ភ្នំពេញៈ អ្នក​ឃ្លាំមើល​ការបោះឆ្នោត និង​សមាជិក​អតីត​គណបក្ស​ប្រឆាំង​អះអាង​ថា ខណៈ​ពេល​ការបោះឆ្នោត​ខិតជិត​មក​ដល់​ប្រជាពលរដ្ឋ​កំពុង​ត្រូវ​បាន​គំរាមកំហែង​ជំរុញ​ឲ្យ​ពួកគេ​ទៅ​បោះឆ្នោត បើ​មិន​ដូច្នោះ​ទេ ប្រជាពលរដ្ឋ​ណា​ដែល​មិន​ទៅ​បោះឆ្នោត​នឹង​ជួប​បញ្ហា​លំបាក​ក្នុង​ការសុំ​ធ្វើ​ឯកសារ​ផ្លូវ​ច្បាប់​ផ្សេងៗ​ពី​អាជ្ញាធរ​រដ្ឋបាល​។

មន្ត្រី​ជំនាញ​ខាង​ការបោះឆ្នោត​លោក​ យឿង សុធារ៉ា ដែល​ធ្លាប់​ជា​ទីប្រឹក្សា​ច្បាប់​របស់​គណៈកម្មាធិការ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​ហៅ​កាត់​ថា (COMFREL) កត់សម្គាល់​ឃើញ​ថា​បរិយាកាស​មុន​ការបោះឆ្នោត​នា​ចុង​ខែ​កក្កដា ២០១៨ ​នេះ​មាន​សភាព​ «​ធ្ងន់ធ្ងរ​» បើ​ប្រៀបធៀប​ទៅ​នឹង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​កាលពី​ខែ​មិថុនា​ឆ្នាំ​មុន​។

លោក​ យឿង សុធារ៉ា បច្ចុប្បន្ន​ជា​មន្ត្រី​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​ហៅ​កាត់​ថា​ (​ស៊ីស៊ីស៊ី​) ដែល​ថ្លែង​ក្នុង​នាម​បុគ្គល​លោក​ផ្ទាល់​នោះ លើក​ឡើង​ពី​ការបង្ក្រាប​មួយ​ចំនួន​របស់​អាជ្ញាធរ​រដ្ឋាភិបាល​មក​លើ​ក្រុម​ដែល​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ក្រុម​ប្រឆាំង​គឺ​រាប់​ចាប់ពី​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ទៅ​លើ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​ការបោះឆ្នោត​ដូចជា​ការបិទ​ «​បន្ទប់​ស្ថានការណ៍​» ​ដែល​ជា​បណ្តុំ​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ឃ្លាំ​មើល​ការបោះឆ្នោត ការ​រឹតត្បិត​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ការដាក់​សម្ពាធ​លើ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ឲ្យ​ទៅ​បោះឆ្នោត​ជាដើម​។

លោក​ សុធារ៉ា ថ្លែង​ថា​៖ «​កន្លងមក​នេះ​មាន​ការ​ដាក់​សម្ពាធ​ផ្លូវចិត្ត​ច្រើន​លើ​ម្ចាស់ឆ្នោត​រួមទាំង​ការព្រមាន​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​ដែល​មិន​បាន​ទៅ​បោះឆ្នោត ជ្រលក់​ម្រាមដៃ​នឹង​ទឹកខ្មៅ បញ្ហា​ផ្សេងៗ​ដែល​ជា​សម្ពាធ​មួយ​សម្រាប់​គាត់​ក្នុង​ការពិបាក​សម្រេច​ចិត្ត​ខ្លាំង​។ អ្នក​ខ្លះ​ពិបាក​សម្រេចចិត្ត​ថា តើ​គួរ​ទៅ​បោះឆ្នោត​ឬ​អត់​?»​។

