ភ្នំពេញៈ ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ​ (​ក.ជ.ក) ​បាន​ថ្កោលទោស​ករណី​បោះបង់​កូន​ចោល​ក្រោយពេល​សម្រាល ខណៈ​អង្គភាព​ការពារ​កុមារ​ Child Protection Unit (CPU) ​កំពុង​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​នាយកដ្ឋាន​នគរបាលប​ច្ចេកទេស និង​វិទ្យាសាស្ត្រ​ក្រសួង​មហាផ្ទៃ​ស៊ើបអង្កេត​ករណីនេះ​​ព្រោះ​អាច​ពាក់ព័ន្ធ​រឿង​ព្រហ្មទណ្ឌ​។

ការថ្កោលទោស​នេះ​ធ្វើ​ឡើង​តាម​សេចក្ដី​ថ្លែងការណ៍​ពីថ្ងៃ​ទី​ ៣ ខែ​វិច្ឆិកា ដោយ​ហៅ​ការបោះបង់​​ទារក​ចោល​ថា ជា​អំពើ​ឃោរឃៅ យង់ឃ្នង ព្រៃផ្សៃ អមនុស្សធម៌ បន្ទាប់ពី​មាន​ករណី​នេះ​នៅ​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​។ ជាមួយ​នេះ​ (​ក.ជ.ក) ​បាន​ស្នើ​ស្ថាប័ន​ពាក់ព័ន្ធ យក​ចិត្តទុកដាក់​ចាត់វិធានការ​តាមច្បាប់​ឱ្យ​​តឹងរ៉ឹង​លើ​ជនល្មើស ដើម្បី​កុំឱ្យ​អំពើ​អាក្រក់​នេះ​កើត​មាន​បន្តទៀត​។

លោកស្រី ញ៉េប សុភាព អគ្គលេខាធិការ​នៃ​ (​ក.ជ.ក) ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា កត្តា​ដែល​ជំរុញ​ឱ្យ​ជនល្មើស​ប្រព្រឹត្ត​បែប​នេះ​ដោយសារ​ពួកគាត់​ខ្លះ​ខ្វះ​ចំណេះដឹង​ និង​មាន​ការទទួល​ខុសត្រូវ​ទាប​មាន​ការលោភលន់​ច្រើន និង​ជា​​មនុស្ស​ខូចចិត្ត ប៉ុន្ដែ​មិន​ពាក់ព័ន្ធ​កត្តា​ជីវភាព​ទេ​។ «​ខ្ញុំ​គិតថា បញ្ហា​នេះ​គឺ​មកពី​ឪពុកម្ដាយ​ខ្លះ​មិនទាន់​យល់​ពី​តួនាទី​ខ្លួនឯង ការគិត​ពិចារណា​ទាប ទើប​អាច​ប្រព្រឹត្ត​រឿង​មិន​គប្បី​បែបនេះ​»​។

ទាក់ទង​បញ្ហា​នេះ​ដែរ​កាលពី​ថ្ងៃទី​ ២ វិច្ឆិកា លោក James McCabe នាយក​ប្រតិបត្តិ​អង្គភាព​ការពារ​កុមារ​ (CPU) ​បាន​សរសេរ​នៅក្នុង​ទំព័រ​ហ្វេសប៊ុក​ថា អង្គភាព​ (CPU) ​ជាមួយ​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​​ និង​នាយកដ្ឋាន​នគរបាលប​ច្ចេកទេស និង​វិទ្យាសាស្ត្រ​នៃ​ក្រសួង​មហាផ្ទៃ​បាន​ស៊ើបអង្កេត បន្ទាប់ពី​បាន​រកឃើញ​សាកសព​ទារក​ទើប​មាន​អាយុ​ពី​ ១ ​ទៅ​ ៣ ​ថ្ងៃ​នៅមុខ​វិទ្យាល័យ​ហ៊ុនសែន​ប៊ុនរ៉ានី​វត្តភ្នំ​កាលពី​ថ្ងៃទី​ ១ វិច្ឆិកា ឆ្នាំ​ ២០២០​។

លោក James McCabe ​បាន​សរសេរ​ថា​៖ «​ក្រុមការងារ​ស៊ើបអង្កេត​បទល្មើស​មនុស្ស​ឃាត និង​ក្រុម​ការងារ​បច្ចេកទេស និង​វិទ្យាសាស្ត្រ​នៃ​អង្គភាព​ការពារ​កុមារ​ (CPU) ​បាន​ចូលរួម​ពិនិត្យ​កន្លែង​កើតហេតុ និង​ធ្វើ​កោសល្យវិច័យ​សាកសព​បាន​រកឃើញ​ថា ការស្លាប់​របស់​ទារក​នេះ​គឺ​មាន​ស្ថានភាព​គួរឱ្យ​សង្ស័យ​» ។

