មណ្ឌលគិរីៈ សកម្មជន​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី​បញ្ជាក់ថា ទាហាន​នៅ​មូលដ្ឋាន​កងទ័ព​គ​ ១ ​នៅ​ស្រុក​ពេជ្រាដា និង​ពលរដ្ឋ​ខ្មែរ​ចំនួន​ ៣ ​នាក់​បាន​ឃុបឃិត​ជាមួយ​ជនជាតិ​វៀតណាម​ ៣ ​នាក់​ទៀត​ប្រមូលយក​សសរថ្ម​លក្ខណៈ​ធម្មជាតិ មាន​អាយុកាល​រាប់រយ​ឆ្នាំ ដើម្បី​ដឹក​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​។

លោក​ គ្រើង តុលា សកម្មជន​ព្រៃឈើ​នៅ​ឃុំ​ប៊ូស្រា​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​លោក និង ពលរដ្ឋ​មួយចំនួនទៀត​បាន​សហការ​ជាមួយ​ប៉ូលិស​ប៉ុស្ដិ៍​ឃុំ​ប៊ូស្រា​ចំនួន​ ៣ ​នាក់​ចុះ​ទៅ​ដល់​ទីតាំង​ចំណុច​អូរស្រា​ក្នុង​ភូមិ​ឡាំម៉េះ ស្រុក​ពេជ្រាដា បន្ទាប់ពី​អ្នកភូមិ​រាយការណ៍​ថា ទីតាំង​នោះ​កំពុងមាន​ទាហាន​ខ្មែរ និង​ជនជាតិ​វៀតណាម​ធ្វើ​សកម្មភាព​គាស់​កាយ​យក​សសរថ្ម​ធម្មជាតិ ដើម្បី​ដឹក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​។ សសរថ្ម​ធម្មជាតិ​នោះ​មាន​មុខកាត់​ចាប់ពី​ ៤០ ​ទៅ​ ៦០ ​សង់ទីម៉ែត្រ និង​ប្រវែង​ ២ ​ទៅ​ដល់​ ៤ ​ម៉ែត្រ​។

លោក​បន្តថា​នៅ​ទីតាំង​នោះមាន​សសរថ្ម​រាប់ពាន់​ដើម​ដែល​ពលរដ្ឋ​ជឿជាក់ថា មាន​អាយុ​រាប់រយឆ្នាំ​ដែល​ស្ថិតនៅ​ចម្ងាយ​ពី​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ប្រហែល​ ១០ ​គីឡូម៉ែត្រ និង​ពី​ប្រទេស​វៀតណាម​ប្រហែល​ ៤០ ​គីឡូ​។ លោក​បញ្ជាក់ថា ក្នុង​សសរ​ ១ ​ដើម​ត្រូវបាន​គេ​ថ្លឹង​លក់ និង​មាន​តម្លៃ​រាប់ពាន់​ដុល្លារ នៅពេល​ដឹក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ដោយ​យកទៅ​ធ្វើជា​របស់​លម្អ​សម្រាប់​ដាក់តាំង​នៅក្នុង​ផ្ទះ​។

លោក​ គ្រើង តុលា ប្រាប់​ថា​៖ «​គ្រាន់តែ​បាន​ដឹង​ពី​ប្រជាពលរដ្ឋ​រាយការណ៍​ភ្លាម ខ្ញុំ​បាន​ខល​ទៅ​អភិបាលស្រុក​ពេជ្រាដា ដើម្បី​សុំ​កម្លាំង ដោយសារ​ក្រុម​ហ្នឹង​ដែលជា​ទាហាន​គឺមាន​កាំភ្លើង អ៊ីចឹង​ខ្ញុំ​មិន​ហ៊ាន​ទៅជា​មួយ​សហគមន៍​ទេ​។ មាន​ប៉ូលិស​ប៉ុស្ដិ៍​ ៣ ​នាក់​ទៅជា​មួយ​ពួកខ្ញុំ​ប៉ុន្តែ​ដោយសារ​បែកការណ៍​មុន​ពួក​ហ្នឹង​បាន​រត់​ហើយ​មកជួប​យើង​នៅតាម​ផ្លូវ​ដែល​មាន​ចម្ងាយ​ពី​ទីតាំង​កើតហេតុ​ប្រហែល​ ១ ​គីឡូ​។ យើង​បាន​ចុះទៅ​ដល់​កន្លែងកើតហេតុ​ផ្ទាល់ ហើយ​មិនអាច​ឃាត់​ពួកគេ​បាន​ទេ ដោយសារ​យើង​គ្មាន​ភ័ស្ដុតាង ពីព្រោះ​ជួប​ (​ពួក​) ​វា​តាមផ្លូវ​»​។

