ព្រះ​វិហារៈ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ស្នាក់ការ​បរិស្ថាន​តា​កឹង បាន​ចាប់​ឃាត់​អេ​ស្កា​វា​ទ័​រ​​មួយ​គ្រឿងដោយ​ចោទ​ថា បាន​​ឈូសឆាយ​រុករាន​​យក​ដីព្រៃ​ដោយ​ខុសច្បាប់​ ស្ថិតនៅ​ភូមិ​អភិវឌ្ឍន៍​ព្រៃ​គោល ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្តព្រះវិហារ​។ ប៉ុន្តែ​អ្នក​ភូមិ និង​អាជ្ញាធរ​មូលដ្ឋាន ​បាន​អះអាងថា គ្រឿង​ចក្រ​នោះ ​ត្រូវបាន​ជួល​មក​ ដើម្បី​ជួយ​ស្ថាបនា​ជួស​ជុល​ផ្លូវ​នៅ​ក្នុង​ឃុំ។

លោក គី រ័ត្ន នាយរង​ទីស្នាក់ការ​បរិស្ថាន​តា​កឹង បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា កាលពី​ថ្ងៃទី ០៩ ខែ មីនា ឆ្នាំ ២០២១ ក្រុមការងារ​របស់លោក និង​ដោយមាន​ការអន្តរាគមន៍​ផ្នែក​ច្បាប់ ​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តព្រះវិហារ គឺ​លោក វុ​ធ សា​វី បាន​ចុះ​បង្ក្រាប​បទ​ល្មើស ឈូសឆាយ​ដីព្រៃ​ក្នុងភូមិ​សាស្ត្រ​ខាងលើ ដោយ​ចាប់​រឹបអូស​អេស្កាវ៉ាទ័រ​មួយ​គ្រឿង និង​សម្ភារ​មួយ​ចំនួន​ទៀត ដែល​បម្រើការ​នៅក្នុង​បទល្មើស​នេះ​ យកទៅ​រក្សាទុក​នៅ​ស្នាក់ការ​បរិស្ថាន​តា​កឹង ក្នុង​ឃុំ​​ស្រ​យ៉ង់ ដើម្បី​ចាត់វិធាន​ការ​បន្ត​តាម​នីតិវីធី​ច្បាប់។

លោក​បាន​ថ្លែង​ថា៖ «នៅ​ពេល​នេះ យើង​កំពុង​ស្រាវជ្រាវ​រក​ម្ចាស់​គ្រឿងចក្រ និង​អ្នក​នៅ​ពីក្រោយ​នៃ​បទល្មើស​ឈូសឆាយ​ដីព្រៃ​​ក្នុង​តំបន់​ការពារ និងអភិរក្ស​ដើម្បី​ចាត់​វិធាន​ការ​ទៅ​តាម​នី​វិធី​ច្បាប់»។

ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​នោះ បាន​អះអាង​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ដីព្រៃ​ក្នុង​តំបន់​នោះ ​ត្រូវបាន​អាជ្ញាធរខេត្ត សម្រេច​កាត់​ឆ្វៀល​និង​ផ្ដល់ជូន​ប្រជាជន និង​គ្រួសារ​កងទ័ព ជាច្រើន​ឆ្នាំ​មក​ហើយ​។

លោក មី ណាគ្រី តំណាង​គ្រួសារ​កងទ័ព ដែល​មាន​ដី​នៅក្នុង​តំបន់​នោះ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ដោយសារ​ឃើញ​ប្រជា​ពលរដ្ឋ​ពិបាក​នៅក្នុង​ការធ្វើដំណើ​រ និង​ដឹក​កសិផល​យកទៅលក់​នៅក្នុង​ទីផ្សារ​នោះ ​មាន​សប្បុរ​សជន​ជាច្រើន បាន​ជួយ​ឧបត្ថម្ភ ជា​ថវិកា អង្ករ និង ប្រេង ដល់​ប្រជា​សហគមន៍​របស់លោក​​ក្នុងការ​ស្ថាបនា​ផ្លូវ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ។

លោក​ថ្លែង​ថា​៖ «មុន​ដំបូង​ ពួកយើង​នាំគ្នា​កាប់​គាស់​គល់ឈើ​ និង​ជីកដី​លើក​ជា​ខ្នង​ផ្លូវ ដោយ​ប្រើ​កម្លាំង​ពលកម្ម​ផ្ទាល់»។

