ភ្នំពេញៈ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោ​ក ស ថេត បាន​បង្ហាញ​បំណង​ចង់​ឲ្យ​មន្ត្រី​នគរបាល​ដែល​ឈរ​ជើង​នៅ​រាជធានី​ភ្នំពេញ​ធ្វើ​តេស្ត​ពិនិត្យ​ទឹក​នោម​រក​សារ​ធាតុ​ញៀន​ដើម្បី​បង្ការ​កុំឱ្យ​មន្ត្រី​ណា​ម្នាក់​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់​គ្រឿង​ញៀន​ដែល​ច្បាប់​ហាម​ឃាត់។

លោក ស ថេត បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា លោក​មិន​ទាន់​បាន​កំណត់​ពេល​ជាក់​លាក់​ដើម្បី​ពិនិត្យ​ទឹក​នោម​មន្ត្រី​នគរបាល​រក​សារ​ធាតុ​ញៀន​នៅ​ឡើយ​ទេ​ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​ថា​នឹង​ធ្វើ​នៅ​ពេល​វេលា​សម​ស្រប​ណាមួយ។

យ៉ាងណាក្ដី លោក​មិន​ជឿថា​មន្ត្រីនគរបាល​របស់លោក​ណា​ម្នាក់​កំពុង​ស្ថិត​ក្នុង​ការ​ប្រើប្រាស់​គ្រឿង​ញៀន​ឡើយ ព្រោះ​មុន​ពួកគេ​ប្រឡង​ចូល​ក្របខ័ណ្ឌ​គឺ​តែង​មាន​ការ​ពិនិត្យ​ទឹក​នោម​រក​សារ​ធាតុ​ញៀន​ជាមុន។

លោក​ថា៖ «ប៉ុន្តែ​ចូល​ក្របខ័​ណ្ឌ​ហើយ​អាចមាន​បុគ្គល​តិចតួច អាច​ថា​មាន (ការ​ប្រើប្រាស់​គ្រឿង​ញៀន) អាហ្នឹង​ជា​រឿង​មួយ​ផ្សេង។ អ៊ីចឹង (បំណង​ធ្វើ​តេស្ត​ទឹក​នោម) យើង​គ្រាន់​តែ​អប់រំ​ជាមុន មិន​មែន​យើង​សង្ស័យ​មន្ត្រី​នគរបាល​យើង​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ទេ យើង​គ្រាន់​តែ​បង្ការ និង​ឱ្យ (នគរបាល) ចៀស​វាង»។

បើតាម​លោក ស ថេត ប្រសិនបើ​ការធ្វើ​តេស្ដ​ទឹកនោម​លើ​មន្ត្រី​នគរបាល​ហើយ​រក​ឃើញ​សារ​ធាតុ​ញៀន នោះ​ពួកគេ​នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​ក្របខ័ណ្ឌ។

ការប្រកាស​របស់លោក ស ថេត នេះ​បាន​ធ្វើឡើង​ស្រប​ពេលដែល​កាល​ពី​សប្ដាហ៍​មុន រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ចេញ​បញ្ជា​ឱ្យ​មន្ត្រី​នគរបាល​ទាំង​អស់​ត្រូវ​បំពេញ​តួនាទី​តាម​វិជ្ជាជីវៈ និង​ស្អាតស្អំ ដោយ​មិន​ត្រូវ​ពាក់ព័ន្ធ​នឹង​ករណី​បទ​ល្មើស​គ្រឿង​ញៀន ដូចជា ការ​ជួញ​ដូរ ចែក​ចាយ និង​លក់​ដូរ​គ្រឿង​ញៀន​ឡើយ។

ការព្រមាន​របស់លោក ស ខេង នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​បង្ក្រាបបាន​គ្រឿង​ញៀន​ជិត ៥០ គីឡូ​ដ៏​កក្រើក​មួយ​នៅ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​របស់​ឧកញ៉ា ​គិត ធាង និង​ក្រោយ​មក​បាន​រក​ឃើញ​មន្ត្រី​នគរបាល​ម្នាក់​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​នេះ​ដែល​កំពុង​ស្ថិត​ក្នុង​ការ​តាម​ចាប់​ខ្លួន។

លោក ឆាយ គឹម​ខឿន មន្ត្រី​នាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ម្សិលមិញ​ដែរ​ថា មន្ត្រី​នគរបាល​ម្នាក់​ដែល​ពាក់ព័ន្ធ​ករណី​គ្រឿង​ញៀន​នៅ​ក្លិប​កម្សាន្ត​រ៉ុក​នោះ​គឺ​មក​ទល់​ពេល​នេះ​មិន​ទាន់​មក​បង្ហាញ​ខ្លួន​ឬ​តាម​ចាប់​ខ្លួន​បាន​នៅ​ឡើយ​ទេ។ លោក​ថា៖ «យើង​កំពុង​បន្ត​តាម​ចាប់​ខ្លួន»។

លោក សន ជ័យ នាយកប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេ​យ្យ​ភាព​សង្គម​កម្ពុជា​យល់​ឃើញ​ថា ការធ្វើ​តេស្ដ​ទឹក​នោម​រក​សារ​ធាតុ​ញៀន​ពី​មន្ត្រី​នគរបាល​គឺជា​គំរូ​ល្អ ប៉ុន្តែ​លោក​ចង់​ឃើញ​ការ​ធ្វើ​តេស្ដ​នេះ​ត្រូវ​អនុវត្ត​ឱ្យ​បាន​ទូលំ​ទូលាយ​ចាប់​ពី​មន្ត្រី​នគរបាល​ថ្នាក់​ជាតិ រហូត​ដល់​មន្ត្រី​នគរបាល​រដ្ឋបាល​នៅ​តាម​ឃុំ​សង្កាត់។

លោក​ថា៖ «ពួកគេ​ជានគរបាល​ដែល​ត្រូវ​បង្ក្រាប​គ្រឿងញៀន និង​បទ​ល្មើស​ដែល​បង្ក​ឡើង​ពី​គ្រឿង​ញៀន​ក៏​ដូច​គ្រឿង​ស្រវឹង​ជាដើម។ ក្រៅ​ពីនោះ​យើង​ក៏​ចង់​ឃើញ​កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​បង្ហាញ​ភាព​ជា​គំរូ​ល្អ​នេះ​ដែរ»។

ទោះជា​យ៉ាងណា លោក ស ថេត អះអាងថា លោក​ពុំទាន់​ដឹង​អំពី​វិធានការ​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ​ដែល​ចង់​ឱ្យ​មន្ត្រី​នគរបាល​នៅ​ទូទាំង​ប្រទេស ធ្វើ​តេស្ដ​ទឹក​នោម​រក​សារ​ធាតុ​ញៀន​នោះ​ឡើយ៕