
អ្នកចូលរួម នៅក្នុងវេទិកាយុវជន កាលពីថ្ងៃអាទិត្យ។ សហការី
ភ្នំពេញៈ ក្រុមអ្នកសិក្សាផ្នែកការអភិវឌ្ឍសង្គម បានជំរុញឲ្យយុវជន ត្រូវខិតខំកសាងខ្លួន ឲ្យក្លាយទៅជាតួអង្គមានតម្លៃ និងមានឥទ្ធិពលនៅក្នុងសង្គម ដើម្បីកុំឲ្យក្លាយទៅជាជនរងគ្រោះដោយសារតែអ្នកនយោបាយខណៈមានការកត់សម្គាល់ថា ក្នុងចំណោមយុវជនកម្ពុជាប្រមាណ ៥ លាននាក់ ៨០ ភាគរយនៃពួកគេ គឺជាអ្នកដែលគ្មានចំណេះ គ្មានជំនាញពិតប្រាកដនោះទេ។
ក្រុមអ្នកសិក្សាស្រាវជ្រាវបានលើកឡើងនៅក្នុងវេទិកាយុវជនស្តីពី «ឥទ្ធិពលនៃការវិវឌ្ឍស្ថានភាពនយោបាយបច្ចុប្បន្នទៅលើយុវជន» រៀបចំដោយអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) នៅរាជធានីភ្នំពេញកាលពីថ្ងៃអាទិត្យដែលមានព្រះសង្ឃ និងយុវជនជាង ២០០ អង្គ/នាក់ មកពីភ្នំពេញ ខេត្ត កំពង់ចាម និងបាត់ដំបងចូលរួម។
លោក ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងនូវទស្សនៈផ្ទាល់ខ្លួនថា ការវិវត្តស្ថានការណ៍នយោបាយ នៅក្នុងសង្គមខ្មែរ ម្ដងតឹងម្ដងធូរចាប់តាំងពីឆ្នាំ ១៩៩៣ មកដល់បច្ចុប្បន្ន។
លោកបន្តថា៖ «យុវជនជាអ្នកតាមដានព័ត៌មាន ប្រាកដជាដឹងហើយថា ស្ថានការណ៍នយោបាយ យ៉ាងម៉េច មកដល់សព្វថ្ងៃនេះ។ តាមរយៈវីដេអូ និងប្រព័ន្ធផ្សព្វផ្សាយ មហាជនបានសម្ដែងការព្រួយបារម្ភ ដោយសារតែគាត់ឃើញអ្នកនយោបាយរបស់យើង មិនទាន់ចុះសម្រុងគ្នា បែកបាក់គ្នា»។
លោកនៅតែចាត់ទុកថា យុវជនជាកម្លាំងសំខាន់ក្នុងការដោះស្រាយបញ្ហាប្រទេសជាតិ។
លោកបន្ដថា៖ «ពេលយុវជនខ្លាំងអ្នកនយោបាយនឹងព្យាយាមធ្វើគោលនយោបាយ ដែលនឹងបម្រើផលប្រយោជន៍ដល់យុវជន។ ដូច្នេះយុវជនត្រូវធ្វើខ្លួនឯងឲ្យក្លាយជាតួអង្គដែលមានតម្លៃ និងមានឥទ្ធិពលនៅក្នុងសង្គម»។
លោកបន្ថែមថា៖ «ផ្ទុយទៅវិញ បើយុវជនមិនព្រមធ្វើឲ្យខ្លួនឯង ក្លាយជាតួអង្គមានតម្លៃទេនោះ យុវជននឹងក្លាយជាជនរងគ្រោះ ដោយសារតែអ្នកនយោបាយ»។
លោក មាស នី អ្នកវិភាគបញ្ហាសង្គម បានរំឭកពាក្យបុរាណខ្មែរ ដែលបានលើកឡើងថា «ទំពាំងស្នងឫស្សី»។
លោកចោទសួរថា តើទំពាំងស្នងឫស្សី មានទិដ្ឋភាពដូចម្តេច នៅក្នុងសង្គមខ្មែរបច្ចុប្បន្ន។ លោកចោទសួរថា តើយុវជនក្នុងពេលបច្ចុប្បន្ន ត្រូវបានអ្នកនយោបាយ ដែលជាអ្នកជំនាន់មុនផ្តល់ឱកាសគ្រប់គ្រាន់ដើម្បីឲ្យលូតលាស់ផុតពីឫស្សីហើយឬនៅ? លោកបានប្រៀបធៀបពីភាពខ្លាំង របស់ប្រទេសសិង្ហបុរី ដែលបើទោះជាសិង្ហបុរីជាប្រទេសតូច និងមានពលរដ្ឋតិចក្តី តែប្រទេសនេះ ក៏អាចក្លាយជាប្រទេសខ្លាំងបានដែរ នាពេលបច្ចុប្បន្ន ដោយសារតែ មេដឹកនាំរបស់គេ បានដឹកនាំដោយដើរនៅលើផ្លូវត្រូវ។