លោក ណាគ្រី បាន​បន្ថែមថា ដោយ​ពិនិត្យ​ឃើញ​ អំពី​តម្រូវការ​ចាំ​ចាច់​របស់​ប្រជាពលរដ្ឋ អាជ្ញា​ស្រុក​គូលែន បានសម្រេច​ធ្វើការ​ស្ថាបនា​ជួសជុល​ផ្លូវ​ចំនួន ៤ ខ្សែ ដែលមាន​ប្រវែង​សរុប ២៨,៥០ ម៉ែត្រ ដោយ​ចាប់ផ្ដើម​ពី​ចំណុច​ភូមិ​អភិវឌ្ឍន៍​ព្រៃ​គោល ដែលជា​ភូមិ​រណប​របស់​ភូមិ​សម្បូរ ឆ្ពោះ​ទៅ​កាន់​ភូមិ​ចំនួន ៤ រួមមាន​ភូមិ​រំចេក​ មាន​ប្រវែង ៨ គីឡូម៉ែត្រ, ភូមិ​សម្បូរ​មាន​ប្រវែង ​៨ ​គីឡូម៉ែត្រ, ភូមិ​ភ្នំ​តែ​ល​ មាន​ប្រវែង ៨,៥០ គីឡូម៉ែត្រ ​និង​ច​ភូមិ​អា​ព័រ​មាន​ប្រវែង ៤ គីឡូម៉ែត្រ​ ដើម្បី​សម្រួល​ដល់​ការធ្វើ​ដំណើរ និង​ដឹក​ជញ្ជូន​កសិ​ផល​ទៅកាន់​ទីផ្សារ​។

លោក​បាន​បញ្ជាក់ថា៖ «បន្ទាប់ពី​ទទួល​បាន​ការគាំទ្រ​ពី​អាជ្ញាធរ​ស្រុក សហ​គមន៍​យើងខ្ញុំ​ ក៏បាន​ប្រើ​ថវិកា​ដែល​ទទួលបាន​ពី​សប្បុរសជន មក​ជួល​គ្រឿងចក្រ​ មក​ឈូសឆាយ​ធ្វើ​ផ្លូវ ដើម្បី​ឲ្យ​បាន​លឿន​ និង​ឆាប់​​​មុនពេល​រដូវវស្សា​មកដល់។ ប៉ុន្តែ​កាលពី​ ២​ ថ្ងៃមុន​ ស្រាប់តែ​ខាង​មន្ត្រី​បរិស្ថាន ២-៣ នាក់ និង​តំណាង​អយ្យការ​ម្នាក់ មក​ហាមឃាត់​នឹង​ចាប់​រឹបអូស​យក​គ្រឿង​ចក្រ ដែល​ពួកយើង​បាន​ជួល​ យកទៅ​​ដោយ​អះ​អាង​ថា ឈូស​ឆាយ​ផ្លូវ​គ្មាន​ការអនុញ្ញាត​ពី​សមត្ថកិច្ច​ជំនាញ»។

លោក ប៉ាង យៀ​ក អភិបាលស្រុក​គូលែន បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃ​​ទី​ ១១​ ខែ​មីនា​ថា ជាការ​ពិតភូមិ​អភិវឌ្ឍន៍​ព្រៃ​គោល ស្ថិតនៅក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​គូលែន​ព្រហ្ម​ទេព។ ប៉ុន្តែ​ដោយ​សារ​ប្រជាព​សលរ​ដ្ឋ ដែល​ភាគច្រើន​ជា​គ្រួសារ​កងទ័ព បាននាំគ្នា​ចូលទៅ​តាំងទី​លំនៅ និង អាស្រ័យ​ផល​យូរ​ឆ្នាំ​មកហើយ​នោះ អាជ្ញាធរខេត្ត​ ក៏បាន​សម្រេច​កាត់​ឆ្វៀល​ភូមិ​នោះ​ចេញពី​ការ​គ្រប់​គ្រង​របស់​បរិ​ស្ថាន ។

លោក​ថ្លែង​ថា៖ «ការ​ស្ថាបនា​ជួសជុល​ផ្លូវ​ នៅក្នុង​ភូមិ​ខាងលើនេះ គឺ​អាជ្ញាធរ​យើង​ ពិតជា​មានការ​អនុញ្ញាត​ប្រាកដ​មែន។ ចំណែក​ការអនុវត្ត របស់​អ្នកម៉ៅការ​សាងសង់​ផ្លូវ​នោះ ខុស​ឬ​ត្រូវ​យ៉ាង​ដូច​ម្ដេច ខ្ញុំ​នៅ​មិន​ទាន់​បានដឹង​នៅឡើយ​ទេ។ ប៉ុន្តែ​ខ្ញុំ​នឹង​មិន​គាំទ្រ​ទេ បើសិន​ជា​គាត់​ប្រព្រឹត្ត​ខុសពី​កិច្ចព្រម​ព្រៀង ឈូស​ឆាយ​ចូល​ទៅក្នុង​ដីព្រៃ​ការពារ​និង​អភិរក្ស​របស់​រដ្ឋ»៕