកនឹងអាចពង្រីកផ្ទៃដីដាំដុះបន្ថែមទៀត ដើម្បីបង្កើនប្រាក់ចំណូលលើកស្ទួយជីវភាពគ្រួសារ។
លោក បូ ដែលកំពុងដាំដុះបន្លែចំនួន ៥ ប្រភេទលើផ្ទៃដីជាង ២ ហិកតាបាននិយាយថា៖ «បច្ចុប្បន្នតាមរយៈការដាំបន្លែ រួមមានខ្ទឹម ស្ពៃក្ងោក សណ្ដែកកួរ ត្រសក់ និងត្រប់ ខ្ញុំអាចរកចំណូលបានជាមធ្យម ១០ ម៉ឺនរៀលក្នុង ១ ថ្ងៃ។ ខ្ញុំសង្ឃឹមថាតាមរយៈឧបករណ៍ និងសម្ភារដែលខ្ញុំទទួលបាននៅពេលនេះ ខ្ញុំអាចរកប្រាក់ចំណូលបានច្រើនជាងនេះនៅពេលខាងមុខ»។
លោកបូ បន្តថាគ្រួសាររបស់លោកមានដីស្រែសរុបជិត ៥ ហិកតា ប៉ុន្តែបានដាំដុះបន្លែត្រឹម ២,៥ ហិកតា និងនៅសល់ជាង ២ ហិកតាទៀតសម្រាប់ដាំស្រូវ និងដំឡូងមី។ យ៉ាងណាក្តីនៅពេលខាងមុខលោកគ្រោងនឹងពង្រីកផ្ទៃដីដាំបន្លែកន្លះហិកតាទៀតដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។
ចំណែកអ្នកជិតខាងលោកបូ គឺ លោក ចន គឹមស្រស់ អាយុ ៣៧ ឆ្នាំដែលទើបទទួលបានទុយោទឹក ២០ ដើម និងទុយោសាចទឹក ២ ដុំដែលក្នុង ១ ដុំប្រវែង ២០០ ម៉ែត្រនោះថ្លែងថា សម្ភារទាំងនេះនឹងជំរុញការងារដាំដុះបន្លែរបស់លោកឲ្យកាន់តែមានភាពងាយស្រួល។
លោក គឹមស្រស់ និយាយថា៖ «កន្លងមកនេះ ខ្ញុំបានចំណាយពេលច្រើនម៉ោង ដើម្បីដងទឹកពីស្រះយកទៅស្រោចស្រពបន្លែរបស់ខ្ញុំលើផ្ទៃដីកន្លះហិកតា។ ប៉ុន្តែនៅពេលនេះខ្ញុំអាចរៀបចំបណ្ដាញស្រោចស្រពដែលងាយស្រួល និងមិនចាំបាច់ប្រើកម្លាំងរែកដូចមុនទៀតនោះទេ»។ លោកបន្តថា អ្វីដែលលោកត្រូវបំពេញបន្ថែមនោះគឺត្រូវចំណាយលុយតិចតួចបន្ថែមទៀត ដើម្បីទិញម៉ូទ័របូមទឹក ឬម៉ាស៊ីនបូមទឹកខ្នាតតូចមួយជាការស្រេច។
លោក គង់ យុត្តារា ប្រធានការិយាល័យកសិកម្មស្រុកឆែបថ្លែងថាកាលពីមុនកសិករ ដាំបន្លែសម្រាប់តែផ្គត់ផ្គង់ជីវភាពគ្រួសារ ឬក៏លក់ដូរតិចតួចនៅក្នុងភូមិតែប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នកសិករបានធ្វើកសិកម្មគឺមិនគ្រាន់តែសម្រាប់ផ្គត់ផ្គង់គ្រួសារប៉ុណ្ណោះទេ តែបានគិតគូរពីការពង្រីកខ្លួនទៅជាមុខជំនួញអាជីវកម្មខ្នាតតូចដោយត្រូវពង្រឹងទាំងគុណភាព សុវត្ថិភាព និងសេវាកម្ម សម្រាប់អតិថិជនផងដែរ៕