សៀមរាបៈ មន្ទីរពេទ្យ​កុមារអង្គរ​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​ទៅ​បរិច្ចាគ​ឈាម ខណៈ​មន្ទីរពេទ្យ​នេះ កំពុង​ខ្វះខាត​​ឈាម ដោយសារ​បញ្ហា​កូវីដ​ ១៩​ ជាហេតុ​ធ្វើឱ្យ​បុគ្គលិក​ពេទ្យ​មិនអាច​ចេញ​ទៅ​ទទួល​យក​ការបរិច្ចាគ​ឈាម​ពី​កន្លែង​ផ្សេងៗ​​បាន ស្រប​ពេលដែល​មួយរយៈពេល​ចុងក្រោយ​នេះ​មាន​តម្រូវការ​ឈាម​ច្រើន សម្រាប់​ព្យាបាល​កុមារ​ដែល​ខ្វះ​គ្រាប់​ឈាមក្រហម​។

លោក​វេជ្ជបណ្ឌិត អោ ពុតឆាត ប្រធាន​មន្ទីរពិសោធន៍​នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ​ថ្លែងថា មន្ទីរពេទ្យ​កុមារអង្គរ​បាន​ជួប​បញ្ហា​ខ្វះ​ឈាម ដោយសារ​តែ​កត្តា​មួយចំនួន​ដូចជា បញ្ហា​ជំងឺ​កូវីដ​ ១៩ ដែល​មិន​អំណោយផល​ឱ្យ​បុគ្គលិក​មន្ទីរពេទ្យ​អាច​ចេញ​​ទៅ​ទទួលយក​ការបរិច្ចាគ​ឈាម​ពី​តាម​បណ្តា​ទីកន្លែង​ផ្សេងៗ ដូចជា សណ្ឋាគារ ឬ​សាលារៀន​ផ្សេងៗ និង​បញ្ហា​មួយទៀត​គឺ​មិនមាន​អ្នកផ្តល់​ឈាម​មក​បន្ត​។

លោក​បាន​ថ្លែងថា​៖ «​តាម​គោលការណ៍​របស់​មន្ទីរពេទ្យ​ត្រូវមាន​អ្នក​មក​សង​ឈាម ប៉ុន្តែ​មួយរយៈ​នេះ​គឺ​មិនមាន​ទេ មានន័យថា អ្នកជំងឺ​ទទួលបាន​ឈាម​ (Free Free) ​អត់​មាន​អ្នក​សង​ឈាម​។ មួយវិញទៀត​អ្នក​ចាក់​វ៉ាក់សាំង​កូវីដ ដែល​មក​បរិច្ចាគ​ឈាម​យើង​មិន​អាច​យកបាន​ទេ​ ប្រសិន​បើ​ពួកគាត់​ចាក់​វាក់​សាំង​ហើយ​មិនទាន់​បាន​ ២៨ ​ថ្ងៃ អ៊ីចឹង​ពេល​ពួកគាត់​មក​យើង​ឱ្យ​គាត់​ទៅវិញ ហេតុនេះ​វា​នាំឱ្យ​មាន​ការខ្វះ​ឈាម​»​។

បើតាម​លោក​វេជ្ជបណ្ឌិត ពុតឆាត មន្ទីរពេទ្យ​កុមារអង្គរ​មាន​តម្រូវការ​ឈាម​ជា​មធ្យម​ក្នុង​ក្នុង​ ១ ​ខែ ចន្លោះ​ប្រមាណ​ពី ​៩០ ​សាក់​ [​ប្លោក​] ទៅ​ ១៥០ ​សាក់​។ ​លោក​បន្តថា អ្នកជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម ប្រសិន​បើ​មិនមាន​ឈាម​ផ្តល់ឱ្យ​គ្រប់គ្រាន់​ទេ នោះ​អ្នកជំងឺ​នឹង​កាន់តែ​ស្លេកស្លាំង ហើយ​អាច​នឹង​បាត់បង់​ជីវិត​តែម្តង​។

