ភ្នំពេញៈ គិត​មកដល់​ត្រឹម​ថ្ងៃទី​ ៩ ខែមីនា​ មនុស្ស​ចំនួន​ ១៨៨ ០២៦ ​នាក់​ បាន​ចាក់​វ៉ាក់សាំង​កូវីដ ​១៩ ស៊ីណូហ្វាម​ដែល​ជា​ជំនួយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ និង​វ៉ាក់សាំង​កូវីសែល (COVISHIELD) ​របស់​ក្រុមហ៊ុន AstraZeneca ដែលជា​ការផ្តល់​ជូន​តាមរយៈ​មជ្ឈមណ្ឌល​កូវ៉ាក់​។ នេះ​បើតាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល និង​ក្រសួងការពារជាតិ​នៅ​ថ្ងៃទី​ ៩ ខែ មីនា ឆ្នាំ​ ២០២១​។

ក្រសួង​សុខាភិបាល​បាន​ឱ្យដឹងថា គិត​ចាប់ពី​ថ្ងៃទី​ ១០ ខែកុម្ភៈ ដល់​ថ្ងៃទី​ ៩ ខែ មីនា ឆ្នាំ​ ២០២១ អ្នក​ដែល​បាន​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​កូវីដ​ស៊ីណូហ្វាម (Sinopharm) ​លើក​ទី​១ មាន​ចំនួន ៨៤ ៥៤៤ ​នាក់ និង​វ៉ាក់សាំង​កូវីសែល (COVISHIELD) ​លើក​ទី​១ មាន​ចំនួន​ ៤ ៩៦២ ​នាក់​។ ចំណែក​អ្នកដែល​បាន​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម​ក្នុង​ដូស​ ឬ​លើក​ទី​២ ​មាន​ចំនួន​ ៣ ២៨០ ​នាក់​។

ក្រសួង​សុខាភិបាល​បញ្ជាក់​ថា៖ «​បើ​សរុប​ចំនួន​មនុស្ស​ដែល​ស្ម័គ្រចិត្ត​មក​ទទួល​ការចាក់​វ៉ាក់សាំង ​គឺមាន​សរុប​ចំនួន ១០៣ ៥៥៣ ​នាក់​ ប៉ុន្តែ​មនុស្ស​ចំនួន​ ១៤ ០៤៧ ​នាក់ ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​នេះ​ទេ​ដោយសារ​បញ្ហា​សុខភាព​របស់​ពួកគេ​»​។

ចំណែក​ក្រសួង​ការពារ​ជាតិ​ក៏​បាន​ឱ្យដឹង​ផងដែរ​ថា ក្នុង​រយៈពេល​ដូចគ្នា​នេះ​ដែរ អ្នកដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ស៊ីណូហ្វាម​លើក​ទី​១ មាន​ចំនួន​ ៩៨ ៥២០ ​នាក់ និង​អ្នកដែល​បាន​ចាក់​លើក​ទី​២ មាន​ចំនួន​ ៣០ ៣៦៦ ​នាក់​។

លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​កាលពី​ថ្ងៃទី​ ៦ ខែ​មីនា បានប្រកាស​ពី​ការចាប់ផ្តើម​ចាក់​វ៉ាក់សាំង​កូវីដ​១៩ របស់​ក្រុមហ៊ុន AstraZeneca ជូន​មន្ត្រីរាជការ​ និង​មនុស្ស​ដែលមាន​អាយុ​ចាប់ពី​ ៦០ ​ឆ្នាំ​ឡើងទៅ​ចាប់ពី​ថ្ងៃទី​ ១០ ខែមីនា នៅក្នុង​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្ត​ព្រះសីហនុ​ដែល​កំពុង​រង​នូវ​ហានិភ័យ​ខ្ពស់​ពី​ការផ្ទុះ​ការឆ្លង​ជំងឺ​កូវីដ​ ១៩​ ក្នុង​សហគមន៍​។

លោក​ ប៊ុនហេង លើកឡើង​ថា​៖ «​វ៉ាក់សាំង​ដែល​ផលិត​នៅ​ប្រទេស​ឥណ្ឌា ដោយ​មាន​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន AstraZeneca នៅពេលដែល​ចាក់​លើក​ទី​១ ឬ​ដូស​ទី​១ ​រួចហើយ​ត្រូវ​មកចាក់​លើក​ទី​២ ​ឬ​ដូស​ទី​២ ​ក្នុង​រយៈពេល​ពី​ ៤ ​ទៅ​ ៨ ​សប្តាហ៍ បន្ទាប់ពី​ថ្ងៃ​ចាក់​លើក​ទី​១»​។

