ភ្នំពេញៈ ប្រជានេសាទ និង​អង្គការ​អភិរក្ស​ជលផល​មាន​ក្ដីបារម្ភ​ពី​ផលប៉ះពាល់​បណ្ដាល​មកពី​កម្រិត​ទឹកទន្លេ​មេគង្គ​ទាប​ដែល​ធ្វើឲ្យ​លំហូរ​ទឹក​ចូល​បឹង​ទន្លេសាប យឺត ខណៈ​ដែល​តំបន់​នេសាទ​ខ្លះ​នៃ​បឹង​ទន្លេសាប​រីង​ទឹក​នៅ​រដូវវស្សា​ដែល​មិន​ធ្លាប់​មាន​ពីមុន​។

លោក​ ចក់ ជឿន ធ្លាប់​រកត្រី​បាន​ពី​ ៥-៦ ​គីឡូក្រាម​ក្នុង​ ១ ​ថ្ងៃ​ពី​ការនេសាទ​នៅ​ទន្លេសាប​ក្នុង​ភូមិសាស្ត្រ​ឃុំ​ពាមបាង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ប៉ុន្តែ​ឆ្នាំនេះ​លោក​អាច​រក​បាន​តែ​ ១ ​គីឡូ ឬ ២ ​គីឡូ​ប៉ុណ្ណោះ​ដោយសារ​កម្រិត​ទឹក​នៅ​ទីនោះ​ទាប ហើយ​កន្លែង​ខ្លះ​បាន​រីង​គោក​អស់​ទៅ​ហើយ សូម្បីតែ​នៅ​រដូវវស្សា​ដែល​ជា​ពេល​ធ្លាប់​មាន​ទឹក​ជន់​លិច​នោះ​ក៏ដោយ​។

លោក ជឿន និយាយ​ថា​៖ «​ឆ្នាំនេះ​វា​គោក​រាក់​អស់​ហើយ​មាន​រក​អី​បាន​ទេ បើ​គោក​អស់រលីង​ហើយ​នោះ​។ ឆ្នាំមុន​អត់​គោក​ទេ តែ​ឆ្នាំនេះ​វា​គោក​។ ឥឡូវ​អ្នកខ្លះ​ទៅ​ធ្វើ​កម្មករ ខ្លះ​ក៏​ចុះ​ទៅ​បឹងទន្លេសាប​អី​ទៅណា​។ យើង​នៅ​រក​បានដែរ គ្រាន់តែ​ថា​បាន​តិចតួច ១ ​ថ្ងៃ​ ១ ​ម៉ឺន​ពេល​ខ្លះ​ ៣ ​ពាន់​រៀល​ពេល​ខ្លះ​ ៥​ ពាន់​រៀល​ទប់​តែ​អង្ករ​មិន​រួច​ផង​»​។

លោក​រៀបរាប់​ថា ឃុំ​ពាង​បាង​គឺជា​ឃុំ​ដែល​ធ្លាប់តែ​សម្បូរផល​ត្រី​ដែល​ទាក់ទាញ​ប្រជានេសាទ​ពី​តំបន់​ផ្សេងៗ​នៅ​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ​ឲ្យ​មក​នេសាទ​។ បើ​ទោះ​ជា​ពេលនេះ​កន្លែង​នេះ​រីង​គោក​ក៏ដោយ ក៏​ប្រជានេសាទ​នៅ​បន្ត​ស្នាក់នៅ​ដោយ​ធ្វើ​ជា​ខ្ទម ឬ​ស្នាក់នៅ​លើ​ទូក ដើម្បី​ចុះទៅ​នេសាទ​ក្នុង​ផ្ទៃ​បឹងទន្លេសាប​។ ប៉ុន្តែ​លោក​បារម្ភ​ថា បញ្ហា​ទឹក​នេះ​ធ្វើឲ្យ​អ្នកខ្លះ​បាន​បោះបង់​ការងារ​នេសាទ​ទៅ​ប្រកប​មុខរបរ​ផ្សេង​។

