ភ្នំពេញៈ មហា​ឧបាសិកា ប៊ុន ស៊ាងលី ដែល​ត្រូវជា​ម្ដាយក្មេក​លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​ទទួល​មរណភាព​កាលពី​វេលា​ម៉ោង​ ២ និង​ ១២ ​នាទី​ទៀបភ្លឺ ថ្ងៃ​ចន្ទ​ទី​ ៤ ខែ​ឧសភា ម្សិលមិញ​នៅ​ភូមិគ្រឹះ​លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន ក្នុង​រាជធានី​ភ្នំពេញ ដោយសារ​ជរាពាធ​ក្នុង​ជន្មាយុ​ ៩៦ ​ឆ្នាំ​។ នេះ​បើ​តាម​សេចក្ដី​ជូន​ដំណឹង​នៅលើ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ដ្រី​។

សេចក្ដី​ជូនដំណឹង​កាលពី​យប់​ម្សិលមិញ​បាន​បញ្ជាក់ថា​៖ «​លោកស្រី ប៊ុន សាមលេន និង​លោក គីម ទូច ព្រមទាំង​បុត្រ និង​ចៅ​, ឯកឧត្ដម គ្រី ទូច និង​លោកជំទាវ ទ្រី ង៉ូវណាំ ព្រមទាំង​បុត្រ និង​ចៅ​,​សម្ដេច​កិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំង​បុត្រ និង​ចៅ លោកជំទាវ ប៊ុន សុថា និង​ឯកឧត្ដម តាន់ បញ្ញាវុធ ព្រមទាំង​បុត្រ និង​ចៅ មាន​ទុក្ខ​ជា​ទម្ងន់​ដោយ​អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា ធម្មញ្ញាណ​វិវឌ្ឍនា ប៊ុន ស៊ាងលី ត្រូវជា​ម្ដាយបង្កើត ម្ដាយក្មេក ជីដូន ជីដូនទួត បាន​ទទួល​មរណភាព​នា​ថ្ងៃ​ចន្ទ ១៣ ​កើត ខែ​ពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​ ៤ ខែ​ឧសភា ឆ្នាំ​ ២០២០ វេលា​ម៉ោង​ ២ និង​ ១២ ​នាទី​ទៀបភ្លឺ​ដោយ​ជរាពាធ​ក្នុង​ជន្មាយុ​ ៩៦ ​ឆ្នាំ​»​។

សេចក្ដី​ជូនដំណឹង​ឲ្យ​ដឹងថា សព​ព្រឹទ្ធ​មហាឧបាសិកា ប៊ុន ស៊ាងលី តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា​នៅ​ភូមិគ្រឹះ​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ស្ថិត​នៅ​ផ្ទះ​លេខ​ ៤១ ​ផ្លូវ​សុរាម្រិត សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​នា​ថ្ងៃទី​ ៤-៥ ខែ​ឧសភា​។

លុះដល់​ថ្ងៃទី​ ៦ ខែឧសភា ឆ្នាំ ២០២០ វេលា​ម៉ោង ៧ ​និង​ ១៨ ​នាទី​ព្រឹក ដង្ហែ​សព​ចេញពី​ភូមិគ្រឹះ​ឆ្ពោះ​ទៅ​ទីតាំង​បញ្ចុះសព​ដែល​ស្ថិត​នៅ​ភូមិ​ទី​ ២ ឃុំ​រកាខ្នុរ ស្រុក​ក្រូចឆ្មារ ខេត្ដ​ត្បូងឃ្មុំ​។

ចំណែក​ពិធីបុណ្យ​ទក្ខិណានុប្បទាន​គម្រប់​ ៧ ​ថ្ងៃ​ធ្វើ​នៅ​ថ្ងៃ​​ទី​ ៩ ខែឧសភា ឆ្នាំ​ ២០២០ ចាប់ពី​ម៉ោង​ ២ ​រសៀល​ទៅ​នៅ​គេហដ្ឋាន​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន នៅ​ភូមិ​ទី​ ២ ឃុំ​រកាខ្នុរ ស្រុក​ក្រូចឆ្មារ ខេត្ដ​ត្បូងឃ្មុំ​។

