កំពង់ចាមៈ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាមបានស្នើឱ្យម្ចាស់ភោជនីយដ្ឋានស្មៅទន្លេ រុះរើរូបសិប្បនិម្មិត តួប៉មប្រាសាទនគរបាជ័យដែលធ្វើឡើងអំពីស្នោ ហើយពុះតួប៉មប្រាសាទញែកចេញជា ២ ចំណែក ដែលខុសនឹងទ្រង់ទ្រាយដើម។ ម្ចាស់ភោជនីយដ្ឋាននេះមិនបានជំទាស់ឡើយដោយត្រៀមរូបសិប្បនិម្មិតថ្មីមួយទៀតសម្រាប់ជំនួសផងដែរ។
លោក សឹង ភារុំ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាមប្រាប់ភ្នំពេញប៉ុស្តិ៍ ពីថ្ងៃទី ២ កញ្ញា ថា ខាងមន្ទីរវប្បធម៌សហការជាមួយមន្ទីរទេសចរណ៍ខេត្ត និងនគរបាលបេតិកភណ្ឌ បានចុះពិនិត្យគំរូប៉មប្រាសាទនគរបាជ័យដែលធ្វើអំពីស្នោនេះជាមុនសិនមុនពេលដែលខាងមន្ទីរសម្រេចឱ្យធ្វើការរុះរើចេញ។
លោកឲ្យដឹងថា ក្រោយពីក្រុមការងារចុះត្រួតពិនិត្យឃើញរូបសិប្បនិម្មិតតួប៉មប្រាសាទនគរបាជ័យដែលបានដាក់តាំងនៅភោជនីយដ្ឋានស្មៅទន្លេនេះរួចមក ឃើញថា វាជាប្រភេទរូបសិប្បនិម្មិតតួប៉មប្រាសាទនគរបាជ័យមានសណ្ឋានខុសនឹងទម្រង់ដើម រចនាប័ទ្មខ្មែរដោយយកគំរូតួប៉មប្រាសាទនគរបាជ័យមកពុះញែកចេញជា ២ ចំណែកទៅវិញ។
ប្រធានមន្ទីររូបនេះបញ្ជាក់ថា ដោយហេតុផលនេះហើយទើបមន្ទីរបានស្នើឱ្យម្ចាស់ភោជនីយដ្ឋានស្មៅទន្លេ លោក ប៉េង ឈុន ធ្វើការសហការយ៉ាងម៉ឺងម៉ាត់ក្នុងន័យការពារ ថែរក្សា អភិរក្ស និងលើកតម្កើងសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ឱ្យមានភាពឧត្តុង្គឧត្តម និងជាកេរដំណែលរបស់ជាតិ ដោយរុះរើរូបសិប្បនិម្មិតតួប៉មប្រាសាទនគរបាជ័យនេះទាំងស្រុងក្នុងរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ១ ខែកញ្ញាទៅ។
លោក ភារុំ ថ្លែងថា៖ «ខ្ញុំបានកំណត់ឱ្យគាត់រុះរើតួប៉មសិប្បនិម្មិតនេះចេញក្នុងរយៈពេល ៣ ថ្ងៃគឺពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ហើយខ្ញុំនឹងចុះទៅពិនិត្យមើលកន្លែងនោះម្តងទៀត។ ជាមួយគ្នានេះដែរ ខាងម្ចាស់ភោជនីយដ្ឋាននោះ យល់ព្រមរុះចេញ ប៉ុន្តែគាត់នឹងដាក់រូបថ្មីជំនួសវិញដោយស្រដៀងនឹងរូបនៅកោះបាលី ដែលមិនមែនជារូបទាក់ទងនឹងរបស់ខ្មែរដូចលើកមុនទៀតឡើយ»។
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈមានការសរសើរពីការច្នៃប្រឌិតផ្សេងៗក្នុងភោជនីយដ្ឋានស្មៅទន្លេ។ ប៉ុន្តែអ្វីដែលមិនសមរម្យ និងអាក្រក់មើលនោះគឺការពុះញែកតួប៉មប្រាសាទនគរបាជ័យជា ២ ដោយសារនេះជាព្រលឹងជាតិជាវប្បធម៌ជាតិខ្មែរ ដែលរដ្ឋាភិបាលខ្មែរកំពុងយកចិត្តទុកដាក់ក្នុងការជួសជុលប្រាសាទនានា។ ប៉ុន្តែបែរជាគាត់មិនទាន់យល់ច្បាស់ពីចំណុចនេះបែរជាធ្វើខុសពីទម្រង់ដើមរបស់ប្រាសាទ។
ភោជនីយដ្ឋានស្មៅទន្លេបានបង្កើតនូវរូបភាពច្នៃប្រឌិតជាច្រើនសម្រាប់ដាក់តាំងបង្ហាញ និងសម្រាប់ឱ្យភ្ញៀវអាចចូលមើលកម្សាន្ត និងថតរូបភាពផ្សេងៗដែលក្នុងនោះមានរូបភាពសិប្បនិម្មិតតួប៉មប្រាសាទនគរបាជ័យ ដែលធ្វើឡើងអំពីស្នោ ហើយពុះតួប៉មប្រាសាទញែកចេញជា ២ ចំណែកផងដែរ។ ភោជនីយដ្ឋានស្មៅទន្លេនេះស្ថិតក្នុងភូមិទី ២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ទាក់ទងនឹងការស្នើឱ្យមានការរុះរើតួប៉មសិប្បនិម្មិតនេះលោក ប៉េង ឈុន ដែលជាម្ចាស់ភោជនីយដ្ឋានស្មៅទន្លេប្រាប់ភ្នំពេញ-ប៉ុស្តិ៍កាលពីថ្ងៃទី ២ កញ្ញា ថា លោកកំពុងធ្វើរូបភាពថ្មីសម្រាប់ដាក់ជំនួសរូបចាស់ដោយសារលោកមិនចង់ឱ្យមានបញ្ហាអ្វីធំកើតមានឡើងទេ។ ណាមួយលោកគ្រាន់តែចង់ធ្វើឱ្យប្រជាពលរដ្ឋ ឬភ្ញៀវទេសចរសប្បាយទាំងអស់គ្នា ដោយមិនប៉ះពាល់ដល់អ្នកណាម្នាក់ឡើយ។
លោកប្រាប់ដូច្នេះថា៖ «ខ្ញុំមានអារម្មណ៍ថា សោកស្តាយ ដោយសារតែការយកទៅធ្វើការពន្យល់ ធ្វើការបកស្រាយផ្សេងគ្នាហើយកន្លែងខ្ញុំជាកន្លែងឯកជនតូចមួយ ដែលខ្ញុំចូលចិត្តកែច្នៃផ្សេងៗដើម្បីតម្រូវចិត្តខ្លួនឯងផង និងសម្រាប់ធ្វើឱ្យអ្នកដទៃសប្បាយផង»។
លោក ប៉េង ឈុន បញ្ជាក់ថានៅពេលនេះលោកកំពុងព្យាយាមធ្វើរូបថ្មីដែលមិនប៉ះពាល់ទៅដល់អ្នកណាទៀតឡើយ៕