លោក​បន្ត​ថា​៖ «​សរុប​រួម​មក​បរិយាកាស​មុន​ការបោះឆ្នោត​នេះ​មើល​ទៅ​ឃើញ​ធ្ងន់ធ្ងរ​។ អន្តរជាតិ​ក៏​មាន​ការរិះគន់​ច្រើន​ដែរ ចំពោះ​ស្ថានការណ៍​ចំពោះ​សិទ្ធិមនុស្ស សិទ្ធិ​ជា​មូលដ្ឋាន ឆន្ទៈ និង​សេរីភាព​មាន​បញ្ហា​។ ទោះបី​ជា​ការបោះឆ្នោត​ទៅ​ខាង​មុខ​ប្រព្រឹត្ត​ទៅ​តាម​និយាម​អ្វី​ដែល​បាន​កំណត់​ទុក​គឺថា​ចង់ ឬ​មិន​ចង់​វា​មាន​កត្តា​មួយ​ចំនួន​ប៉ះពាល់​ដល់​គោលការណ៍​សេរី និង​យុត្តិធម៌​»​។

ដោយឡែក​លោក​ គង់ ម៉ាស់ អតីត​ក្រុម​ការងារ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្សប្រឆាំង​ដ៏ធំ​ប្រចាំ​ខេត្ត​ស្វាយរៀង ថ្លែង​ថា​បើ​ទោះបី​ជា​គណបក្ស​របស់​លោក​ត្រូវ​បាន​រំលាយ​ក៏​អតីត​មន្ត្រី​មូលដ្ឋាន​របស់​លោក​ត្រូវ​ទទួល​ការ​ «​បំភិត​បំភ័យ​» ​ជា​បន្តបន្ទាប់​មុន​ការបោះឆ្នោត​មក​ដល់​តាមរយៈ​ការដាក់​សម្ពាធ​ផ្នែក​ផ្លូវចិត្ត​។

លោក​ថ្លែង​ថា​៖ «​គេ​បំភិតបំភ័យ​តាម​រូបភាព​ឲ្យ​ពលរដ្ឋ​ [​ទៅ​បោះឆ្នោត​] បើ​មិន​មាន​ស្នាម​ទឹក​ថ្នាំ​ជ្រលក់​ដៃ​ទេ​គេ​នៅក្នុង​ភូមិ​ក្នុង​ក្រុម​គេ​ដឹង​។ បើ​អត់​មាន​ស្នាម​ទឹកខ្មៅ​ជ្រលក់​ដៃ​ក្នុង​មូលដ្ឋាន​គេ​ទេ គឺ​គេ​គំរាម​កំហែង គេ​មិន​ធ្វើ​ឯកសារ គេ​មិន​រត់​ការ​ឯកសារ​ពាក់ព័ន្ធ​នឹង​ផ្លូវ​រដ្ឋបាល​ដល់​ពួកគាត់​ដូចជា​ការ​ធ្វើ​សំបុត្រកំណើត ការធ្វើ​សំបុត្រ​អាពាហ៍ពិពាហ៍ និយាយ​រួម​ទៅ​ឯកសារ​ផ្សេងៗ​ពាក់ព័ន្ធ​ការរកស៊ី​របស់​គាត់​»​។

លោក​ គង់ ម៉ាស់ បន្ថែម​ថា​៖ «​គេ​គំរាមកំហែង បើ​មាន​ក្រុម​បក្សប្រឆាំង​ណា​ដើរ​ខ្សឹបខ្សៀវ មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ទេ អ្នក​ហ្នឹង​នឹង​ទទួល​ទោស​ព្រហ្មទណ្ឌ តាម​រូបភាព​បន្លាច​យើង​។ ឥឡូវ​រឿង​ថ្មីៗ​នៅ​តាម​ខេត្ត គឺ​ក្រុម​ការងារ​គេ​ចុះ​មូលដ្ឋាន​ឃុំ​របស់​គេ គេ​និយាយ​ពី​បញ្ហា​បក្សប្រឆាំង​ថា បក្សប្រឆាំង​គឺជា​ពួក​ឧទ្ទាម ពួកក្បត់​ជាតិ​រលាយ​ហើយ ប្រសិន​បើ​ពលរដ្ឋ​ជឿ​អាហ្នឹង​ពលរដ្ឋ​ហ្នឹង​ចូលរួម​បក្សប្រឆាំង​ស្មើ​នឹង​ក្រុម​ក្បត់ជាតិ​ដូច​គេ​ថា​អ៊ីចឹង​»​។

