កំពង់ឆ្នាំងៈប្រជាពលរដ្ឋ​ដែ​ល​មាន​ដីស្រែ​ស្ថិតក្នុង​ដែន​អភិរក្ស​ព្រៃ​លិច​ទឹក​ ក្នុង​តំបន់ ៣​ នៃ​បឹង​ទន្លេសាប ក្នុង​ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូណ៌ ​បាននាំគ្នា​បង្ខំ​ល​ក់​​ដីស្រែ​ពួកគាត់​ អស់​មួយចំនួន បន្ទាប់ពី​ជឿ​តាម​ការ​បំភ័យ​រប​ស់​ឈ្នួញ​ដែល​ថា​ ប្រសិនបើ​មិន​លក់​ដី​ទាំងនោះ​គឺ​រដ្ឋ​នឹង​ចុះ​ទៅ​​​ដក​ហូត​យក​វិញ​ដែល​ការ​អះអាង​នេះ​ត្រូវ​បាន​​អាជ្ញាធរ​​បដិសេធ។

លោក ស៊ុំ សុគន្ធ រស់នៅ​ក្នុង​ភូមិ​កណ្ដាល ឃុំ​ត្រពាំង​ចាន់ ជា​​​កសិករ​ដែល​មាន​ដីស្រែ​ចំនួន ២ ហិកតា​ ស្ថិតក្នុង​ដែន​អភិរក្ស​ព្រៃ​លិច​ទឹក​តំបន់ ៣ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​​កាល​ពី​ម្សិលមិញ​ថា ពលរដ្ឋ​ជាច្រើន​គ្រួសារ​ ស្ថិត​ក្នុង​​ឃុំ​របស់លោក បាន​បង្ខំចិត្ត​លក់​ដីស្រែ​ដែលជា​ដី​កេរដូន​តា​ អស់​ជាច្រើន​ហិកតា ក្រោយពី​មា​ន​ឈ្នួ​ញ​បានមក​បំភ័យ​ពលរ​ដ្ឋ​តាំងពីដើម​ឆ្នាំនេះ​ថា ប្រសិនបើ​ពួកគាត់​មិន​ព្រម​លក់​ដី​ដែល​មាននៅ​ទីតាំង​ព្រៃ​លិច​ទឹក​នោះ​ទេ រដ្ឋ​នឹង​ចុះទៅ​រឹបអូស​យក​ដី​ស្រែ​ទាំងនោះ​វិញហើយ​មិន​ទទួលបាន​ប្រាក់​សម្រាប់​ថ្លៃដី​អ្វី​ឡើយ។

លោក​ថ្លែង​ថា៖ «ប្រជា​ពលរ​ដ្ឋ​​គ្រាន់តែ​គេ​ថា​ម៉ា​ម៉ាត់ ចេញ​អាច​ម៍ចេញ​នោម។ បើ​និយាយ​ពី​លក់​វិញ ម៉ា​ភូមិ​នេះលក់​ឡើ​ង​​ខ្ទេច​អស់​ហើយ​ អត់​តែ​ខ្ញុំ ខ្ញុំ​ថា​យ៉ាងណា​ចាំមើល​ចុងក្រោយ គេ​ពេញចិត្ត​ឱ្យ​ប៉ុនណាឱ្យមក បើ​ពិតជា​គេ (រដ្ឋ​ដកហូត) មែន ទៅ​អង្វរ​គេ​ឱ្យ​ប៉ុនណាឱ្យមក កុំ​ឱ្យ​អត់​សោះ អាហ្នឹង​ប្រសិនបើ​គេ​យកខ្ញុំ​មាន​គោលការណ៍​ក្នុង​ចិត្ត​​ប៉ុណ្ណឹង​ឯង»។

រយៈពេល​កន្លង​មក រដ្ឋាភិបា​ល​ ធ្លាប់​បានចេញ​បញ្ជា​ឱ្យ​​អាជ្ញាធរ​ពាក់​ព័ន្ធ​ការពារ​ព្រៃ​លិច​ទឹក​ នៅ​តំបន់​បឹង​ទន្លេសាប​នៅក្នុង​ខេត្ត​ទាំង ៦ ក្រោយពី​រកឃើញ​ថា មានការ​រំលោភ​បំពាន​យ៉ាង​​ធ្ងន់ធ្ងរហើយ​បានធ្វើឱ្យ​ប៉ះពា​ល់​​យ៉ាងខ្លាំង​ដល់​​ជម្រក​ពង​កូន​រប​​ស់​មច្ឆា​ជាតិ របប​ជលសា​ស្ដ្រ និង​ជីវចម្រុះ ដោយសារ​មាន​កា​រឃុ​ប​​ឃិត​អនុញ្ញាតឱ្យ​សាង​ស​ង់​ជា​រមណីយដ្ឋាន​​ឬ​ជា​តំបន់​ទេសចរណ៍​ជាដើម។

