ប៉ៃលិនៈ នៅ​សល់​ប្រមាណ​តែ​ ១ ​សប្តាហ៍​​ទៀត​ប៉ុណ្ណោះ មន្ទីរ​​បរិស្ថាន​ខេត្ត​ប៉ៃ​លិន​ នឹង​បញ្ជូន​សំណុំ​រឿង ​អតី​ត​មន្ត្រី​ឧទ្យានុរក្ស​ម្នាក់ ដែល​លួច​កាប់​ដើម​គគីរ​ធំៗ​ចំនួន​ ២​ ដើម​ នៅ​ក្នុង​ព្រៃ​អភិរក្ស​ទៅ​តុលាការ​បើ​ជន​នេះ​មិន​ព្រម​បង់​ប្រាក់​ពិន័​យ​ចំនួន​​ ៣១​ លាន​រៀល​ ខណៈ​ដែ​ល​​មានការ​អះ​អាង​ថា តំបន់​ព្រៃ​អភិរក្ស​សំឡូត​ នៅ​តែ​មាន​ជនខិល​ខូច​លួច​ចូល​កាប់​បំផ្លាញ​ជា​រៀងរាល់​ថ្ងៃ។

ដើម​គគីរ​ធំៗ​ ២ ដើម​​ ដែល​មាន​​អាយុកាល​ជាង ១០០ ​ឆ្នាំ​ មាន​កម្ពស់​ជាង ៥០ ម៉ែត្រ​ និង​មានមុខ​កាត់ ១ ម៉ែត្រ​ នៅក្នុង​តំប​ន់​ព្រៃ​អភិរក្ស​សំឡូតស្ថិត​ក្នុង​​​ភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុង​ប៉ៃលិន ត្រូវ​បាន​អតីត​មន្ត្រី​ឧទ្យា​នុរក្ស​ម្នាក់លួច​អារ​ផ្តួល​រំលំ​កា​ល​​ពី​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ហើយ​ត្រូវបាន​មន្ទីរ​បរិស្ថាន​​ខេត្ត​ប៉ៃ​លិ​ន ពិន័យ​​បុរស​រូប​នោះ ដោយ​តម្រូវ​ឲ្យ​បង់​ប្រាក់​ចំនួន ៣១ លាន​រៀល​ ​ឬ​ស្មើ​ជាង ៧ ពាន់​ដុល្លារ ឱ្យបាន​មុន​ថ្ងៃទី ៥ ខែ មិថុនា ហើយ​បើ​ពុំ​ព្រម​បង់​ប្រាក់​ទៅ​តាម​ពេល​កំណត់​ទេ នឹង​ត្រូវ​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ។

លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថានខេត្ត​ប៉ៃ​លិន​ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ម្សិលមិញ​ថា មន្ត្រី​របស់​មន្ទីរបរិស្ថាន ​​បាន​រក​ឃើញ​ដើម​​គគីរ​ធំៗទាំង ២ ដើ​ម ត្រូវគេ​លួច​អារ​ផ្តួល​រំលំ កាលពី​ថ្ងៃទី ១៣ ខែ មេសា ហើយ​បន្ទា​ប់​ពី​ការស៊ើបអង្កេតក៏បាន​រកឃើ​ញ​ជន​សង្ស័យ​ម្នាក់​ឈ្មោះ ឆាយ ឡៃ អាយុ ៥០ ឆ្នាំ ដែល​ធ្លាប់ជា​អតីត​មន្ត្រី​ឧទ្យានុរក្ស​ពី​ឆ្នាំ ២០០៥ ដល់​ឆ្នាំ ២០១៦។

លោក​បន្តថា ជននេះ​បាន​ឆ្លើយ​សារភាព នៅ​ពេល​​ត្រូវ​នាំមក​សាកសួរ​ នៅ​មន្ទីរ​កាល​ពី​ថ្ងៃទី ២២ ខែ មេសា ជន​នេះ​និយាយ​ថា ការ​អារ​​ផ្តួល​រំលំដើម​គគីរ​ទាំង ២ ដើម​គឺ​​ដើម្បី​យក​ទៅ​សាងសង់​ផ្ទះ។