សកម្មភាព​បែប​នេះ​លោក​ចាត់​ទុក​ជា​ទង្វើ​ផ្ទុយ​នឹង​រដ្ឋ​ធម្មនុញ្ញ និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អារម្មណ៍​ពលរដ្ឋ​ម្ចាស់​ឆ្នោត​។ លោក​បញ្ជាក់​ថា​៖ «​សម្រាប់​សម្មភាព​របស់​ខ្ញុំ​កន្លង​មក​នៅ​ខេត្ត​ស្វាយរៀង ​ចាប់ពី​មន្ត្រី​ខេត្ត​រហូត​ដល់​មេភូមិ​តែងតែ​តាមដាន​សកម្មភាព​ដែល​ខ្ញុំ​បាន​រស់នៅ​ស្នាក់​អាស្រ័យ​ម្តងម្កាល​។ ជួនកាល​ ១ ​អាទិត្យ​ ឬ​ ២ ​អាទិត្យ​តែងតែ​មក​ផ្តាំផ្ញើ​ម្ចាស់​ផ្ទះ ថា​ម្ចាស់​ផ្ទះ​កំពុង​លាក់ទុក​អ្នក​នយោបាយ​ដែល​រដ្ឋាភិបាល​បាន​រំលាយ​ហើយ​»​។

ប៉ុន្តែ​លោក​ ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល​អះអាង​ថា​កម្ពុជា​កំពុង​ដើរ​ចំ​ទិសដៅ​នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី ពហុបក្ស ហើយ​ថា​ការលើក​ឡើង​របស់​ក្រុម​ប្រឆាំង​មិន​មាន​អ្វី​ថ្មី​ទេ គឺ​គ្រាន់តែ​ជា​ការបរិហារ​ចំពោះ​ការបោះឆ្នោត​។

លោក​បញ្ជាក់​ថា​៖ «​រាជរដ្ឋាភិបាល​បន្ត​នូវ​វប្បធម៌​ក្នុង​ការគោរព​សិទ្ធិ​អំណាច​របស់​មហាជន​ដើម្បី​ចូលរួម​ជ្រើស​អ្នក​តំណាង​របស់​គេ​។ កាលពី​អាណត្តិ​មុន យើង​ឃើញ​មាន​តែ​ ៨ ​គណបក្ស​ចូលរួម ប៉ុន្តែ​អាណត្តិ​នេះ​យើង​ឃើញ​មាន​ដល់​ ២០ ​គណបក្ស​។ នេះ​ជា​សេរីភាព​នៃ​ការចូលរួម​នយោបាយ​។ ប្រជាពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​ចុះឈ្មោះ​បោះឆ្នោត ហើយ​ជា​លទ្ធផល​នៃ​ប្រជាធិបតេយ្យ​មួយ​ដែល​កំពុង​តែ​ពង្រឹង​ឲ្យ​បន្ត​ទៅ​មុខ​ទៀត​»​។

លោក​បន្ត​ថា​៖ «​វា​មិន​សុក្រឹត​ ១០០ ​ភាគរយ​ទេ យើង​ទទួល​ស្គាល់​មាន​កន្លែង​ខ្លះ​មិន​ប្រក្រតី​ដែរ ក៏​ប៉ុន្តែ​យើង​ធ្វើ​ទៅ​តាម​គោលការណ៍​»​។

តាម​ការគ្រោង​ទុក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជាតិ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី​ ៧ ដល់ ២៧ ខែ​កក្កដា​។ ការបោះឆ្នោត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​ ២៩ ខែ​កក្កដា ដោយ​គ្មាន​វត្តមាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ពុធ​ក្នុង​ឱកាស​ជួប​ជាមួយ​កម្មករ​ក្នុង​ខេត្ត​តាកែវ​ប្រាប់​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​បក្សនយោបាយ​ធ្វើការ​ឃោសនា​ ឬ​ជួបជុំ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​ក៏​សុំ​យក​ឱកាស​នេះ​អំពាវនាវ​សា​ជាថ្មី​ម្តង​ទៀត​សម្រាប់​អាជ្ញាធរ​ខេត្ត ស្រុក និង​មូលដ្ឋាន​ត្រូវ​បង្កលក្ខណៈ​ងាយស្រួល​ឲ្យ​បណ្តា​បក្ស​នយោបាយ​ដទៃ​ធ្វើ​សកម្មភាព​តាមរយៈ​ការជួបជុំ​សមាជិក​សមាជិកា​គណបក្ស​របស់​គេ​តាមរយៈ​ការលើក​ស្លាក​សញ្ញា​នៅ​តាម​ទីកន្លែង​នានា​»៕