លោក​និយាយ​ថា​៖ «​មាន​ខ្លះ​ទៅខាង​កាត់ដេរ​ការងារ​សំណង់​នៅ​ភ្នំពេញ ប៉ុន្តែ​មិនដឹងថា​មាន​ប៉ុន្មាន​គ្រួសារ​ទេ​ព្រោះ​ខ្លះទៅ​ក៏​បាត់​ដំណឹង​ទៅ​។ ខ្ញុំ​តែងតែ​និយាយថា ទន្លេសាប​យើង​បើ​ឆ្នាំនេះ​បាន​ប៉ុណ្ណេះ ហើយ​ឆ្នាំក្រោយ​បាន​ប៉ុណ្ណេះ​ប្រជាជន​នៅ​ទន្លេសាប​មិន​បាច់​មាន​អ្នកណា​បង្ខំ​ឲ្យ​ឡើងគោក​ទេ ឡើង​ខ្លួន​ឯង​ហើយ ព្រោះ​អស់​អី​ហើយ​»​។

លោក​ ឱម សាវ៉ាត នាយកប្រតិបត្តិ​អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល​ហៅ​កាត់​ថា FACT ឲ្យ​ដឹង​ពីថ្ងៃ​ទី​ ២២ ​កក្កដា​ថា​ផលនេសាទ​ក្នុង​ឆ្នាំនេះ​មិនទាន់​អាច​វាយតម្លៃ​បាន​ទេ ដោយសារ​ពេលនេះ​ជា​រដូវ​បិទ​នេសាទ​។

លោក​ថ្លែងថា​៖ «​ជាទូទៅ​ក្នុង​ខែកក្កដា​ត្រូវ​មាន​កម្រិត​ទឹក​ខ្ពស់ជាង​នេះ ប៉ុន្តែ​ឆ្នាំនេះ​យើង​នៅតែ​ឃើញ​កម្រិត​ទឹក​ឡើង​យឺត​។ បើ​ពិនិត្យមើល​លើ​វិសាលភាព​នៃ​ការគ្របដណ្ដប់​លើ​តំបន់​ព្រៃ​លិចទឹក​ចាប់ពី​ចុងខែ​ឧសភា​រហូត​ដល់​ខែតុលា ទឹក​ឡើង​ពេញ លិច​អស់​ព្រៃ លិច​ទឹក​នៅ​ជុំវិញ​បឹង​ទន្លេសាប ដែល​ផ្ដល់​ឱកាស​ឲ្យ​ត្រី​ពង​កូន និង ផ្លាស់​ទី​ពី​ទន្លេសាប​ទៅ​ទន្លេមេគង្គ​ក៏​មាន​ភាពងាយស្រួល​។ តែ​កម្រិត ទឹក​ឆ្នាំនេះ​មិន​ដូច​រាល់​ឆ្នាំ​»​។

លោក​ សាវ៉ាត ​និយាយ​ថា​ឆ្នាំមុន និង​ឆ្នាំនេះ​កម្រិត​ទឹក​ហូរ​ចូល​បឹង​ទន្លេសាប​មាន​ភាពយឺតយ៉ាវ ហើយ​កម្ពស់​ទឹក​ទាប​ជាង​រាល់​ឆ្នាំ​។ ប្រសិន​បើ​កម្រិត​ទឹក​ទាប​បែបនេះ​វា​ធ្វើឲ្យ​រាំងស្ទះ​ការផ្លាស់ទី​ត្រី​ទៅក្នុង​ទន្លេមេគង្គ ហើយ​កម្រិត​ជាតិពុល​កើត​ចេញ​ពី​ការរលួយ​រុក្ខជាតិ ហូរ​ចូលក្នុង​បឹង​ទន្លេសាប​ពី​ស្ទឹង​នានា​មាន​កម្រិត​ខ្ពស់ ដែល​ប៉ះពាល់​ដល់​មច្ឆជាតិ​។

មូលហេតុ​ដែល​ធ្វើឲ្យ​កម្រិត​ទឹកទន្លេ​មេគង្គ​ទាប លោក​ ឱម សាវ៉ាត បានលើកឡើង​នូវ​កត្តា​មួយចំនួន​រួមមាន​ការធ្វើ​ទំនប់​វារីអគ្គិសនី​នៅ​ប្រទេស​ឡាវ និង​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​។

