បាត់ដំបងៈ មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង​បាន​ប្រកាស​ស្វែងរក​ជំនួយ​សប្បុរសធម៌​ពី​សាធារណជន ដើម្បី​ជួយឧបត្ថម្ភ​ដល់​កុមារ​ដែល​កំពុង​រស់នៅ​ជាមួយ​មេរោគ​អេដស៍​ជាង​ ២១១ ​នាក់ ខណៈ​កុមារ​ទាំងនោះ​កំពុង​ទទួលរង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ ​១៩ ក្នុង​សហគមន៍ មកលើ​ជីវភាព​រស់នៅ ការសិក្សា និង​ការថែទាំ​សុខភាព​ប្រចាំថ្ងៃ​។

ការប្រកាស​ស្វែងរក​ជំនួយ​សប្បុរសធម៌​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​មាន​ការថយចុះ​នៃ​ការផ្តល់​ជំនួយ​ថវិកា ដែល​ធ្វើឱ្យ​អង្គការ​ដៃគូ​អភិវឌ្ឍន៍​មាន​លទ្ធភាព​ធ្វើ​សកម្មភាព​បាន​តិចតួច​ក្នុង​ការគាំទ្រ​លើ​គម្រោង​នានា បន្ទាប់ពី​គម្រោង​ទាំងនោះ​ត្រូវ​បាន​ផ្អាក​រយៈពេល ៣ ​ខែ​មកហើយ​។

លោក ស៊ូ សានិត អនុប្រធាន​មន្ទីរ​សុខាភិបាល ខេត្ត​បាត់ដំបង​បាន​ថ្លែងថា ដោយ​មើលឃើញ​ពី​ការលំបាក និង​ការខ្វះខាត​របស់​កុមារ​ផ្ទុក​មេរោគអេដស៍​ដែល​មក​ទទួល​សេវា​ព្យាបាល​នៅតាម​មន្ទីរពេទ្យបង្អែក​ជា​រៀងរាល់​ថ្ងៃ ជាពិសេស​នៅ​អំឡុងពេល​មាន​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ដែល​បានធ្វើឱ្យ​ប៉ះពាល់​កាន់តែខ្លាំង​ទៅលើ​ជីវភាព​រស់នៅ និង​ការសិក្សា​រៀនសូត្រ​របស់​ពួកគេ​។

លោក​បញ្ជាក់ថា​៖ «​មន្ទីរ​សុខាភិបាលខេត្ត​បាន​ឯកភាព​គ្នា​ក្នុង​ការរៀបចំ​កម្មវិធី​មនុស្សធម៌ ដើម្បី​កៀរគរ​ថវិកា​យក​ទៅ​ទិញ​ជា​អង្ករ សម្លៀកបំពាក់ សម្ភារសិក្សា គ្រឿង​ប្រើប្រាស់​ផ្សេងៗ​ទៀត​តាម​លទ្ធភាព​ថវិកា ដែល​ទទួល​បាន ដើម្បី​ជួយឧបត្ថម្ភ​ដល់​កុមារ​ដែល​កំពុង​រស់នៅ​ជាមួយ​មេរោគ​អេដស៍​ចំនួន ២១១ ​នាក់​ ដែល​កំពុង​ជួប​បញ្ហា​ប្រឈម​ជាច្រើន​នៅក្នុង​ខេត្តបាត់ដំបង​»​។

លោក លឹម គឹមសេង មន្ត្រី​កម្មវិធី​អេដស៍​នៃ​គម្រោង EpiC នៃ​អង្គការ FHI360 និង​ជា​តំណាងឱ្យ​សមាជិក​ដែល​បាន​ចូលរួម​ផ្តួចផ្តើម​កម្មវិធី​សប្បុរសធម៌​នេះ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា បន្ទាប់ពី​ប្រកាស​ស្វែងរក​ថវិកា​តាំងពី​ពាក់កណ្តាល​ខែ​មីនា​មក ក្រុម​ការងារ​បាន​ទទួល​ថវិកា​ពី​សប្បុរសជន​ទាំង​ក្នុង​ប្រទេស និង​ទាំង​នៅក្រៅ​ប្រទេស​ប្រមាណ​ជិត ៥ ពាន់​ដុល្លារ និង​ជា​លុយ​ខ្មែរ​ប្រមាណ​ជាង ៣ ​លាន ២ ​សែន​រៀល​។

លោក​ថ្លែងបន្តថា ការទទួល​ជំនួយ​ពី​សប្បុរសជន​គឺ​នៅតែ​បន្ត​ដរាប​ណា គម្រោង​នានា​របស់​អង្គការ​សង្គម​ស៊ីវិល​នៅតែ​មិនទាន់​ទទួលបាន​ថវិកា​បន្ត ក្នុង​ការជួយ​គាំទ្រ​ដល់​កុមារ​មាន​ផ្ទុកមេរោគ​អេដស៍​ទាំងនេះ ខណៈ​ជំនួយ​មនុស្សធម៌​នេះ​នឹង​អាចជួយ​ដល់​ពួកគេ​បាន​មួយ​រយៈពេល​ក្នុងអំឡុង​ជួបប្រទះ​ការលំបាក​នេះ​។

