ឧត្តរមានជ័យៈ ទាហាន​របស់​ប្រទេស​ថៃ​ប្រមាណ​ពី​ ២០ ទៅ ៣០ ​នាក់ ​នៅតែ​បន្ត​លួច​ឆ្លងដែន​ចូលមក​ខួង​គល់ស្វាយ និង​បាញ់ថ្នាំ​លើ​ដំណាំ​ស្វាយ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ជា​បន្តបន្ទាប់ ដែល​ស្ថិត​ក្នុងភូមិ​រដ្ឋ​ចំប៉ី សង្កាត់​អូរស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ​។

លោក យួន ហំ មេបញ្ជាការរង​នៃ​វរ​នគរបាល​ការពារ​ព្រំដែន​លេខ​ ៧០២ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ កាលពី​ថ្ងៃទី​ ២៤ មករា ថា ទាហាន​ថៃ​ដែល​បាន​ខួង​គល់​ស្វាយ និង​បាញ់ថ្នាំ​ដំណាំ​ស្វាយ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​បាន​កើត​មាន​ឡើង​តាំងពី​យូរណាស់​មកហើយ​។ ពួកគេ​បន្ត​ចូលមក​ជាប្រចាំ ហើយ​មន្ត្រី​ការពារ​ព្រំដែន​របស់​កម្ពុជា​នៅ​តែ​បន្ត​ដើរល្បាត​ទប់ស្កាត់ និង​ហាមឃាត់​កុំឱ្យ​ពួកគេ​បន្ត​ចូលមក​ទៀត​។

លោក យួន ហំ បាន​ឲ្យ​ដឹងថា នៅពេល​ដែល​ទាហាន​ថៃ​លួច​ចូល​ភាគី​ទាំង​ ២ ​បាន​ជួបគ្នា និង​ពិភាក្សា​គ្នា​មិនឱ្យ​មានការ​ចូលមក​ទៀត​នោះទេ ហើយ​ភាគី​ថៃ​បាន​សន្យាថា​នឹង​កែសម្រួល ប៉ុន្តែ​នៅតែ​បន្ត​លួច​ចូល​ដដែល​។ ចំពោះ​ការខួង និង​បាញ់ថ្នាំ​លើ​ដើមឈើ​ទាំងនោះ​មាន​ប្រមាណ​ជាង​ ២០០ ​ដើម មិន​ដូច​មានការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ប្រមាណ​ជាង​ ២ ០០០ ​ដើម​នោះទេ​។

បើតាម​មន្ត្រី​ការពារ​ព្រំដែន​រូបនេះ​នៅពេល​ដែល​ទាហាន​ថៃ​ខួង និង​បាញ់​ថ្នាំ មិនបាន​ធ្វើឱ្យ​ដើមឈើ​ទាំងនោះ​ងាប់​ទេ ហើយ​ពួកគេ​ក៏បាន​ចូលមក​កាប់​បំផ្លាញ​ម្តង​ហើយ ប៉ុន្តែ​វា​មិន​ងាប់​ទៀត ពួក​ទាហាន​ក៏​បន្ត​លួច​ចូល​ខួង​ទៀត​។

លោក​បាន​ថ្លែងថា​៖ «​ដើមឈើ​ដែល​បាញ់ថ្នាំ និង​ខួង​នោះ​គឺ​មាន​ប្រហែល​ប្រមាណ​ ២០០ ​ដើម​។ វា​ធ្វើ​ក្នុង​គោលបំណង​បំពាន​មកលើ​កម្ពុជា ដោយសារ​តំបន់​នេះ​មិនទាន់​ដោះស្រាយ​ (​តំបន់ស​)​។ ប៉ុន្តែ​តំបន់​នេះ មាន​ដើម​ស្វាយ​ធំៗ និង​ទទួលបាន​ផល​។ តាំងពី​ពេល​ដាំ វា​មិន​ឃាត់ ប៉ុន្តែ វា​ទើបតែ​ឃាត់​ឥឡូវ វា​មិន​ត្រឹមត្រូវ​»​។

