
ទឹកស្ទឹងសៀមរាបក្នុងក្រុងសៀមរាបនាពេលបច្ចុប្បន្ន។ សហការី
សៀមរាបៈ អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋដែលរស់នៅក្រុងសៀមរាបបានរិះគន់ ចំពោះការបង្ហូរទឹកស្អុយពីផ្ទះសំណាក់ សណ្ឋាគារ និងភោជនីយដ្ឋានមួយចំនួន ចូលទៅក្នុងស្ទឹងសៀមរាប ដែលបានបង្កឲ្យទឹកស្ទឹងឡើងកខ្វក់ជះក្លិនស្អុយ ខណៈដែលអាជ្ញាធរកំពុងធ្វើការសិក្សាពីគម្រោងកែលម្អស្ទឹងនៃក្រុងក្នុងតំបន់ទេសចរណ៍ប្រវត្ដិសាស្រ្ដដ៏ល្បីល្បាញមួយនេះ។
លោក សួស ណារិន មន្ដ្រីអង្កេត សមាគមអាដហុកប្រចាំខេត្ដសៀមរាបបានថ្លែងកាលពីម្សិលមិញថា កន្លងមកការបង្ហូរទឹកកខ្វក់ចូលទៅក្នុងស្ទឹងនេះ ធ្លាប់ផ្ទុះការរិះគន់ពីសាធារណជន រួចត្រូវបានអាជ្ញាធរខេត្ដបានចុះទៅជូនដំណឹង និងទប់ស្កាត់ម្ដងរួចហើយ ប៉ុន្ដែមិនដឹងហេតុអ្វីទើបមានការកើតឡើងដដែលបែបនេះ។
លោកបន្ថែមថា៖ «វាមានករណីខ្លះខាងម្ចាស់អូតែល និងអាជីវករមួយចំនួនក្នុងក្រុងសៀមរាប។ ពួកគាត់បង្ហូរទឹកពីកន្លែងពួកគាត់ចូលទៅក្នុងស្ទឹងនេះ។ កាលពីចៅហ្វាយខេត្ដមុន គាត់បានបញ្ជាឲ្យផ្អាកការបង្ហូរទឹកកខ្វក់ចូលស្ទឹងនេះ រួចហើយ ដោយបង្វែរទិសដៅឲ្យហូរទៅប្រព័ន្ធលូផ្សេងវិញ»។
លោក ណារិន ឲ្យដឹងថា ទឹកស្ទឹងនេះមានទ្វារទឹកនៅផ្នែកខាងលើ។ ពេលអាជ្ញាធរចង់ឲ្យទឹកកើនឡើងនឹងបិទទ្វារទឹក ដើម្បីរក្សាទឹកទុក ពេលដល់រដូវបុណ្យអុំទូក ទើបបើកទ្វារទឹកនេះវិញ។ «ដោយសាររដូវនេះជារដូវប្រាំង អ៊ីចឹងមិនមានទឹកហូរច្រើនទេ ពេលទឹកស្ទឹងលែងហូរទឹកក៏មិនមានភាពស្អាតល្អដែរនាំឲ្យទឹកស្អុយខ្លាំងឡើង»។
ដោយសារតែខេត្ដសៀមរាប ជាខេត្ដទេសចរណ៍ដ៏មានសក្ដានុពលរបស់កម្ពុជា លោក ណារិន បានសម្ដែងការសោកស្ដាយថា មិនគួរឲ្យមានភាពកខ្វក់បែបនេះនៅកណ្ដាលក្រុងនេះទេ គួរតែកែលម្អស្ទឹងនេះ ឲ្យមានភាពល្អស្អាត និងទាក់ទាញសម្រាប់ទេសចរមកលេងកម្សាន្ដទើបស័ក្ដិសម។ «យើងអត់ចង់ឃើញមានស្ថានភាពទឹកកខ្វក់ហូរចូលស្ទឹងទេ។ សណ្ឋាគារភាគច្រើន គេបែរមុខមករកស្ទឹងនេះ ហើយភ្ញៀវទេសចរ ពេលល្ងាចឡើង ពួកគាត់ដើរលេងកម្សាន្ដនៅតាមមាត់ស្ទឹងនេះ បើសិនមានក្លិនអាក្រក់ វាធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរ ដែលពួកគាត់មកកម្សាន្ដសប្បាយ»។
