ព្រះវិហារ៖ មាន​ការ​អះអាង​ថា ដី​ព្រៃ​ប្រមាណ ៤៧០ ហិកតា ដែល​ជា​ដី​ស្ថិត​ក្នុង​តំបន់​ការពារ​គូលែន​ព្រហ្មទេព ស្ថិត​ក្នុង​​ឃុំ​ស្រយ៉ង់ ស្រុក​គូលែន ត្រូវ​បាន​ជន​ខិលខូច​មួយ​ក្រុម លួច​ឈូស​ឆាយ​ជា​បន្តបន្ទាប់។ សង្គម​ស៊ីវិល​បារម្ភ​ថា មិន​យូរ​ទេ តំបន់​ការពារ​ទាំង​នេះ នឹង​មាន​តែ​នៅ​លើ​ក្រដាស​ប៉ុណ្ណោះ ព្រោះ​មាន​ការ​កាប់​រុ​រាន ឈូសឆាយ បាន​កើត​ឡើង​ជា​រៀងរាល់​ថ្ងៃ។

តាម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​នោះ បាន​រាយការណ៍​ដល់​កាសែត​ក្នុង​ស្រុក​ក្នុង​ន័យ​មិន​បញ្ចេញ​ឈ្មោះ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ដី​ព្រៃ​ប្រមាណ ៤៧០ ហិកតា ដែល​ជា​ដី​រដ្ឋ​នៅ​ក្នុង​តំបន់​ការពារ​គូលែន​ព្រហ្មទេព ស្ថិតនៅ​ចំនុច ឃុំ​ស្រយ៉ង់ ស្រុក​គូលែន នៃ​ខេត្ត​ព្រះវិហារ ត្រូវ​បាន​ជន​ខិលខូច​រំលោភ​បំពាន​ធ្វើ​ជា​កម្មសិទ្ធិ។

សេចក្តី​រាយការណ៍​នោះ​បាន​ឲ្យ​ដឹង​ថា៖ «មាន​មេ​ការ​ម្នាក់​ឈ្មោះ ឃុតវី (រហ័សនាម​ចង្អុល​ដាច់​ដី)​ មាន​ទីលំនៅ​ភូមិ​ព្រៃគោល ឃុំ​ស្រយ៉ង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ និង​កូនចៅ​មាន​គ្នា ៣ ទៅ ៤ នាក់​ទៀត បាន​យក​គ្រឿង​ចក្រ​ប្រភេទ​ត្រាក់ទ័រ​ចូល​ទៅ​ឈូសឆាយ​ទន្ទ្រាន​រំលោភ​យក​ដី​ព្រៃ​ទាំង​បំពាន ដោយ​មិន​កោត​ញញើត​ទៅ​នឹង​ច្បាប់​បន្តិ​ចណា​សោះ​ឡើយ»។

ប្រជាពលរដ្ឋ​ដែល​បាន​ឃើញ​ហេតុការណ៍​នេះ អំពាវនាវ​ដល់​អាជ្ញាធរ​ដែនដី​ ជាពិសេស​រដ្ឋាភិបាល​គួរ​មាន​វិធានការ​ចំពោះ​ករណី​នេះ និង​ត្រូវ​ចុះ​ត្រួត​ពិនិត្យ​នៅ​ចំណុច​កើត​ហេតុ​ទាំង​នេះ ដើម្បី​ធ្វើ​ការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេលវេលា។

ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​ស្វែងរក​ប្រភព​ទាក់ទង​បុគ្គល ឈ្មោះ ឃុតវី និង​បក្ខពួក ដើម្បី​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ។

ចំណែក​លោក សុង ច័ន្ទសុជាតិ ប្រធាន​ស្តីទី​មន្ទីរបរិស្ថាន​ខេត្ត​ព្រះវិហារ​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ករណី​ឈូស​ឆាយ​ដី​ព្រៃ​​ក្នុង​តំបន់​ការពារ​រាប់រយ​ហិកតា​នេះ​បាន​ទេ ដោយ​លោក​មិន​លើក​ទូរស័ព្ទ ខណៈ​លោក ប្រាក់ សុវណ្ណ អភិបាល​ខេត្ត​ព្រះវិហារ បាន​បដិសេធ​ធ្វើ​ការ​អត្ថាធិប្បាយ​នៅ​ថ្ងៃ​នេះ ដោយ​ថ្លែង​ថា កំពុង​ជាប់​រវល់។

លោក ឡោ ច័ន្ទ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ត​ព្រះវិហារ​បាន​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​បទល្មើស​ឈូស​ឆាយ​រំលោភ​យក​ដី​ព្រៃ​របស់​រដ្ឋ​នៅ​ក្នុង​តំបន់​ការពារ​នានា ក្នុង​ខេត្ត​ព្រះវិហារ។ លោក​បារម្ភ​យ៉ាង​ដូច្នេះ ក៏​ព្រោះ​លោក​សង្កេត​ឃើញ​ថា បទល្មើស​នៃ​ការ​កាប់​បំផ្លាញ និង​ឈូស​ឆាយ​ដី​ព្រៃ​របស់​រដ្ឋ គឺ​នៅ​តែ​បន្ត​កើត​មាន​ជា​​រៀងរាល់​ថ្ងៃ។

លោក​បញ្ជាក់​ថា៖ «យូរៗ​តំបន់​គូលែន​ព្រហ្មទេព និង​តំបន់​មួយ​ចំនួន​មាន​តែ​លើ​ក្រដាស​នោះ​ទេ ព្រោះ​ភាព​ជាក់លាក់​តែង​ត្រូវ​បាន​អ្នក​មាន​អំណាច និង​លុយ​កាក់​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​រំលោភ​អស់​ភាគ​ច្រើន​ហើយ»៕