ភ្នំ​ពេញ​: តំណាង​អង្គការ​ក្រៅ​រដ្ឋាភិ​បាល​សហ​គម​ន៍​តាម​មូល​ដ្ឋាន ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​និង​មន្ត្រី​រាជ​រដ្ឋា​ភិបាល​ប្រ​មាណ​ជា​ ១០០ ​នាក់​បាន​ជួបប្រ​​ជុំ​គ្នា​នៅ​ក្នុង​សណ្ឋា​គា​រ​ហ៊ី​ម៉ាវ៉ា​រី​ រាជ​ធានី​ភ្នំ​ពេញ​កាល​ពី​ម្សិល​មិញ​ដើម្បី​ផ្លាស់​ប្ដូរ​យោ​បល់​ស្តីពី​ កា​រប​ញ្ជ្រាប​កា​រប​ន្សាំ​ការ​ប្រែប្រួល​អា​ការ​ធាតុ​ក្នុង​ផែន​ការ​អភិ​វឌ្ឍន៍ ​និង​កម្មក​វិធី​វិ​និ​យោគ​ឃុំ​សង្កាត់ ដោយ​ឆ្លុះ​ប​ញ្ចាំង​ពី​គោល​ការណ៍​រួម​សម្រាប់​ការប​ន្សាំ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​នៅ​កម្ពុ​ជា។​

ការ​ផ្លាស់​ប្ដូរ​យោ​បល់​នៅ​ក្នុង​សិក្ខា​សាលា​នោះ ​អង្គការ​សង្គម​ស៊ីវិល បាន​ស្នើ​ឲ្យ​ភា​គី​ពាក់​ព័ន្ធ ​ជា​ពិសេស​រាជ​​រដ្ឋាភិ​បាល​គួរ​បង្កើត​ថវិ​កា​ជា​តិ​បន្ថែម​ទៀត​ដល់​ថ្នាក់​ក្រោម​ជាតិ ​ដូច​ជា​ភូមិ ​ឃុំ ​សង្កា​ត់​ ដើម្បី​ឲ្យ​ពួក​គេ​មាន​ថវិ​កាគ្រប់​គ្រាន់​សម្រាប់​បំពេញ​តម្រូវ​ការ​របស់​ខ្លួន​ទប់​ស្កាត់​ការ​ប្រែប្រួល​អាកាស​ធាតុ ខណៈ​កម្ពុជា ​កំពុង​ប្រឈម​ ហើយ​ពល​រដ្ឋ​នៅ​ខ្វះ​ការ​យល់​ដឹង​។​

លោ​ក​ តឹក​ វណ្ណា​រ៉ា ​នា​យកប្រតិ​បត្តិ​វេទិ​កា​នៃ​អង្គការ​មិនមែន​រដ្ឋាភិ​បាល​ស្តីពី​កម្ពុជា (​NGOs Forum)​ បាន​ថ្លែង​នៅ​ក្នុង​សុន្ទរ​ក​ថា​ដោយ​បាន​អះអាង​ថា​ ប្រ​ទេស​ កម្ពុជា​ គឺ​ជា​ប្រទេស​កសិកម្ម​មួយ​ដែល​ងាយ​រង​គ្រោះ​ដោយ​សារ​ឥទ្ធិពល​នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ ស្រប​ពេល​ប្រព័ន្ធ​ប​ន្សាំ​​​របស់​មនុស្ស​នៃ​ប្រទេស​នេះ ​នៅ​មាន​កម្រិត​ទាប​បំផុត​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ផល​ប៉ះពាល់​នេះ​។​

​លោក​ថ្លែង​ថា៖ «ដើម្បី​ទប់​ស្កាត់​ហានិ​ភ័យ​ដែល​កម្ពុជា​កំពុង​ប្រ​ឈម​ ហើយ​អ្នក​ប្រឈម​បំផុត​នោះ​គឺ​កុមារ ​និង​ស្ត្រី ​ដែល​រដ្ឋាភិ​បាល គួរ​តែ​ផ្តល់​ថវិកាបន្ថែម​ទៀត​ដល់​ឃុំ​សង្កាត់​ ដើម្បី​ឲ្យ​ពួក​គេ​ធ្វើ​ការ​វិនិ​យោគ​ក្នុង​តំបន់​របស់​ខ្លួន​ឲ្យ​បាន​គ្រប់គ្រាន់​ក្នុង​ការ​ប​ន្សាំ​​​ខ្លួន​ទៅ​នឹង​ការ​ប្រែ​ប្រួល​អាកាសធាតុ»​។​

