
សាលាបឋមសិក្សាសន្ធរម៉ុក។ រូបថត ហ្វេសប៊ុក
ភ្នំពេញៈ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញគ្រោងផ្លាស់ប្តូរគ្រូបង្រៀនម្នាក់ឱ្យទៅបម្រើការងារកន្លែងផ្សេង ក្រោយពីរកឃើញពាក់ព័ន្ធនឹងភាពមិនប្រក្រតីទារលុយពីសិស្សនៅសាលាបឋមសិក្សាសន្ធរម៉ុក។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីមានការបង្ហោះហ្វេសប៊ុករិះគន់គ្រូបង្រៀនពីសំណាក់អាណាព្យាបាលសិស្ស ថាគ្រូបង្រៀនគិតតែពីលុយ មិនគិតពីគុណធម៌ ដោយបានយកលុយ ៦ ម៉ឺនរៀលក្នុង ១ ខែ។
ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញលោក ហែម ស៊ីណារ៉េត ប្រាប់ពីម្សិលមិញថា មន្ទីរអប់រំ និងគណៈគ្រប់គ្រងសាលាបឋមសិក្សាសន្ធរម៉ុកនឹងមានវិធានការផ្លាស់ប្តូរទីកន្លែងធ្វើការរបស់គ្រូម្នាក់ដែលពាក់ព័ន្ធក្នុងការយកលុយពីសិស្សឱ្យទៅធ្វើការនៅកន្លែងផ្សេង។ ប៉ុន្តែលោកមិនបានបញ្ជាក់អត្តសញ្ញាណរបស់គ្រូនោះឡើយ។
លោកថា៖ «យើងគ្រាន់តែអាចប្រាប់បានថា ខាងមន្ទីរមានវិធានការរដ្ឋបាលផ្លាស់ចេញអ៊ីចឹង ប៉ុន្តែកុំប្រើចំឈ្មោះគេ កាលណាប្រើចំឈ្មោះគេជារឿងមិនសមគួរទេ»។
កាលពីថ្ងៃទី ១ កុម្ភៈ លោកប្រធានមន្ទីរ ឱ្យដឹងថា លោកប្រាប់ក្រុមការងារឱ្យចុះដោះស្រាយ ១ ជំហានហើយ គឺចុះទៅធ្វើការប្រជុំអប់រំ ណែនាំពីបញ្ហាផ្លូវច្បាប់ដល់លោកគ្រូ អ្នកគ្រូទាំងអស់ក្នុងសាលាបឋមសិក្សាសន្ធរម៉ុក។ លោកថា បើរកឃើញមានករណីនោះពិតមែននឹងមានវិធានការដោយមិនលើកលែងឡើយ។
លោក អ៊ីវ ប៊ុនធឿន ជាអាណាព្យាបាលម្នាក់ដែលមានកូនរៀននៅសាលាបឋមសិក្សាសន្ធរម៉ុកបានសរសេរលើគណនី ហ្វេសប៊ុករបស់លោក នៅថ្ងៃទី ២៨ ខែមករា ថា កូនស្រីលោកត្រូវបានគ្រូបណ្តេញចេញពីថ្នាក់ ដោយបោះសម្តីថា បើមិនរៀនគួរទេ ទៅរកគ្រូ រកសាលាណារៀនផ្សេងទៅ នៅសាលាសន្ធរម៉ុក បើមិនរៀនគួរក៏ត្រូវបង់លុយដែរ។ លោកបញ្ជាក់ក្នុងសំណេរថា ថ្លៃរៀនគួរដឹងគុណគ្រូ ១ ខែ ៦ ម៉ឺនរៀល។
ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីថ្ងៃទី ១ កុម្ភៈ លោក ប៊ុនធឿន បានបង្ហាញពីចំណាប់អារម្មណ៍ថា លោកគ្រូ អ្នកគ្រូមុខលុយគិតតែលុយមិនគិតពីគុណធម៌បែបនេះមិនត្រូវឱ្យកើតមាននៅសង្គមកម្ពុជាទេ។ លោកថ្លែងថា៖ «ខ្ញុំចង់បានគ្រូដែលមានគុណធម៌ ជាគ្រូចេះស្រឡាញ់សិស្ស យល់ចិត្តសិស្ស និងខ្លាចសិស្សល្ងង់»។
អ្នកស្រី ស្រីណែត ជាអាណាព្យាបាលសិស្សម្នាក់ទៀតបានសរសេរបង្ហោះលើហ្វេសប៊ុកកាលពីថ្ងៃទី ៣០ មករា ថាកូនប្រុសពៅរបស់អ្នកស្រីរៀនថ្នាក់ទី ៦ នៅសាលាសន្ធរម៉ុកដែរ គ្រូទារលុយ ៦ ម៉ឺនរៀល តាំងពីថ្ងៃចូលរៀនទី ១។ អ្នកស្រីបានសួរពីការបង់ថ្លៃនោះ ហើយបានទទួលចម្លើយថា នោះជាការបង់ថ្លៃការដឹងគុណរបស់ឪពុកម្តាយចំពោះគ្រូ ដែលគាត់មើល និងបង្រៀន។
