ភ្នំពេញៈ អតីតមេដឹកនាំបក្សប្រឆាំង និងបក្សនយោបាយមួយផ្សេងទៀតព្រមទាំងសង្គមស៊ីវិលបានសម្តែងការព្រួយបារម្ភ ចំពោះការវិវត្តទៅរកការដឹកនាំតាមបែបប្រព័ន្ធឯកបក្សរបស់ប្រទេសកម្ពុជា ខណៈគណបក្សប្រជាជនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានគេគណនាថា បានឈ្នះអាសនៈទាំងអស់ចំនួន ៥៨ របស់ស្ថាប័នព្រឹទ្ធសភា នៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យដែលគ្មានវត្តមានអតីតគណបក្សសង្គ្រោះជាតិដែលជាគូប្រជែងរបស់ខ្លួន។
ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចថ្លែងថា គណបក្សប្រជាជនគ្រាន់តែគោរពតាមឆន្ទៈពលរដ្ឋម្ចាស់ឆ្នោតប៉ុណ្ណោះ និងមិនបានប្រកាន់យកប្រព័ន្ធឯកបក្ស ឬរបបផ្ដាច់ការដូចការរិះគន់នានានោះទេ។
យោងតាមការគណនាលើលទ្ធផលបឋមរបស់ គ.ជ.ប បង្ហាញថា ការបោះឆ្នោតព្រឹទ្ធសភាកាលពីថ្ងៃទី ២៥ ខែកុម្ភៈ នេះគណបក្សប្រជាជនទទួលបានអាសនៈសមាជិកព្រឹទ្ធសភាទាំងអស់ចំនួន ៥៨ បើទោះបីជាមានគណបក្ស ៣ ផ្សេងទៀតបានចូលរួមប្រកួតក្ដីក្នុងនោះមានគណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ និងគណបក្សយុវជនកម្ពុជា។ ចំណែកអាសនៈចំនួន ៤ ទៀតត្រូវជ្រើសតាំងដោយព្រះមហាក្សត្រ និងស្ថាប័នរដ្ឋសភា។
លោក សុខ ឥសាន បានថ្លែងថា បើទោះបីជា គ.ជ.ប មិនទាន់ប្រកាសលទ្ធផលជាផ្លូវការក្តី តែតាមការគណនា គឺគណបក្សរបស់លោកទទួលបានសំឡេងឈ្នះលើសលប់។
លោកក៏កោតសរសើរថា ការបោះឆ្នោតនេះប្រព្រឹត្តទៅដោយរលូនប្រកបដោយប្រជាធិបតេយ្យ សេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា ស្ថិតនៅក្រោមដំបូលសន្តិភាពស្ថិរភាពនយោបាយ សុខសុវត្ថិភាពសង្គមល្អ ដែលប្រជាជនទូទៅស្វាគមន៍ និងអបអរសាទរ។
លោក សឹង្គ គិរី ប្រធានគណបក្សខ្មែររួបរួមជាតិដែលបន្តតំណែងពីលោក ញឹក ប៊ុនឆៃ ក៏ថ្លែងស្វាគមន៍ផងដែរពីដំណើរការបោះឆ្នោតព្រឹទ្ធសភាថា មានភាព «សេរី និងយុត្តិធម៌»។
ប៉ុន្តែលោកបានសម្ដែងការព្រួយបារម្ភពីការវិវត្តឆ្ពោះទៅរកប្រព័ន្ធឯកបក្សក្នុងស្ថាប័នអង្គនីតិប្បញ្ញត្តិរបស់ប្រទេសកម្ពុជាមួយនេះ។ លោកថ្លែងថា៖ «ព្រួយបារម្ភទី ១ វាឯកបក្សអ៊ីចឹងទៅ បរទេសគេមិនទុកចិត្ត។ ជួនកាលគេអាចទទួលស្គាល់ ឬមិនទទួលស្គាល់ទៅថ្ងៃមុខទៀត យ៉ាងម៉េចខ្ញុំមិនហ៊ានទស្សន៍ទាយដែរ...»។
លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងដែលបច្ចុប្បន្នប្រធានចលនាសង្គ្រោះជាតិថ្លែងថា៖ «បន្ទាប់ពីការលួចតំណែងក្រុមប្រឹក្សាឃុំ សង្កាត់ របស់គណបក្សសង្គ្រោះជាតិទាំង ៥០០៧ អាសនៈ ដែលគណបក្សប្រឆាំងបានឈ្នះ កាលពីឆ្នាំមុន តាមរយៈការបោះឆ្នោតជាសកល និងការបូកបញ្ចូលគ្នាជាមួយតំណែងក្រុមប្រឹក្សារបស់គណបក្សប្រជាជនចំនួន ៦៥០៣ ធ្វើឲ្យការបោះឆ្នោតព្រឹទ្ធសភាកាលពីថ្ងៃអាទិត្យគណបក្សប្រជាជនបានឈ្នះ “100%” នៃតំណែងសមាជិកព្រឹទ្ធសភាដែលត្រូវដណ្តើមយក»។
លោកបានសរសេរតាមសារអេឡិចត្រូនិកមកកាន់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា៖ «ដូច្នេះវាបានរុញឲ្យប្រទេសកម្ពុជាត្រឡប់ទៅរកប្រព័ន្ធឯកបក្សដូចមុនការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៩១។ ការចំអកស្រដៀងគ្នានេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៩ ខែកក្កដាដែលគណបក្សប្រជាជនកម្ពុជារំពឹងថានឹងទទួលបាន “ជ័យជម្នះភ្លូកទឹកភ្លូកដី” នាការបោះឆ្នោតនីតិប្បញ្ញត្តិដែលបានរៀបចំទុក ជាមួយការរំលាយគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងតែមួយគត់នៅក្នុងរដ្ឋសភា»។
ប៉ុន្តែលោក សុខ ឥសាន បានថ្លែងថាគណបក្សប្រជាជនគ្រាន់តែគោរពតាមឆន្ទៈពលរដ្ឋម្ចាស់ឆ្នោត និងមិនបានប្រកាន់យកប្រព័ន្ធឯកបក្ស ឬរបបផ្ដាច់ការ ដូចការរិះគន់នានាទេ។
លោកថ្លែងថា៖ «យើងគ្មានអ្វីក្រៅពីគោរពឆន្ទៈរបស់ប្រជាពលរដ្ឋទេ បក្សមួយក៏ដោយ បក្ស ២ ក៏ដោយ បក្ស ៣ ក៏ដោយដែលជាប់ឆ្នោតនៅក្នុងស្ថាប័នកំពូលរបស់ជាតិមានព្រឹទ្ធសភា មានរដ្ឋសភា អាហ្នឹង វាជាសិទ្ធិសម្រេចរបស់ប្រជាពលរដ្ឋ។ យើងមិនអាចសន្និដ្ឋានថា បក្សមួយផ្ដាច់ការ បក្សមួយឯកបក្ស អាហ្នឹងមិនដូច្នេះទេ បើនិយាយអ៊ីចឹងបានសេចក្ដីថា ប្រមាថឆន្ទៈប្រជាពលរដ្ឋ»។
ជាមួយគ្នានេះលោក ឥសាន បានកោតសរសើរពីការដឹកនាំរបស់ប្រទេសចិនកុម្មុយនិស្តដែលមានគណបក្សតែមួយ និងបានរិះគន់ការដឹកនាំតាមបែបប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកថាជា «ឧបសគ្គនៃដំណើរការរបស់ជាតិ»។
លោកថ្លែងថា៖ «ដូចខ្ញុំឧទាហរណ៍ប្រជាពលរដ្ឋចិនជាង ១៥០០ លាននាក់វា ១ ភាគ ៣ នៃពិភពលោកទៅហើយហើយថា គេផ្ដាច់ការម៉េចកើត! ប្រទេសគេទៅជាមហាអំណាចសេដ្ឋកិច្ចទៅហើយ អ៊ីចឹងមិនអាចទៅបានទេ ត្រូវតែនិយាយគោរពឆន្ទៈប្រជាពលរដ្ឋរបស់ប្រទេសនីមួយៗជាការសម្រេចជោគវាសនារបស់ប្រទេសគេ មិនអាចអ្នកណាមកលូកលាន់ ហើយវាយតម្លៃដោយអគតិបានទេ អានេះជាការរំលោភឆន្ទៈរបស់ពលរដ្ឋរបស់ប្រទេសនីមួយៗ»។
