The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មាន​ការលួច​ដុត​សំរាម​សំណង់ តែ​អាជ្ញាធរ​ថា​គ្មាន​អ្នករាយការណ៍

មាន​ការលួច​ដុត​សំរាម​សំណង់ តែ​អាជ្ញាធរ​ថា​គ្មាន​អ្នករាយការណ៍

Content image - Phnom Penh Post
ការដុត​សំរាម​នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ពេល​ថ្មីៗ​កន្លង​មក​នេះ​។ រូបថត សហការី

មាន​ការលួច​ដុត​សំរាម​សំណង់ តែ​អាជ្ញាធរ​ថា​គ្មាន​អ្នករាយការណ៍

ព្រះសីហនុៈ ប្រភព​មួយ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​នៅក្នុង​សង្កាត់​ ២ ​ក្រុងព្រះសីហនុ គឺ​មាន​ការដ្ឋាន​សាងសង់​សំណង់​អគារ​ខ្ពស់​មួយ​ចំនួន​បាន​លួច​ដុត​កាកសំណល់​សំរាម​ជា​រៀងរាល់​ថ្ងៃ​ដែល​បាននិង​កំពុង​ធ្វើឱ្យ​ប៉ះពាល់​សុខភាព​ពលរដ្ឋ​។ ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​បាន​អះអាងថា មិនមាន​អ្នក​រាយការណ៍​ពី​ផលប៉ះពាល់​សុខភាព​ទេ ខណៈ​មន្ត្រីខេត្ត​ថា ករណី​បែប​នេះ​ធ្លាប់​កើតមាន​យូរៗ​ម្ដង​។

កាលពី​ថ្ងៃទី​ ៧ តុលា នៅក្នុង​សារ​អ៊ីមែល​មួយ​ផ្ញើ​មកកាន់​ភ្នំពេញ​ប៉ុស្ដិ៍​គឺ​បាន​លើកឡើង​ថា​នៅ​គ្រប់​ទីកន្លែង​ក្នុង​ក្រុងព្រះសីហនុ ជាពិសេស​នៅ​សង្កាត់​លេខ​ ២ ​គឺ​មាន​ការដ្ឋាន​សំណង់​អគារ​ខ្ពស់ៗ​មួយ​ចំនួន​ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន​បាន​ដុត​កាកសំណល់​សំណង់ និង​ប្លាស្ទិក​ក្នុង​បរិមាណ​ច្រើន​ដោយ​ខុសច្បាប់​ជា​រៀងរាល់​ថ្ងៃ និង​យប់​ដើម្បី​សន្សំ​ប្រាក់​ដែល​ធ្វើឱ្យ​ប៉ះពាល់​សុខភាព​ជាពិសេស​ដល់​ក្មេងៗ​ និង​មនុស្ស​ចាស់​។

ប្រភព​នេះ​បន្តថា​៖ «​ផ្សែង​បណ្ដាលឱ្យ​ឈឺក្បាល ក្អួតចង្អោរ ឈឺបំពង់ក​សម្រាប់​អ្នក​រាល់គ្នា​ដែល​រស់នៅ​ទីនេះ​។ ការដុត​សំណល់​សំណង់​ និង​ប្លាស្ទិក​គឺ​ខុស​ទៅនឹង​ច្បាប់​កម្ពុជា​ពីព្រោះ​ផ្សែង​របស់​វា​ធ្វើឱ្យ​កើត​ជំងឺមហារីក ជំងឺ​​សរសៃប្រសាទ និង​ជំងឺ​សួត​»​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា នគរបាល​នៅក្នុង​សង្កាត់​លេខ​ ២ ​ត្រូវ​បាន​ស្នើសុំ​ឱ្យមាន​វិធានការ​ចំពោះ​ករណីនេះ​ជាច្រើន​ដង ប៉ុន្តែ​បាន​ព្រងើយកន្ដើយ​ជាហេតុ​ធ្វើឱ្យ​សកម្មភាព​ដុត​កាកសំណល់​ខុសច្បាប់​ទាំងនេះ បន្ត​កើត​មាន​រហូត​ដល់​បច្ចុប្បន្ន​។

ប៉ុន្តែ​លោក គឹម សៀ ចៅសង្កាត់​លេខ​ ២ ​ក្រុង​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា អាជ្ញាធរ​តែង​ចុះ​ពង្រឹង​ដោយ​ផាកពិន័យ​ចំពោះ​ការ​លួច​ដុត​សំរាម​ខុសច្បាប់ ទាំង​សំរាម​ធម្មតា​ប្រើប្រាស់​ដោយ​ពលរដ្ឋ និង​សំណល់​នៅតាម​ការដ្ឋាន​សាងសង់​អគារ​។

