តាកែវៈ ក្រុម​ការងារ​បច្ចេកទេស​នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​តាកែវ​កំពុង​ធ្វើការ​ជួសជុល និង​អភិរក្ស សំណង់​ចាស់ៗ​នៅលើ​ភ្នំ​ជីសូរ​ដូចជា​កាំជណ្ដើរ ផ្លូវ​ឡើង​ និង​ស្រះ​ទឹក​ចំនួន​ ២ ខណៈ​បច្ចុប្បន្ន ក្រសួង​វប្បធម៌​បាន​ដាក់​ឯកសារ​រួចរាល់​ទៅ​អង្គការ UNESCO ដើម្បី​ស្នើសុំ​ដាក់​ប្រាសាទ​ភ្នំជីសូរ ទៅ​ជា​សម្បត្ដិ​បេតិកភណ្ឌ​ពិភពលោក​។

លោក ជេត ពិសុទ្ធ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្ត​តាកែវ ថ្លែងប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​ពីថ្ងៃ​ពុធ​ថា ក្រោយពី​មាន​ការស្នើសុំ​ពី​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ដែល​មាន​មូលដ្ឋាន​នៅក្បែរ​ភ្នំ​ជីសូរ​ស្ថិត​នៅ​ភូមិ​ដក់ពរ ឃុំ​រវៀង ស្រុក​សំរោង​ឲ្យ​មាន​ការជួសជុល​កាំជណ្ដើរ ផ្លូវ​ឡើង និង​ស្រះ​ទឹក​ចំនួន ២ ឡើងវិញ​ក្រុម​ការងារ​នៃ​មន្ទីរ​វប្បធម៌​ខេត្ត​ដោយ​ទទួល​បាន​ជំនួយ​ពី​សប្បុរសជន​បាន​ធ្វើការ​ជួសជុល​ផ្លូវ​ឡើង​ភ្នំ​នេះ​រួចរាល់ និង​កំពុង​បន្ដ​ជួសជុល​កាំជណ្ដើរ​ និង​ស្រះ​ទឹក​ចំនួន​ ២ ​បន្ថែម​ទៀត​។

លោក​ថ្លែងថា​៖ «​ភ្នំ​ជី​សូរ​ជា​ទីតាំង​ប្រវត្ដិសាស្ដ្រ​ដែល​បុព្វបុរស​ខ្មែរ​បាន​បន្សល់​ទុក​មក​តាំងពី​សតវត្សរ៍​ទី​ ១១ ក្នុង​សម័យកាល​គោកធ្លក​រហូតមក​។ បច្ចុប្បន្ន​មាន​ការកសាង​វត្ដ​នៅ​ជិត​ភ្នំ​ជី​សូរ​នេះ​ផង​ដែរ ហើយ​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​បានស្នើសុំ​ឲ្យ​មាន​ការជួសជុល ផ្លូវ កាំជណ្ដើរ និង​ស្រះ​ទឹក​។ យើង​បាន​ជួសជុល​ផ្លូវ​ឡើង​រួចរាល់​ហើយ និង​កំពុង​បន្ដ​ជួសជុល​កាំជណ្ដើរ​មាន​ប្រវែង​ជិត​ ៤០០ ​ម៉ែត្រ​»​។

បើ​តាម​លោក ពិសុទ្ធ ទីតាំង​ភ្នំ​ជីសូរ និង​ប្រាសាទ​នានា​នៅ​តំបន់​លើ​ភ្នំ​ជីសូរ កំពុង​ត្រៀម​ដាក់បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក ខណៈ​បច្ចុប្បន្ន មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​តាមរយៈ​ក្រសួង​វប្បធម៌​បាន​ដាក់​ឯកសារ​រួចរាល់​ទៅ​គណៈកម្មការ​វាយតម្លៃ UNESCO ដើម្បី​ស្នើសុំ​ដាក់បញ្ចូល​ប្រាសាទ​នៅក្នុង​ទីតាំង​ភ្នំ​ជីសូរ​នេះ​ទៅ​ជា​សម្បត្ដិ​បេតិកភណ្ឌ​ពិភពលោក​។

