កំពង់ឆ្នាំងៈ មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្ត​កំពង់ឆ្នាំង​កំពុង​ពន្លឿន​សកម្មភាព​ស្ដារ​ និង​ពង្រីក​ប្រឡាយទឹក​ ១ ​ខ្សែ​ដែល​មាន​ប្រវែង​ជាង​ ៣ ​គីឡូម៉ែត្រ ដើម្បី​នាំ​ទឹក​ពី​បឹង​ទន្លេសាប​ទៅ​ជួយ​សង្គ្រោះ​ស្រូវប្រាំង​​ជិត​ ៤ ០០០ ​ហិកតា ​របស់​ប្រជាកសិករ​នៅក្នុង​ឃុំ​កោះថ្កូវ ស្រុក​ជលគិរី​ដែល​កំពុង​ប្រឈម​នឹង​ការខ្វះខាត​ទឹក​ស្រោចស្រព​។

លោក ​ដោក ​ប៊ុនថុន ​ប្រធានមន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​កំពង់ឆ្នាំង​បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា គម្រោង​ស្តារ និង​ពង្រីក​ប្រឡាយ​មេ​ ១ ​ខ្សែ​នេះ​បាន​ចាប់ផ្ដើម​តាំងពី​​ដើម​ខែ​កុម្ភៈ ឆ្នាំ​ ២០២០ ​មកម៉្លេះ​។ ពោលគឺ​ក្នុង​រយៈពេល​ជាង​ ១ ​ខែ​កន្លងមកនេះ​ក្រុម​ការងារ​របស់​មន្ទីរ​ធនធានទឹក​​សម្រេច​បាន​ជាង​ ៨០ ​ភាគរយ ​ហើយ​ក្នុង​ចំណោម​ប្រឡាយ​មេ​ប្រវែង​ ៣ ៥០០ ​ម៉ែត្រ និង​ទទឹង​ប្រវែង​ ១២ ​ម៉ែត្រ​ព្រមទាំង​ជម្រៅ ៩ ​ម៉ែត្រ​។

លោក ប៊ុនថុន បាន​បញ្ជាក់ថា​៖ «​តាម​ល្បឿន​ការងារ​របស់​យើង​គឺ​អាច​នឹង​រួចរាល់​នៅ​មុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ឬ​យ៉ាងយូរ​បំផុត​នោះ​គឺ​នៅ​ដំណាច់​ខែមេសា​ខាង​មុខ​នេះ​»​។

បើ​តាម​លោក ប៊ុនថុន ក្រៅពី​ការងារ​ស្ដារ និង​ពង្រីក​ប្រឡាយ​មេនេះ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​កំពង់ឆ្នាំង​បាន​រៀបចំ​ធ្វើ​ខ្នង​ទំនប់​ឲ្យ​ក្លាយ​ទៅ​ជា​ផ្លូវ​ផងដែរ ដើម្បី​ឲ្យ​ពលរដ្ឋ​អាច​ដឹក​កសិផល​បាន និង​រៀបចំ​សង់​ទំនប់​ស្ទាក់​ទឹក​ទុក​សម្រាប់​ប្រជាកសិករ​ប្រើប្រាស់​នៅ​រដូវប្រាំង​។

លោក​បាន​បន្ថែម​ថា​៖ «​យើង​រំពឹង​ថា​នៅ​រដូវប្រាំង​ឆ្នាំក្រោយ​នេះ​ប្រជាកសិករ​នៅ​ស្រុក​គិរី​ជលសារ​ទាំងមូល​នឹង​អស់​បញ្ហា​ខ្វះ​ទឹក​ស្រោចស្រព​ស្រូវ​ប្រាំង​ទៀតហើយ​។ ​ប្រជាកសិករ​​អាច​ធ្វើ​ស្រូវប្រាំង​បាន​ ២ ​ដង​ក្នុង​ ១ ​ឆ្នាំ ប្រសិនបើ​បរិមាណ​ទឹកភ្លៀង និង​ទឹកទន្លេ​មេគង្គ​ព្រមទាំង​ទឹក​បឹង​ទន្លេសាប​មាន​ការកើនឡើង​ច្រើន​ជាង​ឆ្នាំនេះ​»​។

ការប្រែប្រួល​អាកាសធាតុ​​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​បាន​ធ្វើឲ្យ​ប្រជាកសិករ​ប្រឈម​នឹង​បញ្ហា​កខ្វះ​ទឹក​ស្រោចស្រព ជាពិសេស​នៅ​រដូវប្រាំង​ដែល​មាន​ភាពរាំងស្ងួត និង​ក្ដៅ​ហួតហែង​ខ្លាំង​។

