ភ្នំពេញៈ ប្រភព​ព័ត៌មាន​ដែល​សុំ​មិនឲ្យ​បញ្ចេញ​ឈ្មោះ​ពី​មន្ត្រី​ម្នាក់​ក្នុង​ចំណោម​មន្ត្រី​ជាប់​បម្រាម​ធ្វើ​នយោបាយ​ជាង​ ១១០ រូប​នោះ​ បង្ហើប​ឲ្យដឹង​ថា ​ក្រុម​អ្នក​ជាប់​បម្រាម​ទាំង​នោះ​នឹង​​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ក្នុង​ទ្រង់​ទ្រាយ​ធំ​ឆាប់ៗ​នេះ​ដែល​ការបញ្ចេញ​ព័ត៌មាន​នេះ ​ខណៈ​ដែល​មន្ត្រី​ជាន់​ខ្ពស់​បក្ស​កាន់​អំណាច ​និង​អ្នក​នយោបាយ​ ក៏បាន​ផ្ដល់​យោបល់​ឲ្យ​អ្នក​ជាប់​បម្រាម​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ផងដែរ។

ប្រភព​ព័ត៌មានពី​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ ១១៨​ បាន​ថ្លែង​ប្រាប់​យ៉ាង​ខ្លី​ថា​ នា​ពេល​នេះ​មាន​ការ​រៀប​ចំ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោ​​បាយ​វិញ​ក្នុង​ទ្រង់​ទ្រាយ​ធំ។ ទោះ​យ៉ាង​ណា​ប្រភព​នោះ​មិនបញ្ជាក់​លម្អិត​ពី​ចំនួន​អ្នក​ស្នើសុំ​សិទ្ធិធ្វើ​នយោបាយ​វិញ​មាន​ប៉ុន្មាន​នាក់​ទេ។ ប៉ុន្តែ ​គិត​ត្រឹម​ថ្ងៃ​ពុធម្សិលមិញ​ លោក​ ផាត ​សុផានិត​ អ្នកនាំពាក្យ​ក្រសួង​មហា​ផ្ទៃ​ដែល​ជា​សេនា​ធិការ​ទទួល​ពាក្យ​ស្នើ​សុំ​នីតិសម្បទា​នយោបាយ​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ មិន​ទាន់​មាន​ការដាក់​ពាក្យ​ស្នើ​ទៀត​នៅ​ឡើយ​ទេ។

លោក សុខ ឥសាន ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សរសេរ​តាម​ប្រព័ន្ធ​តេឡេ​​ក្រាម​ កាល​ពី​ថ្ងៃ​អង្គារ​ថា ​អ្នក ​កឹម សុខា និយម​គួរ​តែ​ស្នើ​សុំ​សិទ្ធិ​ធ្វើនយោបាយ​វិញព្រោះ​ថា​ លោក ​កឹម សុខា ​និង​លោក សម រង្ស៊ី​ មិន​មែន​​ជា​មនុស្ស​តែ​មួយ​ទេ ​ផ្ទុយ​ទៅវិញ​លោក ​កឹម សុខា​ ត្រូវ​បាន​លោក​ សម រង្ស៊ី ​ជាន់​ពន្លិច។

លោក​ថ្លែង​ថា​៖«នៅ​ពេល​នេះ​ជា​ឱកាស​មាស​ឱ​កាស​ពេជ្រ​សម្រាប់​ក្រុម​កឹម​ សុខា​និយម​ ជា​ពិសេស​កូន​ស្រី​ កឹម​ សុខា​ មិន​គួរ​​នៅ​បង្អែ​បង្អង់​ត​ទៅ​ទៀត​ទេ។ បើ​នៅ​តែ​អល់​អែក​រង់​ចាំ​មើល​សភាពការណ៍​ដោយ​អូស​បន្លាយ​ពេល​​នឹង​នាំ​ឲ្យ​ខាត​ប្រយោជន៍​ជា​មិន​ខាន»។

​លោក​បន្ត​ថា​៖ «ដូច្នេះ​បើ​ដឹង​ល្បិច​កល​ពិស​ពុល​របស់​ទណ្ឌិត​រត់​ចោល​ស្រុក​ហើយ​ គួរ​គប្បី​រួសរាន់​បង្ហាញ​ឲ្យ​ឃើញ​សកម្ម​ភាព​ប្រតិកម្ម​ប្រឆាំង​នឹង​ក្រុម​ទណ្ឌិត​រត់​ចោល​ស្រុក​ឲ្យ​បាន​ឆាប់​រហ័ស​​ដើម្បី​ផល​ប្រយោជន៍​ កឹម​ សុខា ​និង​ក្រុម​កឹម​ សុខា ​និយម»។

