ភ្នំពេញៈ សកម្មជន​ការពារ​ព្រៃឈើ លោក​ ជា ហ៊ាន សម្ដែង​ក្ដីបារម្ភ​ជុំវិញ​បទល្មើស​ព្រៃឈើ បន្ទាប់ពី​សង្កេតឃើញ​នៅ​ដែនជម្រក​សត្វព្រៃ​ក្នុង​ខេត្ត​ចំនួន​ ៤ ត្រូវបាន​គេ​កាប់​ដឹកជញ្ជូន​តាម​គោយន្ត​ជា​ហូរហែ ខណៈ​មន្ត្រី​អះអាង​ថា បទល្មើស​ព្រៃឈើ​បច្ចុប្បន្ន​មិនមាន​ទ្រង់ទ្រាយ​ធំ​។

ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ​ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ​ (ACNCIPO) លោក​ ជា ហ៊ាន ថ្លែង​ពី​ម្សិលមិញ​ថា បទល្មើស​ព្រៃឈើ​មិនមាន​ការថមថយ​នៅឡើយ​។ សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ និង​ការទន្ទ្រាន​ដីព្រៃ​មាន​ការកើនឡើង​ច្រើន​ជាង​បណ្ដា​ឆ្នាំមុនៗ​គួរឱ្យ​ព្រួយបារម្ភ ដោយសារ​មន្ត្រី​ជំនាញ​មិនសូវ​យកចិត្ត​ទុកដាក់​ខ្លាំង​ចំពោះ​ការការពារ​។

លោក​អះអាង​ថា បាន​ចំណាយពេល​ស៊ើបអង្កេត​រយៈពេល​ ១៥ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ១៨ មករា រហូត​ដល់​ថ្ងៃទី​ ១ កុម្ភៈ ដោយ​ធ្វើ​ដំណើរ​ទៅតាម​តំបន់​មួយចំនួន ដូចជា តំបន់​ព្រៃឡង់ ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ តំបន់​ព្រៃឡង់ ស្រុក​រវៀង ខេត្តព្រះវិហារ តំបន់​ជួរ​ភ្នំក្រវាញ ស្រុក​បទុមសាគរ ខេត្តកោះកុង និង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំកុស​ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។

បើ​តាម​សកម្មជន​ព្រៃឈើ​រូបនេះ​ក្នុង​ការស៊ើបអង្កេត លោក​បាន​ជួបប្រទះ​បទល្មើស​ព្រៃឈើ​យ៉ាង​គគ្រឹកគគ្រេង​នៅតាម​តំបន់​នីមួយៗ​ក្នុងនោះ​លោក​បាន​ជួប​គោយន្ត និង​រថយន្ត​ដឹកឈើ​រាប់រយ​គ្រឿង​។ ក្រៅពីនេះ​លោក​ឃើញ​មាន​ឈើ​ដែល​អារ​រួចរាល់​រាប់រយ​ម៉ែត្រគុប ដែល​ជនល្មើស​បាន​ដឹកជញ្ជូន​ចេញពី​តំបន់​ព្រៃអភិរក្ស​ទាំងអស់នេះ​។ លោក​កំពុង​រៀបចំ​របាយការណ៍​ដែល​ក្រុមការងារ​លោក​បាន​ប្រមូល​ពី​ដំណើរការ​ស៊ើបអង្កេត​។ លោក​បញ្ជាក់ថា បន្ទាប់ពី​រៀបចំ​រួចរាល់​នឹង​យក​ទៅ​ដាក់​តាម​ទីស្នាក់ការ​ឧទ្យានុរក្ស​ការពារ​ព្រៃឈើ​ទាំងអស់​ដើម្បី​បង្ហាញ​ភ័ស្តុតាង​ក៏​ដូចជា​ស្នើសុំ​កម្លាំង​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ចុះទៅ​បង្ក្រាប​បទល្មើស​ទាំងអស់​នេះ​។

លោក​ ជា ហ៊ាន ថ្លែងថា​៖ «​ខ្ញុំ​នៅ​បារម្ភ​ថា ប្រសិនបើ​ខ្ញុំ​ដាក់​លិខិត​សំណើសុំ​កម្លាំង​ធ្វើ​បេសកកម្ម​ទៅ គឺ​ខ្លាច​តែ​មាន​មន្ត្រី​ខិលខូច​មួយ​ចំនួន​យក​ដំណឹង​នេះ​ប្រាប់​ជនល្មើស​ផ្អាក​សកម្មភាព ឬ​រត់គេចខ្លួន​មុន​ពេល​ខ្ញុំ​ទៅ​ដល់​ទីតាំង​បទល្មើស​។ ខ្ញុំ​សង្កេតឃើញ​ថា អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​ភាគច្រើន​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ខិលខូច​មួយចំនួន​»​។