អ្នកស្រីថ្លែងថា៖ «អុញ! ខ្ញុំគាំងហ្មង ព្រោះខ្ញុំអត់ចង់និយាយច្រើនជាមួយគាត់។ នៅមានច្រើនទៀត ដែលគាត់និយាយមកកាន់ខ្ញុំ។ អស់អារម្មណ៍គោរពអាលីង បន្ទាប់មកទៀតទារលុយម្នាក់ ២ ម៉ឺនរៀល ទិញកង្ហារ ហើយថ្នាក់គាត់ សិស្សសរុបជាង ៣០ នាក់។ ខ្ញុំសុំសួរដូចឆោត អារឿងលុយទិញកង្ហារហ្នឹង គឺទិញរាល់ឆ្នាំឱ្យតែពេលចូលរៀន គឺប្រមូលហើយ អត់យល់»។
សិស្សថ្នាក់ទី ៦ សាលាបឋមសិក្សាសន្ធរម៉ុកឱ្យដឹងថា ពិតជាមានករណីគ្រូយកលុយប្រចាំខែមែន ជាថ្នូរនឹងការបង្រៀនគួរបន្ថែមចំណេះដឹង។ ក្រុមក្មេងៗប្រាប់ថា ការបង់ថ្លៃឱ្យគ្រូអាចបង់កន្លះខែម្តង ឬក៏ ១ ខែម្តងក៏បាន។
ក្រុមសិស្សដែលបានជួបផ្ទាល់ជាមួយ ភ្នំពេញ ប៉ុស្តិ៍ ពីថ្ងៃទី ១ កុម្ភៈ ប្រាប់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា៖ «គ្រូឱ្យចូលរៀនទាំងអស់គ្នា អត់ចូលអត់បានទេ ហើយចូលរៀនអត់បង់លុយក៏អត់បានដែរក្នុង ១ ខែ ត្រូវបង់ ៦ ម៉ឺនរៀល សម្រាប់ការរៀនគួរ សម្រាប់ថ្នាក់ទី ៥ រៀនក៏បានអត់ក៏បាន ប៉ុន្តែថ្នាក់ទី ៦ អត់រៀនអត់បានទេ»។
លោកគ្រូអ្នកគ្រូ និងនាយកសាលាបឋមសិក្សាសន្ធរម៉ុក មិនអធិប្បាយអ្វីទេជុំវិញបញ្ហានេះ ប៉ុន្តែលោក ព្រាប កុម្ភៈ ប្រធានការិយាល័យបឋមសិក្សានៃមន្ទីរអប់រំរាជធានីភ្នំពេញបានឱ្យដឹងក្រោយកិច្ចប្រជុំបិទទ្វារពេញ ១ ព្រឹកនៅសាលានោះកាលពីថ្ងៃទី ១ កុម្ភៈ ថា ក្នុងកិច្ចប្រជុំលោកបង្ហាញពីផ្លូវច្បាប់ជូនបុគ្គលិកអប់រំទាំងអស់ ជាពិសេសលោកគ្រូអ្នកគ្រូ។
លោកថ្លែងថា៖ «យើងបានបង្ហាញអំពីច្បាប់ ផ្លូវច្បាប់ជូនគាត់ ដូចជាច្បាប់ស្តីពីការអប់រំ ច្បាប់ប្រឆាំងអំពើពុករលួយ ច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល សេចក្តីណែនាំផ្សេងៗរបស់ក្រសួងអប់រំ ដែលណែនាំឱ្យទប់ស្កាត់បាតុភាពមិនប្រក្រតី និងសេចក្តីណែនាំរបស់មន្ទីរអប់រំក្នុងការទប់ស្កាត់បញ្ហាគ្រូប៉ះពាល់លើសិស្សផងដែរ»។
បើតាមលោក ព្រាប កុម្ភៈ សម្រាប់អ្នកដែលបានប្រព្រឹត្តកំហុសផ្លូវច្បាប់មានចែងជាក់ស្តែងទៅតាមកម្រិតកំហុសដែលបុគ្គលបានធ្វើឡើង។ លោកបន្តថា៖ «ទី១ អ្នកណាដែលប្រព្រឹត្តកំហុសត្រឹមណាមួយទៅអាចត្រឹមថា អប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់អំពើហ្នឹងទៅ។ ចំណុចទី២ អាចចូលដល់ថា ចាប់បង្ខំឱ្យគាត់ផ្លាស់កន្លែងធ្វើការ ទី៣ គឺអាចបង្កកប្រាក់ខែគាត់ ហើយចំណុចមួយទៀត បើនៅធ្ងន់ធ្ងរគឺត្រូវបញ្ឈប់ពីក្របខ័ណ្ឌ»។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំថ្លែងថា ក្នុងករណីមានភាពមិនប្រក្រតីណាមួយក្នុងគ្រឹះស្ថានសិក្សា គឺគណៈគ្រប់គ្រង គ្រឹះស្ថានសិក្សាមានវិធានការរដ្ឋបាល ដើម្បីដោះស្រាយទៅតាមទិដ្ឋភាពជាក់ស្តែង ហើយអាចមានការសហការជាមួយមន្ទីរអប់រំដែល ជាសេនាធិការរបស់ក្រសួងអប់រំក្នុងការដោះស្រាយនៅតាមមូលដ្ឋានអប់រំ យុវជន និងកីឡា៕