ភ្នំពេញៈ មន្ទីរពិសោធន៍​ជីវ​វេជ្ជសាស្ត្រ​ដំបូង​គេ​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ទទួល​បាន​វិញ្ញាបនបត្រ «NFEN ISO 15189: 2012» ពី​ប្រទេស​បារាំង នា​ខែ​ធ្នូ​នេះ​បន្ទាប់ពី​ស្ថាប័ន​នេះ​បាន​ចូលរួម​ក្នុង​ការ​ធ្វើឱ្យ​ប្រសើរ​ឡើង​ជា​បន្តបន្ទាប់​នូវ​គុណភាព​ដែល​ស្រប​តាម​តម្រូវការ​ស្តង់ដារ​អន្តរជាតិ​។

កញ្ញា​ ចេង សុខលាភ អនុប្រធាន​មន្ទីរពិសោធន៍​ជីវវេជ្ជសាស្ត្រ​ដំបូង​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា មន្ទីរពិសោធន៍​ជីវវេជ្ជសាស្ត្រ​ដំបូង​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បាន​ចាប់​គម្រោង​ចំពោះ​ការធ្វើ​ការងារ​ដើម្បី​ឈាន​ទៅ​ទទួល​បាន​ស្ដង់ដារ​អន្ដរជាតិ​នេះ​តាំងពី​ឆ្នាំ ២០១២ ដោយ​បាន​ចូលរួម​ក្នុង​ការ​ធ្វើឱ្យ​ប្រសើរ​ឡើង​ជា​បន្តបន្ទាប់​នូវ​គុណភាព​ដែល​ស្រប​តាម​តម្រូវការ​នៃ​ស្តង់ដារ​អន្តរជាតិ NFEN ISO 15189: 2012 ដែល​ចាំបាច់​សម្រាប់​មន្ទីរពិសោធន៍​ជីវវេជ្ជសាស្ត្រ​នានា​នៅ​ប្រទេស​បារាំង​។

កញ្ញា​បន្ដ​ថា​មន្ទីរពិសោធន៍​ជីវវេជ្ជសាស្ត្រ​បាន​អនុវត្ត​គោលការណ៍​ធានា​គុណភាព​មួយ​នៅ​ក្នុង​បរិបទ​នៃ​បេសកកម្ម​ការវាយតម្លៃ​រោគវិនិច្ឆ័យ និង​ជំនួយ​ព្យាបាល​ដោយ​ធានា​ឲ្យ​បាន​នូវ​គុណភាព​នៃ​ការធ្វើ​តេស្ត​វិភាគ និង​ផ្ដល់​លទ្ធផល​ដែល​អាច​ជឿ​ទុក​ចិត្ដ​បាន​និង​ត្រឹមត្រូវ​បំផុត​។

កញ្ញា​ សុខលាភ បន្ថែម​ថា​៖ «​មន្ទីរពិសោធន៍​ជីវវេជ្ជសាស្ត្រ​របស់​យើង បាន​ផ្តល់​ជូន​លទ្ធផល​ទាន់​ពេលវេលា ជាពិសេស​នៅក្នុង​ករណី​បន្ទាន់​។ ផ្តល់​ជូន​នូវ​ដំបូន្មាន​ញឹកញាប់​តាម​តម្រូវការ និង​គ្រប់​ពេលវេលា​»​។

មន្ទីរពិសោធន៍​ជីវវេជ្ជសាស្ត្រ​បាន​សម្រេច​ដាក់​ពាក្យ​ស្នើសុំ​វិញ្ញាបនបត្រ​កម្រិត​ស្តង់ដារ ISO 15189:2012 ទៅ​គណៈកម្មាធិការ​វាយតម្លៃ​ទទួល​ស្គាល់​គុណភាព​របស់​ប្រទេស​បារាំង​ (COfrac) ​នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ​ ២០១៧​។

កញ្ញា សុខលាភ បញ្ជាក់​ថា​៖ «​បន្ទាប់ពី​ការធ្វើ​សវនកម្ម​មួយ​នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ ២០១៨ គណៈកម្មាធិការ​វាយតម្លៃ​ទទួល​ស្គាល់​គុណភាព​របស់​ប្រទេស​បារាំង​បាន​សន្និដ្ឋាន​ថា​មន្ទីរពិសោធន៍​ជីវវេជ្ជសាស្ត្រ​យើង​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​ស្រប​តាម​តម្រូវការ ស្តង់ដារ​ហើយ​បាន​សម្រេច​ផ្ដល់​នូវ​ការទទួល​ស្គាល់​គុណភាព​លើ​វិសាលភាព​ជាក់លាក់​នៃ​គ្លីនិក​ជីវសាស្ត្រ ដូចជា​ជីវគីមី លោហិតសាស្ត្រ សេរ៉ូម​សាស្ត្រ​រក​ជំងឺឆ្លង បាក់តេរី​សាស្ត្រ និង​ការធ្វើ​រោគវិនិច្ឆ័យ​រក​មេរោគរ​បេង​ជាមួយ GenXpert»​។

កញ្ញា​បន្ថែម​ថា​ការទទួល​ស្គាល់​គុណភាព​ស្រប​តាម​បទដ្ឋាន​អន្ដរជាតិ ISO 15189 បាន​បង្ហាញ​ពី​សមត្ថភាព​បច្ចេកទេស​នៃ​មន្ទីរពិសោធន៍ និង​ប្រតិបត្តិ​ការត្រឹមត្រូវ​មួយ​នៅក្នុង​មន្ទីរពិសោធន៍​មួយ​នេះ​ក្រោម​ប្រព័ន្ធ​គ្រប់គ្រង​មួយ​ដ៏សមស្រប​។

កញ្ញា​អះអាង​ថា​៖ «​មន្ទីរពិសោធន៍​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដែល​ទទួល​បាន​វិញ្ញាបនបត្រ​នេះ​គឺជា​ភ័ស្តុតាង​ច្បាស់លាស់​ដែល​បញ្ជាក់​ពី​គោលការណ៍​ធានា​គុណភាព​របស់​យើង​នោះ​គឺ​ដើម្បី​បង្កើន​អត្ថប្រយោជន៍​ជា​អចិន្រៃ្តយ៍​ដល់​អតិថិជន និង​គ្រូពេទ្យ​ក្នុង​ការ​ចេញ​វេជ្ជបញ្ជា​ឲ្យ​រឹត​តែ​មាន​ភាពជឿជាក់ និង​ទំនុក​ចិត្ដ​»​។

គួរ​បញ្ជាក់​ថា​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​គឺជា​គ្រឹះស្ថាន​មិន​រកប្រាក់​ចំណេញ​នៅ​កម្ពុជា​ដែល​បង្កើត​ឡើង​នៅ​ឆ្នាំ​ ១៩៥៣ ដើម្បី​ចូលរួម​ក្នុង​ការធ្វើ​រោគវិនិច្ឆ័យ ការស្រាវជ្រាវ និង​ការការពារ​ជំងឺឆ្លង​៕