ភ្នំពេញៈ ខណៈ​កម្ពុជា​នឹង​ប្រារព្ធ​ខួប​លើក​ទី ២៧ ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ដែល​នាំ​ភាគី​ជម្លោះ​ខ្មែរ​ទៅ​ចុះ​កិច្ចព្រមព្រៀង​បញ្ចប់​សង្គ្រាម​ដែល​ធ្វើឲ្យ​មាន​ការ​បោះឆ្នោត​ជាតិ​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​ ១៩៩៣ ​ក្រោយ​សង្គ្រាម​ស៊ីវិល​បង្ហូរ​ឈាម​គ្នា​ជាង​ ២ ទសវត្សរ៍​ អ្នក​នយោបាយ​ខ្មែរ​នៅតែ​បន្ត​ខ្វែង​គំនិត​គ្នា​នៅ​ឡើយ​ចំពោះ​ការអនុវត្ត​កិច្ចព្រមព្រៀង​នេះ​ដោយ​បក្ស​កាន់​អំណាច​ថា កម្ពុជា​អនុវត្ត​បាន​ «​ខ្ជាប់ខ្ជួន​» ខណៈ​អតីត​បក្សប្រឆាំង​ថា កម្ពុជា​នៅ​មាន​ចំណុច​ជាច្រើន​ដែល​មិន​បាន​អនុវត្ត​ថែម​ទាំង​កំពុង​ដើរ​ខុស​គន្លង​ផ្លូវ​ប្រជាធិបតេយ្យ​។

កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​ភាគី​ជម្លោះ​ខ្មែរ​ទាំង ៤ ក្រុម​គឺ​ក្រុម​របស់​សម្ដេចឪ នរោត្តម សីហនុ ក្រុម​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​របស់​លោក សឺន សាន ក្រុម​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួក​ខ្មែរក្រហម និង​របប​រដ្ឋ​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

កិច្ចព្រមព្រៀង​នេះ​ក៏​ត្រូវ​បាន​ចុះហត្ថលេខា និង​ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ និង​ប្រមុខ​ការទូត​នៃ​បណ្ដា​ប្រទេស​ចំនួន ១៨ ផ្សេង​ទៀត​នៅ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​។

កិច្ចព្រមព្រៀង​នេះ​រៀបចំ​ឲ្យ​មាន​សន្តិភាព​ឡើង​វិញ​នៅ​កម្ពុជា​តាមរយៈ​ការអនុវត្ត​បទ​ឈប់​បាញ់​ និង​ការរំសាយ​អាវុធ​របស់​ភាគី​ជម្លោះ​ខ្មែរ​ទាំងអស់ ការរៀបចំ​ការបោះឆ្នោត​ដោយ​សេរី ការពារ​អធិបតេយ្យ ឯករាជ្យ បូរណភាព និង​ភាព​ពុំ​អាច​រំលោភបំពាន​បាន​ឡើយ​នូវ​ទឹកដី​អព្យាក្រឹត និង​ឯកភាព​ជាតិ​របស់​កម្ពុជា​។ ក្នុង​នោះ​ក៏​រួម​បញ្ជូល​ទាំង​ការធានា​ឲ្យ​កម្ពុជា​មាន​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​ការគោរព​សិទ្ធិមនុស្ស​ជាដើម​។

កាលពី​ឆ្នាំ​ ២០១៧ កន្លង​ទៅ​ឆ្លើយតប​នឹង​ការចង់​បាន​របស់​គណបក្ស​ប្រឆាំង​ឲ្យ​កោះប្រជុំ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នេះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចំអក​ឲ្យ​ថា​ «​កុំ​ស្រមើ​ស្រមៃ​» ខណៈ​គ្រប់ភាគី​ទាំងអស់​បាន​រលាយ​បាត់អស់​ទៅ​ហើយ​នោះ​។

លោក​ថា កិច្ចព្រមព្រៀង​នេះ​បាន​ស្លាប់​ហើយ​ធាតុ​ផ្សំ​ទាំងអស់​នៃ​កិច្ចព្រមព្រៀង​បាន​ច្របាច់​បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ឆ្នាំ ១៩៩៣ រួច​ទៅ​ហើយ​។