លោកកត់សម្គាល់ថា កត្តាសំខាន់បំផុតមួយ ដែលធ្វើឲ្យសិង្ហបុរី ក្លាយជាប្រទេសរីកចម្រើនរហូតមកទល់សព្វថ្ងៃដោយសារតែថ្នាក់ដឹកនាំរបស់គេ បានចំណាយធនធានជាច្រើន ទៅលើការអភិវឌ្ឍធនធានមនុស្ស ជាពិសេសការអភិវឌ្ឍចំណេះដឹងរបស់យុវជន ព្រោះថា នៅពេលដែលពលរដ្ឋជាពិសេសយុវជន មានចំណេះដឹងគ្រប់គ្រាន់ ពេលនោះហើយ ដែលវាមានការងាយស្រួល ក្នុងការអភិវឌ្ឍសង្គម។
លោកអះអាងថានៅប្រទេស កម្ពុជា យុវជនមានជាង ៥ លាននាក់ ក្នុងចំណោមពលរដ្ឋសរុបប្រមាណ ១៦ លាននាក់ ប៉ុន្តែប្រមាណ ៨០ ភាគរយ នៃយុវជនទាំងនោះ គឺជាអ្នកដែលគ្មានចំណេះ គ្មានជំនាញពិតប្រាកដ ដែលដូច្នោះហើយទើបមានការពិបាកក្នុងការអភិវឌ្ឍសង្គម។
លោក មាស នី សង្កត់ធ្ងន់ថា៖ «បញ្ហាសង្គមផ្សេងៗទៀត កំពុងតែធ្វើឲ្យកម្លាំងយុវជនកាន់តែចុះទន់ខ្សោយថែមទៀត ក្នុងនោះមានដូចជាបញ្ហាគ្រឿងញៀនការប្រើប្រាស់គ្រឿងស្រវឹង ការលាបពណ៌គ្នា រវាងអ្នកនយោបាយ និងយុវជនគ្នាឯងជាដើម»។
លោកយល់ថា បើយុវជនដែលជាអ្នកជំនាន់ក្រោយ នៅតែបន្តលាបពណ៌គ្នា នោះយុវជន នឹងមិនអាចលូតលាស់ល្អ ក្នុងនាមខ្លួនជាទំពាំងដើម្បីទៅស្នងឫស្សីបាននោះទេ។
កញ្ញា លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេង បានលើកឡើងពីគំរូវីរភាពរបស់លោក កែម ឡី ដែលកញ្ញាថាលោក កែម ឡី បានក្លាយជាកម្លាំងចលករមួយដ៏សំខាន់ ដែលបានជំរុញទឹកចិត្តយុវជន ឲ្យចូលរួមក្នុងការឈឺឆ្អាលគិតគូរពីបញ្ហាសង្គមជាតិ។
ចំពោះស្ថានការណ៍នយោបាយកម្ពុជានាពេលបច្ចុប្បន្ននេះ កញ្ញាយល់ថា អ្នកនយោបាយខ្មែរ ពុំបានរួមគ្នាដោះស្រាយបញ្ហាជាតិសំខាន់ៗនៅឡើយ ដោយបន្តទុកឲ្យបញ្ហានយោបាយនៅជាប់គាំងរហូតមកដល់បច្ចុប្បន្ន។ «អ្នកនយោបាយហាក់ពុំសូវមានពេលវេលាមកគិតគូរពីរឿងគោលនយោបាយ ដើម្បីដោះស្រាយបញ្ហាធំៗរបស់ប្រទេសជាតិដែលកំពុងតែប្រឈមនោះទេ»។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ ក៏បានទទួលស្គាល់ដែរថា យុវជន ជាកម្លាំងចលករក្នុងការចូលរួមអភិវឌ្ឍសង្គម វប្បធម៌ និងសេដ្ឋកិច្ច។ លោកលើកឡើងថា ដោយសារតែដូច្នេះហើយ ទើបយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល និងយុទ្ធសាស្រ្ដវិស័យអប់រំឆ្នាំ ២០១៩-២០២៣ ក្រសួងអប់រំ បានដាក់ចេញនូវយុទ្ធសាស្រ្ដកំណែទម្រង់វិស័យអប់រំធំៗចំនួន ៤ មានយុទ្ធសាស្រ្ដកំណែទម្រង់ការគ្រប់គ្រង់អប់រំ យុទ្ធសាស្រ្ដកំណែទម្រង់កម្រិតឧត្ដមសិក្សា យុទ្ធសាស្រ្ដកំណែទម្រង់ការអភិវឌ្ឍយុវជន និងយុទ្ធសាស្រ្ដកំណែទម្រង់ការអប់រំកាយ និងកីឡា។