រហូត​ដ​ល់​​ឆ្នាំ ២០១១ រដ្ឋាភិបាលបាន​ចេ​​ញ​អនុក្រឹត្យ​មួយដើម្បី​កំណត់​ដែន​​ព្រៃ​លិច​ទឹក​ចំនួន ៦៤៧ ៤០៦ ហិកតាស្ថិត​ក្នុង​ខេត្ត​ទាំង ៦ ជុំវិ​ញ​តំបន់​ទន្លេ​សាបដើម្បី​ឱ្យ​រដ្ឋបា​ល​​ជលផល ថែរក្សា និង​ការពារ​ព្រៃ​លិច​ទឹក​ទាំង​នេះ។

លោក ស៊ុំ ច័ន្ទ​គា មន្ត្រី​សម្រ​​បសម្រួល​សមាគ​មអាដហុក​ ប្រចាំ​​ខេត្ត​បន្ទាយ​មាន​ជ័យ​ដែ​ល​សាច់ញាតិ​លោក​មាន​ដីស្រែ​ក្នុ​ង​​តំបន់​ព្រៃ​លិច​ទឹកនៅ​បឹង​ទន្លេ​សាប​​ដែរ​​នោះ បាន​លើក​ឡើង​ថា ពលរដ្ឋ​ជាច្រើន​ភូមិ​ នៅ​ឃុំ​ត្រពាំង​ចាន់គឺ​បាន​បង្ខំ​លក់​ដីស្រែ ​ក្នុង​ ១ ហិកតា​ចាប់​​ពី​តម្លៃ ៨០០​​ ទៅ​ដល់ ២០០០ ដុល្លារ​សហរដ្ឋអាមេរិក។ លោក​អះអាង​ថា ពលរដ្ឋ​ដែលមាន​ដី​ស្រែ​ស្ថិតក្នុង​ដែន​អភិរក្ស​ព្រៃ​លិច​ទឹក គឺអាច​ត្រឹម​បង្កបង្កើន​ផល​ប៉ុណ្ណោះ ប៉ុន្តែ​មិនអាច​កាប់​ឆ្កា​របាន​ឡើយ ហើយ​ការ​បំភិត​បំភ័យ​ឱ្យ​ពលរដ្ឋ​លក់​ដី​ក្នុង​តំប​ន់​អភិរក្ស​បែបនេះ គឺជា​រឿង​ខុស​ច្បាប់ ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​ គួរ​​មាន​វិធានការ​ទប់ស្កាត់។

លោក​បញ្ជាក់​ថា៖ «ច្រើន​តើ! វា​មិន​បាន​រាប់ (ជា​ហិកតា) ទេ តែ​​​អ្នក​ដែល​ខ្ញុំស្គាល់​ឈ្មោះ​អ៊ីចឹ​ង ឃើញ​លក់​ដី​កេរដូនតា បាន ១៨​០០ បាន ១២០០ លក់​អ៊ីចឹ​ង​ ដើម្បីឱ្យ​រួចខ្លួន​ ប្រសើរ​ជាងគេ​ដក​ហូតយក​ទៅដោយ​អត់​បាន​ម៉ា​រៀល។ ខ្លាច​ដោយ​សារតែ​ពួកគាត់​រស់នៅ​ចុងកា​ត់មាត់​ញ​ក កន្លែង​ហ្នឹង​វា​ជាប់​ជាមួយ​ព្រំដែ​ន​​ខេត្ត​ពោធិ៍សាត់​ និង​ខេត្ត​កំព​ង់​ឆ្នាំង អ៊ីចឹង​ការ​យល់​ដឹង​របស់​ប្រជា​ពលរដ្ឋ អំពី​ច្បាប់​ទម្លាប់​អី មិន​សូវ​មាន​ទេ»។

លោក​ ស៊ុំ ច័ន្ទ​គា សង្ស័យថា​ ករណី​ទិញ​លក់​​ដីស្រែ​ក្នុង​ដែន​ព្រៃ​លិច​ទឹក​នេះ គឺអាច​ពាក់ព័ន្ធ​នឹង​ការ​​ប្រព្រឹ​ត្ត​អំពើពុករលួយ​របស់​អា​ជ្ញា​ធរ ព្រោះ​ការ​ទិញ​ឬ​លក់​ដីគឺ​ទាល់​តែ​មានការ​ទទួ​លស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន។

