ភ្នំពេញៈ ​ក្រុមការងារ​​រៀបចំ​ការ​ព​ន្លឿ​ន​នីតិវិធី​ជំនុំជម្រះ​ក្តី​ និង​ចេញ​សាលក្រម បាន​និង​កំពុង​បញ្ជូន​សំណុំ​រឿង​ទៅ​សា​លា​ដំបូង​រាជធានី​ ​ខេត្ត ទូទាំង​ប្រទេស ដើម្បី​​ស្នើ​ឲ្យ​​ស្ថាប័ន​តុលាការ​​ទាំង​នេះព​ន្លឿ​ន​នីតិវិធី​ជំនុំជម្រះ​ក្តី​ និង​ចេញ​សាល​ក្រ​ម ដែល​នេះ​ជា​វិធានការ​ដើម្បី​ដោះស្រាយ​បញ្ហា​ចង្អៀត​នៃ​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ។ នេះ​បើ​យោងតាម​លោក ជិន ម៉ាលីន ​​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌។

ការ​ថ្លែង​​របស់​លោក ម៉ា​លី​ន​​ កាល​ពីម្សិល​មិញ​នេះ​ បាន​​ធ្វើ​ឡើង​បន្ទាប់​ពីលោក​ ស ខេង រដ្ឋ​មន្ដ្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​កាល​ពី​ថ្ងៃទី ៣ ខែធ្នូ​ថា ការយឺតយ៉ាវនៃ​នីតិវិធី​ ក្នុងការ​ជម្រះក្ដី​ជន​ជាប់ឃុំ​ បានធ្វើ​ឲ្យ​ចំនួន​អ្នក​ជាប់​ឃុំកើន​ឡើង​យ៉ាង​ច្រើន ​ដែល​បង្ក​ឱ្យ​មាន​ផលប៉ះ​ពាល់​ដល់​ការលើក​កម្ព​ស់​សុខមាល​ភាព និង​ការផ្តល់​សេវា​ចាំបាច់​នានា​នៅតាម​ពន្ធនាគារ។ វិធាន​ការ​នេះ​ក៏​ធ្វើ​ឡើង​ បន្ទាប់ពី​ក្រសួង​មហា​ផ្ទៃ​ កាលពី​ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៨ បាន​ចេញ​សេចក្ដី​សម្រេច​ស្តីពី​ការបង្កើត​ក្រុម​ការងារ ​រៀបចំ​ខ្លឹមសារ​នៃ​កិច្ចប្រជុំព​ន្លឿ​ន​នីតិវិធី​ជំនុំ​ជម្រះ​ក្តី និង​ចេញ​សាលក្រម ឬ​សាលដីកា​ស្ថាពរ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ភាព​ចង្អៀត​ណែន​នៅក្នុង​ពន្ធនាគារ។

លោក ជិន​ ម៉ា​លី​ន ​ដែល​ក៏​​ជា​សមាជិក​ក្រុម​ការ​ងារ​រៀបចំ​លើ​ខ្លឹមសារ និង​យន្តការ​ដើម្បី​ព​ន្លឿ​ន​នីតិវិធី​ជំនុំជម្រះ​ក្តី​ និង​ចេញ​សាលក្រម​​ផង​ដែរ​នោះ​បាន​ថ្លែងថា ក្រុម​ការ​ងារនេះបាន​បញ្ជូន​សំណុំរឿងទៅ​សាលា​ដំបូង​រាជធានី​ ​ខេត្តទូទាំង​ប្រទេ​ស​កាល​ពី​សប្តាហ៍​មុន​ ដើម្បី​ជួយ ព​ន្លឿ​ន​នីតិវិធី​ជំនុំជម្រះ​ក្តី​ និង​ចេញ​សាលក្រម បន្ទាប់ពី​​ក្រុម​ការងារ​បានធ្វើការ​ផ្ទៀងផ្ទាត់​សំណុំរឿង​របស់​​សាលា​ដំបូង​រាជធានី​ ​ខេត្ត ជាមួយ​ទិន្នន័យ​របស់​ខាង​ពន្ធនាគារ និងបន្ទា​ប់​ពី​បាន​រកឃើញថា​ មាន​សំណុំ​រឿង​ប៉ុន្មាន​ដែល​នៅ​សេស​សល់​និង​អូស​បន្លាយ។

