ស្ទឹងត្រែងៈ មន្ទីរ​កសិ​កម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​ស្ទឹង​ត្រែងបាន​ច្រាន​ចោល​នូវ​របា​យ​ការណ៍​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី ​ដែល​ត្រូវ​​បាន​ផ្សព្វ​ផ្សាយ​បន្តលើ​បណ្ដាញ​សង្គម​ដែល​ថា ​មាន​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ចេញ​ពីរោង​អារឈើ​របស់​ក្រុមហ៊ុន អាំង​អេន អាសូស៊ី​អេត ឡយឺរ អិល​ធីឌី ក្នុង​តំបន់​ស្ដារ​បាត​អាង​នៃ​ទំនប់​វារីអគ្គិស​នី​សេសាន​ក្រោម ២។

យោង​​តាម​សេចក្តី​ប្រកា​ស​ព័ត៌មាន ដែល​ចេញ​ដោយ​មន្ទីរ​កសិកម្ម ខេត្ត​ស្ទឹង​ត្រែង​ ចុះ​ថ្ងៃទី​ ៧​ ខែ មេសា ឆ្នាំ​ ២០១៩ បាន​គូស​បញ្ជាក់​ថា​៖ «ចាប់តាំង​ពី​ក្រសួង​កសិកម្ម រុ​ក្ខា​ប្រមាញ់ និងនេសាទ​ បាន​ចេញ​ប្រកាស​លុប​ចោលរោង​ម៉ាស៊ីន​អារ កែ​ច្នៃ​ឈើរ​បស់​ក្រុម​ហ៊ុន អាំង​អេន អាសូ​ស៊ី​​អេត ឡយឺរ អិល​ធីឌី ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំក្បាល​ដំរី និង​ឃុំភ្លុក ស្រុក​សេសាន ខេត្ត​ស្ទឹង​ត្រែង កាល​ពី​ថ្ងៃទី ២៧ ខែ​ មីនា ឆ្នាំ ២០១៩​ រហូត​មក​ដល់​ពេល​នេះ គឺគ្មាន​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​​ចេញ​ពីតំបន់​បាត​អាង​នៃ​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម ២ នោះ​ទេ»។

ជា​មួយ​គ្នា​នេះ មន្ទីរ​កសិកម្ម ខេត្ត​ស្ទឹង​ត្រែងបាន​ចាត់​ទុក​របាយ​ការណ៍​ព័ត៌​មានរបស់​វិទ្យុអាស៊ី​សេរីដែល​បាន​ផ្សព្វ​ផ្សាយ​កាល​ពីយប់​ថ្ងៃ​ទី ៦ ខែ​ មេសា ឆ្នាំ​ ២០១៩ ដែល​ថា មាន​ករណី​ធ្វើ​សកម្ម​ភាពដឹក​ជញ្ជូន​ឈើ​ចេញ​ពី​រោង​​​អារឈើ​របស់​ក្រុម​ហ៊ុន អាំង​អេន អាសូ​ស៊ី​​អេត ឡ​យឺរ អិល​ធីឌី ក្នុង​ការ​សម្អាត​បាត​អាង​នោះ ​គឺជា ​«ព័ត៌មាន​មិន​ពិត និង​បំផ្លើស​ព័ត៌មាន​ទាំង​ស្រុង»។

ចំណែក​​នៅ​ឯខេត្តរតនគិរី ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បកែវ ​កំពុង​បន្តនីតិវិធី​ទៅ​តាមផ្លូវ​ច្បាប់​ ប្រឆាំង​ទៅ​នឹង​ម្ចាស់​ទី​តាំង​ស្តុក​ឈើ​លួច​លាក់​ខុសច្បាប់​​ម្នាក់​ឈ្មោះ ប៉ូយ គាវ ជាជន​ជាតិ​ភាគ​តិច​ចារាយ​ មាន​​ទីលំនៅ​ភូមិ-ឃុំប៉ក់​ញ៉ៃ ​ស្រុក​អូរយ៉ាដាវ ក្រោយ​ពី​សមត្ថកិច្ច​ចម្រុះ​ខេត្ត បាន​ចុះ​ឆែក​ឆេរ​ និង​រក​ឃើញ​កំណា​ត់​ឈើខុស​ច្បាប់​​ជាច្រើន​ដុំដែល​ត្រូវបាន​គេ​គ្រោង​នាំចេញ​ទៅ​លក់​បន្ត​នៅ​ឯ​ប្រទេស ​វៀតណាម។

