ក្រចេះ: រដ្ឋបាល​ខេត្តក្រចេះ​ដែល​មាន​មន្ទីរជំនាញ​នានា​ព្រមទាំង​អង្គការ និង​ក្រុមហ៊ុន​រួមគ្នា​ប្រារព្ធ​ទិវា​សត្វ​ផ្សោត​ទន្លេមេគង្គ ឆ្នាំ​ ២០១៩ រយៈពេល ៣ ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃទី​ ២៥-២៧ ខែ​តុលា​ខាងមុខ​ នៅ​ទី​រួម​ខេត្តក្រចេះ ដើម្បី​ពង្រឹង​ការអភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ​សំដៅ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកប​ដោយ​និរន្តរភាព​ដោយ​រំពឹងថា​នឹងមាន​ភ្ញៀវទេសចរ​ចូលរួម​ប្រមាណ ១០ ​ម៉ឺន​ ​នាក់​។

លោក​ ជួប រតនា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ​បាន​ប្រាប់ ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ទិវា​នេះ​ធ្វើ​ឡើង​ក្រោម​ប្រធានបទ​ «​កើន​ផ្សោត កើន​ទេសចរ កើន​ជីវភាព​» ​ស្រប​ពេល​ពិភពលោក​នឹង​ចូលរួម​អបអរសាទរ​ទិវា​សត្វ​ផ្សោត​ពិភពលោក (World Dolphin Day) ដែល​តែង​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃទី​ ២៤ ខែ​តុលា​។

លោក​បញ្ជាក់ថា​៖ «​តាម​ការប៉ាន់ស្មាន យើង​អាច​នឹង​ទទួល​ភ្ញៀវទេសចរ​ប្រមាណ ១០ ​ម៉ឺន​ ​នាក់​​ ក្នុង​រយៈពេល​ហ្នឹង​។ អ្វី​មួយទៀត​សំខាន់​គឺ​ប្រជាជន​យើង​គាត់​បាន​យល់ដឹង​កាន់តែ​ច្បាស់​អំពី​កិច្ចការងារ​អភិរក្ស​សត្វ​ផ្សោត​នេះ ព្រោះ​នៅតែ​មាន​ការនេសាទ​ខុសច្បាប់ ជាពិសេស​ការដាក់មង​ពី​ប្រជាពលរដ្ឋ​យើង ដែល​វា​ប៉ះពាល់​ខ្លាំង​ដល់​សត្វ​ប្រភេទ​នេះ​»​។

លោក​ ជួប រតនា បាន​បន្តថា​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ​ ដែល​រៀបចំ​ដោយ​រដ្ឋបាល​ខេត្តក្រចេះ​សហការ​ជាមួយ​រដ្ឋបាល​ជលផល មន្ទីរ​ទេសចរណ៍​ខេត្ត​មន្ទីរ​កសិកម្ម រុកា្ខប្រមាញ់ និង​នេសាទ និង​អង្គការ WWF រួមទាំង​ក្រុមហ៊ុន​ឯកជន​ផង​នោះ​នឹង​មាន​រៀបចំ​កម្មវិធី​កម្សាន្ត​ជាច្រើន ដូចជា​ការប្រគំតន្ត្រី តាំងពិព័រណ៍​ផលិតផល​ក្នុង​ស្រុក កម្មវិធី​រត់ប្រណាំង ជិះ​កង់ ដាំ​ដើមឈើ បោះតង់ ការសម្អាត​ក្រុង ការ​ទស្សនា​សត្វផ្សោត និង​រមណីយដ្ឋាន​នានា ការប្រឡង​ប្រជែង​គំនូរ​ជាដើម​។

លោក​បញ្ជាក់ថា​៖ «​ជាមួយ​នឹង​ការរៀបចំ​ទិវា​សត្វ​ផ្សោត​នេះ​ក៏​យើង​នឹងមាន​ផែនការមេ ប្លង់​មេ​អភិវឌ្ឍ «​រមណីយដ្ឋាន​អន្លង់​ផ្សោត​កាំពី​» ​ឲ្យ​ក្លាយជា​រមណីយដ្ឋាន​ស្តង់ដា​មួយ​ដែល​ទាក់ទាញ​កាន់តែ​ល្អប្រសើរ​ជាង​នេះ​សម្រាប់​ផ្តល់​បទពិសោធ​ទាំង​ចំណេះ​លើ​ជីវសាស្ត្រ​របស់​សត្វ​ផ្សោត បទពិសោធ ទេសចរណ៍​បែប​អភិរក្ស​»​។