លោក​បញ្ជាក់​ថា៖ «ក្រុម​ការ​​ងារ​បាន​ឈានដល់​មួយ​ដំណា​ក់​​ទៀតទាក់ទង​នឹង​ការ​ជំរុញ​សំ​ណុំ​រឿង​នៅ​តុលា​ការគឺ​ក្រុម​ការងារ​បា​ន​​ផ្ទៀងផ្ទាត់​សំណុំរឿង​គ្រប់​រាជធានី ​និង​ខេត្ត ជាមួយ​ទិន្ន​ន័​យ​​របស់​ខាង​ពន្ធនាគារ​ថា ​មាន​នៅ​សល់សំណុំរឿង​ប៉ុន្មាន ហើយ​សំណុំរឿង​ប៉ុន្មាន​បាន​ដល់​ណាខ្លះ ហើយ​ក្រុមការងារ​បាន​បញ្ជូនសំណុំរឿង​ទាំង​អ​ស់​​ទៅតាមគ្រប់​សាលា​ដំបូង រាជ​ធានី ខេត្ត​ដើម្បី​ព​ន្លឿ​ន​នីតិ​វិធី​ហ្នឹង​​​ទៅតាម​គោល​ការណ៍​ច្បាប់»។

លោក ជិន​ ម៉ា​លីន បន្ថែមថា ​តាមរយៈ​ការបញ្ជូន​សំណុំ​​រឿង​ទៅកាន់​​សាលាដំបូង​រាជធានី​ ​ខេត្ត​​នេះ វា​នឹង​អាចជួយ​ពន្លឿ​ន​នីតិវិធី​ជំនុំ​ជម្រះក្តី ​និង​ចេញ​សាលក្រម​បាន​លឿន​ ​ដែល​ជា​ផ្នែក​មួយ​អាច​ជួយ​ដោះស្រាយ​​​បាន​មួយផ្នែក​​ចំពោះ​ភាព​ចង្អៀ​ត​​នៃ​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ។

លោក​​បញ្ជាក់ថា៖ «ប្រសិនបើ​សំណុំរឿង​ហ្នឹង ​បាន​លឿន​ទៅ​មុខ​ឆាប់​ចប់ វា​អាចធ្វើ​ឲ្យ​ជន​ជាប់​ចោទ​ខ្លះ ​ត្រូវបាន​ទម្លាក់​បទ​​ចោទ ហើយ​គាត់​​អាច​មាន​សេរីភាព​ឡើងវិញ ខណៈដែល​ជនជាប់ចោទ​ដែល​រកឃើញថា​ មានទោស សម្រេច​ផ្តន្ទា​ទោស ហើយ​អ្នក​ដែលបាន​អនុវត្ត​ទោ​ស​បាន​មួយ​ចំនួន​ និង​ដោយ​ផ្អែក​លើ​គោលការណ៍​មនុស្ស​ធម៌ និង​​ការកសាង​កែប្រែអត្តច​រិ​ត គាត់​អាច​មាន​ឱ​កាស​ទទួល​បាន​​ការលើក​លែង​ទោស​ និង​បន្ធូរ​បន្ថយ​ទោស»។

បើ​តាម​លោក​ ម៉ាលីន ក្រុម​ការ​ងារ​​នេះនឹងមាន​ការងារ​ច្រើន​ក្នុងការ​រៀបចំ​ក្របខ័ណ្ឌ​ច្បាប់​ គោលនយោបាយ ​ដើម្បី​ដោះ​ស្រាយ​ ភាព​ចង្អៀត​​នៃ​អ្នកជាប់ឃុំ​ក្នុង​ពន្ធនាគារ ដូចជា​ការកសាង​ពន្ធនាគារ​បន្ថែមកា​រអនុវត្ត​ទោស​សហគម​ន៍ការ​រៀប​ចំ​សាលា​ឧទ្ធរ​ណ៍​តាម​តំប​ន់​​និង​ការធ្វើទំនើប​កម្ម​រដ្ឋបាល​តុល​ការ។

អ្នកនាំ​ពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក អ៊ី រិន្ទ បាន​ថ្លែង​កាល​ពីម្សិល​មិញ​ថា សា​លា​​ដំបូងរាជ​ធានី​ បាន​ទទួល​លិខិត​របស់​ក្រសួង​យុត្តិធម៌​ កា​លពីថ្ងៃ​ទី ៤ ខែ​មករា ដែលមាន​កម្មវ​​ត្ថុ អំពី​សំណើសុំ​ជួយ​អន្តរា​គមន៍​ជំរុ​ញឲ្យ​សាលាជម្រះ​ក្តី​ គ្រប់​ជាន់ថ្នាក់​ព​ន្លឿ​ន​នីតិវិធី​ជំនុំ​ជម្រះ​ក្តី និង​ចេញ​សាលក្រម ឬសាលដីកា​ស្ថាពរ។

