ភ្នំពេញៈ សែម សំណាង និងសែម ស្រីមាស ដែលជាប្អូនស្រីភ្លោះនឹងគ្នាទើបតែបានអាយុបីខែប៉ុណ្ណោះ នៅពេលពួកគេរៀបការជាមួយគ្នាទៅតាមប្រពៃណីខ្មែរ។
កញ្ញា សែម ស្រីមាស បានថ្លែងថា ពិធីរៀបការនេះគឺធ្វើឡើងធំដូចពិធីរៀបការតាមប្រពៃណីជាច្រើនទៀតដែរហើយពិធីរៀបការនេះគឺសំខាន់ស្លាប់រស់។ កញ្ញាបានពន្យល់ថា៖ «វាជាអបិយជំនឿរបស់យើង ប្រសិនបើយើងមិនបំពេញការរៀបការនេះ មួយក្នុងចំណោមយើងនឹងស្លាប់»។
ឪពុកម្តាយកូនភ្លោះនេះ បានរៀបចំជួលរោងការ និងនិមន្តព្រះសង្ឃ និងចាស់ៗ ក្នុងភូមិដើម្បីមកចូលរួម ឬសិទ្ធពរជ័យដល់កូនកំលោះ និងកូនក្រមុំទារកភ្លោះនេះ ខណៈពួកគេដេកនៅក្នុងប្រអប់តូចមួយ។ ភ្ញៀវរាប់រយនាក់បានចូលរួមពិសារអាហារ ដែលមានផ្លែឈើ ភេសជ្ជៈ និងសាច់ និងមានការច្រៀងរាំ។
ពិតណាស់ វាគឺជាពិធីតាមប្រពៃណី ប៉ុន្តែ សំណាង ដែលឥឡូវនេះ អាយុ២១ឆ្នាំ នៅតែទទួលការសើចចំអកពេលខ្លះ។
សំណាង បាននិយាយកាលពីសប្តាហ៍មុនថា៖ «មិត្តភក្តិរបស់ខ្ញុំមិនជឿនៅពេលខ្ញុំប្រាប់ពួកគេថា ខ្ញុំរៀបការរួចហើយ ពួកគេសួរខ្ញុំថា ហេតុអ្វីបានជាពួកគេមិនបានដឹងអំពីការរៀបការរបស់ខ្ញុំ»។
លោកបានថ្លែងទាំងសើចថា៖ «ហើយបន្ទាប់មកខ្ញុំប្រាប់ពួកគេថា ឪពុកម្តាយរបស់ខ្ញុំបានរៀបការខ្ញុំរួចហើយជាមួយបងប្រុសខ្ញុំ»។
កូនភ្លោះភេទផ្ទុយគ្នា ដែល ១០០០ មានតែពីរបី កើតមានឡើងនៅពេលដែលមេជីវិតពីរជាមួយក្រូម៉ូសូមពីរផ្សេងគ្នាមានវត្តមាននៅក្នុងស្បូនរបស់ស្រ្តីនៅពេលមានផ្ទៃពោះ។
ប៉ុន្តែរឿងព្រេងខ្មែរនិយាយថា វាកើតឡើងដោយសារពីរនាក់នោះ មានស្នេហាដែលត្រូវគេបំបែក ហើយចាប់ជាតិសាជាថ្មីជាមួយគ្នា។
លោក វង្ស សុធារ៉ា អ្នកជំនាញសិក្សា អំពីដំណើរវិវត្តន៍របស់មនុស្សអតីតកាលនិងបច្ចុប្បន្ន និងជាប្រធានផ្នែកប្រវត្តិវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានថ្លែងថា ប្រពៃណីជឿថា កូនភ្លោះភេទផ្ទុយគ្នាគឺជាគូស្នេហាពីអតីតជាតិដែលត្រូវបានរារាំងមិនឲ្យរៀបការ។ មានតែការប្រារព្ធពិធីរៀបការទេ ទើបអាចឲ្យពួកគេរស់នៅបាន។