លោក ងិន ហ៊ុន ប្រធាន​មន្ទីរកសិកម្ម រុក្ខាប្រមាញ និង​នេសាទ ខេត្តកំពង់ឆ្នាំង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ដោយសារ​បរិមាណ​ទឹក​ភ្លៀង​ និង​ទឹកទន្លេ​សាប​នៅ​ឆ្នាំនេះ​មាន​កម្រិត​តិចតួច​ជាង​ឆ្នាំមុនៗ​នោះ​ធ្វើឲ្យ​ការបង្កបង្កើនផល​ស្រូវ​របស់​ប្រជាកសិករ​បាន​ជួប​ការខ្វះខាត​ទឹក​ស្រោចស្រព​ដំណាំ ជាពិសេស​នៅ​ស្រុក​ជលគិរី និង​ស្រុក​កំពង់លែង​ដែល​​ក្នុង​ប្រព័ន្ធ​ប្រឡាយ​មួយ​ចំនួន​ត្រូវ​គោក​រីងស្ងួត​អស់​។

លោក​បាន​បញ្ជាក់ថា​៖ «​យ៉ាងណា​ក៏ដោយ​បញ្ហា​ប្រឈម​នេះ​ក៏​ព្រោះតែ​ប្រជាកសិករ​ដាំដុះ​ស្រូវប្រាំង​លើស​ពី​ផែនការ​ដែល​​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង​បានកំណត់​រហូត​ដល់​ជិត ១ ​ម៉ឺន​ហិកតា​»​។

លោក​បាន​បន្តថា​ ក្នុង​ផែនការ​ដាំដុះ​ស្រូវប្រាំង​សម្រាប់​ឆ្នាំ​ ២០២០ ​នេះ​មន្ទីរ​បានកំណត់​ផ្ទៃដី​ដាំដុះ​ត្រឹមតែ ៣ ២០០ ​ហិកតា​ប៉ុណ្ណោះ ប៉ុន្តែ​ប្រជាកសិករ​នៅ​ទូទាំង​ខេត្ត​បាន​នាំគ្នា​ដាំដុះ​ស្រូវប្រាំង​រហូត​ដល់​ជាង​ ៤០ ០០០ ហិកតា ជាពិសេស​ពលរដ្ឋ​នៅ​ឃុំ​កោះ​ថ្កូវ ស្រុក​ជលគិរី​បាន​ដាំដុះ​ស្រូវប្រាំង​ច្រើន​ជាង​គេ​។

ទោះជា​យ៉ាងណា​លោក ចិន ផាន់ណា មេឃុំ​កោះថ្កូវ​បាន​ថ្លែងថា ភូមិសាស្ត្រ​ឃុំ​កោះ​ថ្កូវ​​ជា​តំបន់​វាលទំនាប​មិន​អាច​ធ្វើ​ស្រូវវស្សា​បានទេ គឺ​ផ្ទៃដី​ ៩៩ ​ភាគរយ ​អាច​ដាំដុះ​ស្រូវប្រាំង​តែ​ ១ ​មុខ​ប៉ុណ្ណោះ​។ នៅ​ឆ្នាំនេះ​ពលរដ្ឋ​ក្នុង​ឃុំ​បាននាំគ្នា​ដាំ​ដុះ​ស្រូវប្រាំង​លើ​ផ្ទៃដី ៦ ៤០០ ​ហិកតា ក៏ប៉ុន្តែ​ពេលនេះ​ស្រូវប្រាំង​ជិត​ ៤០០០ ​ហិកតា​កំពុង​ប្រឈម​នឹង​ការខ្វះខាត​ទឹក​ដើម្បី​ស្រោចស្រព​។

លោក​បាន​បញ្ជាក់ថា​៖ «​ប៉ុន្តែ​មួយរយៈ​មកនេះ​ខាង​ក្រសួង​ និង​មន្ទីរ​ធនធាន​ទឹកបាន​ចុះ​អន្តរាគមន៍​បូមទឹក​ដាក់​ដីស្រែ​ទាំងនោះ​ជា​បន្តបន្ទាប់ ដើម្បី​សង្គ្រោះ​​ស្រូវ​ដែល​កំពុង​ចេញ​ផ្លែ​ [​កួរស្រូវ​] ​មក​ហើយ​នោះ​កុំ​ឲ្យ​វា​ស្កក​» ។

