បន្ទាយមានជ័យៈ ពលរដ្ឋដែលចេញចូល និងរកស៊ីតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានរិះ គន់ជាថ្មីចំពោះករណីយកលុយពីពួកគាត់ច្រើនលើសលប់ក្នុងការធ្វើលិខិតរដ្ឋបាលផ្សេងៗសម្រាប់ចេញចូលតាមច្រកទ្វារព្រំដែនមួយនេះជាអ្វីដែលសង្គមស៊ីវិលថាជាអំពើពុករលួយ និងស្នើចាត់វិធានការបន្ទាន់ឲ្យស្របតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី។
ថ្មីៗនេះ ពលរដ្ឋបានផ្ទុះការរិះគន់លើមន្ត្រីប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជុំវិញករណីមិនប្រក្រតីក្នុងការយកលុយច្រើនដោយពលរដ្ឋបានបង្ហោះសកម្មភាពទាំងនោះតាមបណ្តាញសង្គមដើម្បីស្វែងរកការអន្តរាគមន៍។
ក្នុងគណនីហ្វេសប៊ុកឈ្មោះថា Kito bong បានបង្ហោះពីការយកថ្លៃពន្ធគយច្រើនលើអីវ៉ាន់របស់គាត់ដែលដឹកតាមរទេះរុញដោយរិះគន់ថា ការយកពន្ធបែបនេះហើយទើបមន្ត្រីទាំងនោះ មានបានឆាប់រហ័សបែបនេះ។
លោកបញ្ជាក់ថា៖ «ពូក ២ ចាប់បង់ប្រាក់ពន្ធ ១០ ម៉ឺនរៀលក្រុងប៉ោយប៉ែតអ៊ីចឹងបានគយដេកស៊ីឆ្អែតជិះឡាន 570 ទំនើបៗពេលសុំលោកគយបន្ធូរបន្ថយលោកគយថាបើគ្មានលុយបង់ទុកពូកចោលទៅចប់មួយម៉ាត់នេះ។ នេះត្រឹមពូកសំឡីថ្លឹង ៣៤ គីឡូចុះបើពូករ៉ឺស័រដែកវិញប៉ុន្មានគីឡូទៅលោកគយតែខ្ញុំព្រមបង់ជូនហើយ»។
ចំណែកលោក ស៊ុំ រ៉េន ជាកម្មករអូសរទេះម្នាក់រស់នៅក្រុងប៉ោយប៉ែតបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ករណីនេះបានកើតតាំងពីឆ្នាំមុន រហូតមកទល់ដើមឆ្នាំនេះនៅតែបន្ត ដោយមានការចំណាយលុយលើសពីថ្លៃសេវាដែលរដ្ឋកំណត់។លោកបន្តថា ការចំណាយលុយលើសនេះ ពលរដ្ឋមិនអាចប្រកែកបានទេ ព្រោះបើតវ៉ាគឺនឹងគ្មានសិទ្ធិឆ្លងកាត់ច្រកទ្វារនោះទេ។
លោកថា៖ «ដល់ពេលយកច្រើនពេកទៅ ពួកខ្ញុំរត់វាមិនរួច រកវាមិនសល់ ណាមួយចិញ្ចឹមកូន ២-៣ នាក់ទៀត ហើយណាមួយឥឡូវទារថ្លៃណាស់ទាំងខាងគយថៃ និងគយខ្មែរ។ បើយកអ៊ឹចឹងៗងាប់អស់ហើយពួកខ្ញុំ ពេលខ្លះដល់ទារថ្លៃពេក ពួកខ្ញុំគ្មានលទ្ធភាពសុខចិត្តទុកអីវ៉ាន់ចោល»។
បើតាមការបង្ហោះតៗគ្នាដែលថាយកសេវាច្រើនលើសលប់ និងគ្មានក្នុងបញ្ជីរបស់រដ្ឋនោះគឺពលរដ្ឋម្នាក់ៗត្រូវចំណាយប្រមាណ ៥០ បាត (លុយថៃ) ឬស្មើនឹង ៧០០០ រៀលក្នុងការប្រថាប់ត្រាលើប័ណ្ណព្រំដែនចេញពីកម្ពុជាចូលទៅថៃតាមច្រកប៉ោយប៉ែត។
