ឧត្តរមានជ័យ៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ បានទទួលវត្ថុបុរាណចំនួន ៦ ដុំ ដែលមានសសរពេជ្រចំនួន ២ ដើម និងរូបបដិមាចំនួន ៤ ដុំ ពីព្រះសង្ឃគង់នៅវត្តរួតចំប៉ី ស្ថិតនៅភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ដើម្បីយកមកថែរក្សាទុកជាសម្បត្តិបេតិកភណ្ឌជាតិ។
លោក ហុង យឿន ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១១ ឧសភានេះថា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យទទួលបានតែវត្ថុបុរាណ ៦ ដុំពីព្រះសង្ឃគង់នៅវត្តរួតចំប៉ី។
រីឯ ១០ ដុំផ្សេងទៀត ត្រូវបានចុះបញ្ជីសារពើភ័ណ្ឌធ្វើសលាកបត្របុរាណវត្ថុនៅវត្តគីរីមង្គល (វត្តអូរស្មាច់) និងបានធ្វើលិខិតការធានារក្សាទុកបុរាណវត្ថុជាមួយចៅអធិការវត្ត ដែលធានារក្សាទុកបុរាណវត្ថុទាំងនោះកុំឲ្យបាត់បង់ ឬខូចខាតដោយប្រការណាមួយ។
មូលហេតុដែលព្រះចៅអធិការវត្តគិរីមង្គលមិនបានប្រគល់មកមន្ទីរ ដើម្បីរក្សាទុកនេះ គឺព្រះចៅអធិការវត្តនេះ មានជំនឿទៅលើវត្ថុបុរាណទាំងនេះ។ ព្រះអង្គទទួលសុខសប្បាយ និងរក្សាទុកនៅក្នុងវត្ត។ ដូច្នេះមន្ទីរក៏បានចុះបញ្ជីសារពើភ័ណ្ឌ និងកិច្ចសន្យាជាមួយព្រះចៅអធិការវត្តនេះ ជាអ្នកគ្រប់គ្រង។ ប៉ុន្តែបើករណីបាត់ ឬខូចខាត ព្រះចៅអធិការវត្តនេះ នឹងទទួលខុសត្រូវចំពោះមុខច្បាប់។
លោក ហុង យឿន ថ្លែងថា៖ «វត្ថុបុរាណទាំង ៦ ដុំនេះ មន្ទីរបានយកមករក្សាទុកនៅក្នុងឃ្លាំង ព្រោះយើងមិនទាន់មានសារមន្ទីរនៅខេត្តនៅឡើយទេ។ យើងបានស្នើសុំថវិកា ដើម្បីសាងសង់សារមន្ទីរដែរ ប៉ុន្តែដូចស្ងាត់រហូតមិនដឹងថ្ងៃណាបានទេ។ ឥឡូវកូវីដទៀតហើយ ១០ ដុំផ្សេងទៀតឱ្យលោកមើលថែ»។
លោក ហុង យឿន មិនទាន់ដឹងប្រភពនៃវត្ថុបុរាណទាំងនេះ ចេញមកពីប្រភពណាមួយ និងឆ្នាំណាដែលបានកសាងនោះទេ ព្រោះមានស្ថានភាពបែកបាក់ និងទ្រុឌទ្រោមបាត់សភាពដើម។
ទាំងព្រះសង្ឃក៏ដូចជាពលរដ្ឋ ក៏មិនដឹងដែរ ព្រោះមានប្រជាពលរដ្ឋដឹកតាមរទេះយកមកទម្លាក់ចោលនៅក្នុងវត្ត។ ប៉ុន្តែមានវត្ថុបុរាណចំនួន ២ (សសរពេជ្រ) ចេញមកពីប្រាសាទល្បើកនៅខេត្តឧត្តរមានជ័យ។
បើតាម លោក ហុង យឿន វត្ថុបុរាណទាំងនេះ មានបំណែកជើងតោ ក្បាលតោ ជើងតោ លិង្គ និង រូបបដិមា ដែលមានសភាពខូចខាត និងបាត់ទ្រង់ទ្រាយដើម ដែលជាហេតុពិបាកក្នុងការជួសជុល។
លោក ហុង យឿន សន្និដ្ឋានថា វត្ថុបុរាណទាំងនេះ ត្រូវបានគេយកទៅធ្វើអាជីវកម្មនៅប្រទេសថៃ កាលពីសម័យសង្គ្រាមស៊ីវិលនៅប្រទេសកម្ពុជា។ ប៉ុន្តែឈ្មួញថៃមិនពេញចិត្ត ព្រោះមានស្ថានភាពបែកបាក់ និងបាត់សភាពដើម ក៏គេទម្លាក់ចោលរាយប៉ាយ។ ក្រោយមកអ្នកស្រុកទៅធ្វើស្រែ ចម្ការក៏ប្រទះឃើញ បានដឹកយកមករក្សាទុកនៅក្នុងវត្ត៕