លោក​បន្តថា​ចាប់តាំងពី​ការ​រឹតបន្តឹង​ចុះ​ផាកពិន័យ​គឺ​បាន​ធ្វើឱ្យ​ម្ចាស់​ការដ្ឋាន​សំណង់​ភាគច្រើន​បាន​ជួល​ឱ្យ​​មាន​ការដឹកជញ្ជូន​កាកសំណល់​ចេញ​ពី​ការដ្ឋាន​របស់ខ្លួន​យក​ទៅ​ចាក់ចោល​នៅ​កន្លែង​ចោល​សំណល់​សំណង់​។

ចៅសង្កាត់​រូបនេះ​បន្តថា ថ្វី​ដ្បិត​នៅ​មាន​ការដ្ឋាន​ខ្លះ​បន្ត​លួច​ដុត​សំណល់​​សំណង់​ក្ដី ប៉ុន្តែ​កន្លង​មក​ពុំ​មាន​ពលរដ្ឋ​ណា​ម្នាក់​រាយការណ៍​មក​អាជ្ញាធរ​ពី​ការប៉ះពាល់​សុខភាព​ដោយសារ​ការលួចដុត​កាកសំណល់​ទាំង​នោះ​ឡើយ​។

លោក​ថា​៖ «​អាហ្នឹង​យើង​អត់​បានដឹង​ដែរ ហើយ​បើ​មាន​អ្នករាយការណ៍​មក​យើង​ (​អំពី​ផលប៉ះពាល់​សុខភាព​) ​គឺ​យើង​ដឹង​នឹង​ចុះ​ធ្វើការ​ដោះស្រាយ​ភ្លាម​»​។

បើ​តាម​លោក​ គឹម សៀ កាកសំណល់​សំណង់​គឺ​មាន​ដូចជា កម្ទេច​ឈើ​ថ្ម​ស័ង្កសី ប្លាស្ទិក និង​សំណល់​ជា​ដី​ភក់ល្បាប់ ជាដើម​។

ជាមួយ​គ្នា​នេះ​លោក អ៊ី សុខឡេង អភិបាលក្រុង​ព្រះសីហនុ​បាន​ថ្លែងថា​ការលួចដុត​សំរាម​គឺ​កើតឡើង​យូរៗ​ម្ដង​ប៉ុណ្ណោះ ប៉ុន្តែ​មិនមែន​កើតឡើង​ជាទូទៅ​នៅក្នុង​ក្រុងព្រះសីហនុ​ឡើយ​។ លោក​បន្ត​ថា​កន្លង​មក​អាជ្ញាធរ​តែង​ចុះ​ទៅ​អប់រំ ហើយ​ចំពោះ​ការបន្ត​លួចដុត​កាកសំណល់​ខុសច្បាប់​គឺ​ត្រូវ​ផាកពិន័យ​ទៅតាម​ច្បាប់​ស្ដីពី​បរិស្ថាន​។

លោក​ថា​៖ «​ខ្ញុំ​ដូចជា​អត់​ទទួល​បាន​ព័ត៌មាន​ថា មានការ​លួច​ដុត​ហ្នឹង​ទេ ប៉ុន្តែ​កន្លងមក វា​មាន វា​មិន​អត់​សោះ​ទេ ដូចជា​ ១ ​ខែ ខ្ញុំ​ទទួល​ព័ត៌មាន​បាន​ ១ ​កន្លែង​ ឬ​ ២ ​កន្លែង​ហ្នឹង​។ ​ខ្ញុំ​ឱ្យ​មន្ត្រី​ក្រុង​ជាមួយ​មន្ត្រី​បរិស្ថាន​ចុះ​ទៅ​ពន្លត់​ និង​ពិន័យ​អ៊ីចឹងទៅ​»​។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ​លោក សាមុត សុធារិទ្ធ មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បាន​ទេ​កាលពី​ថ្ងៃ​អង្គារ​ដោយសារ​មិនមាន​អ្នក​ទទួល​ទូរស័ព្ទ​។

កាលពី​ខែ​មេសា​គំនរ​សំរាម​ដ៏ធំ​មួយ​ត្រូវគេ​ដុត​នៅលើ​ចិញ្ចើមផ្លូវ​កៅស៊ូ​ ១ ​ខ្សែ​ក្នុង​សង្កាត់​លេខ​ ២ ក្រុងព្រះសីហនុ ហើយ​កាលនោះ​អាជ្ញាធរ​បាន​អះអាង​ថា ករណី​នោះ​គឺជា​ការ​លួច​ដុត​។

លោក​ សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា​ប្រចាំខេត្ត​ព្រះសីហនុ​បាន​លើកឡើង​ថា លោក​មិន​ចង់​និយាយ​អំពី​ការដុត​សំរាម​ខុសច្បាប់​នៅតាម​ទីសាធារណៈ​នេះ​ទេ ថ្វី​ដ្បិត​វា​នៅតែ​បន្ត​កើតឡើង​ក្ដី​។

លោក​ថា​៖ «​ខ្ញុំ​មិន​ចង់​និយាយ​ទេ ព្រោះ​រឿង​សំរាម​ហ្នឹង ឥឡូវ​ហ្នឹង​រឿង​តូច​ទេ​»៕

អត្ថបទគួរចាប់អារម្មណ៍