លោក​ សុខ ឥសាន ​ថ្លែង​ថា​ អ្វី​ដែល​ក្រុម​អ្នក​និយម​ កឹម​ សុខា ​គួរ​​ធ្វើ​ដើម្បី​ធ្វើ​ឲ្យ​មាន​សភាព​ការ​ណ៍​នយោបាយ​ថ្មី​ដែល​អំណោយ​ផល​ដល់​លោក​ កឹម សុខា​ និង​ក្រុម​របស់​គាត់​ គឺ​បង្ហាញ​ជំហរ​ការពារ​ផល​ប្រយោជន៍​កម្មករ​និយោជិត ​និង​ប្រជា​ពលរដ្ឋ​ដោយ​ប្រឆាំង​នឹង​ការ​ព្យាយាម​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង​ GSP ដោយ​សហភាព​អឺរ៉ុប​ និង​អាមេរិក។

លោក​ថ្លែង​ថា​៖ «សូម​ក្រុម​ កឹម​ សុខា និយម​កុំ​កាប់​បំពង់​រង់​ចាំ​ទឹក​ភ្លៀង​នៅ​ខែ​ប្រាំង​ឲ្យ​សោះ​។ បើ​មិន​លើក​ទំនប់​ ជីក​ប្រឡាយ​ទេ​នឹង​អត់​មាន​ទឹក​ធ្វើ​ស្រែ​ទេ​ សូម​ជ្រាប»។

ថ្លែង​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ពី​ម្សិល​មិញ ​លោក ​សុខ ឥសាន​ បញ្ជាក់​ថា​ អ្វី​ដែល​លោក​បាន​សរសេរ​គឺ​ជា​យោបល់​ផ្ទាល់​ខ្លួនព្រោះ​ថា ​លោក​ កឹម សុខា ​និង​លោក​សម រង្ស៊ី ​មិន​មែន​ជា​មនុស្ស​តែ​មួយ​ទេ​ គឺ​មួយ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ ហើយ​មួយ​ទៀត​កំពុង​ជិះ​ស្គី​លេង​នៅ​បារាំង។ លោក​បាន​បញ្ជាក់​សាជា​ថ្មី​នូវ​ពាក្យ​របស់​លោក​នាយករដ្ឋ​មន្ត្រី​ដែល​បាន​ថ្លែង​កាល​​ពី​ថ្ងៃ​ចន្ទ​ថា​ ទ្វារ​ដែល​បើក​ចំហ​អាច​នឹង​បិទ ​ហើយ​ផល​ប្រយោជន៍​នយោបាយ​នឹង​បាត់​បង់​សម្រាប់​ពួកគេ។

លោក​ថា​៖ «ប្រសាសន៍​របស់​គាត់ (លោក ហ៊ុន សែន) ​គឺ​ជា​ចេតនា​ល្អ​ដើម្បី​ឲ្យ​បង​ប្អូន​មាន​សិទ្ធិ​នយោបាយ​ឡើង​វិញ ​កុំ​បន្ទោស​គណបក្ស​ប្រជាជន​កម្ពុជា​បិទ​សិទ្ធិ​អ្នក​ដទៃ​ ឬ​មួយ​យាយី​អ្នក​ដទៃ​មិន​ឲ្យ​មាន​សិទ្ធិ​ធ្វើ​នយោបាយ»។

លោក​ គង់ គាំ ​ដែល​ទទួល​បានសិទ្ធិ​ធ្វើ​នយោបាយ​វិញ ​ហើយ​បច្ចុប្បន្ន​ជា​ប្រធាន​កិត្តិយ​ស​គណបក្ស​ឆន្ទៈ​ខ្មែរ ​ក៏​បាន​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​អ្នក​នយោ​បាយ​ជាប់​បម្រាម​ដទៃ​ទៀត​ឲ្យ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ ដោយ​មិន​បាច់ស្ដាប់​ការ​ណែ​នាំ​របស់​លោក​ សម រង្ស៊ី។

លោក​ថា​ ការ​អំពាវនាវ​របស់​លោក​ សម រង្ស៊ី ​មិន​ឲ្យ​​ស្នើ​សុំ​នីតិសម្បទា​នយោបាយ ​ការ​គំរាម​ចូល​មក​ចាប់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​និង​ការ​អំពាវ​នាវ​ឲ្យ​កង​ទ័ព​មិន​ស្ដាប់​បង្គាប់​នោះ​ គឺ​ជាការ​ធ្វើ​ឲ្យ​មាន​ការ​បែក​បាក់​ប៉ុណ្ណោះ។