កាលពី​ម្សិលមិញ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន បាន​ថ្លែង​ការពារ​ការអនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​ ១៩៩១ ថា​ក្នុង​រយៈពេល​ ២៧ ​ឆ្នាំ​មក​នេះ​កម្ពុជា​បាន​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​បាន​ «​ខ្ជាប់ខ្ជួន​» ​ទោះបី​បាន​ឆ្លងកាត់​ «​ឧបសគ្គ​» និង​ការលំបាក​ច្រើន​ដង​ក៏ដោយ​។

លោក​ថ្លែង​តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​តេឡេក្រាម​របស់​លោក​ទៅកាន់​អ្នក​កាសែត​ថា ក្រោយ​ការបោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​ ១៩៩៣ រៀបចំ​ដោយ​អ៊ុនតាក់ រាជរដ្ឋាភិបាល​កម្ពុជា​ថ្មី​នីតិកាល​ទី ១ ត្រូវ​បាន​បង្កើត​ឡើង​ហើយ​កងកម្លាំង​អ៊ុនតាក់​ទាំងអស់​ត្រូវ​ដក​ចេញ​ពី​កម្ពុជា​។

លោក​បន្ត​ថា​បណ្តា​ចំណុច​សំខាន់ៗ​នៃ​កិច្ចព្រមព្រៀង​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ឆ្នាំ ១៩៩៣ ដោយ​មាន​របប​នយោបាយ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ការបែងចែក​អំណាច​ដាច់​ពី​គ្នា​រវាង​អំណាច​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង​តុលាការ​។ ធានា​ការគោរព​ធម្មនុញ្ញ អ.ស.ប និង​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិមនុស្ស សិទ្ធិ​កុមារ និង​សិទ្ធិ​ស្ត្រី​។ ការឡើង​កាន់​អំណាច​ឆ្លងកាត់​តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ជាដើម​។

លោក​ថ្លែង​ថា​៖ «​ក្នុង​រយៈពេល​ជាង​ ២៧ ឆ្នាំ​កន្លង​ទៅ​នេះ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តីពី​បញ្ហា​កម្ពុជា​ត្រូវ​បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន ជាពិសេស​បាន​ឆ្លងកាត់​ឧបសគ្គ​ច្រើន​ដង​ដែល​ប្រាសចាក​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ដែល​ត្រូវ​ពុះពារ​ទប់ស្កាត់ និង​ជម្នះ​ឲ្យ​ខាង​តែ​បាន​ដូចជា​ករណី​នៅ​ឆ្នាំ​ ១៩៩៧ និង​ឆ្នាំ​ ២០១៣-១៧ ជាដើម​»​។

គួរ​រំឭក​ថា​កាលពី​ឆ្នាំ ១៩៩៧ កងកម្លាំង​ដែល​ស្មោះត្រង់​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប៉ះទង្គិច​ដ៏បង្ហូរឈាម​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ​ជាមួយ​កងកម្លាំង​ដែល​គាំទ្រ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​ឈាន​ដល់​ការបណ្ដេញ​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ចេញ​ពី​តំណែង​នាយករដ្ឋមន្ត្រី​ទី​ ១​។ ឆ្នាំ​ ២០១៣ ដល់​ឆ្នាំ ២០១៧ ជា​ពេលវេលា​ដែល​សំឡេង​គណបក្ស​ប្រឆាំង​នៅក្នុង​សភា​កើនឡើង​ខ្លាំង​រហូត​ដល់ ៥៥ អាសនៈ​មុន​ពេល​គណបក្ស​នេះ​ត្រូវ​បាន​រំលាយ​។

លោក សុខ ឥសាន ​បាន​សង្កត់ធ្ងន់​ទៀត​ថា​៖ «​សរុប​មក​ទោះបី​ឆ្លង​កាត់​ការលំបាក​យ៉ាង​ណា​ក៏​កិច្ចព្រមព្រៀង​ប៉ារីស​នេះ នៅ​តែ​ត្រូវ​បាន​ធានា​មាន​សក្តានុពល​ និង​មាន​និរន្តរភាព​អនុវត្ត​យូរអង្វែង​តទៅ​អនាគត​ទៀត​»​។

