ភ្នំពេញៈ អតីត​ប្រធាន​គណបក្ស​ប្រឆាំង​លោក​ កឹម សុខា ត្រូវ​គេ​រំពឹង​ថា​នឹង​អាច​រួច​ផុត​ពី​ការជាប់​ឃុំ​ខ្លួន​ក្រោយ​ការបន្ត​នីតិវិធី ដើម្បី​សម្រេច​ថា​តើ​ត្រូវ​ដោះលែង​ ឬ​បន្ត​ឃុំ​ខ្លួន​នា​ចុង​ខែ​សីហា​នេះ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង​នៃ​ខេត្ត​ត្បូងឃ្មុំ ដែល​ចៅក្រម​នឹង​បញ្ជាក់​ឲ្យ​ដឹង​នាពេល​នោះ​ថា ត្រូវ​ដោះលែង​ ឬ​ក៏​ត្រូវ​ឃុំ​បន្ត​ទៀត​ស្រប​ពេល​ដែល​អ្នក​នយោបាយ សកម្មជន​ដីធ្លី និង​អ្នកកាសែត ត្រូវ​បាន​ដោះលែង​ជា​បន្តបន្ទាប់​រួច​មក​។

មេធាវី​លោក​ កឹម សុខា ​គឺ​លោកស្រី​ ម៉េង សុភារី ប្រាប់​ភ្នំពេញ ​ប៉ុស្តិ៍​ ម្សិលមិញ​ថា ចៅក្រម​ស៊ើបសួរ​លោក​ គី ឫទ្ធី នឹង​ទៅ​បន្ត​នីតិវិធី​ស្តីពី​ការពន្យារពេល​ឃុំ​ខ្លួន​បណ្តោះអាសន្ន​លោក កឹម សុខា នៅ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង​នា​ថ្ងៃ​ទី​ ៣០ ខែ​សីហា​ដែល​ជា​ថ្ងៃ​ជិត​គម្រប់​ ១ ​ឆ្នាំ​នៃ​ការចាប់​ឃុំ​ខ្លួន​លោក កឹម សុខា បណ្តោះអាសន្ន ដើម្បី​ធ្វើការ​ស៊ើបអង្កេត​។

លោកស្រី​ថ្លែង​ថា ​ការបន្ត​នីតិវិធី​នាថ្ងៃ​ខាង​លើ​នេះ​គឺជា​ការ​ដល់​ពេលវេលា​នៃ​ការពន្យារ​ការឃុំ​ខ្លួន​បន្ត ឬ​ត្រូវ​ដោះលែង ព្រោះ​តាម​នីតិវិធី​លោក​ កឹម សុខា ដែល​ជា​ជន​ត្រូវ​ចោទ​ពី​បទ​ឧក្រិដ្ឋ​បែប​នេះ​អាច​ត្រូវ​ឃុំ​ខ្លួន​រយៈពេល​ ៦ ​ខែ​ ៣ ​ដង​ ឬ​ ១៨ ​ខែ ហើយ​រយៈពេល​ ៦ ​ខែ​ត្រូវ​ធ្វើ​សេចក្តី​សម្រេច​ម្តង​ថា ត្រូវ​ដោះលែង​ ឬ​ត្រូវ​ឃុំ​ខ្លួន​បន្ត​។ ដូច្នេះ​គិត​ដល់​ថ្ងៃទី​ ៣០ ខែ​សីហា​រយៈពេល​ឃុំ​ខ្លួន​កន្លង​មក​គឺ​ប៉ុន្មាន​ថ្ងៃ​ទៀត​ដល់​រយៈពេល​ ៦ ​ខែ​ម្តង​ដែល​ត្រូវ​ធ្វើ​សេចក្តី​សម្រេច​សា​ជាថ្មី​ថា ត្រូវ​ឃុំ​ខ្លួន​ ឬ​ដោះលែង​?

