
ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត (កម្ពុជា-ថៃ)។ ហ្វេសប៊ុក
បន្ទាយមានជ័យៈ ពលករខ្មែរមួយចំនួនដែលបានចាកចេញពីប្រទេសថៃមកស្រុកកំណើតក្នុងពិធីបុណ្យចូលឆ្នាំថ្មីត្រូវចំណាយប្រាក់ ៣៥០ បាត ប្រមាណ ៤ ម៉ឺនរៀលទិញសេវា VIP ដើម្បីទទួលបានសិទ្ធិអាទិភាពលឿនបំពេញឯកសារលើលិខិតឆ្លងដែនចូលមកស្រុកខ្មែរតាមច្រកអន្តរជាតិប៉ោយប៉ែត ដែលអ្នកវិភាគបានចាត់ទុកថា ជាអំពើពុករលួយ។
លោក រឿន សារ៉េត អាយុ ២៦ ឆ្នាំពលករខ្មែរធ្វើការសំណង់អស់ពេល ៧ ឆ្នាំម្នាក់នៅក្នុងប្រទេស ថៃ ហើយបានឆ្លងកាត់ច្រកទ្វារប៉ោយប៉ែតចូលមកកម្ពុជាកាលពីថ្ងៃទី ៣ ខែ មេសា បានអះអាងកាលពីម្សិលមិញថា ពលករជាច្រើនបានតម្រង់ជួររង់ចាំបំពេញឯកសារឆ្លងកាត់ច្រក។ ទន្ទឹមគ្នានោះដែរក៏មានភ្នាក់ងារប្រចាំច្រកដើរសួរ បើពលករណាចង់បានឆ្លងចូលស្រុកឆាប់ត្រូវទិញសេវា VIP។
លោក សារ៉េត ថ្លែងថា៖ «ខ្ញុំនិងពលករជាច្រើនទៀត បានចំណាយលុយអស់ចំនួន ៣៥០ បាត ជាថ្នូរទទួលបានសេវាវីអាយភីក្នុងការបញ្ជាក់និងប្រថាប់ត្រាលើឯកសារនិងលិខិតឆ្លងដែនឱ្យបានលឿន ពីមន្ត្រីប្រចាំច្រកទ្វារអន្តរជាតិព្រំដែនប៉ោយប៉ែត ហើយបើមិនទទួលសេវានេះទេ គឺត្រូវចំណាយពេលពី ២ ទៅ ៣ ថ្ងៃឯណោះ »។
លោក សារ៉េត ថ្លែងថា៖ «កាលណាយើងមានលិខិតវីអាយភីហ្នឹង គឺគេអូសដៃយើងទៅវ៉ៃលិខិតឆ្លងដែនមុនអ្នកដែលអត់មានសេវា VIP គេមានភ្នាក់ងារគេច្រើនណាស់ហើយកូនក្រដាស VIP ហ្នឹងមួយសន្លឹក ៣៥០ បាត»។
នារីដែលជាអ្នកលក់ដូរម្នាក់ឈ្មោះ ផេង សុភ័ក្រ ដែលបានធ្វើដំណើរត្រឡប់ពីទិញអីវ៉ាន់នៅក្នុងប្រទេសថៃវិញកាលពីប៉ុន្មានថ្ងៃមុននេះបានអះអាងស្រដៀងគ្នានិងលោក សារ៉េត ថា មានអ្នកស្លៀកពាក់មិនមែនឯក សណ្ឋានប៉ូលិសអង្គុយរង់ចាំនៅច្រកផ្លូវដើរចូលដោយបានស្រែកអំពាវនាវលក់ក្រដាសវីអាយភីដល់ពលករដែលចង់ឆ្លងព្រំដែនលឿន។
នារីលក់ដូររូបនេះ ថ្លែងថា៖ «ពួកគេខ្លះនៅតែតម្រូវឱ្យតម្រង់ជួរជាមួយអ្នកដែលមិនបានទិញក្រដាស VIP ដដែល ហើយត្រូវរង់ចាំជាងកន្លះថ្ងៃទម្រាំតែបានឱ្យមន្ត្រីព្រំដែនខ្មែរបញ្ជាក់លិខិតនិងបោះត្រាលើលិខិតឆ្លងដែន»។
ទោះជាយ៉ាងណា កាលពីថ្ងៃទី ៩ ខែ មីនា នៅលើហ្វេសប៊ុករបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានអំពាវនាវនិងបានណែនាំទៅកាន់នាយប៉ុស្ដិ៍ច្រកទ្វារព្រំដែន ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវតាមតួនាទី ភារកិច្ច និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ ដូចជាការផ្ដល់សេវាបម្រើប្រជាពលរដ្ឋដោយគ្មានការបង់ប្រាក់ជាដើម។
ហ្វេសប៊ុកដដែលនេះបានឲ្យដឹងថា៖ «មន្ត្រីនគរបាលគ្រប់ច្រកទ្វារព្រំដែនទាំងអស់ (រួមទាំងក្រៅពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត) ត្រូវយកចិត្តទុកដាក់និងបង្កលក្ខណៈងាយស្រួលជាប្រចាំដល់ពលរដ្ឋខ្មែរនិងបរទេស ដែលធ្វើដំណើរឆ្លងកាត់ព្រំដែន ជាពិសេសពលករដែលធ្វើការនៅប្រទេសថៃក្នុងរដូវចូលឆ្នាំខ្មែរខាងមុខឆាប់ៗនេះ ដោយមិនត្រូវទទួលប្រាក់កាសឡើយ»។
