ភ្នំពេញ៖ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន​ នៃ​ក្រសួង​មហាផ្ទៃ​​បាន​ធ្វើ​​ការ​បំភ្លឺ ​ចំពោះ​ករណី​​ដែល​មាន​ការ​បង្ហោះ​ឃ្លីប​វីដេអូ​មួយ​ថា មាន​ជន​ស្លៀក​ពាក់​​ស៊ីវិល ​១ ក្រុម​ មាន​ទាំង​កាំភ្លើង​ និង​កាំបិត បាន​វាយ​តប់​យ៉ាង​ដំណំ​ ទៅ​លើ​បុរស ៣ នាក់ ​រួច​ចាប់​​វាយ​ខ្នោះ​ដឹក​យក​ទៅ​បាត់​ថា ​ជា​ករណី​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​ របស់​សមត្ថកិច្ច​ជំនាញ​ មិន​មែន​ជា​ករណី​ចាប់​មនុស្ស​អនាធិតេយ្យ​ជំរិត​យក​ប្រាក់​នោះ​ទេ​។

ការ​បំភ្លឺ​របស់​មន្ទីរ​ប្រឆាំង​​គ្រឿង​ញៀន​ក្រសួង​មហាផ្ទៃ​កាល​ពី​ថ្ងៃ​ទី ២៧ ​ខែ​ធ្នូ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​បង្ហោះ​​​ឃ្លីប​វីដេអូ​មួយ ដោយ​បង្ហាញ​អ្នក​ស្លៀក​ស៊ីវិល មាន​ទាំង​កាំភ្លើង ​និង​កាំបិត បាន​​វាយ​តប់​យ៉ាង​ដំណំ​ទៅ​លើ​បុរស​ ​៣ ​នាក់ រួច​ចាប់​យក​ទៅ​បាត់​ មិន​ដឹង​យក​ទៅ​ណា ថែម​ទាំង​គំរាម​បាញ់​ប្រជាពលរដ្ឋ ដែល​ថត​វីដេអូ​ទៀត​ផង​។

ហ្វេសប៊ុក​ផេច​ឈ្មោះ «អត់​ខ្វល់» បាន​បង្ហោះ​​ឃ្លីប​វីដេអូ​មួយ​កាល​ពី​​យប់​​ថ្ងៃទី ២៦ ខែ ​ធ្នូ ឆ្នាំ ​២០១៩ ថា​ នៅ​វេលា​ម៉ោង ១១ និង ៥០ នាទី យប់ ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៩ មាន​​​បុរស​​មួយ​ក្រុម​ស្លៀក​ពាក់​ស៊ីវិល​ប្រដាប់​ដោយ​កាំភ្លើង​ខ្លី ​និង​កាំបិត បាន​វាយ​តប់​​ទៅ​លើ​បុរស ៣ នាក់ យ៉ាង​ដំណំ​រួច​​វាយ​ខ្នោះ​ ហើយ​បាន​ដឹក​យក​ទៅ​បាត់​​ដោយ​​បាន​គំរាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​​ថត​ថា ​«បើ​​ហ៊ាន​ថត​បាញ់​ចោល​»។ 

ចំពោះ​បញ្ហា​នេះ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន​បាន​បំភ្លឺ​ថា កាល​ពី​រាត្រី​ថ្ងៃទី ២៥ ខែ ​ឆ្នូ ឆ្នាំ ២០១៩ ដោយ​មាន​ការ​អនុញ្ញាត​ពី​លោក​ព្រះរាជ​អាជ្ញា​រង នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ប្រឆាំង​ការ​ជួញ​គ្រឿង​ញៀន​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​ចែក​ចាយ​គ្រឿង​ញៀន​​ដោយ​អនុវត្ត​វិធាន​ញុះញង់​ឲ្យ​លក់ ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន នៅ​ផ្លូវ​ជាតិ​លេខ ​៥ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