លោក​បញ្ជាក់ថា បច្ចុប្បន្ន​កាំជណ្តើរ​ទ្បើង​ភ្នំ​ជីសូរ​ផ្លូវ​ខាងត្បូង​ដែល​មាន​វ័យ​ចំណាស់​មាន​ប្រវែង​ជិត​ ៤០០ ​ម៉ែត្រ​មាន​ការបាក់​បង្កាន់ដៃ​កាំជណ្តើរ​ពិបាក​ទ្បើង​ទៅលើ​ភ្នំ និង​ស្រះ​ទឹក​ ២ ​ទៀត​មាន​ការខូចខាត​។

លោក ពិសុទ្ធ បាន​ឲ្យ​ដឹង​ទៀតថា នៅលើ​ភ្នំ​ជី​សូរ​មាន​ភ័ស្តុតាង​ប្រវត្ដិសាស្ដ្រ​ជាច្រើន​ដែល​បុព្វបុរស​ខ្មែរ​បន្សល់ទុក​ក្នុង​នោះ​មានដូចជា​ប្រាសាទ​បុរាណ​ស្ថានីយ​បុរាណ​ដែល​ក្រសួង​បាន​ចុះមក​រៀបចំ​ប្លង់​រួចរាល់​អស់ហើយ​។ បច្ចុប្បន្ន​មាន​ទេសចរណ៍​តិចតួច​ប៉ុណ្ណោះ​ដែល​ទៅ​កម្សាន្ត​នៅលើ​ភ្នំ​ជី​សូរ​នេះ​។

លោក​បន្តថា ការជួសជុល​កែលម្អ​ទ្បើង​ស្រះ​ទឹក និង​កាំជណ្ដើរ​នៅលើ​ភ្នំ​ជីសូរ​នេះ ក៏​មាន​ការជួយ​ឧបត្ថម្ភ​ពី​ណាម៉ាឌី និង​ក្រុមគ្រួសារ​ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត ដើម្បី​រក្សាទុក​តំបន់​នេះ​ជា​គុណប្រយោជន៍​សម្រាប់​ប្រើប្រាស់​ដល់​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត និង​សិក្សា​ស្វែងយល់​។

ចំណែក​លោក ឈន ប៊ុនហាក់ អនុប្រធាន​ការិយាល័យ​បេតិកភណ្ឌ​នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តតាកែវ​ក៏​ឲ្យ​ដឹង​ដែរ​ថា ជណ្ដើរ​ឡើង​ភ្នំ​ជីសូរ​នេះ​មាន ៣ ​កន្លែង ប៉ុន្ដែ​មាន​ជណ្តើរ​តែ​ ១ ​ប៉ុណ្ណោះ​ ដែល​ជា​ជណ្ដើរ​បុរាណ​នៅ​ផ្លូវ​ឡើង​ប៉ែក​ខាងកើត​ធ្វើ​ពី​ថ្មបាយក្រៀម​មាន​ចំនួន ៦១០ កាំ​។

លោក​ថ្លែងថា​៖ «​រហូត​មក​ដល់​បច្ចុប្បន្ន​មិនទាន់​មាន​អ្នកជំនាញ​ធ្វើ​កំណាយ​ណាមួយ​នៅ​ទីតាំង​ប្រាសាទ​ភ្នំជីសូរ​នៅឡើយ​ទេ​។ សំណង់​ប្រាសាទ​នៅលើ​ភ្នំ​គឺ​មាន​បន្សល់ទុក​តាំងពី​បុរាណ​មក​តែម្ដង​។ បច្ចុប្បន្ន​នៅ​ទីតាំង​ប្រាសាទ​ភ្នំជីសូរ មិន​ទាន់​មាន​សហគមន៍​ពលរដ្ឋ​នោះទេ​ប៉ុន្ដែ​មាន​ប្រជាពលរដ្ឋ​រស់នៅ លក់ដូរ សម្ភារ​អនុស្សាវរីយ៍​នៅក្បែរ​ជើងភ្នំ​ប្រវត្តិសាស្ត្រ​នេះ​»៕