លោក​បញ្ជាក់ថា​៖ «​គ្រួសារ​កុមារ​មាន​ផ្ទុកមេរោគ​អេដស៍ កន្លងមក​ពួកគេ​មាន​ការលំបាក​ស្រាប់​ទៅហើយ ដល់​ពេល​សម័យ​កូវីដ​ទៀត ជីវភាព​ឪពុកម្តាយ​ពួកគាត់​កាន់តែ​លំបាក​ថែមទៀត ព្រោះ​ឪពុកម្តាយ​មិន​អាច​ចេញ​ទៅ​រក​អ្វី​បាន​។ នៅពេល​មិនមាន​ប្រាក់ចំណូល ឪពុកម្តាយ និង​មិនមាន​លទ្ធភាព​ផ្គត់ផ្គង់​អាហារ​គ្រប់គ្រាន់​ដល់​ក្មេង​មាន​ផ្ទុកមេរោគ ស្របពេល​កុមារ​ទាំងនោះ​ត្រូវការ​អាហារូបត្ថម្ភ​គ្រប់គ្រាន់​ជា​ចាំបាច់​»​។

បើតាម​លោក លឹម គឹមសេង ថវិកា​ដែល​ទទួលបាន​ពី​សប្បុរសជន​គឺ​បាន​ជួយ​ដល់​កុមារ​ដែល​កំពុង​រស់នៅ​ជាមួយ​មេរោគ​អេដស៍ ជំងឺអេដស៍ នៅក្នុង​ខេត្តបាត់ដំបង ខណៈ​ជំនួយ​ទាំងនេះ​គឺ​បាន​ចូលរួម​គាំទ្រ​ឱ្យ​ពួកគេ​ឱ្យ​អាច​បន្ត​មក​ទទួល​ការព្យាបាល បាន​ជា​ទៀងទាត់ ហើយ​មិន​បោះបង់​ការព្យាបាល ដែល​អាចធ្វើឱ្យ​ពួកគេ​ប្រឈម​នឹង​បញ្ហា​សុខភាព​ពី​ជំងឺអេដស៍​។

លោក​បាន​បន្ថែមថា​៖ «​ក្នុង​អន្តរកាល​នេះ គឺ​យើង​ព្យាយាម​អំពាវនាវ​មិន​ថា អ្នកណា​នោះទេ​គឺ​អាច​ចូលរួម​ជួយ​ពួកគាត់​បាន​ទៅតាម​លទ្ធភាព​រហូត​ដល់ពេល​អង្គការ​ដៃគូ​នានា​មាន​ថវិកា ដើម្បី​បន្ត​គម្រោង​ជួយ​កុមារ​ទាំងនេះ​។ កុមារ​ដែល​រាប់បញ្ចូល​ដើម្បី​ទទួលបាន​ជំនួយ គឺ​យើង​រាប់​ចាប់ពី​កុមារ​មាន​អាយុ ១ ​ឆ្នាំ ដល់​ ១៥ ​ឆ្នាំ ដែល​ពួកគាត់​ត្រូវ​មក​ទទួល​សេវា​ព្យាបាល​ជា​ទៀងទាត់​»​។

បើតាម​អង្គការ FHI360 ដែល​ធ្វើការ​ផ្តោតលើ​អ្នកមាន​ផ្ទុក​មេរោគអេដស៍​នៅក្នុង​ខេត្ត​បាត់ដំបង​បាន​ឱ្យ​ដឹងថា នៅក្នុង​ខេត្ត​នេះ​មាន​អ្នក​ផ្ទុកមេរោគ​អេដស៍​ប្រមាណ ៥ ០០០ ​នាក់​ រាប់ទាំង​ចាស់ ទាំង​ក្មេង ដោយ​ពួកគេ​តែងតែ​មក​ទទួល​សេវាប្រឹក្សា និង​ព្យាបាល​នៅ​តាម​មណ្ឌល​សុខភាព​ទាំង ៦ របស់​ខេត្ត​។ ចំណែក​មន្ទីរពេទ្យ​ចំនួន ៤ ដែល​កុមារ​តែងតែ​ទៅ​ទទួល​សេវា​ព្យាបាល មាន​ចំនួន​ ៤ ក្នុងនោះ រួមមាន​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង មន្ទីរពេទ្យបង្អែក​ឃុំរកា ស្រុក​មោងឫស្សី និង​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅលូន​៕

វីដេអូ៖