វីដេអូ​ស្ដីពី​ជីវប្រវត្តិ មហាឧបាសិកា ប៊ុន ស៊ាងលី ដែល​បាន​ផ្សព្វផ្សាយ​ដោយ​សារព័ត៌មាន Fresh News ពី​ម្សិលមិញ​បាន​ឲ្យ​ដឹងថា មហាឧបាសិកា ប៊ុន ស៊ាងលី កើត​នៅ​ថ្ងៃ​ចន្ទ ទី​ ៤ ខែ​ឧសភា ឆ្នាំ​ ១៩២៥ នៅក្នុង​គ្រួសារ​កសិករ​នៅ​ភូមិ​កោះ​បីពៃ ឃុំ​កោះពីរ ស្រុក​ក្រូចឆ្មារ ខេត្ត​កំពង់ចាម​។ ​បិតា​របស់​មហាឧបាសិកា នាម ឱក ប៊ុន មាតានាម ណៃ ហួយ​។ មហា​ឧបាសិកា ប៊ុន ស៊ាងលី ជា​បុត្រ​​ទី​ ២ ​ក្នុង​ចំណោម​បងប្អូន​ ៤ ​នាក់​ក្នុង​នោះ​មាន​ស្រី​ ៣ ​នាក់ និង​ប្រុស ១ ​នាក់​។

វីដេអូ​ឲ្យ​ដឹងថា កាលពី​កុមារ​មហាឧបាសិកា ប៊ុន ស៊ាងលី មិនបាន​ចូលរៀន​សូត្រ​ទេ​។ លោក​បាន​ចំណាយពេល​យុវវ័យ​ដើម្បី​តែ​ជួយ​ការងារ​មាតាបិតា នៅ​ក្នុង​គ្រួសារ​ក្នុង​ការប្រកបរបរ​ធ្វើ​ចម្ការ​។ មហាឧបាសិកា ប៊ុន ស៊ាងលី បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ឧបាសក លីន គ្រី នៅ​ឆ្នាំ​ ១៩៤៣ នៅក្នុង​ឃុំ​រកាខ្នុរ ស្រុក​ក្រូចឆ្មារ ខេត្តកំពង់ចាម​។ តាមរយៈ​ចំណង​អាពាហ៍ពិពាហ៍​នេះ មហាឧបាសិកា ប៊ុន ស៊ាងលី មាន​បុត្រ​ចំនួន​ ៥ ​នាក់ ស្រី​ ៣ ​នាក់ ប្រុស​ ២ ​នាក់​។

បន្ទាប់ពី​មរណភាព​របស់​មហាឧបាសិកា ប៊ុន ស៊ាងលី មាន​មន្ដ្រីរាជការ​គ្រប់​ជាន់ថ្នាក់​ជាច្រើន​រូប​ក្នុង​ប្រទេស​កម្ពុជា​បាន​ផ្ញើ​សារ​ចូលរួម​មរណទុក្ខ​ក្នុង​នោះ អតីត​ប្រធាន អតីត​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា ក៏បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ជូន​ចំពោះ​លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន និង​ភរិយា​ផងដែរ​។

លោក កឹម សុខា បាន​ផ្ញើសារ​រំលែក​ទុក្ខ​តាមរយៈ​ហ្វេសប៊ុក​របស់​លោក​ថា​៖ «​សម្តេច​ជា​ទីគោរព​រាប់អាន​, ភរិយា​ខ្ញុំ និង​រូបខ្ញុំ​មាន​សេចក្តី​សោកស្តាយ និង​សមាន​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ដោយ​អ្នកឧកញ៉ា​​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែល​ត្រូវជា​មាតា​ក្មេក​របស់​សម្តេច និង​ជា​មាតា​បង្កើត​របស់​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហមកម្ពុជា​បាន​ទទួល​មរណភាព​នា​ថ្ងៃ​ចន្ទ ទី​ ៤ ខែ ​ឧសភា ឆ្នាំ​ ២០២០ វេលា​ម៉ោង ២:១២ ​នាទី​ទៀបភ្លឺ​ដោយ​ជរាពាធ​ក្នុង​ជន្មាយុ ៩៦ ​ឆ្នាំ​»​។

លោក សុខា បន្ដថា មរណភាព​របស់​មហា​ឧបាសិកា ប៊ុន ស៊ាងលី គឺជា​ការបាត់បង់​មាតា ជីដូន ដែល​ជា​អ្នក​មាន​គុណ​​ដ៏ធំធេង​ដែល​បាន​ចិញ្ចឹម​បីបាច់​ថែរក្សា និង​អប់រំ​ទូន្មាន​កូនចៅ​ប្រកប​ដោយ​ព្រហ្មវិហារធម៌​។

លោក​បាន​បន្ដថា​៖ «​ក្នុង​ឱកាស​ប្រកប​ដោយ​សមាន​ទុក្ខ​ដ៏ក្រៀមក្រំ​នេះ ភរិយា​ខ្ញុំ និង​រូបខ្ញុំ សូម​ចូលរួម​រំលែក​នូវ​មរណទុក្ខ​ដោយ​សេចក្តី​សោកស្តាយ​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេជោ សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត និង​បុត្រា បុត្រី ចៅ ចៅទួត ព្រមទាំង​សាច់ញាតិ​ក្រុម​គ្រួសារ​ទាំងអស់​នៃ​សព​ដោយ​សេចក្តី​សង្វេគ​ក្រៃលែង​»៕