លោកបានបន្តថា៖«កូនភ្លោះកម្ពុជាភាគច្រើនបំផុតដែលកើតមកមានភេទប្រុសនិងស្រីគឺត្រូវរៀបការនឹងគ្នា»។ «ពួកគេជឿថា កាលពីជាតិមុនគូស្នេហ៍នោះ មិនបានជោគជ័យ ហើយបានប្រាថ្នាជួបគ្នានៅជាតិក្រោយ»។ លោកបន្ថែមថា ការប្រសិទ្ធពរជ័យតាមរយៈការរៀបការនឹងនាំមកនូវសំណាងល្អ។
អ្នកស្រី ព្រេជ សយ ដែលជាម្តាយសំណាង និងស្រីមាស បានថ្លែងថា ចាស់ៗក្នុងសហគមន៍និងព្រះសង្ឃជំរុញឲ្យអ្នកស្រីរៀបចំពិធីរៀបការនេះដើម្បីស្របទៅតាមប្រពៃណី។ ភ្ញៀវប្រហែល៧០០នាក់បានមកចូលរួមពិធីនេះ ហើយពិធីនេះបានចំណាយអស់យ៉ាងហោចណាស់៣០០០ដុល្លារ។
អ្នកស្រីថ្លែងបន្តថា៖«ចាស់ៗជាច្រើន និងព្រះសង្ឃដែលខ្ញុំស្គាល់បានអបអរខ្ញុំ និងបានប្រាប់ខ្ញុំឲ្យរៀបចំពិធីរៀបការឲ្យកូនរបស់ខ្ញុំ ពីព្រោះពួកគេជឿថា កូនភ្លោះប្រុសស្រីធ្លាប់ជាគូស្នេហ៍នឹងគ្នា មិត្តភក្តិជិតស្និទ្ធ ឬបងប្អូនបង្កើត។ ដូច្នេះ ខ្ញុំត្រូវតែប្រារព្ធពិធីនេះសម្រាប់ពួកគេដើម្បីប្រសិទ្ធពរជ័យនិងនាំមកនូវសំណាងល្អសម្រាប់ពួកគេនិងគ្រួសារទាំងមូល»។
អ្នកស្រីបន្តថា៖ «ខ្ញុំប្រាកដ ១០០ ភាគរយថា ពួកគេនាំមកនូវសំណាងល្អដល់គ្រួសារ។ គ្រួសារខ្ញុំរីករាយជាងមុន ហើយយើងមានស្ថានភាពគ្រួសារប្រសើរជាងមុន»។
កញ្ញា សូម៉ាលី អាជីវករអាយុ ៣១ ឆ្នាំម្នាក់ ដែលរស់នៅក្នុងខេត្តសៀមរាប គឺជាអ្នកដែលមានជំនឿខ្លាំងចំពោះទំនៀមទម្លាប់រៀបការកូនភ្លោះប្រុសស្រីនេះ។ កញ្ញាបានបន្ទោសគ្រួសារ ចំពោះការមិនបានរៀបការតាមប្រពៃណីនេះ ទើបធ្វើឲ្យបងប្រុសរបស់កញ្ញាលង់ទឹកស្លាប់នៅអាងហែលទឹកពហុកីឡដ្ឋានអូឡាំពិកកាលពេលគាត់អាយុ ១៦ឆ្នាំ។
កញ្ញាបន្តថា៖ «បន្ទាប់ពីខ្ញុំខ្លួនឯងជួបនឹងគ្រោះថ្នាក់នេះ ខ្ញុំពិតជាជឿតាមប្រពៃណី»។