ទោះជាយ៉ាងណាក៏ដោយ លោក ហ៊ាន គឹមសឿន អ្នកវិភាគនយោបាយនិងជាអ្នកឃ្លាំមើលព្រឹត្ដិការណ៍សង្គម កាលពីថ្ងៃម្សិលមិញបានដាក់ពាក្យបណ្ដឹងមួយទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីសុំឱ្យមានការបើកការស៊ើបអង្កេតពាក់ព័ន្ធករណីយកលុយពីពលករខ្មែរឆ្លងដែនចេញពីប្រទេសថៃ របស់ក្រុមមន្ត្រីនគរបាលប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
លោក ហ៊ាន គឹមសឿន បានប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា៖ «ខ្ញុំទទួលបានភ័ស្ដុតាងជាខ្សែវីដេអូនិងឯកសារមួយចំនួន ដែលបង្ហាញថា មន្ត្រីនគរបាលប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានយកលុយពីពលករដែលវិលត្រឡប់មកលេងស្រុកកំណើតសម្រាប់ពិធីបុណ្យចូលឆ្នាំ ក្នុងម្នាក់ចំនួន ៣៥០ បាត ឬស្មើប្រហែល ៤ ម៉ឺនរៀល ដើម្បីចំណាយលើថ្លៃការរត់ការនិងប្រថាប់ត្រាលើឯកសារនិងលិខិតឆ្លងដែនឱ្យបានលឿន។ ខ្ញុំប្រមែប្រមូលព័ត៌មាន មិនត្រឹមមន្ត្រីទ្វារហ្នឹងទេ មន្ត្រីណាក៏ខ្ញុំប្ដឹងដែរ»។
លោក ខឹម ចិត្រា ប្រធាននគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃម្សិលមិញមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ ព្រោះមិនលើកសារទូរស័ព្ទ។
លោក កែវ វណ្ណថន អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក៏មិនអាចសុំការបកស្រាយបានដែរ ដោយសារមន្ត្រីឆ្លើយទូរស័ព្ទអះអាងថាជាប់រវល់ប្រជុំ។
លោក ឱម យិុនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយក៏មិនអាចសុំការបកស្រាយបានដែរ ព្រោះលោកមិនលើកទូរស័ព្ទ។
ទោះយ៉ាងណាក៏ដោយ មន្ត្រី ACU ម្នាក់ ដែលសុំមិនបង្ហាញអត្ដសញ្ញាណបានថ្លែងបញ្ជាក់ថា៖ «ខ្ញុំមិនអាចបញ្ជាក់ជុំវិញបណ្ដឹងរបស់លោក ហ៊ាង គឹមសឿន ឡើយ ដោយសារជារឿងសម្ងាត់»។
លោក ស៊ំុ ច័ន្ទគា មន្ត្រីសម្របសម្រួលផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក ADHOC ប្រចាំខេត្តបន្ទាយមានជ័យបានអះអាងថា ការណែនាំមិនឱ្យយកលុយពីពលករនេះ គឺពុំមានប្រសិទ្ធភាពឡើយ ព្រោះពលករដែលធ្វើដំណើរចេញពីប្រទេសថៃតាមច្រកទ្វារព្រំដែនដទៃទៀតបានអះអាងដូចៗគ្នាថាមានការយកលុយស្រដៀងគ្នាទៅនឹងច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះដែរ។
លោក ច័ន្ទគា បានថ្លែងថា៖ «ខ្ញុំបានបើកវគ្គបណ្ដុះបណ្ដាលអំពីសិទ្ធិអំណាចរបស់ពលរដ្ឋ ហើយខ្ញុំសួរសិក្ខាកាមចូលរួមគាត់ថា យកមែនឆ្លើយព្រមគ្នាទាំង ៤០ នាក់។ គាត់ថាកុំទៅជឿថាអត់យក ព្រោះយកមែនអាខ្លះគេយក ៣០០ (បាត) អាខ្លះយក ១ រយ អីទៅ»៕