ទន្ទឹម​នឹង​នេះ​លោក​វេជ្ជបណ្ឌិត​ក៏​បាន​បញ្ជាក់ដែរថា​មូលហេតុ​មួយ​ទៀត​ដែល​មន្ទីរពេទ្យ​អំពាវនាវ​ឱ្យ​មហាជន​ចូលរួម​បរិច្ចាគ​ឈាម គឺ​ដោយសារ​តែ​មន្ទីរពេទ្យ​មាន​ការចាំបាច់ ដើម្បី​ទទួល​បាន​ឈាម​សម្រាប់​ស្តុក​ទុក​ការពារ​ក្រែង​មាន​អ្នកជំងឺ ដោយសារ​ករណី​​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ក្នុង​អំឡុង​បុណ្យចូលឆ្នាំ​ខាងមុខនេះ​។

លោក​បាន​ថ្លែងថា​៖ «​ក្នុង​មន្ទីរពិសោធន៍​ត្រូវមាន​ឈាម​ [​បម្រុង​] ​ទៅ​តាម​គ្រប់​ប្រភេទ​ក្រុម​ឈាម​ចាប់ពី​ ៣០ ​ទៅ​ ៤០ ​សាក់ នៅពេល​មាន​ពិធីបុណ្យ​ជាតិ​ធំៗ​ដែលជា​ការបង្ការ​ទុក​មុន ដើម្បី​ងាយស្រួល​ដោះស្រាយ​ក្នុង​ការព្យាបាល បើ​មាន​អ្នកជំងឺ​គ្រោះថ្នាក់​ចរាចរណ៍​ ឬ​បញ្ហា​ណាមួយ​កើតឡើង​»​។

យោងតាម​សេចក្ដី​អំពាវនាវ​របស់​មន្ទីរពេទ្យ​កុមារអង្គរ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​កាលពី​ថ្ងៃ​ទី​ ១៩ ខែមីនា បាន​សរសេរ​​ថា មួយរយៈ​ចុងក្រោយ​នេះ​មន្ទីរពេទ្យ​អង្គរ​មាន​ការប្រើប្រាស់​ឈាម​ច្រើន​ទៅលើ​កុមារ​ដែលមាន​ជំងឺ​កង្វះ​គ្រាប់​ឈាមក្រហម និង​ជំងឺ​វះកាត់​មួយ​​ចំនួន​។ អ្នកជំងឺ​ភាគច្រើន​ពុំ​​មានលទ្ធភាព​ក្នុង​ការផ្តល់​ឈាម​ជំនួស​វិញ​ទេ ដូចនេះ​ធ្វើឱ្យ​មន្ទីរពេទ្យ​មាន​ការខ្វះ​ឈាម​សម្រាប់​ជួយសង្គ្រោះ​អាយុជីវិត​កុមារ និង​សម្រាប់​បម្រុង​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​។

សេចក្ដី​អំពាវនាវ​នេះ​បាន​បញ្ជាក់ថា «​ជំនួសមុខ​ឱ្យ​បន្ទប់​បូមឈាម​នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​សូម​អំពាវនាវ​ដល់​សប្បុរសជន​ទាំងអស់​មេត្តា​បរិច្ចាគ​ឈាម ដើម្បី​ជួយ​សង្គ្រោះ​អាយុជីវិត​កុមារ​ដែល​កំពុង​រង់ចាំ​ការជួយ​សង្គ្រោះ​ពី​សប្បុរសជន​»​។

សម្រាប់​អ្នក​ដែល​ចង់​បរិច្ចាគឈាម​អាច​ទាក់ទង​ទៅកាន់​​មន្ទីរពេទ្យ​កុមារអង្គរ ខណៈ​​ដំណើរការ​បរិច្ចាគ​ឈាម​ត្រូវ​ធ្វើ​ឡើង​រៀងរាល់ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​​សុក្រ ចាប់ពី​ម៉ោង​ ៨ ​ព្រឹក ដល់​ម៉ោង ៤ ​រសៀល និង​ថ្ងៃ​សៅរ៍​ម៉ោង ៨ ​ព្រឹក ដល់​ម៉ោង ១២ ​ថ្ងៃត្រង់ ក៏ប៉ុន្តែ​មន្ទីរពេទ្យ​អង្គរ​បាន​បញ្ជាក់ថា សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ត្រូវ​រង់ចាំ​យ៉ាងតិច ២៨ ​ថ្ងៃ​សិន ទើប​អាច​ផ្តល់​ឈាម​បាន​៕