ភ្នំពេញៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ជាថ្មី​ថា ៧ មករា​គឺជា​ថ្ងៃ​កំណើត​ទី​ ២ ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ​ដែល​គ្មាន​ជន​ណា ឬ​កម្លាំង​ណា​អាច​មក​បំភ្លៃ ឬ​បំផ្លាញ​បាន​ឡើយ ខណៈ​អ្នក​ប្រវត្តិសាស្ត្រ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​រិះគន់​ចំពោះ​ការលើកឡើង​របស់​មន្ត្រី​ជាន់ខ្ពស់ អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​ថា ៧ មករា​គឺជា​ថ្ងៃ​ចាប់ផ្ដើម​នៃ​ការឈ្លានពាន​របស់​វៀតណាម​មក​លើ​កម្ពុជា​។

នៅក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី ៤០ ​ឆ្នាំ​ថ្ងៃ​ជ័យជម្នះ​ ៧ មករា ដែល​ធ្វើ​ឡើង​នៅ​ពហុកីឡដ្ឋាន​ជាតិ អូឡាំពិក កាលពី​ម្សិលមិញ​ដែល​មាន​អ្នក​ចូលរួម​រាប់ម៉ឺន​នាក់​លោក ហ៊ុន សែន ថ្លែង​បញ្ជាក់​ជាថ្មី​ទៀត​ថា​៖ «​ប្រជាជន​កម្ពុជា​បាន​ប្រសិទ្ធ​នាម​ថា​ថ្ងៃ ៧ ​មករា ឆ្នាំ​ ១៩៧៩ ​គឺជា​ថ្ងៃ​កំណើត​ទី​ ២ ​របស់​ខ្លួន បើ​គ្មាន​ជ័យជម្នះ ៧ មករា ក៏​យើង​គ្មាន​អ្វីៗ​នៅ​ថ្ងៃ​នេះ​ដែរ​។ នេះ​ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ​ដែល​គ្មាន​ជនណា ឬ​កម្លាំង​ណា​អាច​មក​បំភ្លៃ ឬ​បំផ្លាញ​បាន​ឡើយ​។ កម្លាំង​មហា​សាមគ្គី​របស់​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ការជួយ​ឧបត្ថម្ភ​យ៉ាង​ធំធេង ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​ពី​សំណាក់ កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​។ បើ​គ្មាន​ការ​ផ្គួប​ផ្សំ​នៃ​កម្លាំង​ទាំង​ ២ ​នេះ​ទេ​គឺ​ពិតជា​មិន​អាច​មាន​ជ័យជម្នះ ៧ មករា ១៩៧៩ បាន​ឡើយ​»​។

ប៉ុន្តែ​ទោះ​យ៉ាង​ណា​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន ក្នុង​នោះ​ក៏​មាន​លោក​ សម រង្ស៊ី ផង​ដែរ​បាន​អះអាង​ថា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​ «​លើក​បន្តុប​ជា​មេដឹកនាំ​អាយ៉ង​ដោយ​កងទ័ព​យួន​ឈ្លានពាន​» ខណៈ​ដែល​លោក អេង ឆៃអ៊ាង បាន​លើក​ឡើង​ថា «​ម្ចាស់​នៃ​ថ្ងៃ​ ៧ មករា​ឆ្នាំ ១៩៧៩ ពិតប្រាកដ​គឺជា​រដ្ឋាភិបាល​វៀតណាម​»​។

លោក សម រង្ស៊ី បាន​បង្ហោះ​នៅលើ​ហ្វេសប៊ុក​របស់​លោក​ដោយ​បាន​ចោទប្រកាន់​ថា​កាលពី​ថ្ងៃទី​ ៧ មករា ឆ្នាំ ១៩៧៩ លោក ហ៊ុន សែន​ «​ត្រូវ​បាន​លើក​បន្តុប​ជា​មេដឹកនាំ​អាយ៉ង​ដោយ​កងទ័ព​យួន​ឈ្លានពាន និង​នៅ​ឆ្នាំ ១៩៨៥ លោក ហ៊ុន សែន ត្រូវ​បាន​បន្តុប​ឲ្យ​ឡើង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​អាយ៉ង ហើយ​ក្នុង​ឆ្នាំ​ ១៩៩៧ ​លោក​ ហ៊ុន សែន បាន​ធ្វើ​រដ្ឋប្រហារ​ដើម្បី​ដណ្តើម​អំណាច​មក​វិញ​ដោយ​មាន​ការបង្ហូរ​ឈាម​ និង​ពី​ឆ្នាំ​ ១៩៩៨ ដល់ ២០១៨ លោក​ ហ៊ុន សែន បាន​នៅ​ក្រាញ​អំណាច ដោយសារ​តែ​ការលួចបន្លំ​សន្លឹកឆ្នោត​»​។