សម្រាប់​ដំណើរ​ការចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម​នៅតាម​បណ្តា​មន្ទីរពេទ្យ​ធំៗ​ក្នុង​រាជធានី​ភ្នំពេញ​គឺ​នៅ​ដំណើរការ​ធម្មតា ប៉ុន្តែ​សម្រាប់​មន្ទីរពេទ្យ​កុមារជាតិ ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​សម្រាប់​អ្នក​ចាក់​លើក​ទី​១ ​ឬ​ដូស​ទី​១ ដោយសារ​អស់​វ៉ាក់សាំង​។

លោក​វេជ្ជបណ្ឌិត អ៊ុង សុផល អនុប្រធាន​មន្ទីរពេទ្យ​កុមារជាតិ​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា​៖ «​សម្រាប់​អ្នក​មកចាក់​លើក​ទី​១ ​គឺ​ពេទ្យ​យើង​អស់​វ៉ាក់សាំង​ហើយ ប៉ុន្តែ​យើង​នៅមាន​វ៉ាក់សាំង​សម្រាប់តែ​អ្នក​ដែល​ត្រូវ​មក​ទទួល​ដូស​ទី​២ ​ដែល​យើង​បាន​ត្រៀម​ទុក​សម្រាប់​ពួកគាត់​»​។

លោក​ អ៊ុង សុផល បាន​បន្តថា លោក​មិនទាន់​ដឹង​ទេ​ថា​តើ​វ៉ាក់សាំង​ស៊ីណូហ្វាម​នេះ​នឹងមាន​ការចាក់​ឡើងវិញ នៅពេល​ណា​នោះឡើយ តែ​ដំណើរការ​នៃ​ការចាក់​វ៉ាក់សាំង​ក្រុមហ៊ុន AstraZeneca គឺមាន​ចាក់​សម្រាប់​អ្នក​ដែលមាន​អាយុ​ពី ៦០ ​ឆ្នាំ​ឡើងទៅ​។

គួរបញ្ជាក់​ផងដែរ​ថា កម្ពុជា​បាន​ទទួល​វ៉ាក់សាំង​កូវីដ ១៩ ស៊ីណូហ្វាម​ ដែល​ជា​ជំនួយ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដំបូង​ចំនួន​ ៦០ ​ម៉ឺន​ដូស ​ក្នុង​ចំណោម​ ១ ​លានដូស​ ដែល​ត្រូវបាន​ដឹកជញ្ជូន​មកដល់​កម្ពុជា​កាលពី​ថ្ងៃទី​ ៧ ខែ​កុម្ភៈ និង​បាន​ដំណើរការ​ចាក់​កាលពី​ថ្ងៃទី​ ១០ ខែកុម្ភៈ​។ ឯ​វ៉ាក់សាំង​ដែល​នៅសល់​ចំនួន​ ៤០ ​ម៉ឺនដូស​ នឹង​ដឹក​មកដល់​កម្ពុជា​មុន​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ក្នុង​ខែមេសា​ខាង​មុខ​។

ចំណែក​វ៉ាក់សាំង​កូវីដ​របស់​ក្រុមហ៊ុន Astrazeneca ចំនួន ​៣២៤ ០០០ ​ដូស បាន​ដឹក​មក​ដល់​ប្រទេស​កម្ពុជា​កាលពី​យប់​ថ្ងៃទី​ ២ ខែ មីនា ឆ្នាំ​ ២០២១ ដែលជា​ចំនួន​ដូស​ដំបូង​ក្នុងចំណោម​វ៉ាក់សាំង​សរុប​ចំនួន ១,១ ​លានដូស ដែល​យន្តការ​ COVAX នឹង​ផ្តល់ជូន​ប្រទេស​កម្ពុជា​ ជា​ដំណាក់កាលៗ​នៅត្រឹម​ដំណាច់​ខែ​ឧសភា ឆ្នាំ​ ២០២១៕

វីដេអូ៖