លោក​ថ្លែង​ថា​៖ «គាត់​កំពុង​តែ​បំបែក​បំបាក់​ទាំង​ផ្ទៃ​ក្នុង​គណ​បក្ស​សង្គ្រោះ​ជាតិ ​ហើយ​កំពុង​តែ​បំបែក​បំបាក់​អ្នក​គ្រប់​គ្រង​អំណាច​នៅ​កម្ពុជា​ដើម្បី​បម្រើ​មហិច្ឆតា​របស់​គាត់​ ប៉ុន្តែ​អ្វី​ដែល​ជា​មហិច្ចតា​ទាំង​អស់​នេះ​គឺ​ថា​ធ្វើឲ្យ​គាត់​កាន់​តែ​ឯកោ។ គាត់​ជា​មេមាន់​ចង់​កៀង​កូន​ទា​ដែល​នៅ​ក្នុង​ទឹក​​ឲ្យ​តាម​គាត់។ ខ្ញុំ​គិត​ថា ​មេមាន់​មិន​អាច​គ្រប់​គ្រង​កូន​ទា​បាន​ទេ​ ដូច្នេះ​ទាំង​សមាជិក​របស់​គាត់ ​ទាំង​អ្នក​ដឹកនាំ​នៅ​កម្ពុជា​មិន​លុះ​ដោយ​ការ​ញុះញង់​ ការ​លើក​ឡើង​របស់​គាត់​ទេ។ ដូច្នេះ​គាត់​ជា​មេមាន់​ដែល​ស្រែក​ពី​ត្រើយ​ដង្ហោយ​ចង់​ឲ្យ​កូន​ទា​ដើរ​តាម​នោះ វា​មិន​អាច​ទៅ​រួចទេ​បាទ»។​

លោក​បន្ត​ថា ទាំង​លោក​ កឹម សុខា ​និង​ក្រុម​និយម ​កឹម សុខា ​គួរ​ធ្វើ​តាម​សតិ​សម្បជញ្ញៈ ​មនសិការ​ ហើយ​បន្ត​ជីវិត​នយោបាយ​​ឡើង​វិញ​ឲ្យ​បាន​ឆាប់​រហ័ស​ទៅ។

លោ​កថា​ ពាក្យ​ស្លោក ​«កឹម សុខា ​សម រង្ស៊ី ​ជា​មនុស្ស​តែ​មួយ»​ នា​ពេល​នេះ​គ្រាន់​តែ​ជា​ពាក្យ​សម្ដី​ប៉ុណ្ណោះ ​«ដូច្នេះ​គេ​មិន​យក​សម្ដី​ គេ​យក​អំពើ។ អំពើ​គឺ​បែក​បាក់​គ្នា​បាត់​ទៅ​ហើយ ​ដូច្នេះ​វា​សាប​សូន្យ​ហើយ»។

លោក ​អ៊ូ ច័ន្ទរ័ត្ន ​ដែល​ជាប់​បម្រាម​ដែរ​នោះ​ បាន​ថ្លែង​ថា​លោក​មិន​ទាន់​សម្រេច​ចិត្ត ​ហើយ​នៅ​តែ​ស្នើ​សុំឲ្យ​ក្រសួង​មហា​ផ្ទៃ​រៀប​ចំ​ការ​ស្នើ​សុំ​ជា​កញ្ចប់​ទោះ​ជា​ប៉ុន្មាន​នាក់​ក៏​ដោយ។ ​ប៉ុន្តែ​លោក​​បាន​កោតសរសើរ​ដល់​អ្នក​ដែល​បាន​ទទួល​នីតិ​សម្បទា​នយោបាយ​រួច​ហើយ​ និង​ស្នើ​កុំ​ឲ្យ​មាន​ការ​ជេរ​ប្រមាថ​ពួកគេ។

លោក​ថ្លែង​ថា​៖ «អ្នក​ដែល​គេ​បាន​ចេញ​ទៅ​នោះ​គួរ​តែ​ពិនិត្យ​ថា​ គេ​បាន​លះ​បង់​បួន​ដប់​ម្ភៃ​ឆ្នាំ​ជាមួយ​គណបក្ស​ប្រឆាំង ​គេ​បាន​លះ​បង់​ពេល​វេលា​ថវិកា ​កម្លាំង​ចិត្ត​ និង​កាយ​ក្នុង​បក្ស​ប្រឆាំង​ គួរ​តែ​អរគុណ​គេ​វិញ ​មិន​គួរ​ជេរ​ប្រមាថ​ទេ។ មួយចំនួន​ធំ​ដែល​ជេរ​ប្រមាថ​គេ​នោះ ​ខ្លួន​ឯង​អត់​ទាំង​បាន​ធ្វើ​អី​ផង​កន្លែង​ខ្លះ»។