សកម្មជន​ព្រៃឈើ​រូបនេះ​បន្តថា ទាហាន​ចំនួន​ ៣ ​នាក់​ដែល​សហការ​ជាមួយ​ជនជាតិ​វៀតណាម​ដើម្បី​លួច​យក​សសរថ្ម​ពី​ខ្មែរ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម គឺជា​ទាហាន​មកពី​មូលដ្ឋាន​កងទ័ព​គ​ ១ ​ប្រចាំ​នៅ​ស្រុក​ពេជ្រាដា​។ សសរថ្ម​ទាំងនេះ​គឺជា​សម្បត្តិ​របស់​ជាតិ​ដែល​មាន​តម្លៃ​ស្មើនឹង​សម្បត្តិ​ធនធានធម្មជាតិ​ផ្សេងទៀត ដូចជា​ព្រៃឈើ និង​រ៉ែ​ជាដើម​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា​អ្វី​ដែល​គួរ​ធ្វើ គឺ​រក្សា​អ្វី​ដែល​ជា​សម្បត្តិ​ដូនតា និង​សម្បត្តិ​របស់​ជាតិ​យើង គឺជា​រឿង​ត្រឹមត្រូវ ហើយ​បើ​យើង​យក​ទៅ​លក់​ឱ្យគេ វា​ក្លាយ​ជា​សម្បត្តិ​របស់គេ​។ អ៊ីចឹង​ខ្ញុំ​មាន​ការសោកស្ដាយ ហើយ​ខ្ញុំ​សំណូមពរ​ឱ្យ​អាជ្ញាធរ និង​ថ្នាក់ដឹកនាំ​កំពូលៗ​ដែល​មាន​ប្រាក់ខែ​ហើយ គួរ​ស្ងប់​ហើយ​ក្នុង​នាម​ជា​កងទ័ព​មាន​កាតព្វកិច្ច​ស្នេហា​ជាតិ​ត្រូវ​ចេះ​ស្រឡាញ់​ជាតិ​»​។

លោក តុលា សង្ស័យ​ថា​មូលហេតុ​មាន​ជនជាតិ​វៀតណាម​អាច​ចូលមក​យក​ថ្ម​នៅក្នុង​ខេត្តមណ្ឌលគិរី​នេះ​អាច​មាន​ការបើក​ផ្លូវ​ពី​មន្ត្រី​ក្នុង​ខេត្ត​។ លោក​បញ្ជាក់ទៀតថា នៅពេល​ក្រុម​ពលរដ្ឋ និង​ប៉ូលិស​ចុះ​ដល់​ទីតាំង​នោះ​សង្កេត​ឃើញ​ថ្ម​មួយចំនួន​ត្រូវ​គាស់​ចេញពី​ដី​ ប៉ុន្តែ​មិនបាន​ឃើញ​មាន​គ្រឿងចក្រ​ត្រៀម​ដឹក​ចេញ​នោះទេ​។

លោក​ លន់ គឹមហេង មេ​ប៉ុស្ដិ៍​ឃុំ​ប៊ូស្រា​និយាយ​ដែរ​ថា ពិតជា​មាន​ជនជាតិ​វៀតណាម​ចូលមក​គាស់​សសរថ្ម​ទាំងនោះ​ក្នុង​មូលដ្ឋាន​របស់លោក​មែន​។ លោក​បន្តថា សសរថ្ម​ទាំងនោះ​ត្រូវបាន​គេ​ដឹង​តៗ​គ្នា​ថា​បាន​ដុះ​ឡើង​ដោយ​ខ្លួនឯង​នៅតាម​ចង្កេះភ្នំ​ប៉ុន្តែ​មើល​ទៅ​ប្រៀបដូចជា​ត្រូវបាន​គេ​លើក​បន្តុប​លើ​គ្នា ដែល​ហាក់ដូច​ជា​ទីតាំង​របស់​ប្រាសាទ​ដែរ​។