ចំពោះការធ្វើលិខិតបញ្ជាក់ ១ សន្លឹកគឺមានតម្លៃពី ២០០ បាតទៅ ៥០០ បាត ខណៈអ្នករត់ម៉ូតូឌុបនៅគល់ស្ពានមិត្តភាព កម្ពុជា-ថៃ គឺត្រូវចំណាយលុយ ៣០០ បាតក្នុង ១ ខែ ចំណែកអ្នករត់ម៉ូតូកង់ ៣ ម្នាក់ ត្រូវចំណាយ ៦០០ បាតក្នុង ១ ខែ និងអ្នកលក់ចំណីតាមរទេះរុញម្នាក់ក្នុង ១ ខែត្រូវបង់លុយចាប់ពី ១ ៥០០-២ ០០០ បាត រហូតដល់ ៦ ០០០ បាត។
នៅពេលភ្នំពេញប៉ុស្តិ៍ទាក់ទងសុំអត្ថាធិប្បាយពីបញ្ហានេះ លោក ខឹម ចិត្រា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានបដិសេធកាលពីថ្ងៃអាទិត្យ។ ប៉ុន្តែថ្មីៗនេះ លោកបានបកស្រាយចំពោះមុខអ្នកកាសែត និងបានបង្ហោះតៗគ្នាលើបណ្តាញសង្គមថា ការយកលុយពីពលរដ្ឋក្នុងការចេញចូលតាមច្រកទ្វារព្រំដែននេះគឺមានចំនួនតែ ១០០ រៀលលុយខ្មែរប៉ុណ្ណោះជាថ្លៃក្រដាសធ្វើឯកសារ ខណៈការយកថ្លៃសេវាផ្សេងៗលោកថា ទាក់ទងនឹងផ្នែកពន្ធគយ។
លោក ស៊ុំ ចន្ទគា មន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តបន្ទាយមានជ័យបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ករណីអំពើពុករលួយនៅច្រកព្រំដែននេះបានកើតយូរមកហើយតែគ្មានស្ថាប័នណាដោះស្រាយទេ។
លោកបន្តថាការលើកឡើងរបស់នាយប៉ុស្តិ៍ព្រំដែននេះគឺជារឿងមិនសមហេតុផល ព្រោះជាទូទៅពលរដ្ឋតែងចំណាយមិនក្រោម ១០០ បាតទេ ក្នុងការធ្វើឯកសារផ្សេងៗឬចេញចូលតាមច្រកទ្វារទាំងនេះដែលលោកថាដល់ពេលហើយដែលត្រូវអនុវត្តចំពោះមន្ត្រីពុករលួយទាំងនេះ។
លោកបញ្ជាក់ថា៖ «អ្វីដែលសំខាន់អ្នកដែលធ្លាប់ធ្វើអំពើពុករលួយពីមុនគាត់មានការភ័យព្រួយក្នុងពេលលោក ហ៊ុន សែន អនុវត្តអភិក្រមទៅកាន់មន្ត្រី។អ៊ីចឹងដើម្បីលុបបំបាត់អំពើពុករលួយលុះត្រាតែមន្ត្រីខ្លួនឯងឈប់ប្រព្រឹត្តអំពើពុករលួយហើយមន្ត្រីថ្នាក់លើឈប់កៀបសង្កត់ថ្នាក់ក្រោម»។
លោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាបានលើកឡើងថា ជាទូទៅគ្មានច្បាប់ឲ្យយកលុយទាំងនេះទេ តែពួកគេយកទាំងអស់ហ្នឹងស្ទើរគ្រប់ច្រកទ្វារព្រំដែន បានយកលុយពីពលរដ្ឋរួចហើយលុយទាំងនោះត្រូវបានដាក់ហោប៉ៅរបស់ពួកគេ។
