The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - មាន​ការ​ឃោសនា​តាម​អនឡាញ​ ខណៈ​យុទ្ធនាការ​មិន​ទាន់​ចាប់ផ្ដើម

មាន​ការ​ឃោសនា​តាម​អនឡាញ​ ខណៈ​យុទ្ធនាការ​មិន​ទាន់​ចាប់ផ្ដើម

Content image - Phnom Penh Post
លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​។ រូបថត ហ្វេសប៊ុក

មាន​ការ​ឃោសនា​តាម​អនឡាញ​ ខណៈ​យុទ្ធនាការ​មិន​ទាន់​ចាប់ផ្ដើម

ភ្នំពេញៈ ខណៈ​យុទ្ធនាការ​បោះឆ្នោត​នៅ​សល់​ជាង​ ២ ​ខែ​ទៀត ប៉ុន្តែ​មេដឹកនាំ​គណបក្ស​នយោបាយ​ខ្លះ​បាន​ចាប់ផ្តើម​ឃោសនា​តាម​អនឡាញ​រួច​ទៅ​ហើយ ដោយ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​​បោះឆ្នោត​ឲ្យ​គណបក្ស​ខ្លួន ប៉ុន្តែ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថា យុទ្ធនាការ​បែប​នេះ​មិន​ស្ថិត​ក្នុង​ដែន​ត្រួតពិនិត្យ​​របស់​ខ្លួន​ទេ ខណៈ​អ្នក​ជំនាញ​ខាង​ការបោះឆ្នោត​បាន​ចោទសួរ​អំពី​ក្រមសីលធម៌​របស់​អ្នក​នយោបាយ​។

យ៉ាង​ហោច​ណាស់​មាន​អ្នក​នយោបាយ​ ២ ​រូប​បាន​អំពាវនាវ​ទៅ​ពលរដ្ឋ​តាម​ហ្វេសប៊ុក​ឲ្យ​បោះឆ្នោត​ជូន​គណបក្ស​របស់​ខ្លួន​ដើម្បី​អភិវឌ្ឍ​ប្រទេស​។

លោក ពេជ្រ ស្រស់ មេដឹកនាំ​គណបក្ស​យុវជន​កម្ពុជា​កាលពី​ថ្ងៃ​ចន្ទ​បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​ដោយ​សន្យា​សាងសង់​មណ្ឌល​ថែទាំ​ចាស់ជរា​ចាប់ពី​អាយុ​ ៦០ ​ឆ្នាំ​ឡើង​ទៅ​នៅ​ខេត្ត​ត្បូងឃ្មុំ​ប្រសិន​បើ​លោក​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​។

លោក​បាន​សរសេរ​ថា​៖ «​សូម​លោកឪពុក អ្នក​ម្តាយ បងប្អូន ពូមីង ដែល​មាន​ឈ្មោះ​បោះឆ្នោត​ក្នុង​ទឹកដី​ខេត្ត​ត្បូងឃ្មុំ​មេត្តា​​គាំទ្រ​ខ្ញុំ ពេជ្រ ស្រស់ ឱ្យ​ក្លាយ​ជា​តំណាងរាស្ត្រ​ពេញ​សិទ្ធិ ដើម្បី​​ទទួល​បាន​មណ្ឌល​ថែទាំ​ជូន​ឪពុក ម្តាយ​របស់​បងប្អូន​នៅ​ថ្ងៃ​អនាគត​ដ៏ខ្លី​ខាង​មុខ​នេះ​»​។

លោក​បាន​បន្ថែម​ថា​៖ «​សូម​បញ្ជាក់​ថា​មណ្ឌល​ថែទាំ​ចាស់ជរា​អាច​កើត​មាន​ឡើង​បាន​លុះត្រា ខ្ញុំ ពេជ្រ ស្រស់ ជាប់​ឆ្នោត​ក្លាយ​ជា​តំណាងរាស្ត្រ​ពេញ​សិទ្ធិ​ទើប​ខ្ញុំ​អាច​សាងសង់​ជូន​លោកឪពុក អ្នក​ម្តាយ បងប្អូន ពូមីង បាន​»​។

ជា​រៀងរាល់​ការបញ្ចប់​ការសរសេរ​ក្នុង​ហ្វេសប៊ុក​លោក​​តែង​បញ្ចប់​ដោយ​ពាក្យ​ «​បោះឆ្នោត​ជូន​គណបក្ស​យុវជន​កម្ពុជា​​គឺ​បោះឆ្នោត​សង្គ្រោះ​ខ្លួនឯង​ និង​​ការអភិវឌ្ឍ​ជាតិ​ខ្មែរ​យើង​»​។

លោក ពេជ្រ ស្រស់ បន្ត​ថា​ប្រសិន​បើ​លោក​ជាប់ឆ្នោត​លោក​​នឹង​បោសសម្អាត​ទន្លេ​មេគង្គ​មិន​​ឲ្យ​មាន​ជនជាតិ​វៀតណាម​ហើយ​​ជនជាតិ​វៀតណាម​ដែល​រស់នៅ​ខុស​ច្បាប់​នឹង​ត្រូវ​និរទេស​​ទៅ​ប្រទេស​វៀតណាម​វិញ​។

អ្នក​នយោបាយ​ម្នាក់​ទៀត​ដែល​​ជា​ញឹកញាប់​អំពាវនាវ​ស្វែងរក​សំឡេង​ឆ្នោត​មុន​ពេល​កំណត់​​គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​។ ជា​ញឹកញាប់​លោក​អំពាវនាវ​ទៅ​ពលរដ្ឋ​ជាពិសេស​កម្មករ​កាត់ដេរ​ឲ្យ​​បោះឆ្នោត​ជូន​លោក និង​ផ្តល់​ឱកាស​ឲ្យ​លោក​បន្ត​ដឹកនាំ​ប្រទេស​ដើម្បី​ការពារ​សន្តិភាព និង​ការអភិវឌ្ឍ​។