លោក​ សេង ទៀក នាយក​ប្រចាំ​ប្រទេស​នៃ​មូលនិធិ​អភិរក្ស​ និង​សង្គ្រោះ​សត្វព្រៃ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ទិវា​នេះ​នឹង​ជំរុញ​ឲ្យ​មានការ​យល់ដឹង​កាន់តែ​ខ្លាំង​ក្នុង​ការពង្រឹង​ការអភិរក្ស​សត្វ​ផ្សោត​ដែល​ជា​បេតិកភណ្ឌ​ជាតិ​មានជីវិត​របស់​កម្ពុជា​។ បន្ថែម​ពី​នេះ​លោក​បញ្ជាក់ថា វា​ក៏​នឹង​បង្ហាញ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​តំបន់​មាន​សត្វ​ផ្សោត បញ្ឈប់​ការ​បៀតបៀន​លើ​សត្វផ្សោត ជាពិសេស​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​នានា​។

លោក​ថ្លែងថា​៖ «​យើង​ត្រូវមាន​វិធានការ​ទាំងអស់​គ្នា​ដូចជា​ការបង្កើន​ឲ្យ​មាន​ជម្រើស​នៃ​របរ​ចិញ្ចឹមជីវិត​សម្រាប់​អ្នក​ចាប់​ត្រី​នៅក្នុង​តំបន់​ផ្សោត​រស់នៅ​។ ឧទាហរណ៍​ដូចជា​ការដាំ​បន្លែ ការចិញ្ចឹម​សត្វ និង​បង្កើត​តំបន់​ទេសចរណ៍​ធម្មជាតិ​ដែល​ជា​កត្តា​សំខាន់​។ ប៉ុន្តែ​ចំពោះ​ជន​មួយ​ចំនួន​ដែល​បើក​អាជីវកម្ម​រកត្រី​ក្នុង​តំបន់​នេះ​គឺ​ត្រូវតែ​បញ្ឈប់ ព្រោះ​តំបន់​នេះ​គឺជា​តំបន់​ដែល​អភិរក្ស​ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល​ជលផល​»​។

បើតាម​លោក​ សេង ទៀក រហូត​មក​ដល់​បច្ចុប្បន្ន ចំនួន​សត្វផ្សោត​ទន្លេមេគង្គ​មាន​កំណើន​ប្រមាណ​ ១៥% ពោលគឺ​ចាប់ពី ៨០ ​ក្បាល​ នៅ​ឆ្នាំ​ ២០១៥ កើនឡើង​ដល់ ៩២ ​ក្បាល ​នៅ​ឆ្នាំ​ ២០១៧ ហើយ​រយៈពេល​ ៩ ​ខែ​ដើម​ឆ្នាំនេះ WWF បាន​រកឃើញ​ថា មាន​សត្វ​ផ្សោត​បាន​កើត​ថ្មី​ចំនួន ២០ ក្បាល និង​បាន​ស្លាប់​ក្នុង​អំឡុង​ពេលនេះ​មាន​ចំនួន ៩ ​ក្បាល​។

ជាមួយ​នឹង​តួលេខ​ខាងលើ​នាយក​អង្គការ​អភិរក្ស​សត្វព្រៃ​រូបនេះ​អះអាង​ថា​តាមរយៈ​គម្រោង អភិរក្ស​សត្វ​ផ្សោត​របស់​អង្គការ WWF ជលផល​កម្ពុជា រដ្ឋបាល​ខេត្តក្រចេះ ព្រម​ទាំង​ខេត្ត​ស្ទឹងត្រែង​នឹង​ធ្វើ​ជំរឿន​លើ​សត្វ​ផ្សោត​ជាថ្មីទៀត​ក្នុង​ឆ្នាំ​ ២០២០ ​ខាងមុខ ដើម្បី​ឲ្យ​ប្រាកដ​ថា​ចំនួន​សត្វផ្សោត​ដែល​ជា​សត្វ​កម្រ​លើ​ពិភពលោក​មាន​ចំនួន​ប៉ុន្មាន​នៅ​ទន្លេមេគង្គ​កម្ពុជា​៕