លោកស្រី​ ម៉េង សុភារី បញ្ជាក់​ថា​៖ «​អ៊ីចឹង​ដល់​គ្រប់​ ៦ ​ខែ​ចៅក្រម​មិន​អាច​បន្ត​ឃុំ​ខ្លួន​ជន​ជាប់ចោទ​រូប​ណា​ដោយ​គ្មាន​ដីកា​សម្រេច​មួយ​សា​ទៀត​នោះ​ទេ​។ អ៊ីចឹង​ការ​ដែល​នៅ​ពេល​ឃុំ​ខ្លួន​ ៦ ​ខែ​ហ្នឹង​ចៅក្រម​ត្រូវ​សម្រេច​សាជាថ្មី​ថា ពន្យារពេល​ម្តង​ទៀត​ ឬ​មួយ​ក៏​ត្រូវ​ដោះលែង​ជន​ត្រូវ​ចោទ​ ឬ​មួយ​ក៏​ត្រូវ​បញ្ជូន​រឿង​ទៅ​ជម្រះ​»​។

ទាក់ទង​នឹង​ការសម្រេច​របស់​តុលាការ​កំពូល​មិន​ឲ្យ​លោក​ កឹម សុខា នៅ​ក្រៅ​ឃុំ​កាលពី​សប្តាហ៍​មុន​ដោយ​តម្កល់​សេចក្តី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ លោកស្រី​ថា​ការឃុំ​ខ្លួន​លោក​ កឹម សុខា រយៈពេល​កន្លងមក​របស់​ចៅក្រម​ស៊ើបសួរ​គឺ​ជិត​អស់​សុពលភាព​ហើយ ក្រោយ​ពេល​ដែល​តុលាការ​កំពូល​សម្រេច​តម្កល់​មិន​ឲ្យ​កូនក្តី​នៅ​ក្រៅ​ឃុំ​នោះ​។

លោកស្រី​បន្ថែម​ថា​៖ «​ខ្ញុំ​តែងតែ​មាន​ក្តី​សង្ឃឹម​ថា កូនក្តី​ខ្ញុំ​នឹង​ត្រូវ​បាន​ដោះលែង​នៅពេល​ណា​មួយ​។ រឿង​នីតិវិធី​គឺ​ថា​ឃុំ​ខ្លួន​កូនក្តី​ខ្ញុំ​អស់​ ១ ​ឆ្នាំ​ហើយ ហើយ​ការ​ស៊ើប​សង្កេត​ល្មម​ទទួល​យក​បាន​ដើម្បី​អាច​នឹង​សម្រេច​ថា អនុញ្ញាត​ឲ្យ​កូនក្តី​ខ្ញុំ​បាន​នៅ​ក្រៅ​ឃុំ​ ឬ​បញ្ជូន​សំណុំ​រឿង​ហ្នឹង​ទៅ​ជម្រះ​។ ចំពោះ​កូនក្តី​ខ្ញុំ ខ្ញុំ​មើល​ឃើញ​ថា​គាត់​អត់​មាន​កំហុស ហើយ​ [​អត់​មាន​ធាតុ​ផ្សំ​] ​បទល្មើស​គ្រប់គ្រាន់​សម្រាប់​ធ្វើការ​ផ្តន្ទាទោស​គាត់​ទេ​»​។

ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក​ គី ឫទ្ធី និង​អ្នក​នាំពាក្យ​លោក​ លី សុផាន់ណា មិន​អាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បន្ថែម​បាន​ទេ កាលពី​ម្សិលមិញ​។ ប៉ុន្តែ​បើ​តាម​លិខិត​អញ្ជើញ​ចេញ​ដោយ​លោក​ គី ឫទ្ធី ផ្ញើ​ទៅ​ឲ្យ​ក្រុម​មេធាវី​ការពារ​ក្តី​លោក​ កឹម សុខា បាន​អញ្ជើញ​មេធាវី​ចូលរួម​ក្នុង​នីតិវិធី​ស្តីពី​ការពន្យារពេល​ឃុំ​ខ្លួន​បណ្តោះអាសន្ន​នៅ​បន្ទប់​សាកសួរ​នៃ​មណ្ឌល​អប់រំ​កែប្រែ​ទី​ ៣ «​ម ​៣ ខេត្ត​ត្បូងឃ្មុំ​» ​នៅ​ថ្ងៃទី​ ៣០ ខែ​សីហា​ឆ្នាំ​ ២០១៨ វេលា​ម៉ោង​ ៩ ​ព្រឹក​ពី​ដំណើររឿង​ «​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​» ឬ​ឃុបឃិត​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។

