ភ្នំពេញ៖ ខេត្ត​ចំនួន ៣ បន្ថែម​ទៀត ត្រូវ​បាន​កំណត់​ដាក់​ជា​ភូមិសាស្រ្ត​ដែល​ត្រូវ​អនុវត្ត​កាតព្វកិច្ច​ពាក់ម៉ាស់ និង​រក្សា​គម្លាត​សុវត្ថិភាព គឺ​ខេត្ត​តាកែវ ខេត្ត​កំពង់ចាម និង​ខេត្ត​កំពង់ស្ពឺ ដោយសារ​មាន​ការ​ឆ្លង​ជំងឺ​កូវីដ ១៩ ច្រើន​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ចាប់​ពី​ថ្ងៃ​នេះ រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ជាថ្មី។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹង​តាមរយៈ​សេចក្តី​ជូន​ដំណឹង​នៅ​ថ្ងៃទី ៥ ខែ​ឧសភា​នេះ​ថា ក្រសួង​សុខាភិបាល​បាន​សម្រេច​កំណត់​យក​ភូមិសាស្ត្រ​នៃ​ខេត្ត​តាកែវ ខេត្ត​កំពង់ចាម និង​ខេត្ត​កំពង់ស្ពឺ ដោយ​តម្រូវ​ឱ្យ​មាន​ការ​អនុវត្ត​កាតព្វកិច្ច​ពាក់ម៉ាស់ និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ស្រប​តាម​ប្រកាស​ថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២១ ស្តីពី​កាតព្វកិច្ច​ពាក់ម៉ាស់ និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​ក្នុង​អំឡុង​ពេល​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ ក្នុង​សហគមន៍។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា៖ «ការ​អនុវត្ត​កាតព្វកិច្ច​ពាក់ម៉ាស់ និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​នៅ​ក្នុង​ខេត្ត​ទាំង ៣ នេះ ត្រូវ​ចាប់​ផ្តើម​អនុវត្ត​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ជា​ថ្មី»។

កាល​ពី​ថ្ងៃទី ៣ ខែ​ឧសភា ថ្មីៗ​នេះ ក្រសួង​សុខាភិបាល​ក៏​បាន​កំណត់​យក​ខេត្ត​បន្ទាយមានជ័យ ជា​ភូមិសាស្ត្រ​ដែល​មាន​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ដោយ​បាន​តម្រូវ​ឱ្យ​មាន​ការ​អនុវត្ត​កាតព្វកិច្ច​ពាក់ម៉ាស់ និង​រក្សា​គម្លាត​សុវត្ថិភាព។

យោង​តាម​ប្រការ ១២ នៃ​ជំពូក​ទី៥ នៃ​ប្រកាស​ស្តីពី​កាតព្វកិច្ច​ពាក់ម៉ាស់ និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​ក្នុង​អំឡុង​ពេល​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ ក្នុង​សហគមន៍​បាន​ចែង​ថា បុគ្គល​ដែល​មិន​អនុវត្ត​​កាតព្វកិច្ច​នៃ​ការ​ពាក់ម៉ាស់​ ឬ​កាតព្វ​កិច្ច​នៃ​ការ​រក្សា​គម្លាត​សុវត្ថិភាព​ត្រូវ​ទទួល​ទណ្ឌកម្ម​ដូច​មាន​ចែង​ក្នុង​អនុក្រឹត្យ​ស្តីពី​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវ និង​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត។

ប្រកាស​ដដែល​បាន​បន្ត​ថា ការ​ព្រមាន​ និង​ការ​ណែនាំ​ដល់​បុគ្គល​ដែល​មិន​អនុវត្ត​កាតព្វកិច្ច​នៃ​ការ​ពាក់ម៉ាស់ ឬ​កាតព្វកិច្ច​នៃ​ការ​រក្សា​គម្លាត​សុវត្ថិភាព​ត្រូវ​ធ្វើ​ឡើង​ដោយ​មន្រ្តី​សុខាភិបាល ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច។ ការ​សម្រេច​ដាក់​ពិន័យ​អន្តរការណ៍​ចំពោះ​ការ​បំពាន​កាតព្វកិច្ច​នេះ​ជា​សមត្ថកិច្ច​របស់​ក្រសួង​សុខាភិបាល៕