កំពង់ឆ្នាំងៈ ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តកំពង់ឆ្នាំង អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​កុំឱ្យ​ចាញ់បោក​លើ​ការផ្សព្វផ្សាយ​លក់​ដីឡូត៍​ ១ ​កន្លែង​ នៅ​ភូមិ​ទី​ ៧ សង្កាត់​ខ្សាម ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ខណៈ​គម្រោង​នេះ​មិនទាន់​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​។

តាម​សេចក្តី​ជូន​ដំណឹង​របស់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ចេញផ្សាយ​ពីថ្ងៃ​ទី​ ២១ ខែ មីនា ឆ្នាំ​ ២០២១ ឱ្យ​ដឹងថា ថ្មីៗ​នេះ​មាន​ករណី​បង្ហោះ​វីដេអូ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ឈ្មោះ​ «​តារា​បញ្ញា អចលនទ្រព្យ​» ជា​បន្តបន្ទាប់​អំពី​គម្រោង​លក់​ដីឡូត៍​ស្ថិតក្នុង​ភូមិ​ទី​ ៧ សង្កាត់​ខ្សាម ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​។ ប៉ុន្តែ​តាម​ការពិនិត្យ​លើ​វីដេអូ​ផ្សព្វផ្សាយ​នេះ​គឺ​មិនមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​នោះទេ​។

លោក​ លី សុភា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត​នេះ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា គម្រោង​ដីឡូត៍​ ឬ​ការអភិវឌ្ឍ​ដី​ដែល​កំពុង​ផ្សព្វផ្សាយ​សម្រាប់ធ្វើ​អាជីវកម្ម​នេះ​ពុំមាន​សុំ​លិខិត​អនុញ្ញាត​ត្រឹមត្រូវ​ស្រប​តាម​ប្រកាស​លេខ​ ០៨៧ ដ.ន.ស ប្រក/នក​ចុះ​ថ្ងៃទី​ ១១ ​ខែ ឧសភា ឆ្នាំ​ ២០១៨ របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​នោះទេ​។

លោក​បាន​បន្តថា ទីតាំង​ដីឡូត៍​ខាងលើ​នេះ​ពុំទាន់​មាន​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ (​បណ្ណ​កម្មសិទ្ធិ​) ទេ​។

ទីតាំង​នេះ​ស្ថិតក្នុង​តំបន់​ ២ នៃ​អាជ្ញាធរ​បឹង​ទន្លេសាប​ និង​សារាចរ​ណែនាំ​លេខ​ ០២ សរណន ចុះ​ថ្ងៃទី​ ២៧ ​ខែ​ មីនា ឆ្នាំ​ ២០១៣ របស់​រាជរដ្ឋាភិបាល​។ ប៉ុន្តែ​លោក​បាន​ពន្យល់ថា តាម​សារាចរ​ណែនាំ​នេះ ពលរដ្ឋ​មាន​សិទ្ធិ​រស់នៅ​ និង​អាស្រ័យផល​ក្នុង​តំបន់​នេះ​បាន ប៉ុន្តែ​មិនអាច​លក់ដូរ​បានទេ​។

បើតាម​លោក​ លី សុភា ដោយ​មើលឃើញ​នូវ​ការផ្សព្វផ្យាយ​នេះ មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ក៏បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ​ដើម្បី​កុំឱ្យ​មាន​ការភាន់ច្រឡំ និង​ទិញ​ដី​នោះ ព្រោះ​វា​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ប្រយោជន៍​ ឬ​អាចមាន​បញ្ហា​ទំនាស់​ផ្សេងៗ កើតឡើង​ដោយសារ​តែ​ការផ្ដល់​ព័ត៌មាន​មិន​បាន​ច្បាស់លាស់​។

ទោះជា​យ៉ាងណា​លោក លី សុភា ថា មិនមាន​ចំណាត់ការ ឬ​វិធានការ​ដល់​ម្ចាស់​ផេក​ដែល​បាន​ផ្សព្វផ្សាយ​លក់​ដី​គ្មាន​ច្បាប់​អនុញ្ញាត​នោះទេ​​ ព្រោះ​វា​មិនមែន​ជា​សមត្ថកិច្ច​មន្ទីរ​របស់លោក​ទេ​។ ​ប៉ុន្តែ​លោក​ថា មន្ទីរ​គ្រាន់តែ​ប្រាប់​ពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ប៉ុណ្ណោះ ព្រោះ​វា​ខុស​ទៅនឹង​ច្បាប់​។