តាម​មន្ត្រី​របស់​ CPU ​ម្នាក់​ទៀត​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែល​បាន​ចូលរួម​ពិនិត្យ​កន្លែង​កើតហេតុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពីថ្ងៃ​ទី​ ៣ វិច្ឆិកា​ថា បច្ចុប្បន្ន​ CPU និង​សមត្ថកិច្ច​ពាក់ព័ន្ធ​កំពុង​ដំណើរការ​នីតិវិធី​ស៊ើបអង្កេត​។ ​ហេតុនេះ​មិនអាច​ផ្តល់​ព័ត៌មាន​លម្អិត​បាន​ទេ​។

លោក​ថា​៖ «​យើង​ចង់​ឱ្យ​មាន​ការផ្សព្វផ្សាយ​ដែរ ប៉ុន្តែ​យើង​កំពុង​ដំណើរការ​ស៊ើបអង្កេត​ហើយ​ខាង​ប៉ូលិស​ក៏​កំពុង​ធ្វើការ​ស៊ើប​អង្កេត​រឿង​ហ្នឹង​បន្ថែម​ដែរ​ថា មូលហេតុ​អ្វី​បាន​ជា​គាត់​ [​ប្រជាពលរដ្ឋ​បង្កើតកូន​ហើយ​បោះបង់ចោល​] ​យក​​សាកសព​ក្មេង​ដែល​ស្លាប់​ហើយ​យក​ទៅ​បោះបង់ចោល​មិន​យក​ទៅ​ធ្វើបុណ្យ អ៊ីចឹងទៅ​»​។

យ៉ាងណាក្ដី ភ្នំពេញ​ ប៉ុស្តិ៍​ មិនអាច​សុំ​ការបំភ្លឺ​ពី​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​លោក ស ថេត បាន​ទេ​កាលពី​ថ្ងៃទី​ ៣ វិច្ឆិកា​ដោយ​លោក​ថា កំពុង​នៅក្រៅ​ប្រទេស ហើយ​បាន​ណែនាំ​ឱ្យ​ទាក់ទង​ទៅខាង​ប្រតិកម្ម​រហ័ស ប៉ុន្តែ​លេខ​ទូរស័ព្ទ​មិនអាច​ទាក់ទង​បាន​។ ចំណែកឯ​លោកស្រី ម៉ានចិន្តា រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​កិច្ចការនារី​ក៏​មិន​បាន​បកស្រាយ​អ្វី​ជុំវិញ​រឿងនេះ​ដែរ​។

ក៏ប៉ុន្តែ​លោក​មេធាវី សាង គឹមថាច់ បាន​ឱ្យ​ដឹង​ពីថ្ងៃ​ទី​ ៣ វិច្ឆិកា ថា​តាម​ក្រមព្រហ្មទណ្ឌ​កម្ពុជា​មាត្រា​ ៣២១ អំពើ​របស់​បុគ្គល​មាន​អំណាច​ថែរក្សា​ដែល​បោះបង់​អនីតិជន​អាយុ​តិចជាង​ ១៥ (​ដប់ប្រាំ​) ឆ្នាំ​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១ (​មួយ​) ​ឆ្នាំ ទៅ​ ៥ (​ប្រាំ​) ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២ ០០០ ០០០ (​ពីរលាន​) ​រៀល​ទៅ ១០ ០០០-០០០ (​ដប់​លាន​) ​រៀល ប្រសិនបើ​អំពើ​បោះបង់​នោះ​បណ្ដាល​ឱ្យ​អន្ដរាយ​ដល់​សុខភាព ឬ​សន្ដិសុខ​របស់​អនីតិជន​នោះ​។

លោក​បាន​បញ្ជាក់ថា​៖ «​ការបោះបង់​កូន​ចោល​ដែលជា​អនីតិជន​អាយុ​តិចជាង​ ១៥ ​ឆ្នាំ​អាច​បណ្តាល​មកពី​កត្តា​ផ្សេងៗ​ដូចជា​ឪពុកម្តាយ​មាន​វ័យក្មេង និង​មិនបាន​យល់ដឹង​ពី​ច្បាប់​ដែល​ត្រូវ​ផ្តន្ទាទោស​រហូត​ជាប់​ពន្ធនាគារ​។ ក្នុង​​ករណី​ស្ត្រី​វ័យក្មេង​មាន​ផ្ទៃពោះ​ដោយ​គ្មាន​ការគ្រោងទុក ហើយ​មិន​ចង់ទុក​កូន គួរតែ​ទទួល​បាន​ការប្រឹក្សា​ផ្នែក​ច្បាប់​ពាក់ព័ន្ធ​នឹង​ការរម្លូតកូន​ក្នុង​លក្ខខណ្ឌ​ណាមួយ​ដែល​ច្បាប់​អនុញ្ញាត​»៕

វីដេអូ៖