The Phnom Penh Post Search

Search form

មាន​ការ​យល់ឃើញ​ផ្សេង​គ្នា ​ជុំវិញ​ករណី​ប្រមាថ​អង្គ​ព្រះមហាក្សត្រ

Content image - Phnom Penh Post
នាយក​បឋមសិក្សា​ដែល​ចាប់​ខ្លួន​រឿង​​ប្រមាថ​ព្រះមហាក្សត្រ​។ រូបថត FN

មាន​ការ​យល់ឃើញ​ផ្សេង​គ្នា ​ជុំវិញ​ករណី​ប្រមាថ​អង្គ​ព្រះមហាក្សត្រ

ភ្នំពេញៈ ​ករណី​ប្រមាថ​ព្រះមហាក្សត្រ​ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​យល់​ឃើញ​ផ្សេង​គ្នា​លើ​ការផ្សព្វផ្សាយ​របស់​សារព័ត៌មាន ខណៈ​អ្នក​វិភាគ និង​អ្នក​ការពារ​សិទ្ធិមនុស្ស​យល់​ថា ការចាប់ខ្លួន​នេះ​រំលោភ​លើ​សិទ្ធិ​សេរីភាព​នៃ​ការបញ្ចេញមតិ​។

កាលពី​ថ្ងៃ​អាទិត្យ​នាយក​សាលា​បឋមសិក្សា​មួយ​រូប​នៅ​ខេត្ត​កំពង់ធំ​បាន​សរសេរ​លើ​ហ្វេសប៊ុក​អ្នក​ដទៃ​ដែល​មាន​ខ្លឹមសារ​ប្រមាថ​ព្រះមហាក្សត្រ​។

តុលាការ​ខេត្ត​កំពង់ធំ​បាន​ឃុំ​ខ្លួន​លោក​តាម​មាត្រា​ថ្មី​ដែល​​សភា​ទើប​អនុម័ត​កាលពី​ខែ​កុម្ភៈ​គឺ​មាត្រា​ ៤៣៧ ​ស្ទួន​ដែល​​ថា អ្នក​ប្រមាថ​នឹង​មាន​ទោស​ជាប់​ពន្ធនាគារ​ពី​ ១ ​ឆ្នាំ​ទៅ​ ៥ ​ឆ្នាំ​។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​ប្រតិកម្ម​នឹង​ការចុះផ្សាយ​ក្នុង​សារព័ត៌មាន Fresh News ដោយ​លោក​ថា ការយក​សារ​ប្រមាថ​ព្រះមហាក្សត្រ​មក​ផ្សាយ​បន្ត​អាច​ធ្វើឲ្យ​មាន​អ្នក​ចូល​មើល​ច្រើន​ជាង​សារ​ដើម​។

លោក​បាន​សរសេរ​លើ​ហ្វេសប៊ុក​ថា​៖ «​ខ្ញុំ​បាទ​គិត​ថា សារ​ដដែល​នោះ​ដែល​បង្ហោះ​ឡើងវិញ​ដោយ Fresh News នឹង​មាន​អ្នក​ចូល​មើល​ច្រើន​ជាង​គ្រូ​ខាង​លើ​បង្ហោះ​ឆ្ងាយ​ណាស់​»​។

លោក​បាន​ថ្លែង​ថា សារព័ត៌មាន​មិន​គួរ​យក​សារ​ដែល​ប្រមាថ​ព្រះមហាក្សត្រ​ ឬ​ថ្នាក់ដឹកនាំ​មក​ចុះផ្សាយ​ទេ គ្រាន់​តែ​ថា ប្រមាថ​បាន​ហើយ​។

លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​បាន​​យល់​ស្រប​នឹង​លោក​រដ្ឋមន្ត្រី​ ប៉ុន្តែ​លោក​ថ្លែង​ថា ចំពោះ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​វិញ ពួកគេ​មិន​គួរ​ចែករំលែក​សារណា​ដែល​មាន​លក្ខណៈ​ប្រមាថ​នោះ​ទេ ទោះ​ជា​ក្នុង​បំណង​ល្អ​ក៏ដោយ​ដោយ​លោក​ថា ការ​ធ្វើ​បែប​នេះ​គឺ​ «​ដូច​យើង​ចូលរួម​ផ្សព្វផ្សាយ​ដែរ​ហើយ​គិត​ពី​ផ្លូវ​ច្បាប់​យើង​មាន​កំហុស​»​។