លោក​បន្តថា៖ «សាលាដំបូង​រាជ​ធានី​ភ្នំពេញ បាន​ខិតខំ​ប្រឹងប្រែង​ចំណាត់ការ​រឿងក្តី​តាម​នីតិវិធី​ច្បាប់តាំងពី​មុន​មក ហើយ​ពេល​ទទួល​បាន​​លិខិត​សុំ​អន្តរា​​​គមន៍​នេះ បាន​ជំរុញ​ឱ្យ​ខិតខំ​បន្ថែមទៀត​លើ​ចំណាត់ការ​រឿងក្តី​ទាំងអស់ ជា​ពិសេសបាន​ចាត់​​វិធានការ​ឱ្យ​បញ្ចប់​ជា​ស្ថាពរ​លើ​សាល​ក្រម ផ្ទៀង​ផ្ទាត់​ទិន្ន​ន័យ​ជន​ជាប់​ឃុំ ដើម្បី​អនុវត្ត​តាម​ខ្លឹម​សារ​លិខិតនេះឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់»។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដ​ហុក ​លោក​ ស៊ឹង សែន​ករុណា ​បាន​ស្វាគ​ម​ន៍ ​ចំពោះ​ចំណាត់​ការ​នេះ​ដោយ​ថ្លែង​ថា ការ​យឺត​យ៉ាវ​នៃ​នីតិវិធី​ជំនុំ​ជម្រះក្តី និង​ចេញ​សាលក្រម ឬសាលដីកាស្ថាពរ​គឺ​ជា​ដើម​ហេតុ​ដែល​បាន​ធ្វើ​ឲ្យ​មាន​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ។

លោក​បញ្ជាក់​ថា៖ «​ខ្ញុំ​សង្ឃឹម​ថា ក្រុម​ការងារ​នេះ​ នឹង​ធ្វើការ​ត្រឹម​ត្រូវ និង​ឯក​រាជ្យ ដើម្បី​ជួយ​សម្រួល​យ៉ាង​ណា ឲ្យ​​នី​តិវិធី​ជំនុំ​ជម្រះក្តី និង​​ការ​​ចេញ​សាលក្រម ​ឬសាលដីកា ស្ថាពរ​បាន​លឿន ដោយ​មិ​ន​រើសអើង។ យើង​មិនយល់​​ពី​មូល​ហេតុ​ដែល​​មាន​ការ​យឺត​យ៉ាវ​ក្នុង​ការ​ពន្លឿ​ននីតិវិធី​ជំនុំ​ជម្រះក្តី និង​ចេញ​សាលក្រម ឬ សាល​ដីកាស្ថាពរ​នេះ​ទេ តែវា​អាច​មាន​កត្តា​ច្រើន អាច​ធនធាន​មនុស្ស និងការ​មិន​យកចិត្ត​ទុក​ដាក់»។

កាល​​ពី​ដើមខែ​ធ្នូ ឆ្នាំ ២០១៨ ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​​​ចេញ​ផ្សាយ​របាយ​ការណ៍​មួយ​ថា ចំនួន​អ្នក​ជាប់ឃុំ​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​ ដែល​មិន​ធ្លាប់មាន​ពីមុនមក​ ដោយ​ធ្វើ​ឲ្យ​មាន​ភាព​ចង្អៀត​ណែន និង​ពុក​​​រលួយ​ បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ទៅ​លើ​អ្នក​ជាប់ឃុំ​ ផ្តល់​ផល​វិបាក​ដល់​មន្ត្រី​ពន្ធនា​គារ និង​សង្គមជាតិ​ទាំងមូល​ ហើយ​ថា ការរំលោភបំពាន​សិ​ទិ្ធ​ជន​ជាប់​ចោទ និង​អំពើ​ពុករលួយ មាន​ការ​​រីក​រាលដាល​នៅ​ក្នុង​ប្រព័ន្ធ​ពន្ធនាគារ​ដែល​បានធ្វើ​ឲ្យ​ស្ថានភាព​ពន្ធនាគារ​យ៉ាប់យ៉ឺន។

អង្គការ​លីកាដូបាន​ស្នើ​ឲ្យ​ប្រើ​ប្រាស់​នីតិវិធី​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ឲ្យ​បាន​ត្រឹមត្រូវ​ សម្រាប់​បទល្មើស​តូច​ៗ ដែល​មិន​មាន​ហិង្សា និង​ផ្តល់​ប្រយោជន៍​ដល់​ប្រព័ន្ធយុត្តិធម៌​ព្រហ្មទណ្ឌ​ជារួម ​នឹង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការចាត់​អាទិភាព​នៃ​រឿងក្តី​ទៅតាម​ភាព​ធ្ងន់ធ្ងរ​រប​ស់​ករណី​នីមួយៗ​ និង​កាត់​បន្ថយ​ការងារ​ច្រើន​ហួសរបស់​ស្ថាប័ន​តុលាការ៕