កាលពី​ម្សិលមិញ​លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​បង្ហោះ​រូប​ចាស់​របស់​លោក​អំពី​សមិទ្ធផល​​នៃ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក​នៅ​កម្ពុជា​ដែល​ជា​ការ​រំលេច​​ពី​ស្នាដៃ​រដ្ឋាភិបាល​កើត​ចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​។

ដោយ​សន្យា​ជួប​ជាមួយ​កម្មករ​បន្តបន្ទាប់​លោក​បាន​ថ្លែង​ថា​៖ «​ពូ​នឹង​បន្ត​ចុះ​ជួប​ជាមួយ​ក្មួយៗ​កម្មករ​នៅ​ទូទាំង​ប្រទេស​។ ពូ​អរគុណ​ក្មួយៗ​ដែល​មាន​ជំនឿ​ជឿជាក់​លើ​ការដឹកនាំ​របស់​ពូ ហើយ​បន្ត​គាំទ្រ​ និង​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​ដើម្បី​ថែរក្សា​ការពារ​សន្តិភាព និង​ដើម្បី​ពូ​មាន​ឱកាស​អភិវឌ្ឍ​ប្រទេស​ជាតិ​យើង​ឱ្យ​កាន់តែ​រីកចម្រើន​»​។

អត្ថាធិប្បាយ​ស្រដៀង​គ្នា​នេះ​មិន​តិច​ជាង​ ១០ ​ទេ​ត្រូវ​បាន​ឃើញ​បង្ហោះ​លើ​ហ្វេសប៊ុក​​របស់​លោក​នៅក្នុង​រយៈកាល​ ១៥ ​ថ្ងៃ​ចុង​ក្រោយ​នេះ​។

យ៉ាង​ណា​ក្ដី​លោក ឌីម សុវណ្ណារុំ អ្នក​នាំពាក្យ គ.ជ.ប. បាន​ថ្លែង​ថា​អ្វី​ក៏ដោយ​ដែល​អ្នកនយោបាយ​និយាយ​មិន​ស្ថិត​​នៅ​ក្រោម​ការគ្រប់គ្រង​របស់​ គ.ជ.ប. ទេ នៅ​ពេល​វា​នៅ​ក្រៅ​យុទ្ធនាការ​បោះឆ្នោត​។

លោក​បាន​បន្ត​ថា​៖ «​តាម​ច្បាប់​ គ.ជ.ប. គ្រប់គ្រង​តែ​យុទ្ធនាការ​បោះឆ្នោត​រយៈពេល​ ២១ ​ថ្ងៃ​ពី​ថ្ងៃ​ទី​ ៧ ដល់​ថ្ងៃទី​​ ២៧ ខែ​កក្កដា ២០១៨​។ ក្រៅ​រយៈពេល​នេះ​វា​គឺ​ស្ថិត​នៅ​ក្រោម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​»​។

ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​រកឃើញ​​មាត្រា​ណា​មួយ​នៅក្នុង​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដែល​ចែង​អំពី​យុទ្ធនាការ​បោះឆ្នោត​ទេ​។

នៅពេល​ទាក់ទង​សុំ​អត្ថាធិប្បាយ​កាលពី​ម្សិលមិញ​លោក​​ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​បង្វែរ​សំណួរ​នេះ​ទៅ គ.ជ.ប. វិញ​។

លោក យឿង សុធារ៉ា អ្នកវិភាគ​ដែល​មាន​ចំណេះដឹង​អំពី​ច្បាប់​បោះឆ្នោត​បាន​ថ្លែង​ថា មិនមាន​ច្បាប់​ណា​គ្រប់គ្រង ការអំពាវនាវ​ឲ្យ​បោះឆ្នោត​នៅ​ក្រៅ​រយៈពេល​នៃ​យុទ្ធនា​ការបោះឆ្នោត​ទេ​។

លោក​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​គិត​ថា​វា​ត្រូវ​បាន​ហាម ប៉ុន្តែ​ខ្ញុំ​គិត​ថា​វា​ក៏​មាន​ចន្លោះ​ប្រហោង​ផងដែរ​នៅក្នុង​ច្បាប់​បោះឆ្នោត​។ ទោះ​យ៉ាង​ណា​ក្តី​ប្រសិន​បើ​ច្បាប់​ពង្រីក​លើស​យុទ្ធនាការ​ ២១ ​ថ្ងៃ វា​មិនមែន​សម្រាប់​តែ​អ្នក​នយោបាយ​ទេ​។ នេះ​វា​អាច​ប៉ះពាល់​ដល់​សេរីភាព​នៃ​ការបញ្ចេញមតិ ។ ដូច្នេះ​នេះ​គួរ​តែ​មាន​តុល្យភាព​។ អ្នក​នយោបាយ​គួរ​តែ​មាន​ក្រមសីលធម៌​ចំពោះ​អ្វី​ដែល​ខ្លួន​និយាយ​នៅ​​មុន​រយៈពេល​យុទ្ធនាការ​បោះឆ្នោត​។ យើង​ឃើញ​ថា គណបក្ស​នយោបាយ​បាន​ព្យាយាម​ទិញ​សំឡេង​ឆ្នោត​តាមរយៈ​​ការចំណាយ​លុយ​។ ​ដូច្នេះ​មិន​មាន​ច្បាប់​ណា​ចែង​លើ​បញ្ហា​នេះ​ទេ​»៕

អត្ថបទគួរចាប់អារម្មណ៍