មន្ទីរ​ប្រឆាំង​​គ្រឿង​ញៀន​​បន្ត​ថា៖ «ពេល​នោះ​សមត្ថកិច្ច​យើង​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​តែ​ម្តង ប៉ុន្តែ​ជន​សង្ស័យ​ទាំង​នេះ​មិន​ព្រម​សហការ​ជាមួយ​សមត្ថកិច្ច​យើង​ទេ ថែម​ទាំង​វាយ​ប្រតប់​​តដៃ​ជាមួយ​សមត្ថកិច្ច​យើង​ដែល​ជាហេតុ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជាពលរដ្ឋ​យើង ដែល​រស់នៅ​ជិត​ទី​នោះ​ចេញ​មក​ចោមរោម​គ្នា​មើល និង​អ្នក​ខ្លះ​បាន​ដក​ទូរស័ព្ទ​ដៃ​យក​មក​ថត​វីដេអូ ធ្វើ​​ឲ្យ​ជន​សង្ស័យ​បាន​ចិត្ត ហើ​យ​​ស្រែក​ឲ្យ​ប្រជាពលរដ្ឋ​ជួយ ដោយ​​ថា មាន​គេ​ចាប់​ខ្លួន (ពួក​គេ​) គំរាម​កំហែង​យក​លុយ និង​ធ្វើ​ស៊ី ជា​ដើម»។

មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន​ឲ្យ​ដឹងថា ដោយ​មើល​ឃើញ​សភាពការណ៍​អាក្រក់ បែប​ហ្នឹង​ទើប​សមត្ថកិច្ច​បង្ខំ​ចិត្ត​​ប្រើ​វិធាន​ការ​ក្តៅ ចាប់​លើក​ជនល្មើស​ដាក់​លើ​ម៉ូតូ​ដឹក​ចេញ​ពី​កន្លែង​កើត​ហេតុ ដើម្បី​កុំ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល និង​រំខាន​ដំណេក​របស់​បងប្អូន​ប្រជាពលរដ្ឋ​កាន់​តែ​ខ្លាំង។ មុន​ពេល​លើក​ជន​សង្ស័យ​ដាក់​លើ​ម៉ូតូ ដើម្បី​ដឹក​​ចេញ​ សមត្ថកិច្ច​​ម្នាក់​បាន​ដក​កាំភ្លើង​ខ្លី​ចេញ​ពី​ចង្កេះ​ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​ម្នាក់​ទៀត​រក្សា​ទុក ដើម្បី​បង្ការ​កុំ​​ឲ្យ​ជន​សង្ស័យ​មាន​ឱកាស​លួច​ដក​កាំភ្លើង​ពី​ចង្កេះ​របស់​សមត្ថកិច្ច ពី​ព្រោះ​​សមត្ថកិច្ច​ជា​អ្នក​ដឹក​ជនសង្ស័យ​ដែល​មាន​ចរិត​​រឹង​រូស​មិន​ព្រម​ឡើង​ជិះ​ម៉ូតូ​របស់​សមត្ថកិច្ច​ រហូតដល់​រថយន្ត​មក​ដល់ ទើប​សមត្ថកិច្ច​យើង​រុញ​ចូល​​រថយន្ត​តែ​ម្តង។

មន្ទីរ​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន​​បញ្ជាក់​ថា៖ «​សមត្ថកិច្ច​យើង​មិន​មាន​ប្រើប្រាស់​ដាវ ដូច​ការ​និយាយ និង​ធ្វើ​អត្ថាធិប្បាយ ក្នុង​វីដេអូ​ឡាយ​របស់​អាខោន​ហ្វេសបុក​ខាង​លើ ឬ​គំរាម​កំហែង​បាញ់​នោះ​ទេ គឺ​គ្រាន់​តែ​សូម​កុំ​ឲ្យ​ថត និង​ឡាយ​ផ្ទាល់ ពី​ព្រោះ​យើង​នៅ​បន្ត​នីតិវិធី​ស្រាវជ្រាវ​ស៊ើប​អង្កេត»​។ 