លោក លី សុភា បាន​បញ្ជាក់ថា​៖ «​នេះ​គឺ​ករណី​ទី​១ ដែល​បាន​កើតឡើង​ក្នុង​មូលដ្ឋាន​ខេត្ត​កំពង់ឆ្នាំង​ដែលមាន​ការលក់​ដីឡូត៍​ប្រមាណ​ ៩០ ឡូត៍ ​ទើប​មន្ទីរ​ផ្តល់ព័ត៌មាន​បន្ថែម​កុំឱ្យ​មាន​ការចាញ់បោក និង​ខាត​ប្រយោជន៍ ព្រោះ​តំបន់​នេះ​មិនទាន់​មាន​ការហាម​ឃាត់​មិនឱ្យ​មាន​ការចេញ​បណ្ណ​កម្មសិទ្ធិ​នោះទេ ប៉ុន្តែ​ម្ចាស់​ផេក​មាន​បណ្ណ​កម្មសិទ្ធិ​ដែល​ផ្ទុយទៅនឹង​ច្បាប់​»​។

នៅពេល ​ភ្នំពេញ​ ប៉ុស្តិ៍​ ទាក់ទង​ទៅ​ភ្នាក់ងារ​លក់​របស់​ផេក «​តារា​បញ្ញា​​អចលនទ្រព្យ​» ​នោះ​ពី​ម្សិលមិញ អ្នក​លើក​ទូរស័ព្ទ​បាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា ក្រុម​ការងារ​របស់​ម្ចាស់​គម្រោង​ក៏​ទទួល​បាន​ព័ត៌មាន​ពី​ការជូន​ដំណឹង​ពី​មន្ទីរ​រៀបចំ​​ដែនដី នគូរនីយកម្ម សំណង់ និង​សុរិយោដី​នេះដែរ ហើយ​ពេលនេះ​កំពុង​ធ្វើ​កិច្ចការ​នេះ​។

ទោះជា​យ៉ាងណា នារី​ជា​ភ្នាក់ងារ​លក់​រូបនេះ​ថា មិនដឹង​ព័ត៌មាន​លម្អិត​ទេ ហើយ​បាន​បង្វែរ​ឱ្យ​សួរ​ទៅ​ម្ចាស់​គម្រោង​ផ្ទាល់​វិញ ដោយ​សន្យាថា​​នឹង​ផ្ដល់​លេខ​ទូរស័ព្ទ​ដើម្បី​ទាក់ទង ប៉ុន្តែ​ត្រូវបាន​បដិសេធ​វិញ បើទោះបី​ភ្នំពេញ​ប៉ុស្ដិ៍​ព្យាយាម​ទាក់ទង​ជាថ្មី​​ច្រើនលើក​ច្រើនសា​ក្ដី​។

លោក​ ឃាង ពុទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​បាន​ស្វាគមន៍​វិធានការ​របស់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់​ និង​សុរិយោដី ខេត្តកំពង់ឆ្នាំង​ដែល​បាន​ធ្វើឡើង​ទាន់​ពេលវេលា​​ដើម្បី​កាត់បន្ថយ​ការខាតបង់​របស់​អតិថិជន និង​ពលរដ្ឋ​។

ជាមួយ​នេះ​ដែរ លោក ឃាង ពុទ្ធី បានស្នើ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ថ្នាក់ក្រោម​ជាតិ​ឱ្យ​ត្រួតពិនិត្យ​រាល់​គម្រោង​ដីឡូត៍ និង​ការទិញ-លក់​អចលនទ្រព្យ​នៅក្នុង​មូលដ្ឋាន​ខ្លួន​ដែល​ពុំមាន​ច្បាប់​អនុញ្ញាត​ និង​​ពុំមាន​បណ្ណ​កម្មសិទ្ធិ​ច្បាស់លាស់​ ​ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការលុបបំបាត់​ជម្លោះដីធ្លី​នៅក្នុង​ប្រទេស​៕

វីដេអូ៖