ស្វាយរៀង: ជនជាតិ​ចិន​ចំនួន​ជាង ១ ពាន់​នាក់​ត្រូវ​បាន​ផាកពិន័យ បន្ទាប់ពី​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​ស្វាយរៀង និង​សមត្ថកិច្ច​ចម្រុះ​បាន​រកឃើញ​ថា កំពុង​ស្នាក់នៅ និង​ធ្វើការ​ខុសច្បាប់​នៅក្នុង​កាស៊ីណូ​ ១ នៅ​ក្រុង​បាវិត​។ យោង​តាម​លោក ហាស់ ប៊ុនធី ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​ និង​វិជ្ជាជីវៈ​ខេត្ត​ស្វាយរៀង​។

លោក ហាស់ ប៊ុនធី បាន​ថ្លែង​ថា​ជនជាតិ​ចិន​ចំនួន​ ១២៧៣ ​នាក់​ក្នុង​ចំណោម​ជាង​ ២ ​ពាន់​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​រកឃើញ​ថា ពួកគេ​កាន់​លិខិត​ឆ្លងដែន​ប្រភេទ E មក​ស្នាក់នៅ​ប្រកប​មុខរបរ​ការងារ​គ្មាន​ចុះបញ្ជី ឬ​ធ្វើ​សៀវភៅ​ការងារ​។ ក្រោយ​ពេល​រកឃើញ មន្ត្រី​ជំនាញ​បាន​ប្រាប់ និង​ណែនាំ​ឲ្យ​ពួកគេ​ទៅ​បង់​ប្រាក់​ពិន័យ និង​ចុះបញ្ជី​សៀវភៅ​ការងារ​តាម​ច្បាប់​នៅ​ប្រទេស​កម្ពុជា​។

លោក​បន្ត​ថា​ការចុះ​ធ្វើ​អធិការកិច្ច​រក​ជនបរទេស​រស់នៅ និង​ធ្វើការ​ខុស​ច្បាប់​ត្រូវ​បាន​ធ្វើ​ចាប់​ពី​ដើម​ខែ​វិច្ឆិកា​រហូត​ថ្ងៃទី​ ១១ ខែ​ធ្នូ ហើយ​គ្រោង​នឹង​បញ្ចប់​ទាំងស្រុង​នៅ​ទូទាំង​ក្រុង​បាវិត​នៅ​ថ្ងៃទី​ ៣១ ធ្នូ ខាង​មុខ​នេះ​។ ក្រុង​បាវិត​មាន​កាស៊ីណូ​កំពុង​ដំណើរការ​ចំនួន​ ១២ ​កាស៊ីណូ​ក្នុង​នោះ​ជនបរទេស​ជា​ជនជាតិ​ចិន​ភាគច្រើន​ធ្វើ​ការងារ​នៅក្នុង​កាស៊ីណូ​ចំនួន​ ៣ រួមមាន កាស៊ីណូ​ម៉ុកបាយ កាស៊ីណូហ្គ្រោន និង​កាស៊ីណូ​ឡឺម៉ាកាវ​។

លោក ហាស់ ប៊ុនធី បាន​បញ្ជាក់​ថា​៖ «​យើង​មិន​បាន​ឃាត់ខ្លួន​ទេ គឺ​គ្រាន់​តែ​តម្រូវ​ឲ្យ​ពួកគាត់​បង់ប្រាក់​ផាកពិន័យ​តាមច្បាប់​ការងារ​កម្ពុជា​យើង​។ ឥឡូវ​ពួកគាត់​បាន​នាំ​គ្នា​មក​បង់ប្រាក់ និង​ធ្វើ​សៀវភៅ​ការងារ​ជា​បណ្ដើរៗ​ហើយ​។ យើង​ធ្វើ​បណ្ដើរៗ​អ៊ីចឹង​រហូត​ដល់​ថ្ងៃទី​ ៣១ ធ្នូ ខាង​មុខ​នេះ​ព្រោះ​ការងារ​នេះ​យើង​ត្រូវ​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​»​។