លោក ផាន់ណា បាន​បន្ថែម​​ថា ឆ្លើយតប​នឹង​សំណូមពរ​របស់​ប្រជាកសិករ អាជ្ញាធរខេត្ត​តាមរយៈ​មន្ទីរ​ធនធាន​ទឹកបាន​ជួយ ស្ដារ​ និង​ពង្រីក​ប្រឡាយ​មេ​ ១ ​ខ្សែ​ដែល​តភ្ជាប់​ពី​បឹង​ទន្លេសាប​​មកកាន់​តំបន់​ស្រូវប្រាំង​របស់​អ្នកភូមិ​គជ្រំ ឃុំ​កោះ​ថ្កូវ​ជិត​ ១ ០០០ ​ហិកតា ដែល​តែង​ខ្វះខាត​ទឹកជា​រៀងរាល់​ឆ្នាំ​។

ជុំវិញ​ការស្ដារ និង​ពង្រីក​ប្រឡាយ​មេនេះ ប្រជាកសិករ​នៅ​ភូមិគជ្រំ លោក ប៊ិន សុផាន អាយុ​ ៥០ ​ឆ្នាំ​ ដែល​អះអាង​ថា មាន​ដីស្រែប្រាំង​ជាង​ ៥ ​ហិកតា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គាត់​នឹង​ធ្វើ​ស្រូវប្រាំង​ឲ្យ​អស់​ដី​ប្រសិន​បើ​ប្រឡាយ​មេនោះ អាច​​នាំ​ទឹក​ចូលមក​តំបន់​ស្រូវប្រាំង​ក្នុងភូមិ​របស់គាត់​នៅ​ឆ្នាំក្រោយ​មែន​នោះ​។

លោក​ថ្លែងថា​៖ «​ជាង​ ៣០ ​ឆ្នាំ​មកនេះ​ខ្ញុំ​ធ្វើ​ស្រូវប្រាំង​បាន​ត្រឹមតែ​ ៣ ​ហិកតា​ប៉ុណ្ណោះ ព្រោះ​​គ្មាន​ទឹក​គ្រប់គ្រាន់​សម្រាប់​ស្រោចស្រព​។ ​ខ្ញុំ​ពិតជា​ត្រេកអរ​ណាស់ នៅពេល​ឃើញ​អាជ្ញាធរ​ចុះមក​ជីក​ស្ដារ និង​ពង្រីក​ប្រព័ន្ធ​ប្រឡាយ​មេ សម្រាប់​នាំ​ទឹក​ពី​បឹង​ទន្លេសាប​មកកាន់​តំបន់​ស្រូវប្រាំង​ក្នុងភូមិ​យើងខ្ញុំ​។

ខ្ញុំ​រំពឹងថា ខ្ញុំ​អាច​ដាំដុះ​ស្រូវ​លើ​​ផ្ទៃដី​ទាំង​ជាង​ ៥ ​ហិកតា ​របស់​ខ្ញុំ​នៅ​ឆ្នាំក្រោយ​»​។

លោក សំ សុផល ​អាយុ​ ៥៥ ​ឆ្នាំ​ ដែល​រស់នៅ​ភូមិគ​ជ្រំ​នោះ​ដែរ​បាន​ថ្លែងថា លោក​មាន​ដីស្រែ​តែ​ ២ ​ហិកតា​ប៉ុណ្ណោះ ប៉ុន្តែ​រាល់​ឆ្នាំ​ស្រូវ​របស់គាត់​ប្រមាណ​ ២០ ​ភាគរយ​ ត្រូវ​ស្កក​ខូច ដោយសារ​ការខ្វះ​ទឹក​។

លោក​ថា​៖ «​មិនមែន​តែ​គ្រួសារ​ខ្ញុំ​ទេ ដែល​រីករាយ​អ្នកភូមិ​ទាំងអស់​សុទ្ធតែ​រីករាយ​ចំពោះ​សកម្មភាព​ចុះជួយ​អន្តរាគមន៍​​ជីក​ស្ដារ​ប្រឡាយ​មេនេះ​»​។

លោក​បាន​រំពឹងទុក​ថា នៅ​​ពេល​ប្រឡាយ​មេនេះ​ស្ដារ​រួច​លំហូរ​ទឹក​ពី​បឹង​ទន្លេសាប​នឹង​ហូរ​ចាក់​មក​តំបន់​ស្រូវប្រាំង​ក្នុង​ភូមិ​របស់លោក ហើយ​គ្រួសារ​លោក និង​អ្នកភូមិ​អាច​នឹង​មានទឹក​​គ្រប់គ្រាន់​សម្រាប់​ធ្វើ​ស្រូវប្រាំង​​ហើយ​ស្រូវ​នឹង​លែង​ស្កក​ដូច​ឆ្នាំនេះ​ និង​ឆ្នាំមុនៗ​ទៀត​៕