ភ្នំពេញៈ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង​ និង​បង្ក្រាប​ការក្លែងបន្លំ «​ក.ប.ប​.» កាលពី​ម្សិលមិញ​បានបង្ហាញ​លទ្ធផល​វិភាគ​របស់​មន្ទីរពិសោធន៍​ទទួលស្គាល់​ជា​អន្តរជាតិ​នៅ​ប្រទេស​សិង្ហបុរី​ថា សារជាតិ​ដែក (Iron) នៅក្នុង​ម្សៅ​ទឹកដោះគោ Nutrilatt មាន​កម្រិត​ទាប​ជាង​ការប្រកាស​របស់​ក្រុមហ៊ុន និង​ស្តង់ដា​កូដិច​អន្តរជាតិ​។

ការបង្ហាញ​លទ្ធផល​វិភាគ​នេះ​ធ្វើឡើង​ដោយ លោក ផាន អូន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន ក.ប.ប. និង​មាន​ការចូលរួម​ពី​តំណាង​មាតាបិតា​នៃ​ទារក​រងគ្រោះ​តំណាង​ក្រុមហ៊ុន Nutrilatt តំណាង​អង្គការ WHO អង្គការ UNICEF អង្គការ Helen Keller International និង​តំណាង​មជ្ឈមណ្ឌល​គាំពារ​មាតា​ និង​ទារក​នៃ​ក្រសួង​សុខាភិបាល​។

លោក ផាន អូន បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ពុធ ថា លទ្ធផល​វិភាគ​ម្សៅ​ទឹកដោះគោ​ម៉ាក Nutrilatt លើ​លេខ Batch ចំនួន ៦ (B/N: 487, 488, 536, 537, 538, 539) ដែល​ធ្វើ​ការវិភាគ​ដោយ​មន្ទីរពិសោធន៍​ឯករាជ្យ​ និង​មាន​ការទទួលស្គាល់​ជា​អន្តរជាតិ (Independent and Internationally Accredited Laboratory) ឈ្មោះ Eurofins Food Testing Singapore PTE LTD. នៅ​ប្រទេស​សិង្ហបុរី បង្ហាញថា ជាតិ​ដែក (Iron) ដែល​មាន​នៅក្នុង​ម្សៅ​ទឹកដោះគោ​ទាំងនេះ​មាន​កម្រិត​ទាប​ជាង​ការប្រកាស​របស់​ក្រុមហ៊ុន និង​ស្តង់ដា​កូដិច​អន្តរជាតិ (Codex International Standard)​។

លោក​បាន​បញ្ជាក់ថា​៖ «​ក្រោយ​ការបង្ហាញ​លទ្ធផល​នេះ យើង​ចង់ឱ្យមាន​នីតិវិធី​ដោះស្រាយ​សំណង​ជូន​ជនរងគ្រោះ​តាម​រដ្ឋប្បវេណី​។ បើសិន​ជា​ក្រុមហ៊ុន​គាត់​អាច​ដោះស្រាយ​បាន​ជាមួយ​មាតាបិតា​ទារក​ដែល​រងគ្រោះ​នោះ​។ បើសិនជា​គាត់​មិន​ព្រម​ទេ យើង​នឹង​បញ្ជូន​សំណុំរឿង​នេះ​បន្តទៅ​ដោះស្រាយ​តាម​នីតិវិធីតុលាការ​»​។

លោក ផាន អូន បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន ក.ប.ប. កំពុង​សុំ​គោលការណ៍​ពី​រដ្ឋមន្ដ្រី​ក្រសួងពាណិជ្ជកម្ម ដើម្បី​បញ្ឈប់​ការចែកចាយ​លក់​ផលិតផល​ម្សៅ​ទឹកដោះគោ​នេះ​។ លោក​បញ្ជាក់ថា​៖ «​ទោះបីជា​យ៉ាងណា​ក៏ដោយ ដើម្បី​សុខុមាលភាព ប្រជាពលរដ្ឋ​យើង​ត្រូវតែដើរ​ត្រួត​ពិនិត្យមើល​។ (​ថ្ងៃ​ព្រហស្បតិ៍ ទី​ ២៦ ខែសីហា នេះ​) ក្នុង​កិច្ចប្រជុំ​ប្រចាំខែ យើង​នឹង​ណែនាំ​ឱ្យ​មន្ដ្រី​ចុះ​ពិនិត្យមើល​ម្សៅ​ទឹកដោះគោ​នេះ បើ​មាន​លក់​នៅលើ​ទីផ្សារ​យើង​នឹង​ដកហូត​»​។