លោក​បន្ថែម​ថា​ការងារ​នេះ​មាន​ក្រុម​ការងារ​អធិការកិច្ច​ហត្ថពលកម្ម​បរទេស​មកពី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន្ត៍​នៃ​ក្រសួង​មហាផ្ទៃ​, អគ្គនាយកដ្ឋាន​ការងារ​,​ស្នងការដ្ឋាន​នរគបាល​ខេត្ត និង​មន្ទីរការងារ បណ្តុះបណ្តាល និង​វិជ្ជាជីវៈ​។

ចំណែក​លោក អ៊ូ សុខឿន អនុប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ចាប់​តាំងពី​ដើម​ឆ្នាំ​ ២០១៨ ​នេះ​មាន​ជនបរទេស​បាន​មក​ចុះ​បញ្ជី​ធ្វើ​សៀវភៅ​ការងារ​ក្នុង​រដ្ឋបាល​ខេត្ត​ស្វាយរៀង​មាន​ចំនួន​ ១១,០១៥ ​នាក់​មាន ២៦ ​សញ្ជាតិ​ក្នុង​នោះ​ភាគច្រើន​ជា​ជនជាតិ​ចិន​។ ក្នុង​នោះ​មាន​ជនបរទេស​ស្នាក់នៅ​ប្រកប​មុខរបរ​រកស៊ី​ និង​ធ្វើ​ការងារ​ឆ្នាំ​ ២០១៨ ​នៅ​ក្រុង​បាវិត​ចំនួន​ជិត ២ ​ម៉ឺន​នាក់ ហើយ​មក​ធ្វើ​សៀវភៅ​ការងារ​តែ​ចំនួន ១១ ០១៥ ​នាក់​ប៉ុណ្ណោះ​ដូច្នេះ​ជនបរទេស​ជាង ៨ ​ពាន់​នាក់​កំពុង​ប្រកប​មុខរបរ​រកស៊ី និង​ធ្វើ​ការងារ​អត់​ចុះបញ្ជី​ធ្វើ​សៀវភៅ​ការងារ​នៅ​ក្រុង​បាវិត​។ តាម​សេចក្តី​ជូនដំណឹង​រដ្ឋបាល​ខេត្ត​ស្វាយរៀង​បាន​ចេញ​កាលពី​ដើម​ខែ​វិច្ឆិកា​នេះ​បង្ហាញ​ថា​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ដែល​កំពុង​ប្រកប​អាជីវកម្ម​ដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន រមណីយដ្ឋាន ម៉ាស្សា ខារ៉ាអូខេ ក្លិប​កម្សាន្ត ឌីស្កូថេក បៀរហ្គាដិន និង​សេវាកម្ម​ទេសចរណ៍​ទាំងអស់​ដែល​មាន​អាជ្ញាប័ណ្ណ​ផុត​សុពលភាព​ត្រូវ​រួសរាន់​ដាក់​ពាក្យសុំ​អាជ្ញាប័ណ្ណ​ជាថ្មី​។ ចំពោះ​អ្នក​ប្រកប​អាជីវកម្ម​មិន​ធ្លាប់​មាន​អាជ្ញាប័ណ្ណ​តាំងពី​ដើម​ត្រូវ​មក​ដាក់​ពាក្យសុំ​អាជ្ញាប័ណ្ណ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​នៅ​អង្គភាព​ច្រកចេញ​ចូល​តែ​មួយ​របស់​រដ្ឋបាលខេត្ត​ស្វាយរៀង ឬ​នៅ​ការិយាល័យ​ច្រកចេញ​ចូល​តែ​ ១ ​ក្រុង​បាវិត និង​ក្រុង​ស្វាយរៀង​គិត​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​រហូត​ដល់​ថ្ងៃទី​ ៣១ ខែ​ធ្នូ ឆ្នាំ​ ២០១៨ ជា​កំណត់​។ ចំពោះ​ម្ចាស់​អាជីវកម្ម​ដែល​មាន​អាជ្ញាប័ណ្ណ​ផុត​សុពលភាព​ម្ចាស់​អាជីវកម្ម​ទាំង​នោះ​ត្រូវ​ដាក់​ពាក្យ​សុំ​ទៅ​ក្រសួង​ទេសចរណ៍​៕