«បងប្រុសរបស់ខ្ញុំចេះហែលទឹក គាត់មិនគួរស្លាប់ដោយសារលង់ទឹកទេ ដូច្នេះយើងត្រូវតែទទួលស្គាល់ថា វានាំមកនូវសំណាងអាក្រក់ដល់គ្រួសារបើមិនរៀបការ»។ ទុក្ខសោកនេះ បានបណ្តាលឲ្យកញ្ញា សូម៉ាលី គិតដល់ការធ្វើអត្តឃាត។
នាង បាននិយាយថា៖ «មនុស្សមួយចំនួននៅក្នុងភូមិខ្ញុំ បានប្រាប់ គ្រួសាររបស់ខ្ញុំ និងបងប្រុសខ្ញុំឲ្យរៀបការ ប៉ុន្តែគ្រួសារខ្ញុំចង់ឲ្យខ្ញុំ ធ្វើការសម្រេចចិត្ត នៅពេលដែលយើងមានវ័យ ១៨ ឆ្នាំដោយសារតែ ពួកគេ គិតថាយើងមិនចាំបាច់ [ធ្វើពិធីនេះទេ] នៅពេលដែលយើងនៅពីតូច។ ដោយសារតែអកុសលបងប្រុស របស់ខ្ញុំ បានស្លាប់នៅពេលគេមានអាយុ១៦ ឆ្នាំ»។
លោក យឹម សុវុត្រា គ្រូពេទ្យចិត្តវិជ្ជា នៅឯគ្លីនិកផ្លូវចិត្តឈ្មោះព្រះអាទិត្យរះនៅរាជធានីភ្នំពេញ បានថ្លែងថា វាជារឿងមិនមែនធម្មតាទេដែល សូម៉ាលីស្តីបន្ទោសការបរាជ័យរបស់ឪពុកម្តាយនាងដែលមិនបានរៀបចំពិធីនេះ ទើបធ្វើឲ្យមានសោកនាដកម្ម។
លោក បញ្ជាក់ថា មនុស្សជារឿយៗ តែងតែងាកទៅរកអបិយជំនឿក្នុងការដោះស្រាយបញ្ហា។
លោក បន្តថា៖ «នៅកម្ពុជា ប្រជាជនខ្មែរ បានរៀបចំពិធីជាច្រើន ដើម្បីបញ្ចៀសសំណាងអាក្រក់។ វា មិនបង្កគ្រោះថ្នាក់ទេ នេះគ្រាន់តែជាជំនឿ និងវប្បធម៌របស់ពួកគេតែប៉ុណ្ណោះ»។
លោកបានថ្លែងទៀតថា ទោះជាយ៉ាងនេះក្តី ក៏លោក ព្យាយាមបញ្ជាក់ប្រាប់ អ្នកជំងឺថា ការមិនបានប្រារព្ធពិធីសាសនាឲ្យបានត្រឹមត្រូវ មិនមែនជារឿងត្រូវស្តីបន្ទោសចំពោះគ្រោះមហន្តរាយផ្ទាល់ខ្លួននោះទេ។
លោក បន្ថែមថា៖ «យើង ព្យាយាម ឲ្យគេកាត់បន្ថយជំនឿទាំងនោះ ប៉ុន្តែយើងមិនអាចប្រាប់ឲ្យពួកគេកុំឲ្យធ្វើពិធីនេះបានទេ»។
កញ្ញា សូម៉ាលី បានថ្លែងថា ការភ័យខ្លាចរបស់នាង ចំពោះផលវិបាកនៃកូនភ្លោះ ថា តើពួកគេមានភេទដូចគ្នា ឬខុសគ្នាមានការកើនឡើង ចាប់តាំងពីបងប្រុសរបស់នាង បានស្លាប់ទៅឬយ៉ាងណា? នាង បានស្តីបន្ទោសការធ្វើអត្តឃាតមួយនៃសាច់ញាតិរបស់ម្តាយមីងនាង ដែលមានកូនភ្លោះដូចគ្នាបេះដាក់ ដោយសារតែមិនបានប្រារព្ធពិធីសាសនាឲ្យបានត្រឹមត្រូវ។
