សៀមរាបៈ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តសៀមរាប បានប្រកាស​ផ្ដល់​រង្វាន់​លើក​ទឹកចិត្ត ១០ ​លាន​រៀល​ ដល់​អ្នក​ដែល​អាច​ផ្ដល់ព័ត៌មាន​ដើម្បី​ឈាន​ទៅ​ដល់​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ករណី​លួច​ដុតបំផ្លាញ​ព្រៃ​ពូជឈើ​គ្រញូង​​ជាង​ ២០ ​ហិកតា​ នៅ​តំបន់​ព្រៃ​ពូជឈើ​គ្រញូង ក្នុង​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។

លោក ទា គឹមសុទ្ធ ​ប្រធាន​មន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ ខេត្ត​សៀមរាប​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​ពី​ម្សិលមិញ​ថា​ព្រៃ​ពូជឈើ​គ្រញូង​ប្រមាណ​ជាង​ ២០ ហិកតា​នេះ​ ត្រូវ​បាន​ជនខិលខូច​លួច​ដុតបំផ្លាញ​កាលពី​ល្ងាច​ថ្ងៃទី​ ២១ ខែ​មករា​ក្នុង​បំណង​វាត​យក​ដី​រដ្ឋ​មក​ធ្វើ​ជា​កម្មសិទ្ធិឯកជន​។

លោក​ថ្លែងថា​៖ «​ព្រៃ​គ្រញូង​ទាំងនោះ​ត្រូវ​បាន​មន្ត្រី​ជំនាញ​យើង​ព្រមទាំង​អាជ្ញាធរ និង​ពលរដ្ឋ​ក្នុង​សហគមន៍​មូលដ្ឋាន​រួមសហការ​គ្នា​ដាំ និង​រក្សា​ការពារ​តាំងពី​ឆ្នាំ​ ២០១២​មក​ម្ល៉េះ​។ ​ប៉ុន្តែ​ពេលនេះ​ត្រូវបាន​ជនខិលខូច​ដុតបំផ្លាញ​តែ​ ១ ​ប៉ប្រិចភ្នែក​»​។

ជាមួយ​នឹង​ការជំរុញ​ឲ្យ​សហការ​រក​មុខ​អ្នក​ប្រព្រឹត្តល្មើស​នេះ​លោក គឹម សុទ្ធ បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​នឹង​ផ្ដល់​រង្វាន់​លើកទឹកចិត្ត ១០ ​លាន​រៀល​ ដល់​អ្នក​ដែល​ហ៊ាន​រាយការណ៍​ឈាន​ដល់​ការចាប់ខ្លួន​ជនសង្ស័យ​មក​ផ្តន្ទាទោស​តាមច្បាប់​»​។

ជុំវិញ​ករណីនេះ​លោក រស់ ស៊ីសុវណ្ណា អធិការរង​ស្រុក​បន្ទាយស្រី​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ពី​ម្សិលមិញ​ថា កាលពី​ឆ្នាំមុន​ព្រៃ​គ្រញូង​ក្នុង​តំបន់​នេះ​ក៏​ធ្លាប់​ត្រូវបាន​ភ្លើង​ឆេះ​ជាង​ ២០០ ​ហិកតា​ឯណោះ​។ ប៉ុន្តែ​រហូតមក​​ទល់​ពេល​នេះ​ពុំទាន់​កំណត់​មុខសញ្ញា​ជនសង្ស័យ​បាន​ទេ ថ្វីបើ​មាន​ការសង្ស័យ​ថា មាន​អ្នកភូមិ​ក្នុង​តំបន់​នេះ​លួច​ដុតបំផ្លាញ ដើម្បី​ពង្រីក​ដី​កសិកម្ម​របស់​ពួកគេ​ក្ដី​។

លោក​ ស៊ីសុវណ្ណា បាន​បញ្ជាក់ថា​៖ «​ករណី​ភ្លើង​ឆេះ​ព្រៃ​គ្រញូង​នេះ យើង​បាន​ដាក់​ការសង្ស័យ​ថា ជា​អំពើ​លួច​ដុតបំផ្លាញ​ដោយ​ក្រុម​អ្នកភូមិ​ដែល​មាន​លំនៅ​​ឋាន និង​ដីចម្ការ​ក្បែរ​តំបន់​ព្រៃ​ពូជឈើ​គ្រញូង​នេះ ប៉ុន្តែ​យើង​គ្មាន​ភ័ស្ដុតាង​ដើម្បី​ដាក់បន្ទុក​ទៅលើ​ពួកគេ​នោះទេ​»​។