ប៉ុន្តែលោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់​ឆ្នាំង ​បញ្ជាក់​ថា លោក​ពុំ​បាន​ដឹង​អំពី​ករណី​បង្ខំ​ពលរដ្ឋ​ឲ្យ​លក់​ដីស្រែ​ស្ថិត ក្នុង​ដែន​អភិរក្ស​ព្រៃ​លិច​​ទឹក​នេះ​ទេ ប៉ុន្តែ​លោក​បញ្ជាក់​ថា ដីស្រែ​ស្ថិត​ក្នុងព្រៃ​លិ​ច​​ទឹក​នៃ​​បឹង​ទន្លេសាប គឺ​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ធ្វើស្រែ​ប៉ុណ្ណោះ និង​មិន​អាច​យក​ទៅ​លក់​ដូរ​បាន​ឡើយ។

លោក ងិន ហ៊ុន ​ថ្លែង​ថា លោ​ក​នឹង​ចុះ​ស្រាវជ្រាវ​រក​អ្នក​បំភ័យ​ពលរដ្ឋ​ដើម្បី​ឲ្យ​លក់​ដី​ក្នុង​តំបន់​ព្រៃ​លិច​​ទឹក​នេះ ប៉ុន្តែ​លោក​មិន​ជឿ​ឡើយ​ថា ​មាន​ករណី​បែបនេះ​កើត​ឡើង​នោះ​ទេ​ ព្រោះ​ប្រសិនបើ​មាន​មែន តាម​​ផ្លូវច្បា​ប់​​ទាំង​អ្នកលក់​ និង​អ្នក​ទិញ នឹង​ត្រូវ​ប្រឈម​មុខ​ច្បាប់​ដូច​គ្នា។

លោក​ថា៖ «អត់​ដឹង​រឿង​ទេ ប៉ុន្តែ​ប្រាប់​ទៅ​គាត់​វិញ​ទៅ កុំឱ្យ​លក់​គ្មាន​អាណា​ទៅ​យក​វិញ​ទេ»។

ចំណែក​លោក ​នី ឡា ប្រធាន​រដ្ឋ​បាល​ជល​ផលខេត្ត​កំពង់​​ឆ្នាំង​ថ្លែង​ពីម្សិល​មិញ​​ថា លោក​មិន​ទាន់​បាន​ដឹង​ពី​រឿង​នេះ​ទេ។

ជា​មួយ​គ្នា​នេះ លោក ឃួន សា​រុំ អភិបាលស្រុក​បរិបូ​រណ៍​ ក៏​អះអាង​ដែរ​ថា ការលើក​ឡើង​របស់​ពលរដ្ឋ​ និង​មន្ត្រី​សង្គមស៊ីវិ​ល​ដែល​ថា​មាន​ករណី​បំភ័យ​ប្រជាពលរដ្ឋ​ឱ្យ​លក់​ដីស្រែ​នោះ គឺ​មិន​ពិត​នោះ​ទេ។

លោក​ថា៖​ «អត់​មាន​អ្នក​ដើររក​ទិញ​ដី​ទេ។ ប្រសិន​បើ​ករណី​ឆបោក​មែនអត់​ទេ​ គឺ​ខ្ញុំ​តឹង​មែន​ទែន ផ្ដេស​ផ្ដាស​មិន​បាន​ទេ»។

ទោះជា​យ៉ាង​ណា​លោក ស៊ុំ ច័ន្ទ​គា មន្ត្រី​សម្របសម្រួល​​សមាគ​មអាដ​ហុក​ខេត្ត​កំពង់​ឆ្នាំ​ង​ថ្លែង​​​ថា កន្លង​មកដី​ព្រៃ​លិច​ទឹករួមទាំង​ដី​រដ្ឋ​ដែ​ល​​មិនមែន​ជា​​ដីព្រៃ​លិច​ទឹកពិត​ជា​​​មានការ​រំលោភ​បំពាន​ក្នុង​ការ​យកទៅ​លក់ដូរ​មែន ហើយ​ដល់ពេល​​ដែ​ល​​រដ្ឋា​ភិបាលត្រូវ​ចាត់​វិធានការ​ទប់​ស្កាត់​ឱ្យបាន​តឹង​រ៊ឹង​ជាង​មុន៕