លោក​បន្ដថា បញ្ហា​ខ្វះ​ជាតិ​ដែក​នេះ ទារក​ដែល​ប្រើប្រាស់​ម្សៅ​ទឹកដោះគោ​នេះ អាច​ប្រឈម​នឹង​បញ្ហា​ស្លេកស្លាំង អស់​កម្លាំង កាយវិការ​សរីរាង្គ​ចុះខ្សោយ ដែល​បច្ចុប្បន្ន​មាតាបិតា​ទារក​ដែល​បាន​ជួប​បញ្ហា​សរុប​មាន​ ១៦ គ្រួសារ ក្រោយ​ពេល​ឱ្យ​ទារក​ប្រើប្រាស់​ម្សៅ​ទឹកដោះគោ​នេះហើយ​ជួប​បញ្ហា និង​ស្នើ​មក ក.ប.ប. ដោះស្រាយ​។

អ្នកស្រី លីវ សំណាង មាតា​ទារក​ម្នាក់​ដែល​បាន​ប្រើប្រាស់​ម្សៅ​ទឹកដោះគោ​នេះ ហើយ​កូន​កំពុងមាន​បញ្ហា​កើត​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម និង​ខ្វះ​ជាតិ​ដែក​ធ្ងន់ធ្ងរ​។ លោកស្រី​ថា ក្រុម​មាតាបិតា​ទារក​រងគ្រោះ​កាលពី​ថ្ងៃទី​ ៦ ខែ​កក្កដា ឆ្នាំ​ ២០២០ បានស្នើ​ទៅ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ទៅលើ​គុណភាព​ម្សៅ​ទឹកដោះគោ​នេះដែរ​។ ប៉ុន្ដែ​មិន​ទទួលបាន​លទ្ធផល​ណាមួយ​ឡើយ​។ ទើប​ស្នើ​ទៅ ក.ប.ប. រហូត​បង្ហាញ​លទ្ធផល​កាលពី​ថ្ងៃ​ពុធ​កន្លងមកនេះ​។

អ្នកស្រី​បាន​ប្រាប់ថា​៖ «​ក្រុម​មាតាបិតា​ទារក​រងគ្រោះ​ស្នើឱ្យ​ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ​នេះ​ទទួល​ខុសត្រូវ និង​ទទួលស្គាល់​ជា​សាធារណៈ​ថា ម្សៅ​ទឹកដោះគោ​នេះ​ពិតជា​ខ្វះ​ជាតិ​ដែក​មែន និង​ស្នើឱ្យ​ក្រុមហ៊ុន​ត្រូវ​ទាក់ទង​ទៅ​មន្ទីរពេទ្យ​កុមារ​ជាតិ និង​មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បី​ពិនិត្យមើល​ និង​ទទួលខុសត្រូវ​ចំពោះ​ទារក​ដែល​រងគ្រោះ​ព្រោះ​ប្រើប្រាស់​ម្សៅ​ទឹកដោះគោ​នេះ​»​។

ក្រោយពី​អគ្គនាយកដ្ឋាន ក.ប.ប. បង្ហាញ​លទ្ធផល​កាលពី​ថ្ងៃ​ពុធ​កន្លង​មក​នេះ​ក្រុមហ៊ុន​ម្សៅ​ទឹកដោះ​នូទ្រីលេត បាន​ចេញ​លិខិត​បដិសេធ​លើ​លទ្ធផល​នេះ​ទាំងស្រុង ដោយ​អះអាង​ថា​មាន​ភាពមិនប្រក្រតី​ជាច្រើន​។

លិខិត​របស់​ក្រុមហ៊ុន​សរសេរ​ថា​៖ «​ក្រុមហ៊ុន​ម្សៅ​ទឹកដោះ​នូទ្រីលេត សូម​បដិសេធ​ទាំងស្រុង​នូវ​លទ្ធផល​នៃ​ការប្រកាស​របស់ ក.ប.ប។ ក្រុមហ៊ុន Nutrilatt សង្កេតឃើញ​ថា មាន​ភាពមិនប្រក្រតី​ជាច្រើន​នៅក្នុង​ការប្រកាស​លទ្ធផល​ជា​ឯកតោភាគី​របស់ ក.ប.ប។ លទ្ធផល​នោះ​មាន​ភាពខុសគ្នា​យ៉ាង​ខ្លាំង​ពី​​លទ្ធផល​ដែល​ក្រុមហ៊ុន​ទទួល​បាន​ពី​មន្ទីរពិសោធន៍ BVAQ និង​មន្ទីរពិសោធន៍ ALS នៃ​ប្រទេស​សិង្ហបុរី​ដែលមាន​លេខ​កូដ 537 / 562 / 563 / 568 ដែល ក.ប.ប តែងតែ​យកទៅ​ធ្វើ​ពិសោធន៍ និង​ទទួលស្គាល់​ជា​ផ្លូវការ​»​។

ឆ្លើយតប​នឹង​ការបកស្រាយ​របស់​ក្រុមហ៊ុន​ម្សៅ​ទឹកដោះ​នូទ្រីលេត ខាង​លើ អគ្គនាយកដ្ឋាន ក.ប.ប. បាន​ធ្វើការ​បដិសេធ​ទាំងស្រុង​ចំពោះ​ព័ត៌មាន​ក្នុង​លិខិត​ដែល​ក្រុមហ៊ុន​នេះ​បាន​លើក​ឡើង​៕