លោក​ថ្លែងថា​៖ «​តាម​ខ្ញុំ​សង្កេតមើល​ទៅ​ថ្ម​ទាំង​ហ្នឹង គឺ​អ្នកមាន​គេ​ចង់យក​ទៅធ្វើជា​បង្កាន់ដៃ​ផ្ទះ ឬ​ធ្វើជា​ភូមិគ្រឹះ ហើយ​មិនមែន​លំដាប់​អ្នកទន់ខ្សោយ​មក​យក​ថ្ម​ហ្នឹង​ទេ​។ ទីតាំង​ហ្នឹង​មិនមែន​ជា​ប្រាសាទបុរាណ​អី​ទេ​ ប៉ុន្តែ​គ្រាន់តែ​ថា ថ្ម​ទាំង​អស់ហ្នឹង​ដុះ​មក​ស្អាត ហើយ​ដែល​គេ​ចង់យក​ទៅ​ធ្វើ​ជា​ផ្ទះ ហើយ​វា​ដុះ​នៅតាម​ចង្កេះភ្នំ​ដែល​មាន​កម្ពស់​ប្រហែល​ ២ ​ម៉ែត្រ​ទៅ​ ២ ​ម៉ែត្រ​ជាង​»​។

មេ​ប៉ុស្ដិ៍​រូបនេះ​បញ្ជាក់ថា មិនមាន​ទាហាន​មកពី​មូលដ្ឋាន​កងទ័ព​គ​ ១ ​ឃុបឃិត​ជាមួយ​ជនជាតិ​វៀតណាម មក​យក​ថ្ម​ទាំងនេះ​ទេ​។ លោក​ក៏​មិនអាច​បញ្ជាក់ដែរថា ថ្ម​ទាំងនោះ​ពិតជា​ត្រូវបាន​គេ​ប្រុង​ដឹកចេញទៅ​លក់​នៅ​ប្រទេស​វៀតណាម​ឬ​យ៉ាងណា​នោះដែរ​។ លោក​បន្ថែមថា សកម្មភាព​លួច​ថ្ម​ទាំងនេះ គឺ​ត្រូវ​ចាត់​ចូល​ពីបទ​បំផ្លាញ​ធនធាន​របស់​ជាតិ​។

លោក​ថា​៖ «​ខ្ញុំ​បញ្ជាក់​បន្តិច ទាហាន​ទាំងអស់​ហ្នឹង​ពី​មុន​ជា​ទាហាន​មែន​ប៉ុន្តែ​ឥឡូវ​គេ​ដេញ​ពួកវា​ចេញ​ក្រៅ​ជួរ​ហើយ​។ យើង​កំពុង​តាមដាន​ក្រែង​ពួកវា​ទៅយក​ទៀត​ដើម្បី​ថត​អំពី​សកម្មភាព​ដើម្បី​ដាក់បន្ទុក​ពួកវា​។ ព្រោះ​ឥឡូវ​យើង​មិនទាន់​ឃើញ​ពួកវា​ធ្វើ​សកម្មភាព​នៅ​កន្លែង​កើតហេតុ​ហ្នឹង​ផង អ៊ីចឹង​! យើង​មិនអាច​ដាក់បន្ទុក​លើ​ពួកវា​បានទេ​»​។

លោក​ គង់ ដាំ មេបញ្ជាការ​មូលដ្ឋាន​កងទ័ព​គ​ ១ ​ថា មិន​បានដឹង​ទាហាន​ឃុបឃិត​ជាមួយ​ជនជាតិ​វៀតណាម​លួច​ថ្ម​ពី​ខ្មែរ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ឡើយ​។​លោក​ថា​៖ «​និយាយ​រួម​ខ្ញុំ​មិនដែល​ឮថា​នៅ​ស្រុក​ពេជ្រាដា មាន​ថ្ម​ហ្នឹង​ផង​»​។ លោក​ កែវ សុភ័ក្រ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី មិនអាច​ទាក់ទង​សុំ​បញ្ជាក់បាន​ទេពី​ម្សិលមិញ​៕

វីដេអូ៖