ក៏ប៉ុន្តែ​លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ថ្លែង​ថា​កម្ពុជា​នៅតែ​មាន​បញ្ហា​ប្រឈម​ជាច្រើន​នៅ​ឡើយ​ក្នុង​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ដ៏មាន​សារៈសំខាន់​នេះ​។ លោក​បាន​លើក​ឡើង​ពី​បញ្ហា​អធិបតេយ្យ និង​បូរណភាព​ដែនដី ខណៈ​ដែល​កម្ពុជា​បាន​ចុះសន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​ ២០០៥ ជាមួយ​ប្រទេស​វៀតណាម​ដែល​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​បូរណភាព​ទឹកដី​កម្ពុជា​។

លោក​ថ្លែង​ថា​៖ «​វា​មាន​ការប៉ះពាល់​ទៅ​លើ​សន្ធិសញ្ញា ហើយ​មិន​បាន​គោរព​តាម បើ​គោរព​តាម​រដ្ឋធម្មនុញ្ញ​ក៏​ត្រឹមត្រូវ​ណាស់​ទៅ​ហើយ ប៉ុន្តែ​យើង​អនុវត្ត​វា​មិន​បាន​ពេញលេញ​តាំងពី​រឿង​ការអភិវឌ្ឍ​ដែល​វា​ប៉ះពាល់​ដល់​សិទ្ធិ​លំនៅឋាន ប៉ះពាល់​ដល់​សិទ្ធិ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្ដី កន្លែង​ណា​ដែល​មាន​ការអភិវឌ្ឍ មាន​ការដេញ​ប្រជារាស្ត្រ​ចេញ​ពី​លំនៅឋាន​ក្ដី អាហ្នឹង​សុទ្ធ​តែ​ប៉ះពាល់​សន្ធិសញ្ញា​ហ្នឹង​ទាំងអស់​»​។

លោក​បន្ត​ថា ​ការអនុវត្ត​មិន​បាន​ពេញលេញ​ទៅ​តាម​សន្ធិសញ្ញា ព្រោះ​សន្ធិសញ្ញា​បាន​ចែង​ច្បាស់​ពី​ប្រយោជន៍​របស់​ប្រទេសជាតិ ការអភិវឌ្ឍ​ដោយ​ចីរភាព​ដោយ​ការគោរព​សិទ្ធិមនុស្ស​ជាដើម ដែល​លោក​ថា​ជា​ «​រឿង​មួយ​ដែល​សំខាន់​»​។

លោក​សង្កត់​ធ្ងន់​ថា​៖ «​រឿង​មួយ​ទៀត​ដែល​សំខាន់​គឺ​រឿង​ដំណើរការ​ប្រជាធិបតេយ្យ ហើយ​មក​ដល់​ពេល​នេះ​យើង​ឃើញ​ហើយ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​បាន​រអិល​ចេញ​ពី​គន្លង​ប្រជាធិបតេយ្យ ហើយ​បាន​ត្រឡប់​ថយ​ក្រោយ​វិញ​ហើយ ដោយសារ​មាន​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ការចាប់​ថ្នាក់ដឹកនាំ​មួយ​ចំនួន​ដាក់​ឃុំឃាំង​ជាដើម​»​។

ចំណែក​អ្នក​វិភាគ​នយោបាយ​ជើង​ចាស់​លោក ឡៅ ម៉ុងហៃ ក៏​មើល​ឃើញ​ដែរ​ថា ចំណុច​សំខាន់ៗ​ខ្លះ​ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​នេះ​ពិតជា​មិន​ត្រូវ​បាន​គេ​យក​មក​អនុវត្ត​នោះ​ទេ​។

លោក​ថ្លែង​ថា​៖ «​បទបញ្ជា​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ស្តីពី​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ការគោរព​សិទ្ធិមនុស្ស និង​ឯករាជភាព​នៃ​ប្រព័ន្ធ​យុត្តិធម៌​ជាដើម​»​។

លោក​បាន​បន្ថែម​ថា​៖ «​ហើយ​បទបញ្ជា​ទាំងនេះ​គឺ​វា​មាន​សារៈសំខាន់​ណាស់ ដើម្បី​ធានា​សុខុមាលភាព​ប្រជាជន​កម្ពុជា​ដែល​ទទួល​រង​ការឈឺចាប់​ជាយូរ​មក​ហើយ​»៕