លោក​ ហុង វ៉ាន់ឌាន នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បកែវ បានប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅ​ល្ងាចថ្ងៃ​ទី ៧ ខែ ​មេសា ឆ្នាំ ២០១៩ ក្រុម​​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខណ្ឌរដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ​បាន​ទទួល​ព័ត៌មា​ន​​ពី​ក្រុម​បណ្ដាញ​សកម្មជន​ព្រៃ​ឈើ​ម្នាក់ថា មាន​កំណាត់​ឈើ​ជាច្រើន​ដុំ ត្រូវ​បាន​គេដឹក​ចេញ​ពីក្នុង​ព្រៃ​នៃទឹក​ដី​ស្រុក​អណ្ដូងមាស​ យកមកលាក់​ទុក​នៅ​ក្នុង​ទីតាំង​មួយ​កន្លែង ដែល​ស្ថិត​នៅ​ក្បែរ​ទីស្នាក់​ការ​ប៉ុស្តិ៍រដ្ឋ​បា​ល​ឃុំប៉ក់​ញ៉ៃ ស្រុក អូរ​យ៉ាដា​វ ​ដើម្បីនាំ​យក​ទៅ​លក់​បន្តឲ្យ​ឈ្មួញ​ក្នុង​ប្រទេស វៀតណាម។

លោកបន្តថា ក្រោយ​ពី​ទទួលបាន​ព័ត៌មាន​នេះ ក្រុម​សមត្ថ​​កិច្ច​ចម្រុះខ​ណ្ឌរ​ដ្ឋបា​ល​ព្រៃឈើ​ខេត្ត សហការ​ជាមួយ​​កម្លាំង​​កងរាជ​​អា​វុធ​ហត្ថខេត្ត និង ​ក្រោ​​ម​ការ​សម្រប​សម្រួល​ផ្នែក​ច្បាប់​ដោយ លោក រ៉ាបូ រ៉ាន់នី ព្រះរាជ អាជ្ញារងអមសា​លា​ដំបូ​ង​​ខេត្តរតន​គិរី បានចុះធ្វើ​ការឆែកឆេ​រក្នុង​ទីតាំង​នោះ ​ហើយ​បាន​រកឃើញ​កំណាត់​ឈើ​ប្រភេទ​សុក្រំ និងស្រឡៅ សរុប​​ចំនួន ១១៤ ដុំ ឬ​ស្មើ ១០ ម៉ែត្រ​គុប។

លោក ​វ៉ាន់ឌាន បាន​បញ្ជាក់​ថា៖ «ម្ចាស់​ទីតាំង​ស្តុក​ឈើ​លួច​លាក់​នោះ ​ឈ្មោះ ប៉ូយ គាវ ជា​ជន​ជាតិ​ភាគ​តិច​ចារាយ ហើយ​នៅ​ពេល​នេះ ក្រុម​ការ​ងារ​យើង​ខ្ញុំ កំពុង​បន្តនី​តិវិធី​ទៅ​តាម​ផ្លូវ​ច្បាប់ ​ដើម្បី​ឲ្យ​គាត់​ចូល​ខ្លួនមក​ដោះស្រាយ​ ជុំវិញ​ការ​ប្រមូល​ឈើ​ពី​ប្រភព​មិន​ច្បាស់​លាស់មក​សន្និធិ (ធ្វើ​ឲ្យ​ស្រប​ច្បាប់) ដោយ​ខុស​ច្បាប់»។

ជុំវិញ​ករណី​នេះ នគរបាល​មូលដ្ឋាន​ម្នាក់បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា យោង​តាម​សេចក្ដី​រាយ​ការណ៍ពី​ក្រុម​បណ្ដាញ​សកម្មជន​ព្រៃ​ឈើ​ថា ឈ្មោះ ប៉ូយ​ គាវ និង​បក្ខពួក​ បាន​លួចកាប់​ឈើ​លាក់​ទុក​នៅ​ក្នុង​ព្រៃ ក្នុង​ទឹក​ដី​ស្រុក​អណ្ដូង​មាស ជាច្រើន​​រយ​ដើម ក្នុង​គោល​បំណង​នាំយក​ទៅ​លក់​បន្ត​ឲ្យ​ឈ្មួញ​ក្នុង​ប្រទេស​ វៀតណាម។

មន្ត្រី​នគរ​បាល​រូ​ប​នោះបញ្ជា​ក់​​ថា៖ «​ឈ្មោះ ប៉ូយ​ គាវ និង​បក្ខ​ពួក​គ្រោង​នាំ​ចេញ​ឈើ​ទាំង​នោះ​ទៅកាន់​ប្រទេស ​វៀត​ណាម នៅថ្ងៃទី​ ១០​ ខែ​ មេសា​ ប៉ុន្តែ​ត្រូវ​បែក​ការណ៍ ​ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ថ្នាក់​​ខេត្ត​ចុះ​បង្ក្រាប​តែម្ដង»៕