លោក​ តុប កក្កដា ប្រធាន​មន្ទីរបរិស្ថាន​ខេត្តកំពង់ធំ​ថ្លែង​ពី​ម្សិលមិញ​ថា នៅ​តំបន់​ព្រៃឡង់ ខេត្តកំពង់ធំ មាន​បទល្មើស​ព្រៃឈើ​ដែរ ប៉ុន្ដែ​មិនមែន​ជា​បទល្មើស​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ទេ ដោយ​គ្រាន់តែ​ពលរដ្ឋ​ក្នុង​សហគមន៍​មូលដ្ឋាន​ចូលទៅ​កាប់​បន្ដិចបន្ដួច ដើម្បី​ជួសជុលផ្ទះ​របស់​ពួកគាត់​ប៉ុណ្ណោះ​។ ទោះបីជា​យ៉ាងណា​លោក​ថា​នឹង​ចាត់​មន្ត្រី​ជំនាញ​ចុះទៅ​ណែនាំ​ពលរដ្ឋ​បន្ថែមទៀត ដើម្បី​កុំឱ្យ​ពួកគាត់​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ជា​ទ្រង់ទ្រាយ​ធំ​។

លោក​អះអាងថា​៖ «​បទល្មើស​នៅ​ខេត្តកំពង់ធំ​យើង​នេះ​មិន​មាន​លក្ខណៈ​ជា​ទ្រង់ទ្រាយ​ធំ​ទេ មានតែ​ពលរដ្ឋ​ដែល​រស់នៅ​មូលដ្ឋាន​គាត់​លួច​កាប់​នៅ​ចម្ការ​ដើម​ច្បោះ​របស់​ពួកគាត់​ហ្នឹង​។ ប៉ុន្ដែ​រឿង​បទល្មើស​ទ្រង់ទ្រាយ​ធំ​ជា​លក្ខណៈ​ក្រុមហ៊ុន ឬ​ឈ្មួញ​ធំៗ គឺ​មិន​មាន​ទេ យើង​បាន​បង្ក្រាប​អស់ហើយ​។ ទោះបីជា​យើង​ខំ​បង្ក្រាប​យ៉ាងណា​ក៏ដោយ គឺ​មិនអាច​ចៀស​ផុតពី​ការកាប់​របស់​ពលរដ្ឋ​មូលដ្ឋាន​ដែរ​»​។

លោក​ ម៉ន ផល្លា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ចំណែក​នៅ​ខេត្តកោះកុង​ត្រង់ចំណុច​ជួរ​ភ្នំក្រវាញ មិនមាន​បទល្មើស​ព្រៃឈើ​ដូច​ការលើកឡើង​របស់​អង្គការ​សង្គម​ស៊ីវិល​ទេ ប៉ុន្ដែ​មាន​ករណី​រុករាន​ទន្ទ្រាន​ដីព្រៃ​។ ដី​តំបន់​នេះ​ត្រូវ​បាន​មន្ត្រី​ជំនាញ​កំពុង​ស្រាវជ្រាវ និង​កំណត់​អត្តសញ្ញាណកម្ម ដើម្បី​កាត់​ឆ្វៀល​ជូនទៅ​ពលរដ្ឋ​ក្រីក្រ​អាស្រ័យ​ផល​ស្របច្បាប់​។

លោក​បញ្ជាក់ថា​៖ «​ដែនជម្រកសត្វព្រៃ​ជួរ​ភ្នំក្រវាញ គឺ​ស្ថិត​នៅក្នុង​ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង​។ ចំពោះ​ភូមិសាស្ត្រ​នៅ​ខេត្តកោះកុង​គឺ​បទល្មើស​ព្រៃឈើ ហាក់ដូចជា​មិនមាន​កាប់បំផ្លាញ​ទ្រង់ទ្រាយ​ធំ​ទេ ដោយសារ​យើង​ការពារ​បាន​តឹងរ៉ឹង​ល្អ​ណាស់​។ ប៉ុន្ដែ​ការ​រុករាន​ដីព្រៃ គឺមាន​តិចតួច តាមរយៈ​ពលរដ្ឋ​រស់នៅ​ជាប់​ដែនជម្រក​សត្វព្រៃ​ហ្នឹង​តែម្ដង​»​។

លោក​ សេត ទេព តំណាង​សហគមន៍​ការពារ​ព្រៃឈើ​ចំនួន​ ១២ ​សហគមន៍​នៅ​ខេត្តព្រះវិហារ​ជំរុញ​ឱ្យ​មន្ត្រី​ជំនាញ​ចាត់វិធានការ​បន្ថែម​ទៀត​ចំពោះ​បទល្មើស​ព្រៃឈើ​។ បើទោះបីជា​មិនមាន​បទល្មើស​ទ្រង់ទ្រាយ​ធំក្តី ប៉ុន្ដែ​ករណី​កាប់​ឈើ​ដឹកជញ្ជូន​តាម​ម៉ូតូ​កែច្នៃ​នៅតែមាន​ជា​ហូរហែ​ដដែល​។

លោក​ថា​៖ «​បទល្មើស​ឥឡូវ គឺ​យើង​មិនដែល​ចាប់បាន​ជនល្មើស​ទេ នៅពេល​យើង​ទៅដល់​កន្លែង​ប្រព្រឹត្ត​បទល្មើស គឺ​ជនល្មើស​បាន​រត់គេចខ្លួន​បាត់​អស់ហើយ​។ អ៊ីចឹង​បើ​យើង​ទៅដល់​កន្លែង​ហ្នឹង យើង​ប្រមូល​បាន​តែ​សម្ភារ​ល្មើស​យក​មក​រក្សាទុក រីឯ​ជនល្មើស​រត់គេចខ្លួន​បាត់​។ អ៊ីចឹង​យើង​គួរតែ​តាម​ចាប់​ជនល្មើស​មក​ផ្តន្ទាទោស​តាមច្បាប់​»៕