លោក សេង លន នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្នាក់ការ​កន្ទួត​ខ្នារក្រៅ​ដែល​បាន​ដឹកនាំ​កម្លាំង​មន្ត្រី​ប្រចាំ​តំបន់​នោះ​ចុះ​ពន្លត់ភ្លើង​ឆេះ​នេះ​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា ដោយសារ​ក្នុង​តំបន់​នោះ​ពុំមាន​ផ្លូវ​សម្រាប់​ឲ្យ​រថយន្ត​កង​ពន្លត់​អគ្គិភ័យ​ចល័ត​ចូល​ជួយ​បាន ក្រុមមន្ត្រី​របស់​លោក និង​អាជ្ញាធរ​មូលដ្ឋាន​រួមទាំង​ពលរដ្ឋ និង​ព្រះសង្ឃ​បាន​យក​មែក​​ឈើ​ទៅ​វាយ​ពន្លត់ភ្លើង​ និង​ប្រើ​ត្រាក់ទ័រ​ ២ ​គ្រឿង​ភ្ជួរ​ដី​ឈូស​កាត់មុខ​ភ្លើង​កុំ​ឲ្យ​ឆេះ​រាលដាល​បាន​។

លោក លន បាន​ថ្លែងថា​៖ «​យើង​ប្រើពេល​អស់​ជាង​ ៣ ​ម៉ោង ​​ក្នុងការ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​នេះ​។

ប៉ុន្តែ​ដោយសា​រដូវ​នេះ​ក្ដៅ​ និង​គ្មាន​ប្រព័ន្ធ​ទឹក​ស្រោចស្រព​គ្រប់គ្រាន់​ផង​នោះ ដូច្នេះ​យើង​គ្មាន​រំពឹងថា​ដើម​គ្រញូង​ដែល​ភ្លើង​ឆេះ​អស់​ទាំងនោះ​អាច​រស់​ឡើង​​វិញ​ក្នុង​រដូវវស្សា​ខាងមុខ​ទេ​»​។

បើ​តាម​លោក ម៉ុង ប៊ុនលីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សៀមរាប​តំបន់​ព្រៃ​ពូជឈើ​គ្រញូង​ក្នុងស្រុក​បន្ទាយស្រី​នេះ​មាន​ផ្ទៃដី​សរុប ២ ៨០០ ​ហិកតា ហើយ​ថា​ករណី​ភ្លើង​ឆេះ​នេះ​មិនមែន​កើតឡើង​ដោយ​កត្តា​ធម្មជាតិ​នោះ​ទេ តែ​វា​ឆេះ​ដោយសារ​កត្តា​មនុស្ស​ដុត​។

លោក​បាន​បញ្ជាក់ថា​៖ «​យោង​តាម​មាត្រា​ ៩៧ នៃ​ច្បាប់​ស្ដីពី​ព្រៃឈើ​ជន​ណា​លួច​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​ដោយ​ចេតនា​នឹង​ត្រូវ​ប្រឈម​ការផ្ដន្ទាទោស​ជាប់ពន្ធនាគារ​ពី​ ៥ ​ឆ្នាំ​ដល់​ ១០ ​ឆ្នាំ​»​។

ទោះ​ជា​បែបណា​ក្ដី រហូត​មក​ទល់​ពេលនេះ​សមត្ថកិច្ច​នៅ​ពុំ​​ទាន់​កំណត់​បាន​មុខ​សញ្ញា​បាន​​នៅឡើយ​ទេ​។

ទន្ទឹម​នឹងនេះ​លោក​បាន​អះអាង​ថា នៅ​ដើមរដូវវស្សា​ខាងមុខ​នេះ មន្ទីរ​កសិកម្ម​ខេត្ត​នឹង​​កៀរគរ​ពលរដ្ឋ និង​ផ្នែក​ពាក់ព័ន្ធ​ផ្សេងទៀត​ឲ្យ​ចូលរួម​ដាំ​ដើម​គ្រញូង​នៅ​ផ្ទៃដី​ដែល​បាន​រងការឆេះ​ខូចខាត​នេះ ដើម្បី​ស្ដារ​ព្រៃឈើ​ឡើងវិញ​៕