ក្រចេះ: មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ​បាន​បញ្ជូន​សំណាក​ទឹក​បឹង​រំលាច​ស្ថិត​ក្នុង​សង្កាត់​អូរឫស្សី ក្រុង​ក្រចេះ មក​ពិនិត្យ​រក​សារ​ធាតុ​ពុល​នៅ​ក្រសួង​បរិស្ថាន​ក្រោយ​ពី​ទឹក​បឹង​នេះ ត្រូវ​បាន​រោងចក្រ​ច្នៃ​ដំឡូង​មី​មួយ​បង្ហូរ​ទឹក​កខ្វក់​ចូល​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​ពលរដ្ឋ ប៉ុន្តែ​ភាគី​រោងចក្រ​បាន​អះអាង​ថា ជា​ទឹក​ស្អាត​ដែល​បង្ហូរ​សាក​ល្បង​តាម​បំពង់​ទុយោ​ទុក​ចោល​យូរ​ប៉ុណ្ណោះ។

លោក ដួង ឆាយ​សាវុធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា កាល​ពី​ថ្ងៃ​ទី ១៧ កុម្ភៈ ពលរដ្ឋ​បាន​ផ្អើល​ថា ទឹក​បឹង​រំលាច​មាន​ផ្ទុក​ជាតិ​ពុល​នៅ​ពេល​បាន​ឃើញ​ត្រី​ក្នុង​បឹង​នោះ​ងាប់​បន្ទាប់​ពី​មាន​ករណី​បង្ហូរ​ទឹក​កខ្វក់​ចេញ​ពី​រោងចក្រ​ច្នៃ​ដំឡូង​របស់​ជន​ជាតិ​កូរ៉េ​មួយ​ឈ្មោះ Sing Song។

លោក​បន្តថា ក្រោយ​មានការ​ភ្ញាក់ផ្អើល​បែបនេះ លោក​ជាមួយ​អាជ្ញាធរ​សង្កាត់ និង​ក្រុង​បាន​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​ដល់​រោងចក្រ ហើយ​ក្រោយ​មក​ក៏បាន​យក​សំណាក​ទឹក​បឹង​មក​ពិនិត្យ​រក​ជាតិ​គីមី​ពុល​នៅ​ក្រសួង​បរិស្ថាន។

លោក ឆាយ​សាវុធ បន្ថែមថា ប៉ុន្តែ​បើតាម​ការបញ្ជាក់​ពី​ភាគី​រោងចក្រ​គឺ​កាល​ពី​ថ្ងៃ​ទី ៧ ខែ​កុម្ភៈ​កន្លង​ទៅ រោងចក្រ​ពិតជា​បាន​បង្ហូរ​ទឹក​ចូល​បឹង​រំលាច​មែន ប៉ុន្តែ​គេ​ថា​ជា​ទឹក​ស្អាត​ទេ​ដើម្បី​សាក​ល្បង​ទុយោ​ដែល​ទុក​ចោល​យូរ​ក្រែង​មាន​កន្លែង​ធ្លុះធ្លាយ។ ក្រុមហ៊ុន​ប្រាប់​លោក​ទៀត​ថា ទឹក​ស្អាត​នោះ ក៏បាន​ហូរ​មកជា​មួយ​ទឹក​ដែល​មាន​ក្លិន​ស្អុយ​សល់​ក្នុង​បំពង់​ទុយោ​តាំង​ពី​យូរ ទើប​ពលរដ្ឋ​ថា​ជា​ទឹក​កខ្វក់​បែប​នេះ។

លោក​ថា៖ «ប៉ុន្តែ​យើង​មិនទាន់​ស​ន្និដ្ឋា​ន​ថា​កំណត់​កម្រិត​ទឹក​នោះ​ពុល​ឬមួយ​យ៉ាង​ម៉េច​ទេ រង់ចាំ​សំណាក​ទឹក​ខ្ញុំ​យក​ទៅ​មើល ហើយ​មិន​ទាន់​មាន​លទ្ធផល​ព្រោះ​ទាមទារ​ពេល​វេលា។ ប៉ុន្តែ​សម្រាប់​ការ​សន្និដ្ឋាន​របស់​មន្ទីរ គឺ ទី ១ ពិត​ជា​មាន​ការ​បង្ហូរ​ទឹក​មែន ហើយ​ទី ២ ករណី​ថា​ពុល​ត្រី​នោះ​យើង​មិន​ទាន់​អាច​ថា​ពុល​ដោយសារ​ទឹក​នោះ​ទេ ព្រោះ​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​នៅ​ខេត្ត​ក្រចេះ មាន​ការ​ឡើង​កម្ដៅ​បន្តិច ហើយ​ទីតាំង​ពុល​នោះ​គឺ​ទឹក​រាក់​ហើយ​ត្រី កាល​ណា​វា​ក្ដៅ​វា​ហើប​ក្បាល​កាល​ពី​យើង​នៅ​តូចៗ​ក៏​ធ្លាប់​ឃើញ​ត្រី​ហើប​ក្បាល​អ៊ីចឹង​ដែរ»។

