ភ្នំពេញ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ១៣ ខែឧសភា បានចេញដីកាបង្គាប់ដល់លោក ប្រធានមណ្ឌលអប់រំកែប្រែទី២ «ម២» ឱ្យដោះលែងឈ្មោះ មាន ពេជ្ររីតា ហៅ យូប៊ី ភេទស្រី អាយុ ២០ឆ្នាំ មុខរបរនិស្សិត ក្រោយពីជាប់ឃុំជាបណ្ដោះអាសន្នបានប៉ុន្មានថ្ងៃកន្លងមកនេះ។
យោងតាមដីកាបង្គាប់ឱ្យដោះលែងនោះបានឱ្យដឹងថា៖ «យើង កូយ សៅ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ… បង្គាប់ឱ្យដោះលែង (ជនត្រូវចោទ) ជាបណ្ដោះអាសន្ន បើជននោះមិនជាប់ពាក់ព័ន្ធនឹងដីកាឃុំខ្លួននៃបទល្មើសផ្សេងទៀតទេនោះ។ ដាក់ជនត្រូវចោទឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការចាប់ពីថ្ងៃនេះ (ទី ១៣ ខែឧសភា) តទៅ»។
យោងតាមដីកាសម្រេចនេះបានឱ្យដឹងថា ឈ្មោះ មាន ពេជ្ររីតា ត្រូវបានចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោសជាបទល្មើសព្រហ្មទណ្ឌ ដោយបានយកកាំបិតចុងស្រួចចាក់លើជនរងគ្រោះចំនួន ២ កាំបិត រួចយកទូរស័ព្ទដៃមួយគ្រឿងម៉ាក IPHONE 12 BRO MAX បណ្ដាលឱ្យជនរងគ្រោះរបួសក្បាលពោះខាងស្ដាំយ៉ាងធ្ងន់ធ្ងរ។
ទោះយ៉ាងណាក៏ដោយ មាន ពេជ្ររីតា ជាពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារីបវរកញ្ញាក៏បានប្តឹងលោក ហេង សៀ ដែលត្រូវបានគេដឹងថា ជាម្ចាស់ក្រុមហ៊ុនមួយ និងមានងារជាឧញ៉ា ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ។
ដីកាសម្រេចដោះលែងរបស់សាលាដំបូងរាជធានីភ្នំពេញបានធ្វើឡើងនៅក្នុងកាលៈទេសៈ ដែលក្រុមមេធាវីស្ម័គ្រចិត្តលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ១២ ខែឧសភា បានសម្រេចតែងតាំងមេធាវីចំនួន ៣ រូប ឲ្យការពារក្តីតាមផ្លូវច្បាប់ ដើម្បីជួយរកយុត្តិធម៌ដល់ជនត្រូវចោទ។
ក្រុមមេធាវីបានអះអាងថា ផ្អែកតាមអង្គហេតុ និងភ័ស្តុតាង គឺមានវិមតិសង្ស័យ និងពុំទាន់មានភ័ស្តុតាងជាក់លាក់ណាមួយ ដែលបញ្ជាក់ថា ជនត្រូវចោទពិតជាបានប្រព្រឹត្តអំពើលួចមានស្ថានទម្ងន់ទោសនៅឡើយទេ ហើយនីតិវិធីនៃការស៊ើបអង្កេតរបស់មន្ត្រីនគរបាលយុត្តិធម៌បានបញ្ចប់។
ក្រុមមេធាវីថ្លែងថា៖ «យើងខ្ញុំជាមេធាវីការពារសិទ្ធិឱ្យជនត្រូវចោទ សូមស្នើសុំឯកឧត្តមប្រធានដោះលែងកូនក្តីឱ្យនៅក្រៅឃុំ»។
លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងនៅថ្ងៃនេះ ដោយគ្រាន់តែអះអាងថា តុលាការកំពុងមានចំណាត់ការលើករណីនេះ។
លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅរសៀលថ្ងៃទី ១២ ឧសភាថា ក្រសួងយុត្តិធម៌បានតាមដានដោយយកចិត្តទុកដាក់ចំពោះព័ត៌មានរវាងលោក ហេង សៀ និងកញ្ញា មាន ពេជ្ររីតា បន្ទាប់ពីមានការចុះផ្សាយ និងចែករំលែកព័ត៌មានជាច្រើនជុំវិញករណីទំនាស់នេះជាបន្តបន្ទាប់។
លោកថ្លែងថា៖ «ស្នើសុំឲ្យស្ថាប័នតុលាការយកចិត្តទុកដាក់ក្នុងការស្រាវជ្រាវសំណុំរឿងទាំងពីរនេះ ឲ្យបានច្បាស់លាស់ ដើម្បីស្វែងរកការពិតនៃអង្គហេតុទំនាស់ និងផ្តល់យុត្តិធម៌ដល់ភាគីពាក់ព័ន្ធ ដើម្បីធ្វើឲ្យប្រាកដប្រជាថា ចំណាត់ការតាមផ្លូវច្បាប់នឹងត្រូវអនុវត្តឲ្យបានត្រឹមត្រូវ ដើម្បីស្វែងរកយុត្តិធម៌ក្នុងសំណុំរឿងនេះ»៕