លោក ឯម សុវណ្ណារ៉ា​ អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា​ ការ​លើក​ឡើង​របស់​លោក ​សុខ ឥសាន ​នឹង​ធ្វើ​ឲ្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ប្រេះ​ឆា​ស្រាប់​នោះ ​បែក​បាក់​កាន់​តែ​ខ្លាំង។ លោក​ថ្លែង​ថា ​លោក​ សម រង្ស៊ី ​បាន​ចង​ជើង​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​តាំង​ពី​លោក​ឡើង​កាន់​ជា​ប្រធាន​ស្តីទី​ ដោយ​ហាម​មិន​ឲ្យ​មន្ត្រី​ CNRP ស្នើ​សុំ​នីតិ​សម្បទា​នយោបាយ។

លោក​ថា​ អ្នក​ដែល​ស្នើ​សុំ​ធ្វើ​នយោបាយ​ប្រឈម​មុខ​នឹងការ​ឈប់​គាំទ្រ​ពី​ពលរដ្ឋ ​ហើយ​ការ​ឈប់​គាំទ្រ​នេះ​គឺជាជោគ​ជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច។

លោក​ថា​៖ «គ្រប់​អ្នក​នយោបាយ ​គ្រប់​គណបក្ស​ត្រូវ​យក​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​ឲ្យ​បាន។ សង្គ្រោះ​ជាតិ​កន្លង​មក​មាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​ដោយសារ​តែ​គាត់​គោរព​ស្មារតី​ដែល​ពលរដ្ឋ​ចង់​បាន។ បើ​គាត់​លែង​គោរព​លើ​ការ​ជឿ​ទុក​ចិត្ត​របស់​ពលរដ្ឋ​ហើយ​ បាន​ន័យថា​ពលរដ្ឋ​លែង​គាំទ្រ​ហើយ»។

លោក​ ឡៅ ម៉ុងហៃ ​អ្នក​វិភាគ​នយោបាយ​បាន​​ថ្លែង​ថា ​ការ​វិវឌ្ឍចុង​ក្រោយ​នេះ​ហាក់​ដូច​ជា​យុទ្ធសាស្ត្រ​ «ការ៉ុត​ និង​ឈើ»​ ឬ​ជា​យុទ្ធសាស្ត្រ​ផ្ដល់​រង្វាន់​ផង​ និង​គំរាម​កំហែង​ផង។

លោក​ថ្លែង​ថា​៖ «លោក​នាយករដ្ឋ​មន្ត្រី​ថ្មីៗ​នេះ​បាន​លើក​ដំបង​ក្នុង​រូបភាព​គំរាមកំហែង​ថា​នឹង​បញ្ឈប់​ការ​ផ្ដល់ (ឱកាស) ហើយ​​ឯក​ឧត្តម ​សុខ ឥសាន ​កំពុង​ផ្ដល់​ការ៉ុត (រង្វាន់) ​ក្នុង​រូបភាព​ដែល​ថា​នឹង​មាន​តម្រុយ​សម្រាប់​លោក ​កឹម សុខា​ ដើម្បី​ទាក់​ទាញ​ពួក​គេ​ឲ្យ​ទទួល​យក ​ហើយ​ធ្វើ​ឲ្យ​ដើរ​ចេញ​ពី​ សម ​រង្ស៊ី»។

លោក​ ម៉ុងហៃ បានបញ្ជាក់ថា​៖ ​«វា​គួរ​ឲ្យ​ឆ្ងល់​ណាស់​ថា​ តើ​អ្នកទាំង​នោះ​ (អតីតបក្ស​ប្រឆាំង )​ ត្រូវ​គេ​ទាញ​បាន​ឬ​អត់​នៅ​ពេល​ពួក​គេ​ដឹង​ច្បាស់​ថា​ ទ្រនិច​នាឡិកា​នៃ​ការ​ដក​ EBA ​និង​ GSP កំពុង​តែ​ដើរ​ទៅ​ឆ្ងាយ​ពី​រដ្ឋាភិ​បាល»៕