លោក ជិន ម៉ាលីន អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​ និង​ជា​អ្នក​នាំ​ពាក្យ​ថ្លែង​ថា មិនមែន​គ្រប់​ការ​ផ្សព្វផ្សាយ​ដែល​មាន​យក​ខ្លឹមសារ​ប្រមាថ​មក​ចុះ​ផ្សាយ​នោះ សុទ្ធ​តែ​អាច​ចាត់ទុក​ថា​ជា​បទល្មើស​ទេ​។ លោក​ថា ​អាច​ចាត់ទុក​ថា​ជា​បទល្មើស​​បាន​គឺ​អាស្រ័យ​លើ​ចេតនា​នៃ​ការផ្សាយ​នោះ ហើយ​មាន​តែ​ព្រះរាជអាជ្ញា​ទេ​ដែល​ជា​អ្នក​កំណត់​ថា ការផ្សាយ​ណា​មួយ​ជា​បទល្មើស​ឬ​អត់​។

លោក​មេធាវី សុក សំអឿន យល់​ឃើញ​ថា​ការផ្សព្វផ្សាយ​របស់​សារព័ត៌មាន​ដោយ​មិន​បញ្ចេញ​មតិយោបល់​លើ​ខ្លឹមសារ​​ដើម​មិនមែន​ជា​កំហុស​ទេ​។

ប៉ុន្តែ​អ្នក​វិភាគ និង​អ្នកការពារ​សិទ្ធិមនុស្ស​យល់​ឃើញ​ថា​វា​ជា​ការ​រំលោភ​លើ​សិទ្ធិ​សេរីភាព​នៃ​ការបញ្ចេញមតិ​។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ម្នាក់​ថ្លែង​ថា​ប្រសិន​បើ​លោក​ជា​ជន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​វិញ «​ខ្ញុំ​នឹង​អះអាង​បញ្ជាក់​ប្រាប់​ថា អ្វី​ដែល​លោក​សរសេរ​នោះ​គឺជា​ការអនុវត្ត​នូវ​សេរីភាព​នៃ​ការបញ្ចេញមតិ​ «​ខ្ញុំ​នឹង​អះអាង​ថា​ខ្ញុំ​គ្រាន់​តែ​អនុវត្ត​សេរីភាព​នៃ​ការបញ្ចេញមតិ​ហើយ​ស្នើ​ឲ្យ​តុលាការ​បង្ហាញ​ពាក្យ​បណ្ដឹង​របស់​ព្រះមហាក្សត្រ​ដែល​ប្តឹង​រូប​ខ្ញុំ ហើយ​ខ្ញុំ​ចោទ​សួរ​ទៅ​លើ​ធម្មនុញ្ញភាព​នៃ​ច្បាប់​នេះ​ដែល​ដាក់ទោស​ការប្រមាថ​ព្រះមហាក្សត្រ​ដោយសារ​តែ​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​​ដោយ​រដ្ឋសភា​ដែល​មិន​មាន​ធម្មនុញ្ញភាព​ហើយ​ខ្ញុំ​ដាក់​ពាក្យ​ប្តឹង​ទៅ​គណៈកម្មការ​អង្គការ​យូណេស្កូ​ដែល​ឃ្លាំ​មើល​សិទ្ធិ​សេរីភាព​នៃ​ការបញ្ចេញមតិ ដើម្បី​ថ្កោលទោស​ការដាក់ទោស​លើ​រូប​ខ្ញុំ ព្រោះ​វា​ជា​សិទ្ធិ​ខ្ញុំ​ក្នុង​ការ​ប្រើ​សេរីភាព​នៃ​ការបញ្ចេញមតិ​»​។

លោក ប្រេដ អាដាម នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Rights Watch ទទួល​បន្ទុក​ផ្នែក​អាស៊ី​យល់​ថា​ការ​ចាប់ខ្លួន​នេះ​ជា​ការវិវត្ត​មួយ​គួរ​ឲ្យ​សោកស្តាយ​ដែល​រំលោភ​កតិកាសញ្ញា​ស្តីពី​សិទ្ធិមនុស្ស​អន្តរជាតិ​ដែល​កម្ពុជា​បាន​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​៕

អត្ថបទគួរចាប់អារម្មណ៍