​លោក​បញ្ជាក់​ថា​៖​ «​ទន្ទឹម​នឹង​ភាព​វិជ្ជ​មាន​មួយ​ចំនួន​ធំ ​(របស់​រដ្ឋា​ភិ​បាល​)​ ក៏​យើង​រក​ឃើញ​ភាព​ខ្វះខាត​ខ្លះ​ទាក់​ទង​នឹង​មូល​និធិ​ធន​ធាន​ដែល​លំហូរ​ទៅ​ដល់​ថ្នាក់​ឃុំ ​គឺ​មិន​ទាន់​ឆ្លើយ​តប​ទាំង​ស្រុង​ទៅ​នឹង​កម្ម​វិធី​អភិ​វ​ឌ្ឍន៍ ​និង​វិនិ​យោគ​របស់​ឃុំ​ទេ។​ យើង​បាន​រក​ឃើញ​ដែរ ​ទៅ​លើ​កា​រប​ន្សាំ​​​ការ​ប្រែប្រួល​អាកាសធាតុ​ ដែល​ចង់​ឲ្យ​មាន​លំ​ហូរ​ថវិ​កា​ជាតិ​ ទៅ​ថ្នាក់​ក្រោម​ជាតិ​ឲ្យ​កាន់​តែ​ច្រើន​»​។​

​លោក វណ្ណារ៉ា ​បាន​អះអាង​ថា​ ប្រជា​ពលរដ្ឋ​កម្ពុជា​នៅ​មាន​ចំណេះ​ដឹ​ង​ទាប​បំផុត​ក្នុង​ការ​បន្សាំ​និង​ទប់​ស្កាត់​ការ​ប្រែប្រួល​អាកាស​ធាតុ​ ស្រប​ពេល​បច្ចុ​ប្បន្ន​ អាកាស​ធាតុ​នៅកម្ពុជា​មាន​ការ​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស ​ដោយ​ឡែក​វិធាន​ការ​ទប់​ស្កាត់​នានា​របស់​ឃុំ​ សង្កាត់​ ហាក់​មិន​ប្រាកដ​ថា​ អាច​ឆ្លើយ​តប​នឹង​ផល​ប៉ះពាល់​នេះ​ទេ។​

អ្នក​ស្រី ​ឈឿន ​សុ​ឌី ​អាយុ ​៤៤​ឆ្នាំ ​ប្រធាន​សហ​គមន៍​ព្រៃ​ឈើ​ស​ង្ក្រា​ន​រយ ​ស្រុក​វ៉ា​រិន​ ខេត្ត​សៀម​រាប​ បាន​ថ្លែង​ក្នុង​អង្គ​សិក្ខា​សា​លា​ថា សហ​គមន៍​របស់​ខ្លួន​ក៏​មិន​ខុស​ពី​សហ​គមន៍​ដទៃ​ទៀត​ដែរ​ គឺ​ប្រឈម​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​ច្រើន​ ដែល​ពួក​គេ​ពិបាក​នឹង​ប​ន្សាំ​ខ្លួន ដូច​ជា​មាន​ភ្លៀង​ធ្លាក់​ខុស​រដូវ​ ខ្យល់​កន្ត្រាក់ ​ទឹកជំនន់​ និង​រាំង​ស្ងួត​ជា​ដើម ​ដែល​កន្លង​ម​ក​ នៅ​ពេល​ជួបប្រទះ​នឹង​បញ្ហា​ទាំង​នេះ​ គឺ​ឃុំ​សង្កាត់ ​មិន​អាច​ចូ​ល​រួម​ជួយ​អ្វី​បាន​ច្រើន​ទេ ​ព្រោះ​តែ​ធន​ធាន​របស់​ពួក​គេ​មិន​គ្រប់​គ្រាន់​។​

អ្ន​ក​ស្រី​បញ្ជាក់​៖​ «​ខ្ញុំ​ចង់​ឲ្យ​លំហូរ​ថវិកា​របស់​ស្រុក​ ឃុំ​ហ្នឹង​ ជួយ​ដល់​ប្រជា​ពល​រដ្ឋ​ដែល​នៅ​តាម​សហ​គមន៍ ​នៅ​ឆ្ងាយ​ដាច់ស្រ​យាល»។​