ចំណែក​លោក អេង ឆៃអ៊ាង ​បាន​សរសេរ​បង្ហោះ​នៅលើ​ហ្វេសប៊ុក​របស់​លោក​កាលពី​ព្រឹក​ថ្ងៃទី​ ៧ ខែ​មករា​ម្សិលមិញ​ថា​៖ «​ម្ចាស់​នៃ ៧ ​មករា ១៩៧៩ ​មិនមែន​មនុស្ស​នៅក្នុង​រូបថត​នេះ​ទេ គឺ យួន​។ មនុស្ស​ទាំងអស់​នេះ​គ្រាន់តែ​ជា​តួអង្គ យួន​លើក​បន្តុប​ឲ្យ​ធ្វើ​ជា​អាយ៉ង​ដូច​សម័យ​មេទ័ព​យួន ទ្រឿង មិញ​យ៉ាង​លើក​បន្តុប​ម្ចាស់ក្សត្រី អង្គម៉ី ជា​អាយ៉ង​»​។

ភ្នំពេញ​ប៉ុស្តិ៍​បាន​ព្យាយាម​ទាក់ទង​ដោយ​ផ្ញើ​សារ​តាម​ហ្វេសប៊ុក និង​តាម​អ៊ីមែល​ទៅ​លោក សម រង្ស៊ី និង​លោក អេង ឆៃអ៊ាង ដើម្បី​សុំ​ការអធិប្បាយ​បន្ថែម ថា​តើ​ពួកលោក​មាន​បាន​ធ្លាប់​ឆ្លងកាត់​របប​ខ្មែរក្រហម​ឬ​អត់​? តើ​ហេតុអ្វី​បាន​ជា​លោក​លើក​ឡើង​ថា​មេដឹកនាំ​បច្ចុប្បន្ន​ជា​អាយ៉ង​របស់​វៀតណាម​? និង​ថា តើ​ពួកលោក​មាន​បងប្អូន​ ឬ​សាច់ញាតិ​ត្រូវ​បាន​ខ្មែរក្រហម​សម្លាប់​ដែរ​ឬ​ទេ​? ប៉ុន្តែ​ពុំ​មាន​ការឆ្លើយតប​ទេ​គិត​មក​ដល់​ម៉ោង​បោះពុម្ព​ផ្សាយ​កាសែត​កាលពី​យប់មិញ​។

យ៉ាង​ណា​ក្តី​អ្នក​ប្រវត្តិសាស្ត្រ និង​ពលរដ្ឋ​មួយ​ចំនួន​មិន​យល់ស្រប​ចំពោះ​ការលើកឡើង​របស់​មន្ត្រី​ជាន់ខ្ពស់​​អតីត​គណបក្ស​ប្រឆាំង​នេះ​ឡើយ​។

លោក សំបូរ ម៉ាណារ៉ា សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​ថ្លែង​ថា​ការលើក​ឡើង​របស់​មន្ត្រី​អតីត​គណបក្ស​ប្រឆាំង​គឺ​វា​គ្រាន់​តែ​ជា​ទស្សនៈ​មួយ ប៉ុន្តែ​សម្រាប់​រូបលោក​មើល​ឃើញ​ថា ៧ មករា​គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ថ្មី​សម្រាប់​ប្រទេស​កម្ពុជា ដោយសារ​តែ​ថ្ងៃ​នោះ​បាន​ជួយ​រំដោះ​ប្រជាជន​កម្ពុជា​ឲ្យ​រួច​ផុតពី​ការសម្លាប់ និង​ការលំបាក​វេទនា​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​ដែល​មាន​រយៈពេល ៣ ​ឆ្នាំ ៨​ខែ ២០ ថ្ងៃ​ហើយ​ថា ៧ ​មករា គឺជា​ថ្ងៃ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​ប្រាប់​ពិភពលោក​ថា ប្រទេស​កម្ពុជា​បាន​រងទុក្ខវេទនា​។

លោក​បន្ថែម​ថា​កងទ័ព​វៀតណាម​មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​ ១៩៧០ ដែល​សម័យ​លោក​ លន់ នល់ ​បាន​ឲ្យ​វៀតណាម​ខាង​ត្បូង​មក​ច្បាំង​គ្នា នៅលើ​ទឹកដី​ខ្មែរ ខណៈ​អ្នក​ដែល​តស៊ូ​ក្នុង​ព្រៃ​ក៏​បាន​ឲ្យ​វៀតណាម​ខាង​ជើង មក​ច្បាំង​តតាំង​នៅ​លើ​ទឹកដី​ខ្មែរ​។ លោក​ថា​៖ «​តម្លៃពិត​ប្រាកដ​ការលំបាក​វេទនា​របស់​ប្រជាជន​យើង​ដែល​ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​យើង​មិនគួរ​នៅ​តែ​ចោទ​បញ្ហា​បែប​នេះ​ទេ​»​។

លោក​បាន​បន្ថែម​ថា​៖ «​នៅពេល​ដែល​យើង​ខឹង​គេ​ហើយ​ជេរ វា​មិន​ចំណេញ​អ្វី​ទេ​។ យើង​បង្កើត​ទោសៈមោហៈ​ខ្លួន​យើង និង​បង្កើត​ឲ្យ​មាន​បញ្ហា​វិវាទ​ពូជសាសន៍ ហើយ​ធ្វើ​ឲ្យ​សង្គម​ហ្នឹង​មាន​ភាព​ល្អក់កករ​»​។

