បន្ទាយមានជ័យៈ មន្ទីរ​សុខាភិបាល ខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា មាន​ប្រជាពលរដ្ឋ​ក្មេង ចាស់ ប្រុស ស្រី ជាង​ ៩០ នាក់​ក្នុង​ភូមិ​ចំនួន​ ៣ ក្នុង​សង្កាត់​ប៉ោយប៉ែត ដែល​មាន​បញ្ហា​ជំងឺ​សើស្បែក​ដោយ​អាការ​ក្តៅខ្លួន ចេញ​កន្តួល​រមាស់ ត្រូវ​បាន​យក​ឈាម​មក​ធ្វើតេស្ត ខណៈ​ពួកគេ​មិនមាន​នរណា​ម្នាក់​ប៉ះពាល់​ដល់​អាយុជីវិត​នោះទេ គឺ​មាន​ជាង ១០ ​នាក់​ប៉ុណ្ណោះ​បន្ត​សម្រាក​ក្នុង​មន្ទីរពេទ្យ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ពី​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ​ពី​ម្សិលមិញ​បាន​ឲ្យ​ដឹងថា ក្រុម​ឆ្លើយតប​បន្ទាន់​ និង​កម្មវិធី​ផ្តល់​ថ្នាំ​បង្ការ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​បន្ត​ចុះ​អន្តរាគមន៍​ស្រាវជ្រាវ និង​បូម​ឈាម​អ្នក​សង្ស័យ​ដែលមាន​គ្រុនក្តៅ កន្ទួល​ក្រហម​លើ​ស្បែក មាន​ឈឺ​សាច់ដុំ នឹង​ឈឺសន្លាក់​ដៃជើង​ចំនួន ៩២ នាក់ (​ស្រី​ ៥១ ​នាក់​)​។

ពួកគេ​ទាំងនោះ​​ គឺ​រស់នៅ​ក្នុង​ភូមិ​ក្បាលកោះ ភូមិ​ប៉ោយប៉ែត និង​ភូមិ​ព្រៃគប់ សង្កាត់​ប៉ោយប៉ែត ហើយ​តាមរយៈ​ការចុះពិនិត្យ​នេះ​ក្រុម​ការងារ​ក៏​បាន​បូម​ឈាម​អ្នកជំងឺ​ទាំងនោះ ដើម្បី​រកមើល​ជំងឺ​គ្រុនឈីក (Chikungunya) ជំងឺ​ស្អូច ឫកញ្ជ្រិល និង​យក​សំណាក​រក​មេរោគ​ជំងឺ​កូវីដ​ ១៩​។

សេចក្តី​ប្រកាស​បញ្ជាក់​ថា​៖ «​ក្នុងនោះ​មាន​អ្នកជំងឺ​ចំនួន ១១ នាក់​ (​ស្រី ៤ ​នាក់​) ​បាន​អនុញ្ញាត​ឲ្យ​សម្រាក​តាមដាន និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ប៉ោយប៉ែត​»​។

លោក ឡេ ច័ន្ទសង្វាត អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្នុង​ដំណាក់កាល​នៃ​ការអន្តរាគមន៍​បន្ទាន់​នេះ ក្រុម​ការងារ​បាន​ផ្តល់​ការអប់រំ​សុខភាព​អំពី​អនាម័យ​បរិស្ថាន អនាម័យ​ខ្លួនប្រាណ សុវត្ថិភាព​ចំណីអាហារ និង​វិធី​បង្ការ​ជំងឺឆ្លង​ផ្សេងៗ​ក្នុង​នោះ​ក៏បាន​បំផុស​ឲ្យ​មាន​ការចូលរួម​សម្អាត​បរិស្ថាន និង​បំបាត់​ជម្រក​មូស​ខ្លា ហើយ​បាន​បាញ់ថ្នាំ​សម្លាប់​ជម្រក​មូស​ខ្លា​នៅ​ភូមិ​គោលដៅ និង​ទីសាធារណៈ​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ត​ការខិតខំ ចុះ​ស្រាវជ្រាវ និង​អន្តរាគមន៍​រាល់​បញ្ហា​សុខភាព ដែល​អាច​កើតឡើង​ជា​យថាហេតុ​ក្នុង​មូលដ្ឋាន​ដោយ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​»​។