នាងបន្តថា៖ «ទោះបី កូនភ្លោះ [ភេទដូចគ្នា] ពួកគេ ត្រូវមានពិធីពិសេសមួយភ្លាមៗបន្ទាប់ពីកើត ដោយសារតែមានរឿងអាក្រក់ជាច្រើន អាចនឹងកើតមានចំពោះម្នាក់ក្នុងចំណោមពួកគេ»។
ប៉ុន្តែលោក សុធារ៉ា បានថ្លែងថា លោក មិនបានដឹងពីទំនៀមទម្លាប់តែមួយគត់ណាមួយដែលទាក់ទង នឹងកូនភ្លោះភេទតែមួយដូចគ្នាឬមិនដូចគ្នាទេ។
ជាការពិត កូនភ្លោះដូចគ្នាបេះដាក់រវាងលោក ផល សំបូរនិងលោក សម្បត្តិ វ័យ ២៦ ឆ្នាំ ដែលអ្នកទាំងពីរ ជានិស្សិតអនុបណ្ឌិតនៅឯសាកលវិទ្យាល័យបញ្ញាសាស្ត្របានថ្លែងថា មិនមានអ្វីដែលមិនប្រក្រតី បានកើតឡើង ចំពោះពួកគេទេ ទោះបីពួកគេមិនបានរៀបចំពិធីតាមបែបសាសនាអ្វីក៏ដោយ។
លោក បន្តថា៖ «[យើង] បានរៀបចំពិធីបួងសួងដល់ជីដូនជីតា ប៉ុន្តែនោះគឺទូទៅមិនត្រឹមតែសម្រាប់កូនភ្លោះនោះទេប៉ុន្តែថែមទាំងសម្រាប់ក្មេងៗទូទៅផងដែរ»។
ទោះជាយ៉ាងនេះក្តី ក៏លោកសំបូរ បាន ថ្លែងថា ជួនកាលពួកគេមានការខឹងសម្បាចំពោះសម្តីដែលពួកគេទទួល។ យើងមានការខឹងតិចតួចនៅពេលដែលគេនិយាយថា ហេ! ឯងទាំងពីរមើលទៅដូចគ្នា!»។
ដូចគ្នានេះដែរ និសិ្សត ជាង ចុងយៀន វ័យ ១៩ ឆ្នាំនៅឯសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ បានថ្លែងថា ទាំងលោក និងបងប្អូនភ្លោះរបស់លោកដែលដូចគ្នាបេះដាក់ មិនមានសំណាងអាក្រក់អ្វីដែលបណ្តាលមកពីការមិនរៀបចំពិធីនេះទេ។ ដោយបានកើតខណៈដែលមានក្រុមឧទ្ទាមខ្មែរក្រហមវាយឆ្មក់កាលពីអំឡុងឆ្នាំ១៩៩៥ ក្រុមគ្រួសាររបស់លោក មិនបានធ្វើពិធីតាមប្រពៃណីនៅក្រោយពេលលោកកើតទេ។
លោក ថ្លែងថា៖ «ខ្ញុំមិនជឿវាទេ។ ខ្ញុំគិតថា វាគួរឲ្យអស់សំណើចណាស់»។
ទន្ទឹមនឹងនេះដែរ កញ្ញា សែម ស្រីមាស ដែលជាប្អូនស្រីភ្លោះរបស់លោកសំណាង បានថ្លែងថា នាងមិនដឹងច្បាស់ទេថា តើវាមានអបិយជំនឿឬយ៉ាងណាទេសម្រាប់កូនភ្លោះដែលមានភេទខុសគ្នា។ នាងបន្តថា ទាំងនាង និងបងប្រុសនាង មិនបាននៅចាំរឿងកាលពីជាតិមុនទេ។ «ខ្ញុំគ្រាន់តែបានឮវាពីចាស់ៗ»៕ NR