លោក ឌី រ៉ាដូ អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ឧត្តរមានជ័យ ថ្លែង​ពី​ម្សិលមិញ​ថា​ទាក់ទង​នឹង​បញ្ហា​ព្រំដែន គឺជា​កិច្ចការ​របស់​គណៈកម្មាធិការ​ជាតិ​វាស់វែង​ដោះស្រាយ​ព្រំដែន​។ ប៉ុន្តែ​លោក​បញ្ជាក់ថា បញ្ហា​ដែល​ទាហាន​ថៃ បាន​ចូលមក​ខួង និង​បាញ់​ថ្នាំ​ស្វាយ​នៅ​ខាង​កម្ពុជា​នេះ បច្ចុប្បន្ន​កង​យោធភូមិភាគ​ទី​៤ បាននិង​កំពុង​ដោះស្រាយ​ជាមួយ​នឹង​ភាគី​ថៃ​។

លោក​ថ្លែងថា​៖ «​ខាង​កង​យោធភូមិភាគទី​៤ របស់​កម្ពុជា​បាន​ធ្វើ​លិខិតអញ្ជើញ​ភាគី​ថៃ​មក​ប្រជុំ​នៅ​ថ្ងៃទី​ ២៤ ខែមករា ដើម្បី ដោះស្រាយ​បញ្ហា​នេះ ប៉ុន្តែ​ទាហាន​ខាង​ភាគី​ថៃ​បាន​ពន្យារពេល ដោយ​គេ​ជាប់រវល់​ប្រជុំ​នៅ​ភូមិភាគ​ទី​២ ​របស់គេ​»​។

លោក ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បន្ថែម​បាន​ទេ​ពី​ម្សិលមិញ​។

លោកស្រី កុយ ពិសី អនុប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​ថ្លែង​កាលពី​ថ្ងៃទី​ ២៤ មករា ថា គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​មិន​ទទួល​បាន​ព័ត៌មាន​ជុំវិញ ការចូល​បាញ់ថ្នាំ និង​ខួង​ដើម​ស្វាយ​របស់​ទាហាន​ថៃ​នៅ​ខាង​ដី​កម្ពុជា​នោះទេ​។ ប៉ុន្តែ​លោកស្រី​ថា បើ​មាន​ករណីនេះ​កើតឡើង​មែន​នោះ​អាជ្ញាធរ​និង​នគរបាល​ការពារ​ព្រំដែន​ត្រូវ​មើល​ការខុសត្រូវ ដោយ​មិនចាំបាច់​ថ្នាក់លើ​ចុះ​ដោះស្រាយ​ឡើយ​។

លោកស្រី​បញ្ជាក់ថា គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​មាន​តួនាទី​ក្នុង​ការចរចា​ធ្វើការ​ដោះស្រាយ ហើយ​ការពារ​បូរណភាព​ទឹកដី​នៅ​លើដី​ជាក់ស្តែង​គឺជា​ភារកិច្ច​របស់​នគរបាល​ការពារ​ព្រំដែន និង​អាជ្ញាធរ​មូលដ្ឋាន​ប៉ុណ្ណោះ ។

ទោះជា​យ៉ាងណា លោកស្រី​ថ្លែង​ថា​៖ «​ខ្ញុំ​មិនអាច​ជម្រាបជូន​បានទេ ហើយក៏​មិនអាច​និយាយ​ព្រាវៗ​បានដែរ ហើយក៏​មិនដឹង​គេ​ (​ថៃ​) ​ធ្វើ​នៅ​ខាង​ដី​គេ ឬក៏​នៅ​ខាង​ដី​យើង​ទេ លុះត្រាតែ​ពិនិត្យមើល ទីតាំង​ជាក់ស្តែង និង​ពិនិត្យ​លើ​និយាម​ការ​។ តាម​ធម្មតា គេ​មាន​គោលការណ៍​លើ​ការគ្រប់គ្រង​បច្ចុប្បន្នភាព អ្នកណា​នៅទីណា​គឺ​នៅ​ទីនោះ អត់​មាន​ធ្វើ​អ្វី​ទេ​»៕