លោកបញ្ជាក់ប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា៖ «យុទ្ធសាស្រ្តអភិវឌ្ឍយុវជនយើងមានខ្លឹមសារសំខាន់ៗ ផ្ដល់ឱកាសឱ្យយុវជន ទទួលបាននូវការអប់រំ និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈប្រកបដោយគុណភាព និងសមធម៌ និងការលើកទឹកចិត្ដយុវជនឱ្យមានគំនិតផ្គួចផ្ដើមគំនិតច្នៃប្រឌិត គំនិតបង្កើតថ្មីនិងស្មារតីសហគ្រិនភាព»។
លោកថា៖ «យើងក៏មានយុទ្ធសាស្រ្ដក្នុងការអភិវឌ្ឍយុវជនឱ្យមានកាយសម្បទា ចំណេះដឹង ចំណេះធ្វើ សីលធម៌រស់នៅល្អចេះរួមរស់ជាមួយគ្នាដោយសន្ដិភាព និងសុខដុមណីយកម្ម និងបង្កឱកាសឱ្យយុវជនចូលរួមបញ្ចេញមតិ ទស្សនៈ និងធ្វើសេចក្ដីសម្រេចចិត្ដនានាក្នុងការអភិវឌ្ឍសហគមន៍ និងសង្គមជាតិ និងការ ពង្រឹងយន្ដការគ្រប់គ្រង និងពិនិត្យតាមដានកម្មវិធីអភិវឌ្ឍយុវជន ទាំងនេះជាអាទិភាពនៃយុទ្ធសាស្រ្ដកំណែទម្រង់យុវជន»។
យ៉ាងណាក៏ដោយ យុវជនមួយចំនួន ដែលបានឡើងថ្លែងនៅក្នុងវេទិកាកាលពីថ្ងៃអាទិត្យបាននិយាយថា ជុំវិញស្ថានភាពនយោបាយនាពេលបច្ចុប្បន្ន ដែលមិនមានការចុះសម្រុងគ្នា រវាងបក្សកាន់អំណាចនិងបក្សប្រឆាំង មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់អ្នកនយោបាយប៉ុណ្ណោះទេ ប៉ុន្ដែវាក៏ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ និងយុវជនផងដែរពីព្រោះបញ្ហានយោបាយ នៅក្នុងប្រទេសកម្ពុជា មិនមែនជារឿងសម្រាប់តែអ្នកនយោបាយនោះទេ ប៉ុន្ដែវាក៏ជារឿងរបស់ប្រជាពលរដ្ឋ និងយុវជនទូទាំងប្រទេសផងដែរ។
យុវជន សែ ឌីស៊ីម បានបញ្ចេញទស្សនៈជុំវិញរឿងនេះថា៖ «បើយុវជនត្រូវគេរឹតត្បិតមិនមានឱកាសអនុវត្ដសិទ្ធិនយោបាយរបស់ពួកគេ អ៊ីចឹងសង្គមមួយនោះ នឹងពោរពេញទៅដោយការរំលោភបំពានសិទ្ធិសេរីភាព វប្បធម៌បិទមាត់ និងគំរាមកំហែងយុវជនកុំឱ្យបញ្ចេញគំនិត ឬទស្សន និងការយល់ឃើញក្នុងការចូលរួមអភិវឌ្ឍសង្គម»។
យុវជនរូបនេះបន្តថា៖ «យុវជនជាសសរទ្រូងរបស់ប្រទេសជាតិ យុវជនមានសក្កដានុពល ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ អ៊ីចឹងបាននៅប្រទេសគេ មានការខិតខំបណ្ដុះបណ្ដាលយុវជន និងផ្ដល់ឱកាសផ្សេងៗច្រើនណាស់ដល់យុវជនដើម្បីបង្រៀនយុវជន។ អ៊ីចឹងខ្ញុំចង់ឱ្យប្រទេសខ្មែរយើង ប្ដូរមកវិញ ដោយនាំគ្នាលើកស្ទួយលទ្ធិប្រជាធិបតេយ្យ បើកឱកាសដល់យុវជន ឱ្យមានសិទ្ធិសេរីភាពតាមច្បាប់គ្រប់បែបយ៉ាង ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ»៕