ភ្នំពេញៈ ខណៈ​កាល​បរិ​ចេ្ឆ​ទបាន​បិទ​បញ្ចប់ មាន​គណបក្ស​ចំនួន ៧ បាន​ចុះ​បញ្ជី និង​ចុះ​ឈ្មោះ​បេក្ខជន​ទាំង​ពេញ​សិទ្ធិ​និង​បម្រុង​ដែល​មាន​សរុប​ចំនួន ២០ ៦៦៨ នាក់ ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​គ្នា​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី-ខេត្ត និង​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ស្រុក-ខណ្ឌ អាណត្តិ​ទី ៣។នេះ​បើ​តាម​មន្ត្រី​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)។

លោក ហង្ស ពុទ្ធា មន្ត្រី​នាំពាក្យ គ.ជ.ប ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា ក្នុង​ដំណើរ​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ពី​ថ្ងៃ​ទី ៧ ដល់​ថ្ងៃ​ទី ១១ មីនា គឺ​មាន​គណបក្ស​ចំនួន ៧ បាន​មក​ចុះ​បញ្ជី​នៅ គ.ជ.ប ក្នុង​នោះ​ដូចជា គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​សញ្ជាតិ​ខ្មែរ គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​ខ្មែរ​សាធា​រណរដ្ឋ។

យ៉ាងណាក្ដី លោក​បាន​បញ្ជាក់ថា៖ «តួលេខ​នេះ​មិនទាន់​ប្រាកដ​ទេ​ណា ព្រោះ​កំពុង​ស្ថិត​ក្នុង​ការ​ត្រួត​ពិនិត្យ​នៅ​ឡើយ»។

លោក​បន្ថែមថា គ.ជ.ប នឹង​ប្រើ​រយៈពេល ១០ ថ្ងៃ គឺ​រហូតដល់​ថ្ងៃ​ទី ១ ខែ ​មេសា ក្នុង​ការ​ពិនិត្យ និង​ដោះស្រាយ​ក្រែង​មាន​ខ្វះខាត​ក្នុង​បញ្ជី​ចុះ​ឈ្មោះ​ដែល​គណបក្ស​បាន​ដាក់​មក គ.ជ.ប ហើយ​ដល់​ថ្ងៃ​ទី ១១ ខែ ​មេសា គឺជា​ថ្ងៃ​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​គណបក្ស និង​ចាប់​ពី​ថ្ងៃ​ទី ១៧ ដល់​ថ្ងៃ​ទី ២៤ ឧសភា គឺជា​ថ្ងៃ​បើក​ការ​ឃោសនា​បោះ​ឆ្នោត។

រដ្ឋាភិបាល​បានសម្រេច​យក​ថ្ងៃអាទិត្យ​ទី ២៦ ខែ ឧសភា ជា​ថ្ងៃ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី-ខេត្ត និង​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង-ស្រុក-ខណ្ឌ​អាណត្តិ​ទី៣ ដោយ​មាន​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ទាំង ១១ ៥៧២ នាក់ ជា​អង្គ​បោះ​ឆ្នោត​ដែល​នឹង​ចូលរួម​បោះ​ឆ្នោត​នៅ​តាម​មណ្ឌល​បោះ​ឆ្នោត​ចំនួន ២២៨ ក្នុង​ទូទាំង​ប្រទេស។

លោក គង់ មូលី​កា ប្រធានគណបក្ស​ឆន្ទៈ​ខ្មែរ​ថ្លែងថា ថ្វីដ្បិត​គ្មាន​អង្គ​បោះឆ្នោត​ក្ដី ប៉ុន្តែ​គណបក្ស​របស់​លោក​បាន​សម្រេច​ចុះ​បញ្ជី​នៅ គ.ជ.ប រួច​ហើយ ដើម្បី​ចូលរួម​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​អាណត្តិ​ទី៣ និង​បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​យក​តំណែង​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី-ខេត្ត​ចំនួន ១០។

លោក មូលី​កា ប្រាប់​ពី​មូលហេតុ​ចូលរួម​នេះ​ថា៖ «ព្រោះ​ជា​ឱកាស​ដើម្បី​បង្ហាញ​ខ្លួន​ឱ្យ​ពលរដ្ឋ​បាន​ដឹង​ឱ្យ​កាន់​តែ​ទូលំ​ទូលាយ​អំពី​គណបក្ស​ឆន្ទៈ​ខ្មែរ ហើយ​សង្ឃឹម​ថា អង្គ​បោះ​ឆ្នោត​របស់​បក្ស​កាន់​អំណាច និង​អង្គ​បោះ​ឆ្នោត​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ចូលរួម​ជីវភាព​ជាមួយ​គណបក្ស​កាន់​អំណាច​នឹង​អាច​បោះ​ឆ្នោត​ឱ្យ​គណបក្ស​ឆន្ទៈ​ខ្មែរ ដើម្បី​បន្ត​កំណែទ​ម្រង់​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន ក្នុង​ន័យ​ពហុបក្ស និង​លទ្ធិ​ប្រជាធិប​តេយ្យ»។

ប៉ុន្តែ​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែងថា ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត និង​ស្រុក​ខណ្ឌ គឺជា​ការ​បោះ​ឆ្នោត​ខុស​ប្លែក​ដែល​មាន​អង្គ​បោះឆ្នោត​ជា​សមាជិក​ឃុំ​សង្កាត់​ប៉ុណ្ណោះ ខុស​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ និង​តំណាង​រាស្ដ្រ ហើយ​លោក​ថា អង្គ​បោះ​ឆ្នោត​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​ភាគ​ច្រើន​បំផុត​ជា​របស់​គណបក្ស​កាន់​អំណាច​នឹង​មិន​អាច​បោះ​ឆ្នោត​ឱ្យ​គណបក្ស​ដែល​គ្មាន​សមាជិក​នៅ​ឃុំ​សង្កាត់​នោះ​ឡើយ។

លោក​ថា៖ «ធម្មតា​ជាស​មាជិ​ក​របស់​គណបក្ស​ណា​គឺ​ត្រូវ​បោះឆ្នោត​ជូន​គណបក្ស​នោះ​ហើយ មិន​អាច​បោះ​ឆ្នោត​ឱ្យ​គណបក្ស​ផ្សេង​ក្រៅ​ពី​គណបក្ស​ដែល​ខ្លួន​ដើរ​តាម​នោះ​ទេ»។

ប៉ុន្តែ​លោក ម៉ម សុ​ណង់​ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិប​តេយ្យ​បាន​បញ្ជាក់​ថា ដោយសារ​គ្មាន​អង្គ​បោះ​ឆ្នោត​នៅ​តាម​ឃុំ-សង្កាត់ ដូច្នោះ​គណបក្ស​របស់​លោក​បាន​សម្រេច​មិន​ចូលរួម​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​នេះ​ឡើយ៕