លោក​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​សុខភាព​សូម​មក​ទទួល​សេវា​នៅ​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​បង្អែក​ដែល​នៅ​ជិត​ផ្ទះ​បំផុត​។ លោក​បន្តថា នៅពេល​ទទួល​លទ្ធផល​នៃ​ការវិភាគ​ឈាម​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ ឬ​វិទ្យាស្ថាន​ស្រាវជ្រាវ​សុខភាព​សាធារណៈ​មន្ទីរ​សុខាភិបាល​ខេត្ត និង​ផ្តល់ព័ត៌មាន​ជូន​សាធារណជន​ជ្រាប​ជា​ព័ត៌មាន​។

បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​មន្ទីរពេទ្យ​ប៉ោយប៉ែត​កាលពី​ថ្ងៃទី​​ ១៩ កក្កដា ​មន្ទីរពេទ្យ​បាន​ទទួល​ព័ត៌មាន​ជុំវិញ​ពលរដ្ឋ ដែល​មាន​អាការ​គ្រុនក្តៅ​ចេញ​កន្តួល ក្រហម និង​ឈឺសន្លាក់​នេះ ហើយ​ក៏​បាន​ចុះទៅ​ស្រាវជ្រាវ​ដល់​ទីតាំង​ដែល​អ្នកភូមិ​រស់នៅ ដោយ​បាន​រកឃើញ​អ្នកជំងឺ​ចំនួន ៦ នាក់​។

ក្រោយមក​នៅ​ថ្ងៃទី​ ២០ កក្កដា ក្រុម​ការងារ​ក៏​បាន​ចុះទៅ​ដល់​ទីតាំង​ម្តងទៀត​ដោយ​រកឃើញ​អ្នកជំងឺ​ ៤ នាក់​បន្ថែមទៀត ហើយ​បាន​បញ្ចូន​ពួកគេ​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ មន្ទីរពេទ្យ​បាន​អះអាង​ថា ការព្យាបាល​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​សុខភាព​ទាំងនេះ គឺ​មិន​យក​ថ្លៃ​នោះទេ​។

មន្ទីរពេទ្យ​ប៉ោយប៉ែត​បញ្ជាក់​ក្នុង​សេចក្តី​ជូន​ដំណឹង​ថា​៖ «​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ និង​ក្រុមគ្រូពេទ្យ​បាន​ខិតខំ​យកចិត្ត​ទុកដាក់​សង្គ្រោះ​ព្យាបាល​ថែទាំ​អ្នកជំងឺ​យ៉ាង​ហ្មត់ចត់​តាម​បច្ចេកទេស​មិន​ធ្វេសប្រហែស​ឡើយ​។ ចំពោះ​អាការ​អ្នកជំងឺ​ទាំងអស់​រហូត​មក​ដល់​ពេលនេះ​បាន​ធូរស្បើយ​មិនមាន​អ្វី​ជា​គ្រោះថ្នាក់​ឡើយ​»​។

លោក កែវ សុភក្ត្រា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ​ប្រាប់​ភ្នំពេញប៉ុស្តិ៍​យ៉ាងខ្លី​កាលពី​ម្សិលមិញ​ថា បើសិន​ជា​អ្នកជំងឺ​ពិតជា​កើត​ជំងឺ​ទាំងនេះ​ពិតមែន​គឺ​ត្រូវតែ​រក្សា​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​ជំងឺ​ស្អូច និង​ឈី​ក គឺ​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​បាន​ឆាប់រហ័ស​។

លោក​បញ្ជាក់ថា​៖ «​ជំងឺ​នេះ មិន​ធ្ងន់​ប៉ុន្មាន​ទេ ហើយ​វា​ក៏​មិនមែន​បណ្តាល​មកពី​អ្វី​នោះ​ទេ តែ​គាត់​កើត​ស្អូច​អីហ្នឹង គឺ​ឆ្លងតាម​គ្នា​លឿន​ហើយ​»៕