
ពលរដ្ឋធ្វើដំណើរមុខមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈ កាលពីឆ្នាំ ២០១៨។ ហេង ជីវ័ន
ភ្នំពេញ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអនុញ្ញាតឱ្យយកមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈ ប្រើប្រាស់នូវបន្ទប់ព្យាបាលអ្នកជំងឺចល័ត ដើម្បីព្យាបាល និង សង្គ្រោះដល់អ្នកជំងឺសង្ស័យឆ្លងកូវីដ១៩ ក្នុងអំឡុងពេលរង់ចាំលទ្ធផលធ្វើតេស្ត។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត «យុវជនសម្តេចតេជោ» ដែលបានបង្ហោះនៅថ្ងៃទី ២ ខែមេសានេះ។
ការបន្ថែមមន្ទីរពេទ្យសម្រាប់ព្យាបាល និង សង្គ្រោះដល់អ្នកជំងឺសង្ស័យពាក់ព័ន្ធកូវីដ១៩ នាពេលនេះ ខណៈអ្នកឆ្លងកូវីដ១៩ ក្នុងសហគមន៍បន្តកើនឡើងជារៀងរាល់ថ្ងៃ។
ក្រសួងសុខាភិបាលបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១ ខែមេសា មានអ្នកឆ្លងកូវីដ១៩ សរុបចំនួន ២ ៤៧៧ នាក់ អ្នកជាសះស្បើយ ១ ២៤០ នាក់ អ្នកកំពុងសម្រាកព្យាបាល ១ ២១៧ រីឯអ្នកស្លាប់ដោយសារជំងឺនេះមាន ១៦ នាក់៕