ជាមួយ​គ្នា​នេះ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​អំពាវនាវ​​​ដល់​ប្រជាពលរដ្ឋ​ កុំ​ឲ្យ​ប្រញាប់​បង្ហោះ ឬ​ផ្សាយ​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន​ភ្លាមៗ​ពេក ពី​ព្រោះ​ពេល​ខ្លះ ការ​បង្ហោះ​ព័ត៌មាន​ទាំង​នោះ​​អាច​នឹង​ប៉ះពាល់​​ដល់​ការងារ​បន្ត​ស្រាវជ្រាវ​ស៊ើប​អង្កេត ស្វែង​រក​ចាប់​ខ្លួន​មេក្លោង និង​បក្ខពួក​ឈ្មួញ​គ្រឿង​ញៀន​​ដែល​​នៅ​សេសសល់​ ធ្វើ​ឲ្យ​មុខ​សញ្ញា​ទាំង​នោះ​ដឹង​ខ្លួន ហើយ​គេច​ខ្លួន​បាត់។ អាជ្ញាធរ​គ្រឿង​ញៀន​ក៏​បាន​​ស្នើសុំ​​ប្រជាពលរដ្ឋ​ មេត្តា​កុំ​ធ្វើ​ការ​អត្ថាធិប្បាយ តាម​អារម្មណ៍​ផ្ទាល់​ខ្លួន និង​សូម​កុំ​សន្និដ្ឋាន​លឿន​ពេក ពី​ព្រោះ​ «បើ​ការ​សនិ្នដ្ឋាន​​ត្រូវ​មិន​អី​ទេ តែ​បើ​ខុស​វិញ គឺ​ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខ​មាត់​ សេចក្តី​ថ្លៃថ្នូ​របស់​សមត្ថកិច្ច​យើង ហើយ​លើក​ទឹក​ចិត្ត​ជនល្មើស​ឲ្យ​កាន់​តែ​ហ៊ាន​ប្រព្រឹត្ត​បទល្មើស​ថែម​ទៀត»។

បើ​តាម​លោក អ៊ិន សុង នាយក​រង​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ជន​សង្ស័យ​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿង​ញៀន និង​ត្រូវ​បាន​​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ ​កាល​ពី​ថ្ងៃទី ​២៩ ​ខែ​ធ្នូ​។

លោក អ៊ិន សុង ​បាន​បញ្ជាក់​ថា៖ «ប្រជាពលរដ្ឋ​ និង​សាធារណជន​ពេល​ដែល​ឃើញ​ហេតុការណ៍​បង្ក្រាប​បទល្មើស សូម​គាត់​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់​លាស់​ និង​គ្រប់​ជ្រុងជ្រោយ ​មុន​នឹង​ធ្វើ​ការ​សន្និដ្ឋាន»។

លោក មាស សុវណ្ណ ប្រធាន​សមាគម​សង្គ្រោះ​ជន​រងគ្រោះ​ដោយសារ​គ្រឿង​ញៀន​កម្ពុជា​បាន​ថ្លែង​ថា​ សមត្ថកិច្ច​ក៏​​ធ្វើ​ការ​ស្រាវជ្រាវ​រក​អ្នក​ដែល​បន្លំ​ជា​សមត្ថកិច្ច ដែល​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​គំរាម​កំហែង​ជំរិត​ទារ​ប្រាក់​​​ផង​ដែរ ដោយសារ​តែ​ករណី​នេះ​​វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខ​មាត់​សេចក្តី​ថ្លៃថ្នូរ​របស់​សមត្ថកិច្ច។

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៩ អគ្គស្នងការ​នគរបាល​ជាតិ​ លោក នេត សាវឿន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​បាន​និង​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​ទៅ​លើ​ករណី​ជន​ស៊ីវិល​ ដែល​ធ្វើ​សកម្មភាព​ចាប់​គ្រឿង​ញៀន និង​ជំរិត​ទារ​ប្រាក់​ នៅ​តាម​ដង​ផ្លូវ​ ​ដោយ​លោក​បញ្ជា​ឲ្យ​​កម្លាំង​សមត្ថកិច្ច​ត្រូវ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ​នូវ​សកម្មភាព​បង្ក្រាប​គ្រឿង​ញៀន​នៅ​ភ្នំពេញ៕