ដោយ​ស្ថានភាព​នយោបាយ​ហាក់​មាន​ការ​ប្រែប្រួល ហើយ​អ្នក​នយោបាយ សកម្មជន​ដីធ្លី និង​អ្នកកាសែត​ត្រូវ​បាន​ដោះលែង​បន្តបន្ទាប់​នោះ អ្នក​វិភាគ​នយោបាយ​លោក​ ឯម សុណ្ណារ៉ា លើកឡើង​ថា​លោក កឹម សុខា អាច​នឹង​មិន​ដោះលែង​ថ្ងៃទី​ ៣០ ​ឬ​ក៏​ក្រោយ​ថ្ងៃ​បញ្ចប់​នៃ​ការបន្ត​នីតិវិធី​ភ្លាមៗ​នោះ​ទេ ដោយសារ​ថា​មេដឹកនាំ​ប្រឆាំង​លើក​ឡើង​ពី​រឿង​ [​គំនាប​អន្តរជាតិ​] ​ច្រើន​ពេក​។ ប៉ុន្តែ​លោក​ក៏​រំពឹង​ដែរ​ថា​លោក​ កឹម សុខា អាច​នឹង​ដោះលែង​នៅ​ពេល​ណា​មួយ​ដែល​អូសបន្លាយ​ពី​ថ្ងៃ​ទី​ ៣០ ខែ​សីហា​បន្តិច​ហើយ​ថា ស្ថានភាព​នយោបាយ​នឹង​បាន​ធូរស្រាល​ឡើង​វិញ​ បន្ទាប់ពី​មាន​ការ​ដោះលែង​អ្នក​នយោបាយ​ទាំងអស់​របស់​បក្ស​សង្គ្រោះ​ជាតិ​។

លោក​ថ្លែង​ថា​៖ «​ប្រសិន​បើ​ស្ថានភាព​នៅ​ថ្ងៃ​ខាង​មុខ​មាន​ការ​ដោះលែង​លោក ​កឹម សុខា ស្ថានភាព​នយោបាយ​កាន់តែ​មាន​លក្ខណៈ​ធូរស្បើយ​កាន់តែ​ច្រើន​។ ក៏​ប៉ុន្តែ​បើសិន​ជា​អត់​ទាន់​មាន​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ដោះលែង​ទេ ខ្ញុំ​គិត​ថា ការឃុំ​ខ្លួន​នេះ​គឺជា​ការ​ប្រឈម​ទៅ​នឹង​សហគមន៍​អន្តរជាតិ ហើយ​ក៏​ចង់​បញ្ជាក់​អំពី​គណបក្ស​ប្រឆាំង​ដែល​នៅ​ខាង​ក្រៅ​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​ហ្នឹង អាហ្នឹង​គឺ​អ្នកនយោបាយ​ប្រឈម​គ្នា​»​។

លោក​ កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​ ៣ ខែ​កញ្ញា ឆ្នាំ​ ២០១៧ ដោយ​ចោទប្រកាន់​ក្នុង​បទល្មើស​ជាក់ស្តែង​ថា​ឃុបឃិត​ជាមួយ​បរទេស​ប៉ុនប៉ង​ផ្តួល​រដ្ឋាភិបាល ដោយ​សំអាង​លើ​វីដេអូឃ្លីប​ដែល​លោក​បាន​និយាយ​នៅ​ប្រទេស​អូស្ត្រាលី​កាលពី​ឆ្នាំ​ ២០១៣ ពាក់ព័ន្ធ​នឹង​ការចូល​ធ្វើ​នយោបាយ​របស់​លោក​ដែល​ថា​មាន​ការ​គាំទ្រ​ពី​អាមេរិក​។ ប៉ុន្តែ​ការ​ចោទ​នេះ ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ​ និង​អន្តរជាតិ​ជាច្រើន​ចាត់​ទុក​ថា​គឺជា​រឿង​នយោបាយ​៕