លោក កង សុខុម អាយុ ៤៧ ​ឆ្នាំ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​ ៤០ ​ឆ្នាំ​ថ្ងៃ​ជ័យជម្នះ ៧ មករា នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ថ្លែង​ថា លោក​ចងចាំ​មិន​ភ្លេច​ទេ​ការឈឺចាប់​ក្នុង​របប​ខ្មែរក្រហម​ដែល​បាន​សម្លាប់​សមាជិក​ និង​សាច់ញាតិ​គ្រួសារ​របស់​លោក​ហើយ​ថា បងស្រី​របស់​លោក​ម្នាក់​ក៏​ត្រូវ​បាន​ខ្មែរក្រហម​យក​ទៅ​សម្លាប់ចោល​ដែរ​។

លោក​បាន​អះអាង​ថា ដោយសារ​តែ​វត្តមាន​កងទ័ព​វៀតណាម​បាន​ធ្វើឲ្យ​ប្រជាជន​កម្ពុជា​បាន​រស់រាន​មាន​ជីវិត​ដល់​សព្វថ្ងៃ​ហើយ​ប្រសិន​បើ​គ្មាន​វៀតណាម​នោះ​ទេ ប្រជាជន​កម្ពុជា​អាច​ស្លាប់​ទាំងអស់​។ «​ការលើកឡើង​ដែល​ថា​ថ្នាក់ដឹកនាំ​ដែល​បាន​រំដោះ​ប្រទេស​កម្ពុជា​ពី​របប​ប្រល័យ​ពូជសាសន៍​ជា​អាយ៉ង​នោះ វា​ហាក់​ដូច​ការបញ្ឆេះ​ឲ្យ​មាន​ការរើសអើង​ជាតិ​សាសន៍ និង​បន្លំ​ប្រវត្តិសាស្ត្រ​»​។

លោក សេង សុខហៀង អាយុ ៥៦ ឆ្នាំ​ក៏​បាន​ថ្លែង​ដែរ​ថា​៖ «​ប្រសិន​បើ​គ្មាន​វៀតណាម​យើង​មិន​មាន​អ្វី​ដូច​សព្វថ្ងៃ​នេះ​ទេ​។ ពលរដ្ឋ​នឹង​ស្លាប់​ទាំងអស់ ដោយសារ​តែ​របប​ខ្មែរក្រហម​បាន​សម្លាប់​រៀប​សម្លាប់​ទាំងអស់​តែ​សំណាង​ល្អ​បាន​កងទ័ព​វៀតណាម និង​ថ្នាក់ដឹកនាំ​បាន​ជួយ​រំដោះ​យើង​ទាំងអស់​គ្នា​ពី​សេចក្តី​ស្លាប់​។ ពេល​ដែល​យើង​ចោទ​ថា​អ្នក​ដែល​រំដោះ​យើង​ជា​អាយ៉ង​គឺជា​ការ​កេងចំណេញ​នយោបាយ​ដោយសារ​តែ​ពួកគាត់ ពិតជា​បាន​ជួយ​យើង​ឲ្យ​មាន​ជីវិត​»​។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​ថ្លែង​ថា​នៅ​សម័យ​បច្ចុប្បន្ន ទោះបី​ប្រទេស​ជាតិ​មាន​សុខសន្តិភាព​ពេញលេញ បរិបូរណ៍ មាន​ស្ថិរភាព​នយោបាយ​ហើយ​ក៏​ដោយ​ក៏​នៅ​មាន​ «​ពួក​អគតិ​ទាំងនោះ​តែងតែ​ប្រើ​វប្បធម៌​លាប​ពណ៌​មក​លើ​ខ្មែរ​គ្នាឯង ចោទ​ថា​ជា​អាយ៉ង​ប្រទេស​នេះ​អាយ៉ង​ប្រទេស​នោះ​មិន​ចេះ​ចប់​ដែល​ជា​មូលហេតុ​នាំ​ឲ្យ​ខ្មែរ​បែកបាក់​គ្នា​ និង​ចុះខ្សោយ​បណ្តាល​ឲ្យ​ប្រទេស​ជិត​ខាង​មើលងាយ​»​។

លោក​ថា​៖ «​ការដែល​ខ្មែរ​មួយ​ចំនួន​រួម​មាន​ក្រុម​ទណ្ឌិត សម រង្ស៊ី ជាដើម​មាន​អាកប្បកិរិយា​ដូច្នេះ​គឺជា​ការបម្រើ​បរទេស​យ៉ាងជាក់ស្តែង​។ ចោទ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ជា​អាយ៉ង​ជាតិ​សាសន៍​ដទៃ​ និង​ប្រទេស​ជិត​ខាង​តែ​ធាតុពិត​គឺ​ខ្លួនឯង​ទេ​ធ្វើ​ជា​អាយ៉ង​បរទេស​នោះ​»៕