ចំណែក​លោក ឈឺ​ន រិ​ទ្ធ ចៅសង្កាត់​អូរឫស្សី បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ថា បឹង​រំលាច​គឺ​មាន​ទំហំ​ប្រហែល ៣០ ហិកតា និង​លាត​សន្ធឹង​ក្នុង​សង្កាត់​ចំនួន ៣ នៃ​ក្រុង​ក្រចេះ​គឺ​សង្កាត់​ក្រចេះ សង្កាត់​រកា​កណ្ដាល និង​សង្កាត់​អូរឫស្សី​ដែល​ជា​សង្កាត់​រង​ផល​ប៉ះពាល់​ជាង​គេ។ លោក​បន្តថា ថ្វី​ដ្បិត​ពេល​នេះ​មិន​មាន​ពលរដ្ឋ​ជួប​បញ្ហា​សុខភាព​ក្ដី ប៉ុន្តែ​បឹង​រំលាច​នេះ​គឺជា​ប្រភព​ផ្ដល់​ការ​នេសាទ​ត្រី​ដ៏​សំខាន់​ក្នុង​តំបន់ និង​ជា​ប្រភព​ទឹក​ផឹក​សម្រាប់​សត្វ​ពាហនៈ​ដូច្នេះ​ហើយ​ទើប​ពលរដ្ឋ​បារម្ភ​អំពី​សុខភាព​នៅ​ថ្ងៃ​ខាង​មុខ។

លោក​ចៅសង្កាត់​រូបនេះ បន្តថា បន្ទាប់ពី​មានការ​បង្ហូរទឹក​ចេញពី​រោងចក្រ ទឹក​បឹង​ក្នុង​សង្កាត់​អូរឫស្សី​ក៏​ចាប់ផ្ដើម​ប្រែ​ពណ៌​ខុស​ពី​ធម្មតា​ដែរ។

លោក​ថា៖ «វា​គ្រាន់តែ​ជាការ​បារម្ភ ប៉ុន្តែ​មិនទាន់​បញ្ហា​គ្រោះថ្នាក់​ដល់​ជីវិត​និង​សុខភាព​ពលរដ្ឋ​នៅ​ឡើយ​ទេ។ខ្ញុំ​បាន​ចុះ​មើល​ទឹក​បឹង​ហ្នឹង វា​ប្រែ​ពណ៌​កខ្វក់​ជាង​មុន ប៉ុន្តែ​បើ​ធ្វើ​ស្រែ​ល្អ​វិញ យើង​បារម្ភ​អំពី​គោក្របី​ហើយ​ការចុះ​ងូត​អី​អាច​រមាស់»។

លោក យិន វណ្ណៈ អភិបាលក្រុង​ក្រចេះ​លើកឡើង​ដែរ​ថា អាជ្ញាធរ​ធ្លាប់​ចុះ​ណែនាំ​ខាង​រោងចក្រ​ច្នៃ​ដំឡូង​មី​នេះ​ច្រើន​លើក​រួច​មក​ហើយ ចំពោះ​ការ​បង្ហូរ​ទឹក​ចេញ​ពី​រោងចក្រ​បែប​នេះ​ដោយ​ត្រូវ​ជូន​ដំណឹង​មក​អាជ្ញាធរ​ជាមុន។

លោក​ថា៖ «ក្នុងនាម​អាជ្ញាធរ​ដែនដី ទាំង​ក្រុង​ទាំង​សង្កាត់​មិនមែន​មានន័យ​ថា បណ្ដោយ​ឱ្យ​ក្រុមហ៊ុន​ហ្នឹង​ធ្វើ​អីៗ​ប៉ះពាល់​ពលរដ្ឋ​តាម​ចិត្ត អត់​ទេ អ៊ីចឹង​នៅ​ពេល​មាន​បញ្ហា យើង​តែង​ចុះ​ទៅ​ណែនាំ​ច្រើន​លើក​ច្រើន​សា​ដែរ ពាក់​ព័ន្ធ​នឹង​ការងារ​បច្ចេកទេស​នេះ»។

យ៉ាងណាក្ដី លោក លួ​ន មនោសិលា ប្រធាន​រដ្ឋបាល​ក្រុមហ៊ុន Sing Song ឆ្លើយ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ទឹក​ដែល​បង្ហូរ​នោះ​គឺជា​ទឹក​ស្អាត ដោយ​បង្ហូរ​សាក​ល្បង​តាម​ទុយោ​ដែល​ឈប់​ប្រើ​ច្រើន​ខែ​តែ​គ្រោង​យក​មក​ប្រើ​ឡើង​វិញ​នៅ​ពេល​រោងចក្រ​អាច​បំប្លែង​ទឹក​កខ្វក់​ក្នុង​រោងចក្រ​នា​ពេល​ខាង​មុខ។

លោក​បន្តថា មូលហេតុ​នាំឱ្យ​មានការ​ចោទ​ក្រុមហ៊ុន​ថា បង្ហូរទឹក​កខ្វក់​ចូល​បឹង ដោយសារ​ទឹក​ដក់​ក្នុង​ទុយោជា​ទឹក​ស្អុយ​ស្រាប់​ហើយ​ពេល​បង្ហូរ​ទឹកស្អាត​ក៏​នាំ​ទាំង​ទឹក​ស្អុយ​ចូល​បឹង ទើប​ធ្វើឱ្យ​ត្រី​ក្នុង​បឹង​កញ្ជ្រោល​ហើយ​ផ្អើល​ដល់​ពលរដ្ឋ​ចុះ​ចាប់ តែ​មិន​មែន​ជា​ករណី​ពុល​ងាប់​អណ្ដែត​ពេញ​បឹង​ទេ។

លោក​ថា៖ «តាម​ខ្ញុំ​ចុះទៅ​មើល​គឺ​មិន​បាន​ឃើញ​ត្រី​ក្នុង​បឹង​ងាប់​អី​ទេ»។

លោក នេត្រ ភក្ត្រា មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​លើក​ឡើង​ថា លោក​មិន​ទាន់​ទទួល​ដំណឹង​អំពី​ការ​បញ្ជូន​សំណាក​ទឹក​រំលាច​ពី​ក្រុង​ក្រចេះ​មក​ពិសោធ​រក​ជាតិ​ពុល​នៅ​ក្រសួង​បរិស្ថាន​នៅ​ឡើយ​ទេ ៕