លោក​បន្ថែមថា មន្ទីរ​បានសម្រេច​ពិន័យ​ចំនួន ៣១ លាន​រៀល ហើយ​បើ​មិន​បង់​​ការផាកពិន័យតាម​កាលកំណ​ត់​ទេ លោក​នឹង​ប​ញ្ជូន​សំណុំ​រឿង​ទៅឱ្យ​តុលាកា​រស្របពេល​ដែល​ត្រាក់ទ័រ​ ១ គ្រឿង ​ដែល​រឹបអូស​បាន ត្រូវបាន​បញ្ជូនទៅ​រក្សា​ទុក​នៅ​តុលាការ​រួចហើយ។

លោកបន្ត​​ថា៖ «គាត់​ត្រូវបាន​បណ្ដេញចេញ (ពី​មន្ត្រី​ឧ​ទ្យា​នុ​​រក្ស) ដោយសារ​លួច​បើកដៃ​ឱ្យ​មាន​ការកាប់​ឈើ​កន្លងមក​ហើ​យ​ជាប់​ពាក់ព័ន្ធ​ករណី​ច្រើន​ណាស់​។ យើង​បាន​ពិន័យ​គាត់​ជា​អន្តរកាល​ហើយហើយ​បើ​គាត់​រត់​មិន​ព្រម​បង់​ទេ យើង​ដាក់​អា​ត្រាក់ទ័រ​គា​ត់​​តម្លៃ ២-៣ ម៉ឺន​ដុល្លារ​ដែរ​ ជា​ទ្រព្យសម្បត្តិ​រដ្ឋ​ទៅ។ ថ្ងៃ​​នេះ ខ្ញុំ​បានឱ្យ​មន្ត្រី​ទៅ​ដាស់តឿន​គា​ត់​​ម្ដងទៀត អំពី​ការ​ផុត​កំណត់​នៃ​ការ​បង់​ប្រាក់»។

បើតាមលោក សុខា ដើម​គគី​រ​​ទាំង ២ ​ដើម ត្រូវ​រក្សាទុក​នៅក្នុង​ព្រៃ​នៅឡើយ ហើយនឹង​អាច​ដឹក​មក​រក្សាទុក​នៅក្នុង​មន្ទីរ​នៅពេល​មានការ​សម្រេច​ពី​តុលាការ។

តំបន់​ព្រៃ​អភិរក្ស​​សំឡូត​មាន​​ទំហំ​ប្រហែល ៦​ ម៉ឺន​ហិកតា ដែល ២ ភាគ ៣ នៃ​ព្រៃ​នេះ​ គឺ​ស្ថិតក្នុង​ខេត្ត​ប៉ៃលិន រីឯ ១ ភាគ ៣ ទៀត ​ស្ថិតក្នុង​ទឹកដី​នៃ​ខេត្ត​បាត់ដំបង។ ប៉ុន្តែ​បច្ចុប្បន្ននេះ ព្រៃឈើ​តំបន់​សំឡូត នៅសល់​ប្រហែល ៤ ម៉ឺន​ហិកតា​ប៉ុណ្ណោះ ដោយសារ​មាន​បទល្មើស​កាប់បំផ្លាញ​ព្រៃឈើ​កើតឡើង​ជាច្រើ​ន​។ នេះ​បើតាម​ការលើកឡើង​ពី​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល។