លោ​ក​ វ៉ា​ វុទ្ធី​ តំ​ណាង​នាយកដ្ឋាន​ប្រែប្រួល​អាការ​ធាតុ​នៃ​ក្រុម​ប្រឹក្សា​ជាតិ​អភិ​វឌ្ឍន៍​ដោយ​ចីរ​ភាព​នៃ​ក្រសួង​បរិស្ថាន​ បាន​ថ្លែង​ថា កន្លង​ទៅ​ រដ្ឋាភិ​បាល​តាម​រយៈ​ក្រសួង​ពាក់​ព័ន្ធ​មាន​ដូច​ជា​ក្រសួង​សេដ្ឋ​កិច្ច និង​ក្រសួង​បរិស្ថាន​ បាន​យក​ចិត្តទុក​ដាក់​លើ​បញ្ហា​នេះ ​ដោយ​បាន​បង្កើន​ខ្ទង់​​ថវិកា​ទៅ​កាន់​ឃុំ ​សង្កាត់​ជា​ប្រ​ចាំ។​ ប៉ុន្តែ​ចំពោះ​ការ​ខ្វះ​ខាត​ធនធាន​ និង​ថវិកា​នេះ ​វិស័យ​ណា​ក៏​ជួប​ប្រទះ​ដែរ​ ដែល​ទាម​ទារ​ការ​ចូល​រួម​ពី​គ្រប់​ភាគី ​ហើយ​មិន​មែន​តែ​រាជ​​រដ្ឋាភិបាល​ទេ​ គឺ​សង្គម​ស៊ី​វិល ​សហ​គមន៍​ខ្លួន​ឯង​ផ្ទាល់ ​រួម​ទាំង​ដៃ​គូអភិ​វឌ្ឍន៍ ក៏​ត្រូ​វ​មាន​ចំ​ណែក​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នេះ​ដែរ។​

​លោក​ វុទ្ធី​ បញ្ជាក់​ថា៖ ​«​ជា​ធ​ម្ម​តា​ ចំណូល​របស់​រាជ​​រដ្ឋាភិ​បាល​តិច​ គ្រប់​គ្នា​តែង​ស្រែក​ថា​ ខ្វះ​ថវិកា​ជា​និច្ច​ ដូច្នេះ​វា​ជា​រឿង​មួយ​សាមញ្ញ​ទេ ​មិន​មែន​ជា​រឿង​ថ្មី​ទេ តែ​បើ​យើង​មើល​តួលេខ​ គឺ​មាន​ការ​កើន​ឡើង ​(ថ​វិ​កា​ឃុំ)​»​។

​លោក ​Clemens Beckers​ អនុ​ព័ន្ធ​គ្រប់​គ្រង​ផ្នែក​ធន​ធាន​ធម្ម​ជាតិ​និង​ការ​ប្រែប្រួល​អាកាស​ធាតុ​ប្រតិភូ​សហ​ភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ​បាន​ថ្លែង​ក្នុង​សិក្ខា​សាលា​ដែរ​ថា ​ការ​ប្រែប្រួល​អាកា​សធាតុគឺ​ជា​បញ្ហា​ប្រឈម​ដែល​អាច​ប៉ះ​ពាល់​ដល់​ពិភព​លោក​ទាំង​មូល​ ក្នុង​នោះ​កម្ពុជា​ ក៏​ជា​ប្រទេស​ងាយ​រង​គ្រោះ​ផង​ដែរ​ ហើយ​សហ​គម​ន៍អឺរ៉ុប​ តែងតែ​យក​ចិត្ត​ទុក​ដាក់​បញ្ហា​នេះ​ក្នុង​ការ​​បន្ត​ចូល​រួម​បន្ថែម​ទៀត​ ដើម្បី​ការ​បញ្ជ្រាប​ការ​បន្សាំ​​​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​នៅ​កម្ពុជា។​

លោក​បញ្ជាក់៖ «EU មាន​ការ​តាំង​ចិត្ត ​និង​ផ្តល់​ប្រាក់ ៦ លាន​អឺរ៉ូ​ទៀត​ដល់​កម្ពុជា ​ដែល​ជា​កម្មវិធី​មួយ​ដែល​នឹង​ចាប់​ផ្តើម​នៅ​ពាក់​កណ្តាល​ឆ្នាំ​នេះ​ ក្រៅ​ពី​នេះ ​ក៏​បាន​គាំទ្រ​ការ​កា​រពារ​ធន​ធាន​ព្រៃ​ឈើ​​នៅ​ខេត្ត​មណ្ឌល​គិរី ព្រោះ​វា​មាន​មុខងារ​សំខាន់​ ក្នុង​ការ​កាត់​បន្ថយ​ការ​​ប្រែ​ប្រួល​អាកាស​ធាតុ»៕