លោក​ថា​៖ «​ចាប់ពី​យើង​មាន​គណៈកម្មការ​ទន្លេមេគង្គ​ឆ្នាំ​ ១៩៩៥ មកដល់​ឥឡូវ ឃើញ​មាន​ការសាងសង់​ទំនប់​វារីអគ្គិសនី​មួយ​ចំនួន​ដូចជា​នៅ​ចិន ឡាវ ថៃ​។ អ៊ីចឹង​អានេះ​ក៏​ជា​ផ្នែក​មួយ​ដែល​ទប់ទឹក​ដើម្បី​គម្រប់​សម្រាប់​បង្វិល​បូប៊ិន​យក​ថាមពល​។ កាលណា​ទំនប់​អគ្គិសនី​មាន​ច្រើន​គន្លាក់ ទឹក​ត្រូវ​ស្តុក​ទុក​តាម​គន្លាក់​នីមួយៗ ធ្វើឲ្យ​កម្រិត​ទឹក​ចុះ​មក​ខាងក្រោម​យឺត ហើយ​តិច​»​។

លោក​ ចាន់ យុត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​ពន្យល់​ថា​ទឹកទន្លេ​មេគង្គ​ចាប់ផ្ដើម​ហូរ​ចូល​បឹង​ទន្លេសាប នៅពេល​កម្រិត​ទឹកទន្លេ​មេគង្គ​នៅ​ចំណុច​ចតុមុខ​ឡើង​លើស​ពី​ ៧ ​ម៉ែត្រ​ដែល​ជា​ធម្មតា​កើតមាន​នៅ​ចុងខែ​មិថុនា រហូត​ដល់​ពាក់កណ្ដាល​ខែតុលា​ដែល​វា​ហូរ​ត្រឡប់​ទៅ​ទន្លេមេគង្គ​វិញ​។

លោក​ថា កម្រិត​ទឹកទន្លេ​មេគង្គ​ឆ្នាំនេះ​ទាប​ដោយសារ​តែ​កាលពី​ឆ្នាំ​ ២០១៩ តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​ទន្លេមេគង្គ​បាន​ទទួល​ឥទ្ធិពល​នៃ​បាតុភូត​អែលនីណូ​ធ្វើឲ្យ​មាន​កម្រិត​ទឹក​ទាប​នៅ​ឆ្នាំ​មុន​បូករួម​នឹង​ការធ្លាក់​ភ្លៀង​តិចតួច​នៅ​ឆ្នាំ ២០២០ នេះ​ដែល​ជា​ហេតុ​ធ្វើឲ្យ​កម្រិត​ទឹក​ឆ្នាំនេះ​កាន់តែ​ទាប​។

លោក​បញ្ជាក់​ដែរ​ថា កម្រិត​ទឹកទន្លេ​មេគង្គ​ក៏មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ទៅនឹង​ស្ថានភាព​អាកាសធាតុ​ផងដែរ​។ បើ​ភ្លៀង​ធ្លាក់​ច្រើន​កម្រិត​ទឹកនឹង​ឡើង​។ នៅ​តំបន់​ប៉ាស៊ីហ្វិក និង​សមុទ្រ​ចិន​ខាងត្បូង​ជា​មធ្យម​មាន​ព្យុះ​ប្រហែល​ ២៥ ហើយ​ក្នុង​ចំណោម​នេះ​មាន​ព្យុះ ៥-៦ ដែល​ធ្វើដំណើរ​ទៅលើ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​ទន្លេមេគង្គ​នៅ​ថៃ ឡាវ និង​វៀតណាម​។ ប៉ុន្តែ​នៅ​ឆ្នាំនេះ​មានតែ​ ១ ​ទេ​ដែល​មាន​ឥទ្ធិពល​លើ​ផ្ទៃ​រងទឹក​ភ្លៀង​នៃ​ទន្លេមេគង្គ​។

ប៉ុន្តែ​លោក​ ឱម សាវ៉ាត ថ្លែង​ថា​រដ្ឋាភិបាល​នានា​តែង​យក​កត្តា​បម្រែបម្រួល​អាកាសធាតុ​ជា​មូលហេតុ​ចម្បង​ ប៉ុន្តែ​កត្តា​មួយទៀត​ដែល​មិនគួរ​មើលរំលង​គឺ​ការសាងសង់​ទំបន់​វារីអគ្គិសនី​នៅតាម​ដង​ទន្លេមេគង្គ​។ លោក​ថ្លែងថា​៖ «​យើង​ដឹងថា កត្តា​អាកាសធាតុ​នេះ​ជា​កត្តា​មួយ​ហើយ ប៉ុន្តែ​បើសិន​ជា​យើង​មិន​សាងសង់​ទំនប់​ច្រើន​តាម​ដង​ទន្លេមេគង្គ​ទេ លំហូរ​ទឹក​នឹង​មាន​តាមបែប​ធម្មជាតិ​»៕