លោកថា៖ «ខ្ញុំដើរមើលអស់ហើយគឺគ្រប់ច្រកហ្នឹងយកលុយទាំងអស់យកលុយសាហាវណាស់គឺស្រស់ៗតែម្តងពេលខ្លះអត់មានលិខិតស្នាមអីទេ។ ទាំងនេះវាចូលជាបទល្មើសហើយព្រោះនៅពេលពលរដ្ឋមិនផ្តល់លុយនោះទេគឺមិនឲ្យទៅ (ឆ្លងដែន)»។
លោក ឌិន ពុទ្ធី និងលោក ស៊ុំ ចន្ទគា ចង់ឲ្យមានការស៊ើបអង្កេតករណីទាំងនេះពីស្ថាប័នពាក់ព័ន្ធដើម្បីលុបបំបាត់អំពើពុករលួយនៅក្នុងប្រទេសនិងធ្វើឲ្យអ្នករងផលប៉ះពាល់អាចទទួលយកបាន។
កាលពីថ្ងៃសុក្រសប្ដាហ៍មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសប្រើប្រាស់អភិក្រមទាំង ៥ ចំណុច យ៉ាងម៉ឺងម៉ាត់សាជាថ្មី គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ចំពោះអាណត្តិនេះ គឺត្រូវតែមានការកែទម្រង់ស៊ីជម្រៅបំផុតដើម្បីបម្រើផលប្រយោជន៍ដល់ម្ចាស់ឆ្នោតពិតប្រាកដ។
លោកបញ្ជាក់ថា៖ «ទោះជាមន្ត្រីមានឋានៈប៉ុនណា បើទោះបីជា ខ្លា ពស់ កណ្តុរ ឬ រុយក៏ដោយ ឲ្យតែបំពានប្រយោជន៍ប្រជាជនគឺសម្តេចត្រូវតែអនុវត្តតាមអភិក្រមនេះដើម្បីបម្រើប្រជាពលរដ្ឋប្រកបដោយសេចក្តីទុកចិត្ត និងមានប្រសិទ្ធភាពខ្ពស់»។
ក្រោយការប្រកាសទាំងនេះ គេសង្កេតឃើញមានមន្ត្រីរដ្ឋាភិបាលជាច្រើនរូបត្រូវបានដកតំណែង និងខ្លះទៀតកំពុងស្ថិតក្នុងការស៊ើបអង្កេត។
លោក នួន បូផល អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោកមិនច្បាស់ថា ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនឹងស៊ើបអង្កេតករណីនេះទេ តែលោកថា ជាទូទៅឲ្យតែមានតម្រុយគឺអង្គភាពប្រឆាំងអំពើពុករលួយនឹងមានចំណាត់ការហើយ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំមិនច្បាស់ដែរតែតាមផ្លូវច្បាប់គឺមិនបាច់មានពាក្យបណ្តឹងទេគឺឲ្យតែមានតម្រុយគឺអង្គភាពប្រឆាំងអំពើពុករលួយនឹងស៊ើបអង្កេតហើយ តែខ្ញុំក៏មិនដឹងថា ឯកឧត្តមប្រធានគាត់ស៊ើបឬមិនស៊ើបដែរ ព្រោះជាទូទៅទាល់តែរឿងគាត់ផ្តល់ឲ្យខ្ញុំទើបខ្ញុំដឹង»។
លោក គៀត ច័ន្ទថារិទ្ធ ប្រធានអគ្គនាយកដ្ឋានអន្តោប្រវេសន៍មិនអាចទាក់ទងបានទេដោយមិនមានអ្នកលើកទូរស័ព្ទកាលពីថ្ងៃអាទិត្យ៕