លោក សំ អូន ប្រជាពលរដ្ឋមួយរូបរស់នៅក្រុងសៀមរាប ក៏បានថ្លែងពីម្សិលមិញដែរថា បញ្ហាទឹកនៅស្ទឹងសៀមរាបដែលរឹតតែកខ្វក់ និងបង្កជាក្លិនស្អុយនេះ ព្រោះបច្ចុប្បន្នទឹកស្ទឹង មិនមានការហូរចេញចូលពីបណ្ដាញទឹកដែលធ្លាក់មកពីភ្នំគូលេនដូចមុននោះទេ ព្រោះអាជ្ញាធរបានបិទទ្វារទឹកពីផ្នែកខាងលើ។ «គេបិទទឹកពីខាងលើ កាលណាបិទទឹកបែបនេះ វានាំឲ្យទឹកនៅក្នុងស្ទឹងនេះឈប់ហូរ ហើយបង្កឲ្យទឹកនេះឡើងស្អុយតែម្ដង។ អាជ្ញាធរគេនឹងចាត់វិធានការយ៉ាងណា យើងជាប្រជាពលរដ្ឋមិនដឹងទេ»។
លោក អូន បានឲ្យដឹងថា កន្លងមកអាជ្ញាធរខេត្ដ ក៏ធ្លាប់សម្អាតស្ទឹងនេះដែរ ប៉ុន្ដែសម្អាតមិនបានស្អាតទេ។ លោកថា បើចង់ឲ្យស្ទឹងនេះឈប់ស្អុយ និងស្អាតលុះត្រាតែទឹកស្ទឹងនេះ ហូរឡើងវិញ។
លោក នួន ពុទ្ធារ៉ា អភិបាលក្រុង និងជានាយករដ្ឋបាលខេត្ដសៀមរាប បានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា បច្ចុប្បន្នទាំងក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងរដ្ឋបាលខេត្ដសៀមរាបកំពុងតែយកចិត្ដទុកដាក់ដោះស្រាយបញ្ហាទឹកស្ទឹងកខ្វក់មានក្លិនស្អុយនេះ។ ឥឡូវបានបញ្ចប់ការសិក្សាលើគម្រោងកែលម្អស្ទឹងនេះហើយ។
លោកបានបន្តថា៖ «យើងមានប្រព័ន្ធលូសម្រាប់បញ្ជូនទឹកកខ្វក់ចោល និងប្រព័ន្ធលូទឹកភ្លៀង ដែលហូរចូលស្ទឹងនេះដាច់ដោយឡែកពីគ្នា។ យើងនឹងកែប្រែមិនឲ្យមានទឹកកខ្វក់ដែលបង្ហូរចោល ហូរចូលទៅក្នុងស្ទឹងទៀតទេ ប៉ុន្ដែកិច្ចការងារនេះ យើងត្រូវការពេលវេលា។ នៅពេលដែលយើងសិក្សាចប់សព្វគ្រប់អស់ហើយ យើងនឹងមានបទបង្ហាញ ដើម្បីទទួលយកមតិរួមផងដែរ»។
លោក ពុទ្ធារ៉ា បានបញ្ជាក់ថា៖ «ខ្ញុំសុំថា ចាំមើលបន្តិចទៀត ខាងគេហទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្ដសៀមរាប និងផ្សព្វផ្សាយផែនការលម្អិត។ ចំពោះថា យើងបានធ្វើអ្វីខ្លះ?កន្លែងណាជាកន្លែងចម្រោះទឹកកខ្វក់ ដែលហូរចូលលូ នោះនឹងមានព័ត៌មានលម្អិតបន្ថែម»៕