លោក គង់ មុនី​ច័ន្ទ នាយក​អង្គការ​អភិរក្ស​ព្រៃឈើ ម៉ា​ដ​ក្ស ចូ​លី ភី​ត (MJP) ដែល​អង្គ​ការ​នេះ បាន​ផ្ដល់​មូលនិធិ​សម្រាប់​ការពារ​ព្រៃ​អភិរក្ស​សំឡូត​បាន​លើកឡើងថា តំបន់​ព្រៃឈើ​ស្ថិត​ក្នុង​ខេត្ត​ប៉ៃលិន ​គឺ​រង​ការ​កាប់​បំផ្លាញ​ច្រើនជាង​នៅក្នុង​ខេត្ត​បាត់ដំបង។ ​លោក​យល់ថា បទល្មើស​ព្រៃឈើ​ទាំងនោះ​ កើត​ឡើង ដោយសារ តែ​ការអប់រំ​ឱ្យ​យល់ដឹង​អំពី​តម្លៃ​នៃ​ព្រៃឈើ​នៅ​មាន​កម្រិត។

លោក​ថា ចំណែក​ឧបករណ៍​សម្រាប់​ទាក់​សត្វព្រៃ​ ស្ថិតនៅ​តំបន់​ព្រៃឈើ​សំឡូត​ទាំង​នៅក្នុង​ខេត្ត​ប៉ៃលិន​ និង​ខេត្ត​បាត់​ដំបងក៏ត្រូវ​បាន​គេ​រកឃើ​ញ​​​ជា​រៀងរាល់​ថ្ងៃ​ដែរ។

លោក​ថា៖​ «ជាទូទៅបើ​និយាយ​អំពី​វិធាន​​​ការ​ការពារ គឺ​យើង​ប្រឹង​សព្វ​ប្រឹង​គ្រប់​ហើយវា​នៅតែ​ពាក់ព័​ន្ធ​​​ទៅលើ​ចិត្តគំនិត​ និង​អារម្មណ៍​របស់​មនុ​ស្សលោ​ភល​ន់​ទេ​ដែ​ល​​នៅតែ​ចង់បានព្រោះ​បើ​យើង​ការ​​ពារ គឺ​ទាល់តែ​យើង​ដាក់​មនុស្ស​ម្នាក់​ការពារ​ដើមឈើ​ ១​​ ដើម ២៤ ម៉ោង ទើប​អត់​បាត់»។

បើតាម​លោក មុនី​ច័ន្ទ នៅ​មុន​ពិធីបុណ្យ​អុំទូកខាង​ខេត្ត​កំព​ង់​​ឆ្នាំង​ ធ្លាប់​ដាក់​លិខិត​ស្នើសុំ​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន​ដើម្បី​សុំ​ដើ​ម​ឈើ​យកទៅ​កែច្នៃ​ធ្វើ​ទូក ហើយ​ក្រោយមក​ខាង​ប្រធាន​មន្ទីរ ក៏​ឱ្យ​មន្ត្រី​របស់ខ្លួន​ចេញ ទៅរក​នៅ​​ក្នុងព្រៃ និង​បាន​រកឃើញ​ហើយ​ចង់ឱ្យ​កាប់​ដើម​គគីរធំៗទាំង ២ ​នេះ។ ប៉ុន្តែ​ក្រោយមក​ខាង​ក្រសួ​​ង​បរិស្ថាន ​បាន​​បដិសេធ បន្ទាប់ពី​ទទួលបាន​លិខិត​របស់​សង្គម​ស៊ីវិ​​ល ពាក់ព័ន្ធ​នឹង​ការចង់​កាប់​ដើម​គគីរ​ទាំង ២ ដើម​នោះ។

ជុំវិញ​បញ្ហា​នេះ លោក មិន រ៉ាវុធ ប្រធាន​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ប៉ៃលិនបាន​បញ្ជាក់ថា លោក​មិន​បានដឹង​រឿងនេះ​ទេ ដោយ​សារ​ព្រៃឈើ​សំឡូតគឺ​​ ស្ថិត​ក្រោម​ការ​គ្រប់គ្រងរ​បស់​ក្រសួ​ងបរិស្ថាន៕