ប៉ុន្តែលោក ហ៊ីង សុខសាន្ត អតីតប្រធានចលនាយុវជន គណបក្សសង្គ្រោះជាតិ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃអាទិត្យថា បើមានវត្តមានគណបក្សសង្គ្រោះជាតិចូលរួមប្រកួតប្រជែង ប្រាកដណាស់បក្សរបស់លោកនឹងទទួលបាន ២៥ អាសនៈ រីឯគណបក្សប្រជាជននឹងទទួលបានត្រឹមតែ ៣៣ អាសនៈ ដោយយោងលើអង្គបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន ៥០០៧ សំឡេង និងសមាជិករដ្ឋសភាចំនួន ៥៥ សំឡេងរបស់អតីតគណបក្សសង្គ្រោះជាតិ។
លោក សន ជ័យ ជាប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាបានយល់ស្របទៅនឹងការលើកឡើងនេះដោយថ្លែងថា៖ «បើសិនជាគ្មានការរំលាយអតីតគណបក្ស សង្គ្រោះជាតិ ដោយតុលាការកំពូលនោះទេ លទ្ធផលក៏មិនដូចនេះដែរ។ ក្នុងករណីដែលមានលទ្ធផលមួយដែលគណបក្សប្រជាជនទទួលបានអាសនៈទាំង ៥៨ មែននោះ ការខ្សឹបខ្សៀវថា ព្រឹទ្ធសភានឹងដឹកនាំដោយឯកបក្សពិតជាកើតមាន ហើយយើងបារម្ភពីមុខមាត់របស់ស្ថាប័ននីតិប្បញ្ញត្តិ ចាស់ទុំមួយនេះ»។
លោក Paul Chambers ដែលជាសាស្ត្រចារ្យនៅសាកលវិទ្យាល័យ Naresuan ក្នុងប្រទេសថៃបានថ្លែងថា ប្រសិនបើគោលបំណងមានលក្ខណៈរលូន ហើយការអនុម័តច្បាប់ងាយស្រួលបែបនេះ គណបក្សប្រជាជនកម្ពុជាគួរតែលុបបំបាត់សភា។
លោកបានសួរថា៖ «តើវាមិនរឹតតែងាយស្រួលជាង និងលឿនជាងប្រសិនបើលោក ហ៊ុន សែន គ្រាន់តែប្រើអំណាចផ្តាច់ការដើម្បីអនុម័ត?»។
លោកបានថ្លែងជាដដែលថា លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តម្រូវឲ្យធានានូវការពិនិត្យ និងតុល្យភាពសម្រាប់ឆន្ទៈនយោបាយរបស់អ្នកបោះឆ្នោត ជាជាងជាច្រកងាយស្រួលសម្រាប់លោកនាយករដ្ឋមន្ត្រីធ្វើការអនុម័តច្បាប់។
ខណៈគណបក្សប្រជាជនកម្ពុជាកំពុងជំរុញឲ្យមាន «រដ្ឋឯកបក្សជាក់ស្តែង» លោក Miguel Chanco នៅអង្គភាពស្រាវជ្រាវ និងវិភាគសេដ្ឋកិច្ចបានថ្លែងថា គណបក្សប្រជាជននៅតែហាក់បីដូចជាប្តេជ្ញាថាមានប្រជាធិបតេយ្យតាមរយៈការនាំយកគណបក្សតូចៗដែលជាគណបក្សគាំទ្រគណបក្សប្រជាជនកម្ពុជាចូលទៅក្នុងសភា។ «ស្តង់ដារមានលក្ខណៈទាបខ្លាំងនៅអាស៊ានពាក់ព័ន្ធនឹងអ្វីដែលលោកខាងលិចមានឆន្ទៈទទួលយក និងចូលរួមជាមួយ»៕ PS